วันศุกร์ที่ 24 สิงหาคม พ.ศ. 2561

កាក់ ចន្ធី ជា​អ្នក​ចម្រៀង​ចម្បង​ក្នុង​ក្រុម​តន្រ្តី​រ៉ក់​ ​The Cambodia Space Project​ និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប៉ែន រ៉ន ក្នុង​សហសម័យ, ការបាត់បង់​ជីវិត​របស់​តារា​ចម្រៀង​រ៉ក់ កាក់ ចន្ធី​ ​​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​និង​សោក​សង្រេង

ភ្នំពេញ៖ «Rock'n'Roll​ ​គឺ​ជា​បទ​ចម្រៀង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ ​បំភ្លេច​ទុក្ខ។​ អ្វី​ដែល​យើង​ពិបាក​ចិត្ត​ យើង​អាច​ច្រៀង​បំភ្លេច​ ​ឬ​ស្តាប់​បទ​ចម្រៀង​ ​Rock'n'Roll​ ​ដែល​វា​មាន​ពាក្យ​កំប្លុក​កំប្លែង​ធ្វើ​ឲ្យ​យើង​បំបាត់​ទុក្ខ​កង្វល់»។

នេះ​ជា​សម្តី​ផ្ទាល់របស់​តារា​ចម្រៀង​ស្រី​រ៉ក់ខេនរ៉ូល​ខ្មែរមួយ​រូប​គឺ​អ្នកនាង​ ​កាក់ ចន្ធី​ ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ ​VOA​ ​កាលពី​ចុង​ឆ្នាំ​២០១៧​ ​ពេល​ដែល​អ្នក​នាង​សម្តែង​នៅ​សហ​រដ្ឋ​អាមេរិក។​

អ្នក​នាង​កាក់ ចន្ធី គឺ​ជា​អ្នក​ចម្រៀង​ចម្បង​ក្នុង​ក្រុម​តន្រ្តី​រ៉ក់​ ​The Cambodia Space Project​ និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ប៉ែន រ៉នក្នុង​សហសម័យ។​ ​អ្នកនាង​បាន​ចូលរួម​បង្កើតក្រុម​តន្រ្តី​រ៉ក់នេះ​ ​កាលពី​ឆ្នាំ​២០០៩​ ​ជាមួយ​តន្ត្រីករ​ជនជាតិ​ ​Tasma​ ​គឺ​លោក​ ​Julien Poulson។​



ក្រុម​តន្ត្រីខ្មែរ​អូស្រ្តាលី​ ​The Cambodian Space Project​ ​ច្រៀង និង​ថត​ឡើង​វិញ​នូវ​បទ​ចម្រៀង​លំនាំ​ដើម​ពី​ទស​វត្សរ៍១៩៦០ ​និង​១៩៧០​ ហើយ​ក្រុម​តន្រ្តី​មួយ​នេះ​ទទួល​បានប្រជា​ប្រិយភាព​នៅ​លើ​ឆាក​អន្តរ​ជាតិ​ ​ហើយ​បាន​អញ្ជើញ​ទៅ​សម្តែង​នៅ​ប្រទេស​ជា​ច្រើន​ ​ទោះ​បី​ជាអ្នក​ស្គាល់​ក្រុម​តន្ត្រី​នេះ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក៏ដោយ។​ ​ជា​អកុសល​ អ្នកនាង​កាក់ ចន្ធី ​ទើប​តែ​បាត់បង់​ជីវិត​ទៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរ​ ​នៅ​ពេល​រំលង​អាធ្រាត្រ​ ចូល​ថ្ងៃ​អង្គារ​ ​ទី​២០​ ​មីនា​ ​ឆ្នាំ​២០១៨​ ​ខណៈ​ដែល​អ្នក​នាង​កំពុង​ធ្វើ​ដំណើរ​តាមរ៉ឺម៉ក​កង់​បី​ ​ជាមួយ​មិត្តភក្តិ​ ត្រឡប់​ទៅ​ផ្ទះ​វិញ។​

តារា​ចម្រៀង​រ៉ក់​សម្បុរ​ស្រអែម​មក​ពី​ខេត្ត​ព្រៃវែង ​ជាខេត្ត​ដ៏​ក្រី​ក្រ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ​ស្រីចន្ធី ​បាន​អភិវឌ្ឍ​ខ្លួន​ពី​អ្នក​ចម្រៀង​បទ​លំនាំដើម​ ​ទៅ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ម្នាក់។ ​ទោះ​បី​ជា​នាង​មិន​ចេះ​អាន ​និង​សរសេរ​អក្សរ​បាន​ស្ទាត់​ក៏​ដោយ​ ​ជំនាញ​នៃ​ការ​និពន្ធ​ចម្រៀង​នេះ​គឺ​ចេញ​ពីបេះដូង​ និង​ខួរ​ក្បាល​របស់​អ្នក​ស្រី។ ​នេះបើ​យោង​តាម​សម្តី​របស់នាង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ ​VOA កាល​ពី​ចុង​ឆ្នាំ​២០១៧។​

«បទ​ចម្រៀង​ពួក​គាត់​សរសេរ​បទ​មួយៗ​គឺ​ធ្វើ​ឲ្យ​យើង​ដាក់​ដប​ ដូច​ថា​ ដាក់​ក្នុងចិត្ត​បេះដូង​អីចឹង​ទៅ​ណា៎។​ ​ខ្ញុំ​ជា​ដើម​ ​ដែល​បាន​សរសេរ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​នេះ​ ខ្ញុំ​អត់​ដែល​មាន​គ្រូទេ​ តែ​បទ​ចម្រៀង​ ​អ្វី​ដែល​យើង​ឃើញ​ ​អ្វី​ដែល​ក្នុង​បេះដូង​ និង​ចិត្ត​ អ្វី​ដែល​យើង​មាន​ ពេលខ្លះ​យើង​ប្រាប់​គេ​ គេ​ភ្លេច​អស់​ហើយ។​ ​បើ​យើង​យក​មក​សរសេរ​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ ធ្វើ​ឲ្យ​យើង​ស្តាប់​ទៅ​វា​នៅ​មាន​អត្ថន័យ​សម្រាប់​ជីវិត​របស់​យើង​ទៀត»។

ដោយ​សារ​តែ​ជីវភាព​ខ្វះខាត ​អ្នក​នាង​បាន​មក​ដល់ទី​ក្រុង​ភ្នំពេញ​ក្នុង​វ័យ​១៩​ឆ្នាំ​ដើម្បី​ស្វែង​រក​ការងារ ​ដើម្បី​ចិញ្ចឹម​ឳពុកម្តាយ​ ប្អូន​ប្រុស​ពីរ​នាក់​ និង​កូន​ប្រុស​ម្នាក់​ក្នុង​បន្ទុក។​ ​ អ្នកនាង​បាន​ឆ្លង​កាត់​ការងារ​លំបាកៗ​ជាច្រើន​ ដូចជា ​ការងារ​សំណង់​ អ្នក​ចម្រៀង​ខារ៉ាអូខេ។


ដោយមាន​សំឡេង​ដ៏​ក្រអួន​ដូចសំឡេង​របស់អ្នក​ស្រី​ប៉ែន រ៉ន​ តារាច​ម្រៀង​ឯក​កាល​ពី​ទសវត្សរ៍​១៩៦០​ ​រួមទាំង​ភាព​ក្រម៉េច​ក្រមើម​ផងនោះ​ ​ ​អ្នក​នាង​កាក់ ចន្ធី​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ស្តាប់​គ្រប់​ជនជាតិ។​

ការ​បាត់​បង់​ជីវិត​របស់​អ្នក​នាង​ ​កាក់ ចន្ធី​ ​តារា​ចម្រៀង​រ៉ក់​បែប​ក្រម៉េចក្រមើម​ ​ក្នុង​វ័យ​៣៨​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​ ​ជនបរទេស​ អ្នក​សិល្បៈ​ជា​ច្រើន​ ទាំង​ក្នុង​និង​ក្រៅ​ស្រុក​មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោក​សង្រែង​យ៉ាង​ខ្លាំង។​

សា្ថនទូត​សហ​រដ្ឋ​អាមេរិក​បាន​ចូល​រួម​រំលែក​ទុក្ខ​ដោយ​បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​ «ទេព​កោសល្យ​ផ្នែក​ចម្រៀង តន្រ្តីរបស់​ចន្ធី​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​មាន​ការ​សប្បាយ​ ដោយរួម​ទាំង​នៅ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​ ជាទី​ដែល​គាត់​បាន​សម្តែងជា​ច្រើន​លើក​ហើយ​គាត់​បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​ដោយ​ឡែក​មួយ​នៃ​តន្រ្តី​សម័យ​របស់​ខ្មែរ»។​


លោក​ Julien Poulson​ ប្រធាន​ក្រុម​ ​The Cambodia Space Project ​និង​ជា​អតីត​ស្វាមី​របស់​អ្នក​នាង​ ចន្ធី ​បាន​សរសេរ​សារជាច្រើន​ និង​បង្ហោះរូបថត​ផ្សេង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ ដែល​បង្ហាញ​ពី​ការ​សោក​ស្តាយ​ និង​ដើម្បី​រំឭក​ដល់​អនុស្សាវរីយ៍​ជាមួយ​អ្នក​នាង​ចន្ធី។​ លោក​បាន​សរសេរ​ថា​«នេះ​ជា​រឿងគួរ​ឲ្យ​សោក​ស្តាយ​មួយ​ដែល​អ្នកនាង​ចន្ធី​មិន​នៅ​ជាមួយ​ពួក​យើងទេ។​ នាង​ទទួល​បាន​ការ​ស្រឡាញ់​ជា​ច្រើន​ ហើយ​នាង​នឹង​មិន​ត្រូវ​បាន​បំភ្លេច​ឡើយ»។​

លោក​ Julien​ ​បាន​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ពុធ​ថា៖​ «ធី​តែង​តែ​មាន​អារម្មណ៍​ថា​ នាង​នឹង​ស្លាប់​អាយុ​ខ្លី ​ដូច្នេះ​នាង​បាន​ឲ្យ​ខ្ញុំ​សន្យា​ជាមួយ​នាង​ថា​ នឹង​មើល​ថែ​កូន​ប្រុស​របស់​នាង»។​

ក្នុង​រយៈ​ពេល​៨​ឆ្នាំ ​ក្រុម​តន្ត្រី​ ​ដែល​ឥឡូវ​នេះ​បាន​បាត់​បង់​សមាជិក​ម្នាក់​គឺ​អ្នកស្រី​ចន្ធីដែល​ជា​អ្នក​ចម្រៀង បាន​ឡើង​សម្តែង​លើ​ឆាក​អន្តរជាតិ​ជាច្រើន​តំបន់​ និង​ច្រើន​មហោ​ស្រព ​តាំង​ពី​តំបន់​អាស៊ី ​អឺរ៉ុប ​ប្រទេស​អូស្ត្រាលី​ ​និង​សហ​រដ្ឋ​អាមេរិក។​

លោក​ ​Julien Poulson​ ​បាន​បន្ត​ថា​ ស្រី​ធី​គឺ​ជា​ពន្លឺ​មួយ​ដែល​កំពុង​ចែង​ចាំង។​ រឿងរ៉ាវ​ជីវិត​របស់​នាង​គឺ​អស្ចារ្យ​ ​ជា​ពិសេស​សម្រាប់​ជន​ដែល​មាន​ជីវភាព​ដូច​នាង​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ Julien ​បាន​និយាយ​ថា៖​ «ខ្ញុំ​គិត​ថា​ ទៅកាន់​ពិភពលោក ​នាង​តំណាង​ឲ្យ​ប្រជាជន​កម្ពុជា​ដែ​ល​មាន​វណ្ណៈទាប​និង​លំបាក។ ​នាង​គឺ​មិនត្រឺម​តែ​ជា​ជន​ដែល​តស៊ូ​ខ្លាំង​ក្នុង​ជីវិត​ទេ ​ប៉ុន្តែ​នាង​ជា​មនុស្ស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​បេះ​ដូង​ និង​ដួង​ចិត្ត​មនុស្ស​ជុំវិញ​ពិភពលោក»។​


លោក​ក៏​កំពុង​មាន​គម្រោង​នឹង​បោះ​ពុម្ព​សៀវភៅ​ដែល​សរសេរអំពី​ដំណើរ​ការ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ដំបូង​របស់​ក្រុម​តន្រ្តី​រ៉ក់ The Cambodia Space Project ​ដើម្បី​ជា​ការ​រំឭក​ដល់​អ្នក​នាង​កាក់ ចន្ធី​ ដែល​ជា​អ្នក​ចម្រៀង​ចម្បង​ក្នុង​ក្រុង​តន្រ្តីរ៉ក់​នេះ​ និង​ជា​សហ​ស្ថាបនិក​មួយ​រូប​ផង​ដែរ។​ មិនតែ​ប៉ុណ្ណោះ ​លោក​បាន​បន្ត​ថា ​ ទោះបី​ជា​អ្នកនាង​មិន​អាច​អាន ​និង​សរសេរ​អក្សរ​បាន​ក៏​ដោយអ្នក​នាងចន្ធី​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​ផ្នែក​អក្សរ​សាស្រ្ត ហើយ​មាន​បំណងចង់​បោះ​ពុម្ព​សៀវភៅ​ដែលនិយាយ​ពី​ជីវិត​របស់​អ្នក​នាង។​

លោក​ ​Julien​ ​បាន​ប្រាប់​ ​VOA​ ​ថា​ ក្រុម​តន្រ្តី​នេះ​នឹង​នៅ​តែ​ផលិត​បទ​ចម្រៀង​បន្ត​ទៀត​ និង​ធ្វើការ​ប្រគំ​តន្រី​ ដើម្បី​ជា​ការ​រំឭក​ដល់​អ្នក​នាង​កាក់ ចន្ធី​ ​ជាពិសេស​ ​ទោះ​បី​ជា​ការ​ចាក​ចេញ​ដ៏​នឹក​ស្មាន​មិនដល់​របស់​អ្នកនាង​ ​ចន្ធី​បាន​បន្សល់​នូវ​ការងារ​ជាច្រើនក៏​ដោយ។​

«យើង​នឹង​បន្ត​កេរ្តិ៍​ដំណែល​របស់​ចន្ធី​ ដូច្នេះ​តន្រ្តីករ​ក្នុង​ក្រុម​ ​The Cambodia Space Project​ ​ប្រហែល​ជានឹង​បន្ត​ផលិត​បទចម្រៀង​ទៀត​ ដើម្បី​រំឭក​ដល់​នាង។​ យើង​នឹង​ប្រគំ​តន្រ្តី​ខ្លះ​ដើម្បី​ជា​ការ​រំឭក​វិញ្ញាណ​ក្ខន្ធនាង។​ ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ជំនួស​នាង​បាន​ឡើយ»។​

ចម្រៀង​ដែល​អ្នកនាងបាន​និពន្ធ​ផ្ទាល់​ដៃ​នោះមាន​ដូចជាបទ​ ​«Whisky Cambodia»​ បទ​«ភ្លៀង​ធ្លាក់​មក​ហើយ»​ ឬ ​«Here Comes The Rain» ​និង​បទ ​«មាន ​VISA ​អត់​មានបាយ‍»​ ឬ «Have Visa, No Have Rice»​ ជាដើម​ និង​បទ​ក្នុង​ជំនាន់​ទសវត្សរ៍​១៩៦០​គឺ​«ឆ្នាំអូន១៦‍» និងបទ​ «ផ្អែមណាស់​ស្នេហា»។​


ការ​តស៊ូ​របស់​អ្នក​នាង​ចន្ធី ​និង​ស្នាដៃ​ចម្រៀង​ដែល​អ្នកនាង​បាន​បន្សល់​ទុក​ទាំង​អស់​នេះ​បាន​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​សិល្បៈ​ចម្រៀង​ខ្មែរ​មួយ​ចំនួន​សោកស្តាយ​ និង​អាណិត​អាសូរ។

កញ្ញា​ ​វង្ស សុជាតា​ ​ដែល​ជា​អ្នកគាំទ្រ​ម្នាក់​របស់​អ្នកនាង​ចន្ធី បាន​ប្រាប់​ ​VOA​ ​ថា​ ​អ្នក​នាង​កោត​សរសើរ​ ​គាំទ្រ​ទឹក​ដម​សំឡេង​របស់​គាត់​ រួម​ទាំង​អាណិត​អាសូរ​នូវ​ជីវិត​របស់អ្នកនាង​ចន្ធី ហើយ​មិន​មាន​អ្នកណា​អាច​ជំនួស​នាង​បាន​ឡើយ។

កញ្ញា វង្ស សុជាតា​ ​បាន​ប្រាប់​ ​VOA​ ​ថា៖​ «បង​យល់​ថា​ ប្រហែល​ជា​ពិបាក​រក​អ្នក​ដែល​ជំនួស​គាត់​ ហើយ​ពិបាក​រក​អ្នក​សិល្បករ​ដែល​គាត់​មាន​ទេព​កោសល្យ​ផ្នែក​ខាង​រ៉ក់ខេនរ៉ូល​ហ្នឹង​ណាស់​ ​ពីព្រោះ​នៅ​ក្រោយ​របបខ្មែរ​ក្រហម​មក​ អ្នក​ដែល​ច្រៀង​រ៉ក់ខេន​រ៉ូល​ ដូច​ជា​មាន​តែ​គាត់​ទេ ​ដូ​ចជា​អត់​មាន​ក្រុម​ណា​ដែល​ច្រៀង​រ៉ក់ខេន​រ៉ូល​ថ្មី​ហ្មង​ណា៎។​ អត់​មាន​ទេ ​មាន​តែក្រុម​គាត់​ហ្នឹង​ឯង»។​

អ្នកស្រី​ ​នូ វ៉ាន់សាន ​អតីត​អ្នកគាំទ្រ​ និង​ជាមិត្ត​ភក្តិម្នាក់​ ហើយដែលធ្លាប់​បាន​អញ្ជើញ​អ្នក​ស្រី​ចន្ធី​ និង​លោក​ Julien ​ឲ្យ​ទៅច្រៀង​នៅ​ក្នុង​ពិធី​មង្គលការ​របស់​ខ្លួន ​បាន​បញ្ជាក់​ប្រាប់​ ​VOA​ ​ថា​នេះ​ជា​ការ​បាត់បង់ដ៏​ធំធេង​ ព្រោះ​អ្នកស្រី​បាន​បាត់បង់​មិត្ត​ភក្តិ​ ដែល​ជា​អ្នក​សិល្បៈ​ដ៏មាន​ទេព​កោសល្យ​ និង​បានខំ​ប្រឹង​ថែរក្សា​កេរ្តិ៍​ដំណែល​កាលពី​ទស​វត្សរ៍​១៩​៦០​ផង​ដែរ។

អ្នកស្រី​ ​វ៉ាន់សាន​ ​បាន​ប្រាប់​ ​VOA​ ​ថា៖​ «គាត់​មិនមែន​តែ​នៅ​ស្រុក​ខ្មែរ​ទេ​ ​គាត់​ទៅ​ផ្សព្វផ្សាយ​សិល្បៈ​របស់​យើង​ដល់​ទៅ​ក្រៅ​ស្រុក​អី​ ហើយ​និយាយ​ទៅ​ សឹង​តែ​គ្រប់​ប្រទេស។ ​ហើយគាត់​បាន​ចេញ​ទៅ​អីចឹង​ណា៎។​ ​យើង​បាត់បង់ មួយ​យើង​បាត់​បង់​ធនធាន​ ​ដែលយើង​ចាត់​ទុក​ថា​ គាត់​ ​ជា​ធនធាន​ដែល​កម្រ​មួយ។ ​គាត់​មាន​ ទេពកោសល្យ​ មាន​អី អីចឹង​ទៅ​ណា៎»។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA​ ​កាលពី​ចុង​ឆ្នាំ​២០១៧​ អ្នកស្រី កាក់ ចន្ធី​ធ្លាប់​បាន​លើក​ទឹកចិត្ត​ឲ្យ​តារា​ចម្រៀង​ប៉ប់ និង​រ៉ក់​វ័យ​ក្មេង​ដែល​កំពុង​ល្បី​ល្បាញ​ បន្ត​ស្រាវជ្រាវ​ និង​សិក្សា​អំពី​ការ​និពន្ធ​ចម្រៀង​របស់​កវី​ល្បីៗ​ កាល​ពី​ទសវត្សរ៍​១៩៦០​ ​ដែល​មាន​យុទ្ធសាស្ត្រ​ក្នុង​ការ​និពន្ធ​ចម្រៀង​ដែល​ពិរោះ​ ​នៅ​តែ​ពេញ​និយម​ ​និង​ស្តាប់​មិន​ចេះ​ជិន​ណាយ ​ទោះ​បី​ជា​ពេល​វេលា​កន្លង​យូរ​ប៉ុណ្ណា​ក៏​ដោយ៕



ប្រភព៖ វីអូអេខ្មែរ

តារា​ចម្រៀង​ Rock 'n' Roll ​ខ្មែរ​ដ៏​ល្បី​គឺ​អ្នកស្រី ​កាក់ ចន្ធី​ បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​ក្រោយ​ទទួល​មរណភាព-​The Cambodian ​Space ​Project

បទចម្រៀង​ទាំងនោះ​រួមមាន​បទចម្រៀង ​Rock'n'Roll​ របស់​ខ្មែរ ​កាលពី​ទសវត្សរ៍ឆ្នាំ​១៩៦០​ និង​ចម្រៀង​បង្កើត​ថ្មីផ្ទាល់ខ្លួន ​ដូចជាបទ​ «ឆ្នាំអូន១៦‍» ​បទ​ «ផ្អែមណាស់​ស្នេហា‍» ​បទ ​«Whisky Cambodia»​ បទ​«ភ្លៀងធ្លាក់​មកហើយ»​ ឬ ​«Here Comes The Rain» ​និង ​បទ ​«មាន VISA អត់មានបាយ‍»​ ឬ «Have Visa, No Have Rice»​ ជាដើម។

វ៉ាស៊ីនតោន៖ អ្នកស្រី ​កាក់ ចន្ធី ​អាយុ​៣៨ឆ្នាំមានស្រុក​កំណើត​នៅខេត្ត​ព្រៃវែង​ជា​តារា​ចម្រៀង​ ដ៏ល្បី​នៃ​ក្រុម​តន្ត្រីរ៉ក់ ​ខ្មែរ-អូស្ត្រាលី ​The Cambodian ​Space ​Project ​បាន​ទទួល​មរណភាព​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​កាល​ពី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មីនា​ ឆ្នាំ ២០១៨​ ក្នុងរាជ​ធានី​ភ្នំពេញ។ ​

​មរណភាព​របស់​អ្នកស្រី​បានបន្សល់​នូវ​ភាព​អាឡោះ​អាល័យ​និង​សោក​ស្តាយ យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកសិល្បៈ​និង​រួម​ទាំង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស កម្ពុជា​ផងដែរ។​ ទន្ទឹម​នឹង​ការ​ស្រណោះ​អាល័យ​នេះ​ មរណភាព​អ្នកស្រី​ក៏​បាន​បន្សល់​ទុក ផង​ដែរ​នូវកម្រង​បទចម្រៀង​ជា​ច្រើន​ដែល​ទទួល​បាន​ការ​គាំទ្រ​លើ ឆាក​អន្តរជាតិ។ ​បទចម្រៀង​ទាំងនោះ​រួមមាន​បទចម្រៀង ​Rock'n'Roll​ របស់​ខ្មែរ ​កាលពី​ទសវត្សរ៍ឆ្នាំ​១៩៦០​ និង​ចម្រៀង​បង្កើត​ថ្មីផ្ទាល់ខ្លួន ​ដូចជាបទ​ «ឆ្នាំអូន១៦‍» ​បទ​ «ផ្អែមណាស់​ស្នេហា‍» ​បទ ​«Whisky Cambodia»​ បទ​«ភ្លៀងធ្លាក់​មកហើយ»​ ឬ ​«Here Comes The Rain» ​និង ​បទ ​«មាន VISA អត់មានបាយ‍»​ ឬ «Have Visa, No Have Rice»​ ជាដើម។

អ្នកស្រី ​កាក់ ចន្ធី ​ធ្លាប់បាន​ទទួលការ​គាំទ្រ​ក្នុងពេល​សម្តែង​នៅ​ប្រទេស​បារាំង សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយចំនួន​ទៀត​ នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​សាល​មហោស្រព​សិល្បៈ​វប្បធម៌ ​The Kennedy Center​ កាលពី ​ខែ​កញ្ញា​ ឆ្នាំ២០១៧​ ការសម្តែង​របស់​អ្នកស្រី​និងក្រុម​តន្ត្រី​រ៉ក់ ​ខ្មែរ-អូស្ត្រាលី​ The Cambodian ​Space​ Project ​ទទួល​បាន​ការ​ពេញ​ចិត្ត ​និង​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​រាប់រយ​នាក់​ដែល​ចូលរួម​ទស្សនា​ពេញ​សាល​មហោស្រព​នោះ៕


រូបឯកសារ៖ អ្នកស្រី ​កាក់ ចន្ធី​ ដែល​ជា​អ្នក​ចម្រៀង​ជនជាតិ​ខ្មែរ​ប្រចាំ​ក្រុមតន្ត្រី​រ៉ក់ខេនរ៉ូល The Cambodian Space Project ​សម្តែង​នៅសាល​មហោ​ស្រព​សិល្បៈ​វប្បធម៌ ​The Kennedy ​Center​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតដោយ the Kennedy Center)










ប្រភព៖ វីអូអេខ្មែរ