រឿងខ្លី តើមានមនុស្សប៉ុន្មាននាក់យល់?៖ មោទនភាព ពូសេប៉េប៉េ និងពាក្យប្រដៅ ពូខ្មែរ
នៅតៀមការហ្វេមួយ គេឃើញពូ សេប៉េប៉េ និងពូខ្មែរ កំពុងអង្គុយផឹកការហ្វេជាមួយគ្នា និងកំពុងជជែកគ្នាមិនដាច់ពីមាត់ទំនងដូចជានឹកគ្នាណាស់ព្រោះពួកគាត់បានបែកគ្នាយូរហើយ។ ពេលនោះយុវជនម្នាក់ដែលមានចម្ងល់រឿងពូទាំងពីរនាក់នេះជជែកគ្នាក៏បានទៅអង្គុយកៅអីក្បែរនោះ ស្រាប់តែឮ ពូខ្មែរ សួរ ពូសេប៉េប៉េ ថា៖
ពូខ្មែរ៖ ឯងរកស៊ីអីឥឡូវនេះ?
ពូសេប៉េប៉េ៖ អញបើកមុខរបររកស៊ីលក់ដូរនៅផ្ទះនឹងហ្អា!
ពូខ្មែរ៖ ឯងបានលុយពីណាមកបើកមុខរបររកស៊ីវ៉ី បើហ្អែង គ្មានចេះធ្វើស្អី ចេះតែបង្កើតកូន ចេះតែដើរលេងផឹកស៊ី វ៉ៃព្រពន្ធកូន ហើយគ្មានលុយ១រៀលផងហ្នឹង? សូម្បីតែអញក៏ធ្លាប់ឲ្យលុយឯងចាយ និងអត់និយាយរឿងឯងជំពាក់អញអត់ទាន់សងទេណា។
ពូសេប៉េប៉េ៖ ឯងខ្ចី និងសុំលុយពីបងប្អូន ឬមិត្តភ័ក្រនៅបរទេសហ្នឹងណាដើម្បីយកមករកស៊ី។
ពូខ្មែរ៖ អបអរសាទរចឹង! ចុះការរកស៊ីហ្នឹងយ៉ាងម៉េច ហើយយូរឬនៅ? ហើយឯងដំបូងត្រូវការទុនប៉ុន្មាន និងធ្វើអីខ្លះ?
ពូសេប៉េប៉េ៖ ឯងរកស៊ី៦ ទៅ៧ឆ្នាំហើយ។ កាលបើកដំបូងឯងសុំបងប្អូនឯងនៅបរទេស ៣០០ដុល្លារ និងខ្ចីមិត្តនៅបរទេស២០០ដុល្លារទៀត សម្រាប់ទិញទំនិញរៀបចំផ្ទះ និងកន្លែងដាក់រកស៊ីហ្នឹង។
ពូខ្មែរ៖ ហើយឥឡូវយ៉ាងហើយ? រឹងដៃរឹងជើងហើយនៅ?
ពូសេប៉េប៉េ៖ អូ! គ្នារឹងមាំហើយៗជីវភាពគ្នាកាន់តែធូរធារខ្លាំងទៀតផង។
ពូខ្មែរ៖ អើ! អញ្ចឹងឯងអាចរស់បានដោយខ្លួនឯង លែងសុំ និងលែងខ្ចីគេទៀតហើយអី? ហើយហ្អែងអាចសងលុយគ្នាបានហើយមែនទេ?
ពូសេប៉េប៉េ៖ អត់ទេ។ គ្នានៅតែត្រូវការជំនួយដដែលហ្នឹង។ គ្នានៅតែសុំ និងនៅខ្ចីគេដដែលហ្នឹងរាល់ឆ្នាំ បើមិនអញ្ចឹងមុខរបរគ្នាម៉េចនឹងអាចរស់បាន។ កាលបើកដំបូងគ្នាសុំបងប្អូនគ្នានៅបរទេសតែ៣០០ដុល្លារទេ តែក្រោយមកគ្នាសុំគាត់បន្ថែមរៀងរាល់ឆ្នាំ ដោយឆ្នាំខ្លះគ្នាសុំគាត់៤០០ដុល្លារ ឆ្នាំខ្លះគ្នាសុំគាត់៧០០ដុល្លារ ហើយឆ្នាំនេះគ្នាសុំគាត់ដល់ទៅ១០០០ដុល្លារឯណោះ។ ហ្នឹងឯងអត់និយាយរឿងគ្នាសុំខ្ចីពួកម៉ាកផ្សេងៗទៀតដែលគ្នាស្គាល់ដូចជាឯងនេះជាដើមទេ។
ពូខ្មែរ៖ អ្ហាក! វាមិនដែលហ្អា? អាណារកស៊ីរឹងមាំជាងមុន មានជីវភាពធូធារជាងមុន និងអួតថាខ្លួនអាចរស់បានដោយខ្លួនឯងហើយ បែជាទៅសុំគេ និងខ្ចីគេកាន់តែច្រើនជាងមុនទេហ្អា? ហ្អែង ឆ្គួតទេអី?
ពូសេប៉េប៉េ៖ បើមិននិយាយចឹងម៉េច នេះដោយសារតែគេមើលឃើញគ្នាមានកំណើតចេះរកស៊ី ហើយបានធូរធារជាងមុន បានជាគេឲ្យលុយគ្នាសុំកាន់តែច្រើនជាងមុន និងទុកចិត្តគ្នាឲ្យលុយគ្នាខ្ចីកាន់តែច្រើនឡើងនោះ? ឯងស្មានតែសុំគេៗចេះតែអោយ ហើយទៅខ្ចីគេៗចេះតែអោយខ្ចីឬ?
ពូខ្មែរ៖ អញអើយអញ បើហ្អែងគ្រាន់បើជាងមុនគឺហ្អែងត្រូវសុំគេ ឬខ្ចីគេតិចជាងមុន ឬក៏ឈប់សុំ ឬឈប់ខ្ចីគេតែម្តង។ យល់? ហ្អែងដឹងអត់បងប្អូន និងមិត្តភ័ក្រឯងនៅបរទេសគេអោយលុយឯងសុំ និងខ្ចីហ្នឹងមិនមែនមកពីក្បាលហ្អែងរកស៊ីកាន់តែគ្រាន់បើជាងមុន ហើយគេទុកចិត្តហ្អែងទេ តែមកពីគេអាណិតកូនឯងក្បាលអោយរហង់ ភ្នែកភ្លឹះៗ ស្រេកឃ្លាន និងកំពុងតែរងារឯណោះទេ។ គេមិនដឹងថាត្រូវនិយាយយ៉ាងម៉េច ព្រោះអាណិតគ្រួសារកូនចៅឯង ហើយឯងហ្នឹងជាមេគ្រួសារ។ ដឹងអត់?
ពូសេប៉េប៉េ៖ អុញ!
យុវជនដែលបានស្តាប់ការសន្ទនានេះពេលបានឮសំដីពូសេប៉េប៉េក៏ហួសចិត្តដែរ ហើយក៏ងើបឈរ គ្រវីក្បាល និងដើរចេញទៅ។
ដោយ៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: