អ្នកការពារសិទ្ធិមនុស្សលើកឡើងថា ការណ៍ដែល លោក សម រង្ស៊ី ប្ដេជ្ញាពីការពារជនជាតិដើមភាគតិច នៅភាគឥសាននោះ គឺ ស្របតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម។ នៅក្នុងកិច្ចប្រជុំមួយជាជួយមេដឹកនាំជនជាតិដើមភាគតិច (Degar) ដេកា ឬហៅថា ម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក លោក សម រង្ស៊ី លើកឡើងថា បើសិនជារដ្ឋាភិបាលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត រដ្ឋាភិបាលរបស់លោកនឹងគិតគួរចំពោះជនជាតិដើមភាគតិចម៉ុងញ៉ា តាមការអនុញ្ញាតរបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែរបបលោក ហ៊ុន សែន ចាត់ទុកការសន្យារបស់លោក សម រង្ស៊ីនេះ ថាក្បត់ជាតិទៅវិញ។
មន្ត្រីជាន់ខ្ពស់ស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចុះកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី នឹងប្រធានជនជាតិភាគតិច ដាកាផ្តល់សិទ្ធិសេរីផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ជនជាតិដើមភាគតិចម៉ុងតេញ៉ា នៅលើទឹកដីកម្ពុជា ក្នុងខែត្រប៉ែកឦសាននោះ គ្មានអ្វីខុសឆ្គងទេ ពីព្រោះកម្ពុជាបានទទួលស្គាល់សន្ធិសញ្ញា និងអនុសញ្ញាស្ដីពីជនភៀសខ្លួន ទោះបីជាអ្នកណាជាអ្នកដឹកនាំប្រទេសក៏ត្រូវគិតគួរជូនជនភៀសខ្លួន និងត្រូវការពារជនជាតិដើមភាគតិចរបស់ខ្លួនដែរ ។
ឧបករណ៍បំពងសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមីនា ដោយស្រង់សំដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ថា លោក សម រង្ស៊ី បានប្រព្រឹត្តិអំពើក្បត់ជាតិ ដែលហ៊ានកាត់ខែត្រមួយចំនួននៅប៉ែកឦសានឲ្យវៀតណាមគ្រប់គ្រងនៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត គឺខែត្រមណ្ឌលគីរី រតនគីរី ក្រចេះ និងខែត្រស្ទឹងត្រែង។ ទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាពចោទលោក សម រង្ស៊ីថា បានប្រព្រឹត្តិទង្វើក្បត់ជាតិហើយប្រឈមនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយថា ក្រសួងទាំងពីរកំពុងចាត់ការលើរឿងនេះ។
អាស៊ីសេរីមិនអាចទាក់ទង លោក សម រម៉ុងតាញ៉ាង្ស៊ី ដើម្បីឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងទាំងពីរនេះ បាននៅឡើយទេកាលពីថ្ងៃទី៧ ខែមីនា។ ប៉ុន្តែ លោក (Kok Ksor) បានបដិសេធការចោទប្រកាន់នេះ។ លោកបន្តថា អ្វីដែលមន្ត្រីរបបលោកហ៊ុនសែនលើកឡើងនោះ វាជាការរំលោភច្បាប់គាំពារសិទ្ធិជនជាតិដើមភាគតិច។
ក៏ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងរបស់លោក សម រង្ស៊ី និង មេដឹកនាំជនជាតិដើមភាគតិចម៉ុងតាញ៉ា ឬហៅថា Degar លោក Kok Ksor កាលពីថ្ងៃទី១៤មេសាឆ្នាំ២០១៣នោះ មិនបានសរសេរឬព្រមព្រៀងថា បានកាត់ខែត្រចំនួន៤ឲ្យវៀតណាមគ្រប់គ្រងឡើយ។ ផ្ទុយទៅវិញនៅក្នុងកិច្ចព្រមព្រៀងនោះ បានសសេរថា អនាគតរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងដោះស្រាយបញ្ហារបស់ជនជាតិដើមភាគតិចដាកា (Degar) ឬម៉ុងតាញ៉ា នៅក្នុងប៉ែកឦសាន នៃប្រទេសកម្ពុជា ឲ្យស្របតាមសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិជនជាតិដើម ដែលបានអនុម័តក្នុងមហាសន្និបាតថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៧ ជាពិសេសដូចមានចែងនៅក្នុងមាត្រា៣ មាត្រា៤ និងមាត្រា៥ ជាដើម។ ហើយខ្លឹមសារនៃមាត្រាទាំងនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាដែរ។
មាត្រា៣ចែងថា ជនជាតិដើមភាគតិច មានសិទ្ធិស្វ័យសម្រេចតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈសិទ្ធិនេះ ពួកគេត្រូវបានអនុញ្ញាតិឲ្យបន្តអភិវឌ្ឍន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់ពួកគេដោយសេរី។
នៅក្នុងវីឌីអូឃ្លីបជាង១នាទីរបស់លោក សម រង្ស៊ី ដែលគេយកមកផ្សព្វផ្សាយនោះ លោក សម រង្ស៊ី មានប្រសាសន៍ថា នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត រដ្ឋាភិបាលថ្មីរបស់លោក នឹងធានាដើម្បីឲ្យជនជាតិដើមភាគតិចម៉ុងតាញ៉ារស់នៅដោយមានសេរីភាព ហើយព្រៃភ្នំ ដី ដែលជាកម្មសិទ្ធិរបស់ពួកគាត់កាន់កាប់យូរមកហើយនៅខែត្រមួយចំនួនភាគឦសាននោះ រដ្ឋបាលថ្មីរបស់លោក នឹងដកហូតពីអាជ្ញាធរដែលអភិវឌ្ឍន៍រំលោភយកដីរបស់ពួកគាត់នោះ ប្រគល់ជូនពួកគាត់វិញ។
លោក អំ សំអាត អះអាងទៀតថា ជនជាតិដើមភាគតិចដែលរងគ្រោះ ដោយការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នោះ មិនមែនតែប៉ះពាល់តែជនជាតិដើមភាគតិចម៉ុងតាញ៉ាប៉ុណ្ណោះទេ គឺប៉ះពាល់ដល់ជនជាតិដើមភាគតិចដ៏ទៃទៀតជាច្រើនទៀត ដែលរស់នៅតំបន់ខែត្រប៉ែកឦសាន និងរស់នៅតំបន់ភ្នំជាដើម។
ជនជាតិដើមភាគតិចម៉ុងតាញ៉ាមួយចំនួនបានភៀសខ្លួនមកតាំងទីលំនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ នៅក្នុងខែត្រភាគឦសាននៃប្រទេសកម្ពុជា ហើយបានបង្កបង្កើនផលតាមទំនៀមទម្លាប់មិនខុសពីជនជាតិដើមភាគតិចដទៃទៀតនៅកម្ពុជាឡើយ។ ចំពោះម៉ុងតាញ៉ា ទើបរត់គេចពីអាជ្ញាធរវៀតណាមចាប់ខ្លួននោះ បានមករកទីសុវត្ថិភាពនៅកម្ពុជាជាបន្តបន្ទាប់ ក៏ប៉ុន្តែត្រូវអាជ្ញាធរកម្ពុជាចាប់ជញ្ជួនទៅវៀតណាមវិញជាបន្តបន្ទាប់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យរបបលោកហ៊ុនសែន បញ្ឈប់ការគំរាមកំហែងតាមរយៈការចាប់បញ្ជូនដោយបង្ខំក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា ទៅកាន់ប្រទេសវៀតណាមវិញ។ នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មានប្រសាសន៍ថា “គ្មានកាលៈទេសៈណាឡើយដែលប្រទេសកម្ពុជា ត្រូវបង្ខំជនភៀសខ្លួនទាំងនេះឲ្យត្រឡប់ទៅកាន់ប្រទេសវៀតណាម វិញឡើយ ជាទីដែលពួកគេនឹងត្រូវប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ដោយសារតែហេតុផលនយោបាយ និងសាសនា”។ លោក លោក ហ្វីល រ៉ូប៊ឺតសុន បន្តថា ប្រសិនបើរដ្ឋាភិបាលបង្ខំជនជាតិដើមភាគតិចម៉ុងតាញ៉ា ទាំងនេះឲ្យត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ នោះកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដែលថា ប្រទេសឈានមុខក្នុងតំបន់មួយក្នុងការការពារសិទ្ធិរបស់ជនភៀសខ្លួន នឹងត្រូវបាត់បង់៕
ប្រភព៖ RFA Khmer
0 ความคิดเห็น: