ក្រុមគ្រូបង្រៀនមួយចំនួន និងអង្គការសង្គមស៊ីវិល យល់ថា ការបើកយុទ្ធនាការជួបជាមួយគ្រូ បង្រៀនរបស់លោកហ៊ុន សែន នោះ គឺជារូបភាពនយោបាយ ស្វែងរកការគាំទ្រនៅមុនការឆ្នោត។ទន្ទឹមគ្នានេះ ពួកគាត់រិះគន់ថា ការដំឡើងប្រាក់ខែប្រមាណជាង១ លានរៀលនោះ នៅតែមិនទាន់អាចធ្វើឲ្យពួកគាត់រស់នៅក្នុងជីវភាពសមរម្យនៅឡើយ។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំ ក្នុងរាជធានីភ្នំពេញប្រមាណជិត៤ពាន់នាក់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមបើកយុទ្ធនាការថ្មីមួយទៀត គឺការជួបសំណេះសំណាលជាមួយក្រុមគ្រូបង្រៀន បន្ទាប់ពីលោក បានធ្វើយុទ្ធនាការជួបសំណេះសំណាលជាមួយក្រុមគ្រួពេទ្យ និងកម្មករ-កម្មការិនីរោងចក្រ ជាបន្តបន្ទាប់ នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ ដែលនឹងមកដល់ឆាប់ៗខាងមុខនេះ។
គ្រូបង្រៀននៅវិទ្យាល័យក្នុងក្រុងភ្នំពេញម្នាក់ ដែលបានចូលរួមពិធីសំណេះសំណាលជាមួយលោក ហ៊ុន សែន ប្រាប់អាស៊ីសេរីថា ក្នុងពិធីនោះ លោក ហ៊ុន សែន បានហាមមិនឲ្យសារព័ត៌មានចុះផ្សាយនោះទេ ព្រោះលោក ចាត់ទុកពិធីនោះ ថា ជាការជួបជាមួយសមាជិកបក្សនៃគណបក្សកាន់អំណាច។ គ្រូបង្រៀនរូបនេះបន្តថា ក្នុងពិធីនោះ លោក ហ៊ុន សែន មិនបានឲ្យគ្រូបង្រៀនបង្ហាញពីក្តីកង្វល់របស់ខ្លួនឡើយ ហើយលោក ហ៊ុន សែន ក៏មិនបាននិយាយច្រើនអំពី គោលនយោបាយជួយគ្រូបង្រៀនដែរ ប៉ុន្តែលោក ហ៊ុន សែន បានលើកឡើងច្រើនអំពីបញ្ហានយោបាយ និងរម្លឹកឡើវិញពីរបបប៉ុល ពត ព្រមទាំងអួតអាងពីនយោបាយឈ្នះៗរបស់លោកក្នុងបំណងស្វែងការគាំទ្រពីក្រុមគ្រូបង្រៀន។ «»
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥ ខែមីនា ថា ចាប់ពីឆ្នាំ ២០១៨ នេះទៅ ប្រាក់ខែគ្រូបង្រៀនទាបបំផុត គឺមិនតិចជាង១លានរៀលនោះទេ ហើយនឹងនៅតែមានការ ដំឡើងប្រាក់ខែ ជាបន្តបន្ទាប់បន្ថែមទៀត នៅឆ្នាំក្រោយៗ។ លោក ហ៊ុន សែនចាត់ទុកពិធីនេះ គឺជា ការលើកទឹកចិត្តចំពោះលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងបុគ្គលិកអប់រំបន្ថែមពីលើការងារជាច្រើន ដូចជាការបង្កើនប្រាក់បៀវត្សរ៍ទៀងទាត់ និងការធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំដើម្បីអោយកាន់តែ មានគុណភាពប្រសើរឡើង។
ទោះយ៉ាងណាក្តី គ្រូបង្រៀន លើកឡើងថា ការដំឡើងប្រាក់ខែដល់គ្រួបង្រៀនប្រមាណជាង ១លានរៀលដែលបូកទាំងអត្ថប្រយោជន៍ផ្សេងៗនេះ គឺ នៅតែមិនទាន់ធ្វើឲ្យពួកគាត់រស់នៅដោយសមរម្យនៅឡើយ។ «»
សមាគមគ្រូឲ្យដឹងថា គ្រូបង្រៀននៅទូទាំងប្រទេស ចាប់ពីគ្រូកម្រិតបឋម រហូតដល់គ្រូវិទ្យាល័យ សរុបមានចំនួនជាងដប់ម៉ឺននាក់។ ជាមធ្យមគ្រូបង្រៀនកម្រិតបឋម ទទួលបានប្រាក់ខែគោលជាង ៦០ម៉ឺនរៀលក្នុង១ខែ។ គ្រូកម្រិតអនុវិទ្យាល័យ ទទួលបានប្រាក់ខែគោលជាង ៧០ម៉ឺនរៀល និងគ្រូវិទ្យាល័យទទួលបានជិត១លានរៀល។
ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ពន្យល់ថា ប្រសិនបើលោក ហ៊ុន សែន អះអាងថា គ្រូបង្រៀនទទួលបានប្រាក់ខែដល់ជាង១លាននោះ មានន័យថា លោក ហ៊ុន សែន គិតបញ្ចូលទាំងប្រាក់ខែកូន ប្រាក់ខែភរិយា និងបូកទាំងប្រាក់មុខងារផ្សេងៗទៀត ទើបបានជាង១ លានរៀល។ អ្នកស្រី អ៊ុក ឆាយាវី បន្ថែមថា អ្វីដែលសមាគមគ្រូបង្រៀនចង់បាននោះ គឺដំឡើងប្រាក់ ខែគោលសម្រាប់គ្រូបង្រៀនឲ្យដល់ ១លាន ៥០ម៉ឺនរៀល និងដំឡើងប្រាក់សុខភាព ព្រមទាំងដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត។ «»
អ្នកស្រី អ៊ុក ឆាយាវី បន្តថា ចំពោះប្រាក់ខែដែលរបបលោកហ៊ុន សែន ផ្តល់ជូនគ្រូបង្រៀននេះ គឺមិន អាចទប់ទល់នឹងការចំណាយបានទេ ជាពិសេសពេលឈឺថ្កាត់ម្តងៗ ត្រូវចំណាយច្រើន។ ទន្ទឹមគ្នានេះ អ្នកស្រី ក៏ចង់ឃើញ របបលោក ហ៊ុន សែន នេះទប់ស្កាត់ទំនិញឡើងថ្លៃឲ្យបានផងដែរ។ «»
ជារៀងរាល់ឆ្នាំ ឲ្យតែដល់ទិវាគ្រូបង្រៀនពិភពលោកថ្ងៃទី៥ ខែតុលា ក្រុមគ្រូបង្រៀននៅតាមបណ្ដាខេត្ត-ក្រុង តែងតែស្រែកទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែជូនពួកគាត់ឲ្យបានចំនួន ១លាន ៥០ម៉ឺនរៀលក្នុងមួយខែ ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងពង្រឹងគុណភាពបង្រៀន។ បញ្ហាប្រាក់ខែគ្រូបង្រៀននេះ ក៏ត្រូវបានគណបក្សនយោបាយផ្សេងៗយកធ្វើជាប្រធានបទរិះគន់របប លោក ហ៊ុន សែន ជាញឹកញាប់ដែរ។
ជាទូទៅឲ្យតែជិតដល់ពេលបោះឆ្នោតម្តងៗ របបលោកហ៊ុន សែន តែងតែបង្ហាញការយកចិត្តទុក ជា មួយប្រជាពលរដ្ឋ ជាពិសេសចំពោះក្រុមអ្នកមានសំឡេងឆ្នោតខ្លាំងដូចជាក្រុមកម្មកររោងចក្រ គ្រូ បង្រៀន និងសិស្សនិស្សិតជាដើម។ ប៉ុន្តែក្រោយពេលបោះឆ្នោតរួចហើយនោះ របបលោក ហ៊ុន សែន តែងតែប្រងើយកន្តើយចំពោះម្ចាស់ឆ្នោត។ កន្លងមកអាជ្ញាធរនៃរបបលោក ហ៊ុន សែន ធ្លាប់ បាញ់សម្លាប់ និងវាយបង្ក្រាបកម្មករយ៉ាងឃោរឃៅនៅពេលតវ៉ាដំឡើងប្រាក់ឈ្នួល រីឯគ្រូបង្រៀនវិញ ត្រូវបានរារាំង និងបង្ក្រាបពេលដើរដាក់ញត្តិទាមទារប្រាក់ខែ ហើយគ្រូបង្រៀនណាដែលមាននិន្នាការទៅរកបក្សប្រឆាំងនោះ ត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងអប់រំទៀតផង។
គ្រូបង្រៀន និងអ្នកស្រី អ៊ុក ឆាយាវី ស្នើសុំឲ្យលោក ហ៊ុន សែន គួរតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់តាមគោលនយោបាយរបស់ខ្លួនជាប់ជាប្រចាំ ពោលគឺកុំធ្វើល្អតែពេលជិតបោះឆ្នោតដូច្នេះ បើពុំនោះទេ គណបក្សកាន់អំណាច នឹងមិនទទួលបានការគាំទ្រពីម្ចាស់ឆ្នោតឡើយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: