วันจันทร์ที่ 26 มีนาคม พ.ศ. 2561

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា៖ កម្ពុជាត្រូវ​តែលុប​ចោល​បទ​បរិហារកេរ្តិ៍​ដើម្បី​ឲ្យ​ស្របតាម​មាត្រា១៩ នៃ​កតិកា​សញ្ញា​អន្តរជាតិ-Rights of expression


ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ដល់​អនុសាសន៍​ឲ្យ​របប លោក ហ៊ុន សែន គួរ​គិតគូរ​ពិចារណា លុបចោល​បទ​បរិហារកេរ្តិ៍ និង​ទោស​បញ្ញត្តិ​ផ្សេងៗ​ទៀត នៃ​ក្រម​ព្រហ្មទណ្ឌ ដើម្បី​ឲ្យ​ស្របតាម​មាត្រា១៩ នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

អនុសាសន៍​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ សោកស្ដាយ​ចំពោះ​ប្រទេស​ថៃ ដែល​បាន​និរទេស ជន​កំពុង​ទទួល​បាន ឋានៈ​ជា​ជនភៀសខ្លួន​ពី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជន​ភៀសខ្លួន ( UNHCR) ម្នាក់ គឺ អ្នកស្រី សំ សុខា។


អ្នកស្រី សំ សុខា គឺជា​អ្នកគាំទ្រ​គណបក្សប្រឆាំង រស់នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​តុលាការ​ក្នុង​របប​ក្រុងភ្នំពេញ ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន ក្រោយ​ពេល​អ្នកស្រី បាន​យក​ស្បែកជើង​គប់​ទៅលើ​បដា​ឃោសនា របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​កន្លែង នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧។


ក្នុង​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​២៣ ខែ​មីនា ក្នុង​បណ្ដាញ​ហ្វេសប៊ុក របស់​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (United Nation Human Right In Cambodia) បាន​លើកឡើង​ថា ប្រព័ន្ធ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ឲ្យ​តម្លៃ​ខ្ពស់ ជាពិសេស​លើ​ការ​បញ្ចេញ​មតិ ដោយ​សេរី​មិន​មាន​ការ​ហាម​ប្រាម ទាក់ទង​ទៅ​នឹង​បុគ្គល​សាធារណៈ ក្នុង​វិស័យ​សាធារណៈ និង​ក្នុង​ស្ថាប័ន​សាធារណៈ។

មន្ត្រី​អង្កេត​ជាន់ខ្ពស់​សមាគម​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា បទ​ចោទ​បរិហារកេរ្តិ៍ ក្នុង​ច្បាប់​ព្រហ្មទណ្ឌ មិនមែន​ជា ឧបសគ្គ​ធំ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ទេ។ ប៉ុន្តែ បទ​ចោទ​នេះ លាយឡំ​ជាមួយ​បទ​ចោទ​ញុះញង់ ទើប​បណ្ដាល​ឲ្យ​សកម្មជន​បរិស្ថាន សកម្មជន សិទ្ធិមនុស្ស ដីធ្លី និង​សកម្មជន​គណបក្ស​នយោបាយ បាន​ក្លាយ​ជា​ជន​រងគ្រោះ។

តុលាការ​ខេត្ត​កំពង់ស្ពឺ សម្រេច​តម្កល់​សាលក្រម​កាត់ទោស​ដោយ​កំបាំងមុខ ឲ្យ​អ្នកស្រី សំ សុខា ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។ អ្នកស្រី សំ សុខា ត្រូវ​បាន​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូន​ឲ្យ​របប​ក្រុង ភ្នំពេញ​វិញ កាលពី​កំឡុង​ខែ​កុម្ភៈ ក្រោយ​ពេល​អ្នកស្រី បាន​រត់​ចេញ​ពី​ការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច​កម្ពុជា​ជិត​មួយ​ឆ្នាំ។

មេធាវី​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បកស្រាយ​ថា បទ​បរិហារកេរ្តិ៍ បើ​ទោះ​ជា​ស្ថិត​ក្នុង​ប្រភេទ​បទ​ព្រហ្មទណ្ឌ​ក៏ដោយ ប៉ុន្តែ​ត្រូវ​បាន​វិសោធនកម្ម មក​ត្រឹម​ការ​ផាកពិន័យ​ជា​ប្រាក់ ដូច្នេះ​បទ​បរិហារកេរ្តិ៍ មិន​មាន​ស្ថាន​ទម្ងន់​ទោស​ដែល​អាច​ឲ្យ​ប្រទេស​មួយ​ធ្វើ​បត្យាប័ន ឬ​ចាប់​បញ្ជូន​មនុស្ស​មកវិញ​នោះ​ទេ។ ប៉ុន្តែ លោក​មេធាវី​ប្រាប់​ថា ស្ថានភាព​ជាក់ស្ដែង​កន្លង​មក ការ​បកស្រាយ​បទ​ចោទ​នេះ បាន​ខុស​ពី​អត្ថន័យ​ច្បាប់។

អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​មន្ត្រី​ជាន់ខ្ពស់ នៃ​របប​ក្រុង ភ្នំពេញ​បានទេ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​អនុសាសន៍​របស់​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ឲ្យ​មានការ​លុបចោល​បទ​បរិហារកេរ្តិ៍​ទៅលើ​ករណី អ្នកស្រី សំ សុខា នោះ៕



ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
Previous Post
Next Post

post written by:

0 ความคิดเห็น: