ឆាំ ឆានី សូមលើកទឹកចិត្តសម្តេច ហ៊ុន សែន ឲ្យតាមវ៉ៃឯកអគ្គរដ្ឋទូតអាមេរិកដល់ផ្ទះ
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសម្តែងការហួសចិត្តចំពោះការនិយាយរបស់សម្តេច ហ៊ុន សែន លើករណីធ្វើឃាតលោក កែម ឡី ទៅសហរដ្ឋអាមេរិក និងការលើកឡើងថា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ី សេរី បារម្ភពីសុវត្ថិភាពខ្លួននៅសហរដ្ឋអាមេរិក ។
ប្រតិកម្មរបស់លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកនៅពេលនេះគឺផ្ទុយទាំងស្រុងនូវការលើកឡើងរបស់សម្តេច ក្នុងជំនួបជាមួយពលរដ្ឋខ្មែរនៅក្រុងស៊ីដនី ដែលសម្តេចនាយកបានមានប្រសាសន៍តាមការផ្សាយផ្ទាល់លើហ្វេសប៊ុកថា លោក ជុន ចាន់បុត្រ បានទៅជួបលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច៧០ បន្ទាប់ពីបានជួបលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេច ។
ក្នុងជំនួបទាំងនោះលោកបានអះអាងថា លោក ជុន ច័ន្ទបុត្រ សុំឲ្យលោក ម៉ៅ សុផាន់ ជួយការពារព្រោះខ្លាចអាមេរិកសម្លាប់ដូចលោក កែម ឡី ។ តែការលើកឡើងរបស់សម្តេច ត្រូវបានលោក William Heid ចាត់ទុកថា ជាការវាយប្រហារទៅលើសហរដ្ឋអាមេរិក ដែលមិនអាចទទួលយកបានឡើយ លោកបានអះអាងថា អាមេរិក ឈរលើគោលការណ៍គោរពសិទ្ធិ និងតែងតែទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យលើករណីស្លាប់លោក កែម ឡី ។
ដូច្នេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់សម្តេច ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ដែលតែងតែរងនូវការចោទប្រកាន់ថាជាឃាតករសម្លាប់លោក កែម ឡី ខ្ញុំ ឆាំ ឆានី សូមលើកទឹកចិត្តដល់សម្តេច ហ៊ុន សែន សូមឲ្យសម្តេច ក្នុងនាមរដ្ឋាភិបាល ចាត់វិធានការកាទូតជាបន្ទាន់ និងដាច់ខាតទាមទារឲ្យរដ្ឋាភិបាលអាមេរិកចាប់ខ្លួនឃាតករ CIA មកផ្តន្ទាទោសតាមច្បាប់ និសូមសម្តេចមេត្តាស្នើរសុំទៅមហាក្សត្រប្រទានទោសឃាតករសិប្បនិម្មិត អឿត អាង ហៅ ជួប សម្លាប់ ឲ្យមានសេរីភាពវិញ ផងដែរ ។
ទន្ទឹមនឹងការតវ៉ាផ្នែកកាទូត ឆាំ ឆានី ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមយុវជនគាំទ្រសម្តេច ហ៊ុន សែន ដូចជាក្រុមយុវជនស្រឡាញ់សន្តិភាព ជាដើម សូមរួមគ្នាធ្វើបាតុកម្មអហិង្សារនៅមុខស្ថានទូតអាមេរិកនៅកម្ពុជា ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលអាមេរិកចាប់ឃាតករមកផ្តន្ទាទោស ។
ផ្ទុយទៅវិញ បើការអះអាងរបស់សម្តេច ហ៊ុន សែន ដែលថា CIA អាមេរិកជាអ្នកបាញ់សម្លាប់លោក កែម ឡី ហើយបែជាមិនមានវិធានការទាមទារឲ្យរដ្ឋាភិបាល និងស្ថានទូតអាមេរិកចាប់ និងនាំខ្លួនឃាតករមកផ្តន្ទារទោសទេនោះ គឺបានន័យថា ការអះអាងរបស់សម្តេចនេះ គឺជាការកុហកបោកប្រាសគ្រួសារសព និងពលរដ្ឋខ្មែរ ជាទង្វើរដ៏ថោកទាបរបស់មេដឹកនាំ ដែលពលរដ្ឋមិនអាចទទួលយកបានដាច់ខាត ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: