អ្នកស្រី រ៉ូណា ស្មីត៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញជាថ្មីម្តងទៀតថា សិទ្ធិមនុស្សគឺសំខាន់ណាស់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលស្ថិតស្ថេរ»។
ភ្នំពេញ៖ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានបន្តបង្ហាញក្តីបារម្ភ ពីស្ថានភាពសិទ្ធិមនុស្សដែលមិនមានភាពប្រសើរឡើងនៅកម្ពុជា ហើយថា ប្រទេសនេះ បានដើរមកដល់ផ្លូវបំបែកហើយ ដោយបានអំពាវនាវឲ្យរដ្ឋាភិបាលជ្រើសរើសដើរតាមមាគ៌ាសិទ្ធិមនុស្ស។ នៅក្នុងថ្ងៃបញ្ចប់ដំណើរទស្សនកិច្ចលើកទីប្រាំមកកាន់កម្ពុជា អ្នកជំនាញការសិទ្ធិមនុស្សរូបនេះ បានថ្លែងក្នុងសន្និសីទព័ត៌មានមួយថា អនាគតប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា នឹងជួបបញ្ហាដែលកាន់តែធ្ងន់ធ្ងរ បើគណបក្សសង្គ្រោះជាតិខកខានមិនបានចូលរួមការបោះឆ្នោតនៅក្នុងខែកក្កដា ខាងមុខនេះ។
នៅថ្ងៃបិទបញ្ចប់បេសកកម្មស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សរយៈពេល១០ ថ្ងៃនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងថា «ប្រទេសកម្ពុជាបានមកដល់ផ្លូវបំបែកហើយ» និងបានស្នើបានឲ្យរដ្ឋាភិបាលកម្ពុជាតម្កល់ការគោរពសិទ្ធិមនុស្សជាធំ ដែលជាគ្រឹះមូលដ្ឋាននៃការរក្សាឲ្យបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ យូរអង្វែង។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅការិយាល័យឧត្ដមស្នងការអ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ អ្នកស្រី ស្មីត បាននិយាយថា ការរឹតត្បិតសំឡេងប្រជាពលរដ្ឋកម្ពុជា នៅទីបំផុតអាចជាការគំរាមកំហែងដល់ស្ថិរភាព ដែលរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើការយ៉ាងលំបាកដើម្បីកសាងវា។ សេរីភាពខាងសមាគម សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពក្នុងជួបប្រជុំដោយសន្តិវិធី ត្រូវបានការពារ និងត្រូវធ្វើឲ្យប្រសើរឡើង (ដោយមិនត្រូវរឹតត្បិតឡើយ) នៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស។
អ្នកស្រីស្មីត ថ្លែងពីសារសំខាន់នៃការគោរពសិទ្ធិមនុស្សយ៉ាងដូច្នេះ៖
«ហេតុដូច្នេះហើយ ខ្ញុំសូមបញ្ជាក់ឡើងវិញជាថ្មីម្តងទៀតថា សិទ្ធិមនុស្សគឺសំខាន់ណាស់ សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលឋិតឋេរ។ សិទ្ធិទាំងអស់មិនអាចត្រូវបានគេជ្រើសរើស ដើម្បីការគោរព ឬធ្វើមិនដឹងមិនឮនោះទេ។ ហើយសិទ្ធិទាំងអស់ក៏មិនត្រូវបានលះបង់ឡើយ»។
អ្នកស្រី ស្មីត អ្នកជំនាញការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានផ្តើមទស្សនកិច្ចនៅក្នុងប្រទេសនេះ តាំងពីថ្ងៃទី ៥ ខែ មីនា ដោយបានជួបក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើនរូប ដែលរួមមានប្រធានសភាជាតិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាដើម។
ក្នុងសន្និសីទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល១០ ថ្ងៃរបស់ខ្លួនក្នុងប្រទេសកម្ពុជា អ្នកស្រីស្មីត ក៏បានពណ៌នាអំពី ការរំលាយ និងការបែងចែកអាសនៈជាតំណាងនៅសភា និងនៅថ្នាក់មូលដ្ឋានរបស់គណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោត ជាង៤១ភាគរយក្នុងការបោះឆ្នោតពីរលើកចុងក្រោយគឺការបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។
អ្នកស្រីថ្លែងថា ការរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី ១៦ ខែវិច្ឆិកា ការហាមឃាត់សមាជិក១១៨ រូប នៃគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេលប្រាំឆ្នាំ ហើយនិងការបែងចែងអាសនៈទាំងអស់របស់គណបក្សនេះឡើងវិញ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយចែកទៅឲ្យសមាជិកផ្សេងទៀត ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតឲ្យ ដែលសមាជិកទាំងនោះ មកពីគណបក្សកាន់អំណាច និងគណបក្សផ្សេងៗ «គឺជាការបដិសេធសិទ្ធិជ្រើសរើសអ្នកតំណាងសម្រាប់កិច្ចការសាធារណៈតាមរយៈមធ្យោបាយជ្រើសរើសដោយសេរី ហើយដែលសិទ្ធិនោះត្រូវបានប្រើប្រាស់ដោយប្រជាជនដែលមានចំនួនច្រើនគួរឲ្យកត់សម្គាល់»។
អ្នកស្រី ស្មីត ដែលជាបុគ្គលឯករាជ្យរបស់អ.ស.ប បានស្នើឡើងវិញដល់រដ្ឋាភិបាលឲ្យស្តារលំហសម្រាប់ឲ្យប្រជាជនកម្ពុជាគ្រប់រូបអាចអនុវត្តសិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោតឡើងវិញដោយគ្មានសេចក្តីភ័យខ្លាច ឬការបំភិតបំភ័យ ហើយក៏បានអំពាវនាវផងដែរឲ្យមានការពិចារណាឡើងវិញ ជាបន្ទាន់មួយទៅលើបម្រាមជាទូទៅហាមឃាត់តួអង្គនយោបាយទាំង១១៨រូបនោះ។
នៅពេល VOA សួរអ្នកស្រីយល់ដូចមេ្តចចំពោះ អនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រសិនបើគណបក្សប្រឆាំងសង្គ្រោះជាតិ មិនបានចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ អ្នកស្រីបានថ្លែងថា បញ្ហានឹងកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសផ្សេងទៀតដែលប្រកាន់យករបបនយោបាយសេរីពហុបក្ស ហើយក៏នឹងមានបញ្ហាដល់និយមន័យនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ប្រសិនបើគណបក្សប្រឆាំងមិនអាចចូលរួមប្រកួតក្នុងការបោះឆ្នោតនៅខែកក្កដា ខាងមុខ។
VOA មិនទាន់អាចទាក់ទងក្រុមមន្ត្រី នាំពាក្យរបស់រដ្ឋាភិបាល និងគណបក្សគ្រប់គ្រងប្រទេសបានទេ មកដល់ល្ងាចថ្ងៃពុធនេះ។
យ៉ាងណាក៏ដោយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ ក្រុមអ្នកកាសែត ក្រោយការជួបពិភាក្សាជាមួយអ្នកស្រី ស្មីតកាលពីពេលសប្តាហ៍កន្លងទៅ ថា រដ្ឋាភិបាលកម្ពុជាមិនអាចទុកឲ្យបញ្ហាសិទ្ធិមនុស្សមកធ្វើឲ្យរាំងស្ទះដល់កិច្ចអភិវឌ្ឍសង្គមនោះទេ។ លោកថា ដើម្បីប្រយោជន៍ពលរដ្ឋមួយភាគធំ រដ្ឋាភិបាលត្រូវហ៊ាន អារកាត់ចំណែករាំងស្ទះណាមួយ ដែលលោកមិនបានផ្តល់សេចក្តីលម្អិតទេ។
លោក កែវ រ៉េមី បានថ្លែងក្នុងន័យដើមថា៖
«តួនាទីរដ្ឋាភិបាល ខុសពីតួនាទី ក្នុងការការពារសិទ្ធិមនុស្សរបស់គាត់។ រដ្ឋាភិបាល ដើម្បីគ្រប់គ្រងប្រទេសមួយ បើសិនជាយើងចង់ការពារមនុស្សធំ ចំនួនធំណាមួយ រាប់លាននាក់ យើងត្រូវហ៊ានអារកាត់ ប៉ះពាល់មិនខានទេ នៅជ្រុងណាមួយ។ ហើយជាពិសេសគឺយើងជំរុញឲ្យមានការអនុវត្តច្បាប់»។
លោក កែវ រ៉េមី អះអាងថា ពេលវេលានឹងបង្ហាញឲ្យអ្នកស្រី ស្មីត បានឃើញថា ចំណាត់ការនានារបស់រដ្ឋាភិបាល ដែលបានធ្វើឡើងដើម្បីថែរក្សាការអភិវឌ្ឍ និងស្ថិរភាពនោះ គឺជាកិច្ចការត្រឹមត្រូវមួយ។ លោកថា អ្នកស្រីស្មីត បានយល់ខុសមកលើរដ្ឋាភិបាល តែថ្ងៃណាមួយ អ្នកស្រីនឹងយល់ថា អ្វីដែលរដ្ឋាភិបាលបានធ្វើគឺជារឿងត្រឹមត្រូវដើម្បីភាពសុខសាន្តរបស់កម្ពុជា។
តាមសេចក្តីសន្និដ្ឋានចុងក្រោយរបស់អ្នកស្រីស្មីត ក្នុងសន្និសីទព័ត៌មាន ដែលបានធ្វើឡើងនៅល្ងាចថ្ងៃពុធដដែលនេះ អ្នកជំនាញការសិទ្ធិមនុស្សរូបនេះ បានថ្លែងបញ្ជាក់ជាថ្មីថា «សិទ្ធិមនុស្ស គឺសំខាន់ចាំបាច់ខ្លាំងណាស់សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏ស្ថិតស្ថិរជានិរន្ត៍។ សិទ្ធិមនុស្សមិនអាចគោរពដោយអន្លើៗ ឬមើលរំលងនោះទេ ហើយសិទ្ធិមនុស្សក៏មិនត្រូវបានលះបង់ឡើយ។ សន្តិភាពដែលខ្វះយុត្តិធម៌ គឺមិនស្ថិតស្ថិរទេ ហើយការអភិវឌ្ឍដែលខ្វះសេរីភាព គឺជាការបោះបង់ប្រជាជនចោល»។
ក្នុងអំឡុងទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជា អ្នកស្រី ក៏បានទទួលរបាយការណ៍ អំពីការបាញ់ប្រហារ នៅថ្ងៃទី ៨ ខែមីនា ដោយកម្លាំងប្រដាប់អាវុធទៅលើអ្នកតវ៉ា ទាក់ទងនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ចម្ការកៅស៊ូក្នុងស្រុកស្នួល ខេត្តក្រចេះ។ អ្នកស្រីបានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះរបាយការណ៍អំពីការបាញ់ប្រហារនេះ ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតជាបន្ទាន់ និងដោយឯករាជ្យ៕
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: