"ស្គាល់ខ្លួនឯងច្បាស់ ស្គាល់សត្រូវច្បាស់ ច្បាំង១០០ដង ឈ្នះ១០០ដង"
"ស្គាល់ខ្លួនឯងមិនច្បាស់ ស្គាល់សត្រូវមិនច្បាស់ ច្បាំង១០០ដង ចាញ់១០០ដង"
ជាទ្រឹស្តីរបស់ ស៊ុន អ៊ូ អ្នកយុទ្ធសាស្ត្រសង្គ្រាម និងជាមេទ័ពចិនច្បាំងមិនដែលចាញ់, ឥឡូវយើងមើល ៖
*បក្សសង្គ្រោះជាតិ ខ្លាំងដោយសារអ្វី? ចំណុចខ្លាំងរបស់បក្សសង្គ្រោះជាតិ គឺការរួបរួម រវាង សម រង្សុី និង កឹម សុខា ។ សព្វថ្ងៃនេះ ថ្វីត្បិតតែលោក ហ៊ុន សែន រំលាយបក្សសង្គ្រោះជាតិហើយក៏ដោយ ក៏បក្សសង្គ្រោះជាតិនៅតែមានព្រលឹង ដែល "ដួងព្រលឹងរបស់សង្គ្រោះជាតិ" គឺ សម រង្សុី-កឹម សុខា ។ អ្នកដែលព្យាយាមវាយប្រហារ សម រង្ស៊ី ឬ កឹម សុខា ប្រៀបបីដូចជាកំពុងបំផ្លាញព្រលឹងសង្គ្រោះជាតិដូច្នេះដែរ។
*លោក ហ៊ុន សែន បន្ទាប់ពីការរួបរួមភ្លាម លោក ហ៊ុន សែន បានមើលស្រាល ហើយមិនបង្កឧបសគ្គធំដុំដល់ ការបង្កើត និងការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ ក្នុងកំឡុងនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ឡើយព្រោះគាត់យល់ថា គ្មានឥទ្ធិពល និងមិនអាចយកឈ្នះលើអំណាចផ្តាច់ការរបស់គាត់បាន។ ប៉ុន្តែ ពេលឃើញលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ទើបគាត់ភ្លឺភ្នែក ដូច្នេះគាត់ត្រូវរកគ្រប់វិធីបំផ្លាញបក្សសង្គ្រោះជាតិ ។
ដំបូងគាត់ប្រើវិធីចិត្តសាស្ត្រលួងលោម ម្តងលើក សម រង្ស៊ី ម្តងលើក កឹម សុខា។ តែវិធីនេះមិនបានជោគជ័យ ដោយសារតែ សម រង្ស៊ី និង កឹម សុខា ស្គាល់ខ្លួនឯងច្បាស់ និងស្គាល់លោក ហ៊ុន សែន ច្បាស់ ។ ពេលនោះ លោក ហ៊ុន សែន ក៏ប្រើវិធីថ្មីទៀត គឺរារាំងមិនអោយ សម រង្ស៊ី ចូលស្រុកហើយគំរាមចាប់ កឹម សុខា ។ វិធីនេះនៅតែមិនទទួលជោគជ័យ ពីព្រោះបក្សសង្គ្រោះជាតិនៅតែរឹងមាំ ។ ដូច្នេះដើម្បីរក្សាអំណាចរបស់គាត់ៗត្រូវតែ ចាប់លោក កឹម សុខា និងរំលាយបក្សសង្គ្រោះជាតិ មិនឲ្យចូលរួមប្រកួតប្រជែងយកអំណាចពីគាត់ ។
អ្នកណាដែលនិយាយថា "បក្សសង្គ្រោះជាតិរលាយដោយសារវោហារស័ព្ទរបស់លោក សម រង្ស៊ី ឬដោយសារលោក កឹម សុខា មិនលាលែងពីតំណែងប្រធានបក្ស ឬដោយសារពួកប្រឆាំងរុកគួន លោក ហ៊ុន សែន" អ្នកនិយាយនោះ ពិតជាមិនស្គាល់ខ្លួនឯង និងមិនស្គាល់គូប្រកួតច្បាស់ឡើយ ។
នៅក្នុងការប្រកួតប្រជែងអ្វីក៏ដោយ គ្មានទេពាក្យអាណិតអាសូរឬមេត្តាធម៌ ជាពិសេសចំពោះគូប្រកួតដែលខ្លាំងស្មើឬលើសខ្លួន ។
ដូច្នេះ ក្នុងស្ថានការណ៍នយោបាយចុងក្រោយនេះទោះបី លោក សម រង្សុី និងលោក កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិដេរមាត់ខ្លួនឯងមិននិយាយអ្វីទាំងអស់ ក៏លោក ហ៊ុន សែន នៅតែរំលាយបក្សសង្គ្រោះជាតិដែរ ដើម្បីរក្សាអំណាចគាត់ ហើយគាត់មិនអាចមកអាណិត ឬមានធម៌មេត្តាចំពោះបក្សសង្គ្រោះជាតិឡើយ វៀរលែងតែធ្វើរណបគាត់ ។
បើបក្សប្រឆាំងខ្លួនឯងខ្សោយ កុំសង្ឃឹមថា បក្សកាន់អំណាចសម្បទានអ្វីនោះ ៕ (អត្ថបទដោយ៖ សួន ចំរើន)
0 ความคิดเห็น: