วันอังคารที่ 27 มีนาคม พ.ศ. 2561

ព័ត៌មានក្ដៅៗ ថ្ងៃនេះ សម្ដេចសែនជោរ ស្រែកបញ្ជាតុលាកាឡ៍ទាំងកំរោលជាសាធារណៈថា កុំឲ្យដោះលែងលោក កឹម សុខា !


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បានលើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា លោក​មិន​ជឿ​ថា តុលាការ​នឹង​ដោះ​លែង​​លោក កឹម សុខា ​នោះ​ឡើយ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​កំពុង​បើក​សវនាការ​លើ​សំណុំ​រឿង​មេបក្ស​ប្រឆាំង​រូប​នេះ។

នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ឯកជន​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​​ថ្លែង​ថា​៖ «ខ្ញុំ​មិន​ជឿ​ទេ​ថា សាលា​ឧទ្ធរណ៍​នឹង​ដោះ​លែង​អាមេ​ក្បត់​ជាតិ​ហ្នឹង​ទេ»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​​ថា ​​តុលាការ​មាន​សិទ្ធិ​សម្រេច​ដោយឯករាជ្យ​ក៏​ដោយ ប៉ុន្តែ លោក​ថា លោក​បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា។ លោក​ ហ៊ុន សែន បាន​បង្ហាញ​ជំនឿ​ចិត្ត​របស់​លោក​បែប​នេះ ខណៈ​ដែល​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជុំ​វិញ​បណ្ដឹង​ជំទាស់​ការ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​នេះ។


លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​បន្ត​ឃុំ​ខ្លួន​បន្ថែម​ទៀត បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ជាង ៦​ខែ​មក​ហើយ។ មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» និង​ «ឃុប​ឃិត»ជាមួយ​បរទេស ក្នុង​បំណង​ផ្ដួល​​រំលំ​រដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់។

ទោះជាយ៉ាងណា សហគមន៍​អន្តរជាតិ នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ព្រម​ទាំង​វិធានការ​ដទៃ​ទៀត​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ៕ ( VOD )


រីឯប្រភពពីវិទ្យុអាស៊ីសេរី បានអោយដឹងថា៖ សាលាឧទ្ធរណ៍​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​​លោក កឹម សុខា

ប៉ុន្តែ មេធាវី​របស់​លោក កឹម សុខា លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​គ្មាន​ភស្តុតាង​អ្វី ដើម្បី​ដាក់​បន្ទុក​លោក កឹម សុខា ដែល​នេះ​ជា​ការ​បំពាន​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស។

អនុរក្ស​ពន្ធនាគារ​មិន​បាន​បញ្ជូន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ខេត្ត​ត្បូង​ឃ្មុំ មក​សវនាការ​នៅ​សាលាឧទ្ធរណ៍​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មីនា ដូច​គ្នា​គ្រោង​ទុក​ទេ។ សវនាការ​នោះ​មាន​តែ​មេធាវី​របស់​លោក កឹម សុខា ចំនួន ៦​នាក់​ចូល​តតាំង​ក្តី​នៅ​ក្នុង​បន្ទប់​សវនាការ និង​មាន​អ្នក​គាំទ្រ​គណបក្ស​ជាង ១០០​នាក់​ទៅ​ឃ្លាំមើល​នៅ​ក្រៅ​របង​តុលាការ​ក្រោម​ការ​យាម​កាម​យ៉ាង​តឹងរ៉ឹង​ពី​ក្រុម​សមត្ថកិច្ច។


ខណៈ​សាលា​ឧទ្ធរណ៍​មិន​ទាន់​សម្រេច​យ៉ាង​ក្តី លោក ហ៊ុន សែន បាន​ស្រែក​ជា​សាធារណៈ​ពី​កន្លែង​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ថា លោក​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​មិន​ដោះលែង​លោក កឹម សុខា ដែល​លោក​ចោទ​ថា ជា​មេ​ក្បត់​ជាតិ។ លោក ហ៊ុន សែន ថែម​ទាំង​រំលឹក​ថា លោក​ជា​អ្នក​បញ្ជា​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្ដាល​យប់។

សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោក​មេធាវី ហែម សុជាតិ ឲ្យ​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា ក្រុម​មេធាវី​បាន​លើក​ឡើង​ក្នុង​សវនាការ​នោះ​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា អស់​រយៈ​ពេល ៦​ខែ​កន្លង​ទៅ គឺ​គ្រប់គ្រាន់។ ដូច្នេះ មិន​ត្រូវ​ឃុំ​ខ្លួន​កូន​ក្តី​លោក ៦​ខែ​ទៀត​ទេ។ លោក​ថា ក្រុម​មេធាវី​នឹង​បន្ត​ស្នើសុំ​ឲ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជា​បន្ត​ទៀត ទោះ​ជា​គ្មាន​រំពឹង​ថា តុលាការ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា នៅ​ក្រៅ​ឃុំ​ក្តី។


គិត​មក​ដល់​ពេល​នេះ លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង មាន​រយៈ​ពេល​ជិត ៧​ខែ​ហើយ ព្រោះ​លោក​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។ អ្នក​ច្បាប់​ជាតិ និង​អន្តរជាតិ ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ ជា​ការ​ខុស​ច្បាប់។

លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន ៦​ខែ​ទៀត កាល​ពី​ថ្ងៃ​ពី​ដើម​ខែ​មីនា។


អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា រឿង​ក្តី​លោក កឹម សុខា ជា​រឿង​នយោបាយ។ ដូច្នេះ រឿង​ក្តី​នេះ មិន​អាច​ដោះស្រាយ​ចេញ​តាម​រយៈ​តុលាការ​ទេ ។ សវនាការ​ព្រឹក​នេះ គ្រាន់​តែ​ជា​ការ​អនុវត្តន៍​នីតិវិធី​គម្រប់​កិច្ច​របស់​សាលា​ឧទ្ធរណ៍​តែ​ប៉ុណ្ណោះ៕ ( RFA Khmer)



Previous Post
Next Post

post written by:

0 ความคิดเห็น: