วันพุธที่ 28 มีนาคม พ.ศ. 2561

ពិភពលោកក្ដៅៗ៖ សហអាមេរិក និងសហភាពអឺរ៉ុប រួមដៃគ្នា​បណ្តេញ​មន្ត្រីទូតរុស្ស៊ី​ ចេញពីប្រទេសខ្លួន! ដោយសរុបមន្ត្រីទូតរុស្ស៊ីប្រមាណ១៣០នាក់ ត្រូវបានគេបណ្តេញចេញ !


អគ្គលេខាធិការអង្គការអូតង់ ទើបបានប្រកាស កាលពីរសៀលថ្ងៃអង្គារថា អង្គការ​អូតង់ បាន​សម្រេច​​បណ្តេញ​មន្រ្តីគណៈប្រតិភូរុស្ស៊ី ប្រចាំអង្គការអូតង់ ចំនួន៧នាក់ និងបានបដិសេធអាជ្ញាបណ្ណ​បេសកកម្ម ដល់ជនជាតិរុស្ស៊ីចំនួន៣នាក់ផ្សេងទៀត។ អគ្គលេខាធិការអង្គការអូតង់ បានលើកឡើងថា នេះគឺជាដាក់ពិន័យ​លើរុស្ស៊ី ចំពោះទង្វើព្រហើន​ និងគ្មានការទទួលខុសត្រូវ ដែលហ៊ានប៉ុនប៉ងធ្វើឃាតអតីតគិញសម្ងាត់ម្នាក់ លើទឺកដីអង់គ្លេស ដោយប្រើសារធាតុពុលដ៏សាហាវ​ ដែលគេហាមឃាត់។


លោក Jens Stoltenberg បានធ្វើសន្និសីទកាសែត នៅទីក្រុងព្រុចសែល ទីស្នាក់ការរបស់អង្គការអូតង់ កាលពីរសៀលថ្ងៃអង្គារទី ២៧មីនា ដើម្បីប្រកាស ពីការចូលរួមសាមគ្គី ដាក់ពិន័យលើរដ្ឋាភិបាលរុស្ស៊ី ចំពោះហេតុការណ៍ប៉ុនប៉ងធ្វើឃាតគិញសម្ងាត់ នៅលើដីអង់គ្លេស។ អង្គការអូតង់ បានសម្រេចបណ្តេញមន្ត្រីគណៈប្រតិភូ៧នាក់ និងបានបដិសេធមិនប្រគល់អាជ្ញាបណ្ណបេសកកម្ម ដល់មនុស្ស៣នាក់ផ្សេងទៀត។ ជនជាតិរុស្ស៊ី ដែលជាប់ឈ្មោះទាំងនេះ នឹងត្រូវបណ្តេញចេញពីទឹកដីប៊ែលហ្សិក ក្នុងពេលដ៏ឆាប់ខាងមុខនេះ។


គួរបញ្ជាក់ថា បើគិតមកត្រឹមពេលនេះ មានប្រទេសសមាជិកសហភាពអឺរ៉ុបប្រមាណ១៧ប្រទេសហើយ ដែលបានសម្រេចបណ្តេញមន្ត្រីការទូតរបស់រុស្ស៊ី។ ក្រៅពីនេះ នៅមានកាណាដា និងសហរដ្ឋអាមេរិក ហើយពេលនេះ គឺអង្គការអូតង់មួយបន្ថែមទៀត។ សរុបទាំងអស់ មន្ត្រីទូតរុស្ស៊ីប្រមាណ១៣០នាក់ ត្រូវបានគេបណ្តេញចេញ។

លោក Boris Johnson រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានលើកឡើងថា ការសហការបណ្តេញមន្ត្រីទូតរុស្សី ព្រមៗគ្នា នេះ គឺជាគោលបំណងដែលប្រទេសលោកខាងលិច ចង់ដាក់ពិន័យចំពោះទង្វើមិនគប្បីដ៏ធ្ងន់ធ្ងររបស់រុស្ស៊ី។ លោកបន្ថែមថា ការដែលរុស្ស៊ីប្រើមនុស្ស ឲ្យធ្វើសកម្មភាពឧក្រិដ្ឋ លើទឹកដីអង់គ្លេស ដោយប្រើសារធាតុពុលដ៏កាចសាហាវ ដែលច្បាប់ហាមឃាត់នេះ បានបង្ហាញយ៉ាងច្បាស់​ អំពីទំនោររបស់ថ្នាក់ដឹកនាំរុស្ស៊ី ដែលតែងតែធ្វើអំពើបំពាន ព្រហើន និងគ្មានការទទួលខុសត្រូវ។

យ៉ាងណាក៏ដោយ ភាគីរុស្ស៊ី បានប្រកែក ថាខ្លួនមិនមែនជាអ្នកបញ្ជា ឲ្យមានការប៉ុនប៉ងសម្លាប់ លោក Sergueï Skripal ដោយប្រើសារធាតុពុលនោះទេ។ លោក Fiodor Loukianov អ្នកវិភាគនយោបាយរុស្ស៊ីម្នាក់ បានលើកឡើងក្នុងកាសែតរុស្ស៊ី Vedomosti ថា ការព្រួតគ្នាបណ្តេញមន្ត្រីទូតរុស្ស៊ីព្រមៗគ្នា គឺមានលក្ខណៈធ្ងន់ធ្ងរ ធ្វើឲ្យទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច វិលទៅរកអតីតកាល ក្នុងជំនាន់សង្រ្គាមត្រជាក់។ លោកបន្តថា​ រឿងនេះនឹងមិនអាចចប់ងាយៗទេ សម្ព័ន្ធមិត្តលោកខាងលិច និងបន្តដាក់ទណ្ឌកម្មផ្សេងទៀត លើរុស្ស៊ី។ ចំណែក កាសែតរុស្ស៊ី Izvestia យល់ថា ទណ្ឌកម្មពិន័យរបស់សម្ព័ន្ធមិត្តលោកខាងលិច ដែលកំពុងតែកៀបមកលើរុស្ស៊ីនេះ គ្មានអ្វីផ្សេងក្រៅតែកើតចេញពីចិត្តស្អប់រុស្ស៊ីដល់ឆ្អឹង៕ (វិទ្យុ RFI )

លោក Jens Stoltenberg ​អគ្គលេខាធិការ​​អង្គការ​អូតង់ ។​ REUTERS/Hannibal Hanschke



Previous Post
Next Post

post written by:

0 ความคิดเห็น: