วันพุธที่ 16 ตุลาคม พ.ศ. 2567

មេដឹកនាំ​ព្រមព្រៀង​ប្តូរ​ឈ្មោះពី CLV ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី

រូបថត​(ពីស្តាំ) ៖ លោក ហ៊ុន ម៉ាណែត, លោក ផាម មិញជិញ (Pham Minh Chinh) និង​លោក សូនីសាយ ស៊ីផាន់ដន (Sonexay Siphandon)។

មេដឹកនាំ​ព្រមព្រៀង​ប្តូរ​ឈ្មោះពី CLV ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី

វិទ្យុអាស៊ីសេរី RFA / ដោយ ខាន់ លក្ខិណា 

14-10-2024

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​ច្បាប់ លើក​ឡើង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គ្មាន​ចេតនា​ពិត​ប្រាកដ ក្នុង​ការ​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV [Cambodia – Laos – Vietnam] នោះ​ទេ ដោយ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន កំពុង​លេង​ល្បែង​បំប្លែង​ពី​រូបភាព CLV ដែល​ជា​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ ទៅ​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​វិញ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សារព័ត៌មាន​ជាតិ​វៀតណាម បាន​លើក​ឡើង​ពី​ការ​ជំរុញ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ ជាមួយ​កម្ពុជា និង​ឡាវ ខណៈ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​បាន​ចេញ​បំភ្លឺ​ឱ្យ​ជ្រះស្រឡះ​នៅ​ឡើយ

អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​អ្នក​ច្បាប់​លើក​ឡើង​ថា ការ​បង្ហាញ​ជំហរ​របស់​ មេ​ដឹក​នាំ​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ពី​ការ​ដក​កម្ពុជា​ ចេញ​ពី​គម្រោង CLV នៅ​មាន​លាក់​កំបាំង​ខ្លឹមសារ​ប្រតិបត្តិ​ជា​ច្រើន ពី​ភ្នែក​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ស្រប​ពេល​ដែល​មេ​ដឹក​នាំ​ រដ្ឋាភិបាល​ទាំង​បី បែរជា​ជំរុញ​នូវ​ប្រសិទ្ធភាព និង ភាព​ជាក់លាក់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ត្រី​ភាគី ទៅ​វិញ ទោះបី​ជា​មិន​និយាយ​ដល់​ពាក្យ​គម្រោង CLV ក៏ដោយ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ដក​កម្ពុជា​ពី CLV គ្រាន់​តែ​ជា​ល្បែង​​នយោបាយ​ប្រជាភិថុតិ បោក​ប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ ​ឱ្យ​ស្ងប់​ចិត្ត​ខ្លះ ដើម្បី​កុំ​ឱ្យ​​ប្រជាពលរដ្ឋ ​ងើប​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ពី​គ្រប់ទិស។ លោក​​ថា លោក ហ៊ុន សែន ដក​តែ​សំបក​ឈ្មោះ CLV ប៉ុណ្ណោះ ប៉ុន្តែ​គម្រោង​អនុវត្តន៍​ទាំង​អស់ ក្រោម​ផ្លាក CLV រដ្ឋាភិបាល​ត្រកូល ​ហ៊ុន ​នៅ​រក្សា​ទុក​ដដែល។

លោក អ៊ុំ សំអាន ៖ «គ្រាន់​តែ​ប្ដូរ​គម្រោង​រូបភាព​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV) មក​ជា​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​តែ​ប៉ុណ្ណោះ ដូច្នេះ គ្រាន់​តែ​ដូច​តែ​ប៉ុណ្ណោះ​ឯង។ ក៏​ប៉ុន្តែ​អ្វី​ដែល​ស្ថិត​គម្រោង​អភិវឌ្ឍន៍ CLV នៅ​តែ​បន្ត​ហើយ​បង្កើន​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ ដដែល។ ដូច្នេះ ខ្ញុំ​យល់​ថា នេះ គឺ​ជា​ល្បែង​ឆ្ពិន​ភ្នែក​មួយ ដូច្នេះ ខ្ញុំ​យល់​ថា នៅ​តែ​ជា​ហានិភ័យ សម្រាប់​ការ​បាត់​បង់​ខេត្ត​ទាំងបួន ​ទៅ​ប្រទេស​វៀតណាម​ នៅ​ពេល​អនាគត»។

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​តំណាង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គឺ​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក តាន់ ហ្សង់ហ្វង់ស័រ បាន​បញ្ជាក់​ជា​ថ្មី​ថា រដ្ឋាភិបាល ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV ប៉ុន្តែ​នៅ​លាក់​បាំង​សេចក្ដី​ពន្យល់​ជុំ​វិញ​ រឿង​នេះ។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ ៖ «ហើយ​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា ទាំង​ភាគី​វៀតណាម​ទាំង​ភាគី​ឡាវ​ សុទ្ធ​តែ​យល់​ពី​មូលហេតុ​ដែល​បាន​ជំរុញ​ឱ្យ​​កម្ពុជា ​ដក​ខ្លួន​ចេញ​ពី CLV DTA ហើយ​មូល​ហេតុ​សម្ដេច​ធិបតី ​បាន​លើក​ឡើង​វិញ មិន​បាច់​ខ្ញុំ​រំលឹក​ឡើង​វិញ​ទេ ហេតុ​អ្វី​បាន​ជា​កម្ពុជា​ដក​ខ្លួន​ចេញ CLV DTA »។

ទាក់ទង​នឹង​ចំណុច​ដែល​ថា ភាគី​វៀតណាម និង​ឡាវ​យល់​នោះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ទាន់​ចេញ​បំភ្លឺ​ឱ្យ​ប្រជាពលរដ្ឋ​អស់​មន្ទិល​ក្នុង​ចិត្ត​នៅ​ឡើយ​ទេ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ កាល​ពី​ថ្ងៃទី១១ ខែ​តុលា លោក តាន់ ហ្សង់ហ្វង់ស័រ បាន​ត្រឹម​តែ​លើក​ឡើង​ថា CLV ចប់​ជា​ស្ថាពរ​តាំង​ពី​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រកាស​ដក​កម្ពុជា​ចេញ​ពី​គម្រោង​នេះ និង​ថា ជា​រឿង​ធម្មតា ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​ពន្យល់​ភាគី​វៀតណាម និង​ភាគី​ឡាវ ដោយ​ផ្ទាល់​មាត់។

យ៉ាងណា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ប្រភព​ណា​មួយ ដឹង​អំពី​ខ្លឹមសារ​នៃ​ការ​ពន្យល់​របស់​លោក ហ៊ុន ម៉ាណែត និង​ជំហរ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ទាក់ទង​នឹង​ការ​ដក​កម្ពុជា​ពី​គម្រោង CLV ទេ។

ប៉ុន្តែ​បណ្ដាញ​សារព័ត៌មាន វីអូវី (VOV.VN) និង Vietnamplus របស់​វៀតណាម កាលពីថ្ងៃទី ៩ ខែ​តុលា បាន​ចុះ​ផ្សាយ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាយករដ្ឋមន្ត្រី​ ត្រកូល​ហ៊ុន លោក ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និង​នាយករដ្ឋមន្ត្រី​ឡាវ​ លោក សូនីសាយ ស៊ីផាន់ដន (Sonexay Siphandon) រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍន៍​យន្តការ​កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី និង​ត្រីភាគី ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ជាក់លាក់ ព្រម​ទាំង​ប្រើ​ក្របខណ្ឌ​កិច្ច​សហប្រតិបត្តិការ​បក្ស និង​បក្ស ឱ្យ​ដើរ​តួនាទី​ស្នូល​ក្នុង​ការ​អភិវឌ្ឍ​ ទំនាក់ទំនង​នៃ​ភាគី​ទាំង​បី តាំង​ពី​កម្រិត​យុវជន ដល់​ថ្នាក់​ដឹកនាំ​កំពូល។

នាយករដ្ឋមន្ត្រី​ទាំង​បី បាន​ពិពណ៌នា​អំពី​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី​ នេះ​ថា ជា​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​របស់​ពួកគេ។

យោង​តាម​សារព័ត៌មាន Vietnamplus កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​តែ​ផ្ដោត​លើ​វិស័យ​សន្តិសុខ ការ​បង្កើន​ប្រសិទ្ធភាព​ច្រក​ព្រំដែន​គោក ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រួម​ទាំង​កម្ម​វិធី​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ហើយ​នាយករដ្ឋមន្ត្រី​វៀតណាម ថែម​ទាំង​បាន​និយាយ​ទៅ​ដល់​រឿង​រ៉ាវ ដែល​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​ឡាវ គាំទ្រ​សហគមន៍​ជន​ជាតិ​វៀតណាម ឱ្យ​តាំង​លំនៅ និង​សមាហរណកម្ម​ចូល​សង្គម ក្នុង​ប្រទេស​ទាំង​ពីរ​ផង។ ការ​វិវត្តន៍​នេះ ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​កត់​សម្គាល់​ថា កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី មិន​ខុស​អ្វី​ពី​គម្រោង CLV ទេ។

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត លើក​​ឡើង​ថា លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គ្មាន​ចេតនា​ដក​កម្ពុជា​ចេញ​ពី​គម្រោង CLV មែន​ទែន​ទេ ហើយ​ការ​ប្រកាស​ដក​គម្រោង​នេះ មាន​ចេតនា​បំភ្លៃ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា រដ្ឋាភិបាល​ដក​កម្ពុជា​ ចេញ​ពី​គម្រោង CLV មែន ដើម្បី​ស្អំ​ចិត្ត​ប្រជាពលរដ្ឋ ឱ្យ​បន្ថយ​ការ​តវ៉ា។

លោក វ៉ន ចាន់ឡូត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១៣ ខែតុលា ថា បើ​រដ្ឋាភិបាល​ ត្រកូល​ ហ៊ុន ពិត​ជា​ចង់​ដក​កម្ពុជា​ចេញ​ពី​គម្រោងCLV នោះ​ពួកគេ​រៀបចំ​អ្នក​ជំនាញ​ឱ្យ​ចេញ​ពន្យល់​អំពី​នីតិវិធី​នៃ​ការ​ដក​ខ្លួន និង​ដោះលែង​អ្នក​ជាប់​ឃុំ​ដោយសារ​សំណុំ​រឿង​នេះ ហើយ​លោក ហ៊ុន សែន ក៏​មិន​នៅ​ប្រើ​គ្រប់​មធ្យោបាយ​ការពារ​ផល​ប្រយោជន៍​វៀតណាម ជា​ជាង​ប្រយោជន៍​ខ្មែរ ក្នុង​រូបភាព​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី និង​ត្រីភាគី​នោះ​ទេ។

លោក វ៉ន ចាន់ឡូត ៖ «មិន​មែន​ប្រជាពលរដ្ឋ​គ្រាន់​តែ​ដក​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណឹង​ទេ វា​ជា​ការ​ដក​ទាំង​គម្រោង ដែល​យើង​ឃើញ​ថា កម្ពុជា​ទទួល​គម្រោង​ជាង ៤០​គម្រោង​នៅ​ក្នុង CLV DTA នេះ ដែល​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច ឬ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ច្រក​ព្រំដែន​នៅ​ខេត្ត ដែល​យក​ទៅ​ដាក់​នៅ​ក្នុង​គម្រោង​ហ្នឹង ក៏​ដូច​ជា​ការ​ពិនិត្យ​មើល​និគម​វៀតណាម​ដែល​ហូរ​ចូល​ប្រទេស​កម្ពុជា​ជា​ដើម»។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​លើក​ឡើង​ថា ការ​បន្លំ​ភ្នែក​ដក​ឈ្មោះ CLV ក៏​ប៉ុន្តែ​បែរ​ទៅ​ជា​ប្ដេជ្ញា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ឈ្មោះ​ត្រីភាគី​វិញ ក៏​នៅ​តែ​ធ្វើ​ឱ្យ​បូរណភាព​ទឹក​កម្ពុជា ប្រឈម​នឹង​គ្រោះថ្នាក់​ដដែល​ ជាពិសេស​ក្នុង​ការ​អនុវត្ត​គម្រោង​ដី​សម្បទាន ​ឱ្យ​ក្រុមហ៊ុន​វៀតណាម និង​ការ​ហូរ​ចូល​នៃ​ជន​អន្តោប្រវេសន្ត​វៀតណាម​ខុស​ច្បាប់ មក​រស់នៅ​ទឹក​ដី​កម្ពុជា។

លោក អ៊ុំ សំអាន ៖ «ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វៀតណាម​ជាង ២៤ ម៉ឺន​ហិកតារ​នៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​មិន​ទាន់​បាន​ដក​ហូត​នៅ​ឡើយ​ទេ។ ជន​ជាតិ​វៀតណាម​ដែល​កំពុង​ធ្វើការ និង​ស្នាក់​នៅ​ខុស​ច្បាប់​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​វៀតណាម​និង​យោធា​វៀតណាម​ជាង ២៤ ម៉ឺន​ហិកតារ​មិន​ត្រូវ​បាន​ដក​ហូត​នៅ​ឡើយ​ទេ។ ដូច្នេះ​នៅ​តែ​ជា​ហានិភ័យ​នៃ​គ្រោះថ្នាក់​ទៅ​ដល់​បូរណភាព​ទឹក​ដី​យើង​នៅ​ពេល​អនាគត»។

អ្នកឃ្លាំមើល លើក​ឡើង​ថា ការ​បំប្លែង​កិច្ច​សហប្រតិបត្តិការ​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV ទៅ​ជា​ទម្រង់​ថ្មី ដែល​ប្រើ​ឈ្មោះ «កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ កម្ពុជា​-​​វៀតណាម​-​ឡាវ» នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក បាត់​ជំនឿ​ទាំង​ស្រុង​ពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ដែល​ថា ដក​កម្ពុជា​ពី​គម្រោង CLV កន្លង​មក ពីព្រោះ កិច្ច​សហប្រតិបត្តិការ​ត្រីភាគី នៅ​តែ​រក្សា​នូវ​ខ្លឹមសារ CLV ដដែល និង​កាន់​តែ​​ប្ដេជ្ញា​បង្កើន​ប្រសិទ្ធភាព​អនុវត្តន៍​ថែម​ទៀត។

ដោយ​មើល​ឃើញ​មូលហេតុ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ទូទាំង​ពិភពលោក​ ដូចជា នៅ​កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី អឺរ៉ុប កាណាដា និង​សហរដ្ឋ​អាមេរិក ជាដើម ចាប់​ផ្ដើម​រៀបចំ​ការ​តវ៉ា​​កើត​ឡើង​វិញ៕

រូបថត​លោក ហ៊ុន សែន និង​លោក អ៊ុំ សំអាន។


Latest
Next Post

post written by:

0 ความคิดเห็น: