วันอาทิตย์ที่ 25 มีนาคม พ.ศ. 2561

រឿងខ្ញាចខ្ញាំខាំជាំរបស់ហ៊ុនម៉ានី!៖ លោកសុះ ម៉ាច បារម្ភ​អំពី​វប្បធម៌​ដឹក​ញី​ប្រស៊ី​ឈ្មោល​ដែល​ចាក់ឫស​លើ​តារា​ខ្មែរ, តើតារាៗវ័យក្មេងរូបស្អាត ត្រូវធ្វើដូចម្តេច ដើម្បីការពារចំពោះការបំពានផ្លូវភេទ?


លោកសុះ ម៉ាច បារម្ភ​អំពី​វប្បធម៌​ដឹក​ញី​ប្រស៊ី​ឈ្មោល​ដែល​ចាក់ឫស​លើ​តារា​ខ្មែរ

អតីត​ប្រធាន​សមាគម​សិល្បករ​មួយ​រូប ព្រួយបារម្ភ​អំពី​វប្បធម៌ ដឹក​ញី​ប្រស៊ី​ឈ្មោល ដែល​កំពុង​ចាក់​ឬ​ស​ជ្រៅ ក្នុង​ក្រុម​សិល្ប​ការិនី ឬ​ពិភព​តារា​ក្មេងៗ និង​ក្រុម​អ្នកមាន​លុយ មានអំណាច ក្នុង​របប​លោក ហ៊ុន សែន។ លោក​យល់ថា វប្បធម៌​ដែល​កំពុង​កើត​មាន ដូច​សព្វថ្ងៃ​នេះ បាន​ជះឥទ្ធិពល​អាក្រក់​ជាទីបំផុត ដល់​វិស័យ​សិល្បៈ​ខ្មែរ។ ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​របស់​កម្ពុជា​អះអាង​ថា ពួកគេ គ្មាន​វិធាន​អ្វី​ទាំងអស់​ចំពោះ​បញ្ហា​នេះ។

អតីត​ប្រធាន​សមាគម​សិល្បៈ​នៅ​កម្ពុជា លោក សុះ ម៉ាច បាន​ជំរុញ​ឲ្យ​កញ្ញា ឌួង ហ្សូរីដា ចេញ​ពីមុខ​បកស្រាយ​អំពី​ព័ត៌មាន​ដែល​បែក​ធ្លាយ​តាម បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា តារា​រូប​នេះ​ជា​ឈ្មួញ​កណ្ដាល រក​ស៊ី​លក់​ក្រមុំ​ព្រហ្មចារី​ឲ្យ​លោក ហ៊ុន ម៉ានី កូនប្រុស​របស់​លោក ហ៊ុន សែន។

លោក​បន្ត​ថា ករណី​រឿងអាស្រូវ​ជួញដូរ​ផ្លូវ​ភេទ​ក្នុងចំណោម​សិល្ប​ការិនី ដូច្នេះ បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​ខ្លាំង​ដល់ កេរ្តិ៍ឈ្មោះ​របស់​សិល្បករ ឬ​សិល្ប​ការិនី ដទៃ​ទៀត​ដែល​ជា​អ្នក​ស្អាតស្អំ​ក្នុង​បញ្ហា​នេះ៖ «បើសិនជា​រឿង​នេះ ប៉ះពាល់​កិត្តិយស​របស់​គាត់ ត្រូវ​ចេញ​មុខ​បកស្រាយ យ៉ាង​ហោច​ណាស់​ក៏​មាន​សមាគម សិល្បៈ មាន​ក្រសួង វប្បធម៌។ គាត់​អាច​ធ្វើ​លិខិត​ទៅ​ក្រសួង​វប្បធម៌​ដើម្បី​រក​ដំណោះស្រាយ គាត់​អាច​រក​ជំនួយ​ផ្លូវច្បាប់​ដើម្បី​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ឲ្យ​ពួកគាត់។ គាត់​មិន​អាច​សម្ងំ​បាន​ទេ ដើម្បី​បង្ហាញ​ថា គាត់​ជា​អ្នក​ស្អាតស្អំ គឺ​ត្រូវតែ​បង្ហាញ»។


ការ​អះអាង​របស់​លោក សុះ ម៉ាច សិល្បករ​ជើងចាស់ និង​ជា​អតីត​ប្រធាន​សមាគម​សិល្បៈ​រូប​នេះ​ធ្វើឡើង​ក្រោយពី​មាន​ក្រុម​ជន​អនាមិក ឬ​ហៅថា ហែគឃើរ (Hacker) កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ បាន​លួច​ចូល គ្រប់គ្រង​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​បាន​លាតត្រដាង​ខ្ទេចខ្ទី​គ្មាន​សល់ បង្ហាញ​ថា កញ្ញា ឌួង ហ្សូរីដា ជា​ឈ្មួញកណ្ដាល ឬ​ភាសា​សាមញ្ញ ហៅថា ម៉ែយ៉ែម ក្នុង​ការ​រក​ស្រី​ក្រមុំ​ព្រហ្មចារី​ដើម្បី បម្រើ​តណ្ហា​ផ្លូវ​ភេទ របស់​លោក ហ៊ុន ម៉ានី។


អាស៊ីសេរី​បាន​ព្យាយាម​ទូរស័ព្ទ​ជាច្រើនលើក​ច្រើន​សា​ទៅកាន់​កញ្ញា ឌួង ហ្សូរីដា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​ករណី​បែក​ធ្លាយ នៃ​ការ​ជួញដូរ​ផ្លូវ​ភេទ របស់​កញ្ញា​រូប​នេះ​ដែរ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​អ្វី​នោះ​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ លោក សុះ ម៉ាច ទទួល​ស្គាល់​ថា នៅ​កម្ពុជា ពិតជា​មានការ​ធ្វើ​បញ្ជី​ឈ្មោះ និង​តារាង​តម្លៃ​ខ្លួន​សិល្ប​ការិនី​ទៅ​តាម​ហាងឆេង​នៃ​ទីផ្សារ​តារា សម្រាប់​បំរើ​ការ​សប្បាយ​ដល់​ក្រុម​អ្នកមាន លុយ និង​មានអំណាច៖ «ខ្ញុំ​មិន​និយាយ​ថា រឿង​របស់​កញ្ញា ដួង ហ្សូរីដា ពិត​ឬ​មិន​ពិត​ទេ ប៉ុន្តែ​មាន​ករណី​តារា​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ របស់​គាត់​ទេ។ វា​មាន​បញ្ជី​ឈ្មោះ​មានអី​កន្លងមក។ គេ​មិន​អាច​បដិសេធ​រឿង​នេះ​បានទេ»។


កាលពី​ឆ្នាំ​២០១៣ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ថៅកែ​ហាង​កែ​សម្ផស្ស មីកាហ្សា របស់​សិល្ប​ការិនី​ម្នាក់​ឈ្មោះ ជិន ស្រីមុច ហៅ ចែ មុំ ពី​បទ​ជួញដូរ​ផ្លូវ​ភេទ ដោយសារ​ថៅកែ​ស្រី​រូប​នេះ បាន​រកស៊ី​លួងលោម និង​បោក​បញ្ឆោត​ក្មេង​ស្រី មិនទាន់​គ្រប់​អាយុ យក​ទៅ​ឲ្យ​រួមភេទ​ជាមួយ​ភ្ញៀវ​ដែល​ជា​អ្នកមាន​លុយ និង​មានអំណាច ឬ​ភាសា​សាមញ្ញ​ហៅថា តា​តា នោះ។

មួយ​ឆ្នាំ​ក្រោយមក គឺ​នៅ​ចុងខែ​មករា ឆ្នាំ​២០១៤ នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស បាន​ចាប់ខ្លួន​តារា​ចម្រៀង​ម្នាក់ទៀត ឈ្មោះ អ៊ូ រស្មី ពី​បទ​ជួញដូរ​ផ្លូវ​ភេទ​លើ​ក្មេង​ស្រី​មិនទាន់​គ្រប់ អាយុ​នោះ​ដែរ។

ចំណែក​ករណី​កញ្ញា ឌួង ហ្សូរីដា វិញ សមត្ថកិច្ច​ហាក់​នៅ​ស្ងប់ស្ងាត់​នៅ​ឡើង ទោះបី​ជា​មាន​តម្រុយ ឬ​ភស្តុតាង​ជាច្រើន​ដែល​បាន​បែក​ធ្លាយ​ផ្សព្វផ្សាយ​យ៉ាង​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឬ​យូធូប (Youtube) យ៉ាងណាក៏ដោយ។

កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា សមត្ថកិច្ច​នឹង​មិន​ខ្វល់​អំពី​ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ​ពាក់ព័ន្ធ​នឹង​ករណី លោក ហ៊ុន ម៉ានី ដែល​ជា​កូនប្រុស​បង្កើត​របស់​ចៅហ្វាយនាយ របស់​លោក នោះ​ឡើយ៖ «យើងខ្ញុំ​មិន​មាន​វិធានការ​អ្វី​ទេ ហើយ​មិន​ចាត់​ទុក​ជា​ព័ត៌មាន ដែល​ត្រូវ​យក​មក​ពិចារណា។ យ៉ាង​ណា​ក៏​ដោយ​ច្បាប់ របស់​កម្ពុជា​នៅ​តែ​រក្សា​ការពារ​ពលរដ្ឋ​កម្ពុជា»។


ប៉ុន្តែ ការ​បដិសេធ​របស់​លោក ខៀវ សុភ័គ ហាក់​ផ្ទុយគ្នា​ទៅ​នឹង​ប្រសាសន៍​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ដែល​លោក​ធ្លាប់​ជំរុញ​ឲ្យ​តារាៗ​ស្រី​មួយ​ចំនួន​បង្ហាញមុខ​មន្ត្រី​ជាន់ខ្ពស់ ទាំងឡាយ​ណា​ដែល មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​ពួកគេ។

លើស​ពី​នេះ​ទៅ​ទៀត​លោក ហ៊ុន សែន បាន​ប្រកាស ថា​លោក​នឹង​មិន​អត់​អោន​ឲ្យ​ត្រកូល​ហ៊ុន​ណា​ដែល​ហ៊ាន​បំពាន​ច្បាប់​នោះ​ទេ។ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ លោក ហ៊ុន សែន ប្រកាស​ថា ត្រកូល​ហ៊ុន​ទាំងឡាយ​ណា ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ គឺ​ត្រូវ​ទទួលទោស​ដូចគ្នា ហើយ​សម្រាប់​អ្នកណា​ធ្វើ​អាក្រក់ ពួកគេ​នឹង​ត្រូវ​ជាប់គុក​តាម​របៀប​អាក្រក់៖ «អ្នក​ដទៃ​មានត្រកូល​ហ៊ុន​ដែរ។ ត្រកូល​ហ៊ុន​មាន​ល្អ មាន​អាក្រក់។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាក្រក់ យក​ទៅ​អនុវត្តន៍​តាម​ច្បាប់​ទៅ។ អ្នកណា​ប្រើ​ត្រកូល​ហ៊ុន ទៅ​បំពាន​ច្បាប់​គឺ ត្រូវ​អនុវត្ត​ច្បាប់​ដូចគ្នា។ ច្បាប់​គ្មាន​ការលើកលែង​សម្រាប់​ត្រកូល​ណា​ទាំងអស់»។

ក្រុម​អ្នកឃ្លាំមើល​និយាយ​ថា ពួកគេ​នឹង​រង់ចាំ​មើល​ថា តើ​លោក ហ៊ុន សែន នឹង​មាន​វិធានការ​បែប​ណា​ជុំវិញ​ករណី​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ដែល​កំពុង​ល្បីល្បាញ​ក្នុង​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ បញ្ហា​ជួញដូរ​ផ្លូវ​ភេទ​នោះ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ផង​ដែរ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ណ័រវេ (Norway) កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ កន្លង​ទៅ បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​ជួញដូរ និង​ទារុណកម្ម​ផ្លូវ​ភេទ​មួយ ក្រោយពី​មានការ​បែក​ធ្លាយ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ករណី​អំពើ​ហិង្សា​ផ្លូវ​ភេទ​របស់​ក្រុម​អ្នកមាន​លុយ និង​មានអំណាច ក្នុង​របប​លោក ហ៊ុន សែន ដែល​តែងតែ​ធ្វើបាប​ដល់​ស្ត្រី​ទន់ខ្សោយ​តាមរយៈ នៃ​ការ​គំរាមកំហែង ល្បួង​លួងលោម ទិញ​សេវាកម្ម​ផ្លូវ​ភេទ​ដោយបង្ខំ និង​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ស្ត្រី​ជាច្រើន ដូច​ករណី ហ៊ុន ម៉ានី ដែល​បាន​ធ្វើ​មក​លើ​កញ្ញាៗ​មួយ​ចំនួន ដែល​ជា​តារា​សំដែង និង​ពិធី​ករ​តាម​ទូរទស្សន៍​ជាដើម។


ក្រុម​នេះ​ក៏​កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​បញ្ជី​ឈ្មោះ ជន​ប្រព្រឹត្ត​ករណី​ជួញដូរ​ផ្លូវ​ភេទ​រួមមាន​កញ្ញា ឌួង ហ្សូរីដា និង​លោក ខាំ ភូរិ កូនប្រុស​របស់​លោក ខាំ ភឿន អតីត​ចៅហ្វាយ​ខេត្ត​ក្រចេះ ដើម្បី​ប្ដឹង​ទៅ​សហភាព​អន្តរ​សភា (Inter-Parliamentary Union) អង្គការ​អន្តរជាតិ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្រុម​អង្គការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ និង​ទារុណកម្ម​ផ្លូវ​ភេទ​ជាច្រើន​ទៀត៕ (​ ចុចស្ដាប់សំឡេង)

តើតារាៗវ័យក្មេងរូបស្អាត ត្រូវធ្វើដូចម្តេច ដើម្បីការពារចំពោះការបំពានផ្លូវភេទ?

អតីតប្រធាន​សមាគម​សិល្បករ និង​ជា​អ្នក​ចម្រៀង​ល្បី​ឈ្មោះ លោក សុះ ម៉ាច សំដែង​ក្តី​ព្រួយ​បារម្ភ​​អំពី​វប្បធម៌ ដឹក​ញី​ប្រស៊ី​ឈ្មោល ដែល​កំពុង​ចាក់​ឬស​ជ្រៅ ក្នុង​ក្រុម​សិល្ប​ការិនី ឬ​ពិភព​តារា​ក្មេងៗ និង​ក្រុម​អ្នក​មាន​លុយ មាន​អំណាច។ ការ​បារម្ភ​នេះ បន្ទាប់​ពី​មាន​រឿង​បែក​ធ្លាយ អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ ក្នុង​ចំណោម​អ្នក​សិល្បៈ រួម​មាន​តារា​ចម្រៀង តួកុន ពិធីការិនី ទូរទស្សន៍ ជាដើម។

តើ​តារាៗ វ័យ​ក្មេង រូប​ស្រស់​ស្អាត គួរ​ធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​ជៀស​ផុត​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ ពី​សំណាក់​អ្នក​មាន​លុយ និង​មាន​អំណាច?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី ម៉ៅ សុធានី ដូច​តទៅ៖ ចុចស្ដាប់សំឡេង



ប្រភព៖ វិទ្យុអាស៊ីសេរី

Previous Post
Next Post

post written by:

0 ความคิดเห็น: