วันจันทร์ที่ 19 กุมภาพันธ์ พ.ศ. 2561

រដ្ឋាភិបាលតេជោរសែនកំពុងអន្ទះសា​ស្ល​ឈាម សម្ព័ន្ធមិត្តលោកសេរីចាប់ផ្ដើមអនុវត្តគោលការណ៍ បិទទិដ្ឋាការ បង្កកទ្រព្យសម្បត្តិ និងពាណិជ្ជកម្ម តាមសហរដ្ឋអាមេរិក និងអឺរ៉ុបដែរហើយ!


រដ្ឋាភិបាលតេជោរសែនកំពុងអន្ទះសា​ស្ល​ឈាម សម្ព័ន្ធមិត្តលោកសេរីចាប់ផ្ដើមអនុវត្តគោលការណ៍ បិទទិដ្ឋាការ បង្កកទ្រព្យសម្បត្តិ និងពាណិជ្ជកម្ម តាមសហរដ្ឋអាមេរិក និងអឺរ៉ុបដែរហើយ!

រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ចាត់​វិធានការ​មួយ​ចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ដើម្បី​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​កែ​លម្អ​បរិយាកាស​នយោបាយ ដូច​ការ​ចង្អុល​បង្ហាញ​នៅ​ក្នុង​ការ​ឆ្លើយតប​ដោយ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ទៅ​នឹង​សំណួរ​របស់​សភា ក្នុង​នោះ​ក៏​មាន​ការ​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​ផង​ដែរ​។

ចម្លើយ​ដែល​ផ្ញើ​ទៅ​រដ្ឋសភា​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​ទី​ ១៤ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ និង​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​សម្រេច​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ចំពោះ​ការ​ធ្វើ​ដំណើរ​ឯកជន​របស់​សមាជិក​រដ្ឋាភិបាល «​រួម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គ្រួសារ​របស់​លោក​មន្ត្រី​យោធា​ជាន់ខ្ពស់ និង​ប្រធាន​តុលាការ​កំពូល​របស់​កម្ពុជា​។

សំណួរ​របស់​រដ្ឋសភា​អាល្លឺម៉ង់​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​លោក Frithjof Sch-midt ដែល​តំណាង​ឲ្យ​អ្នក​នយោបាយ ១៣ រូប​ផ្សេង​ទៀត​មកពី​គណបក្ស​បៃតង និង​ជា​ការ​ឆ្លើយតប​របស់​អាល្លឺម៉ង់​ចំពោះ​ «​ការ​រំលាយ​របប​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​»​។

យ៉ាង​ណា​ក្តី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ថ្លែង​ថា​ការ​លុប​ចោល​ការ​ផ្តល់​ទិដ្ឋាការ​អនុគ្រោះ​ «​មិនមែន​ជា​ភាព​អាម៉ាស់​ទេ ប៉ុន្តែ​ជា​ការ​ចំណេញ​ប្រាក់​បន្ថែម​ទៀត​»​។

លោក​ថ្លែង​ថា​៖ «​បើ​ទោះបី​ [​នរណា​] ​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​អាល្លឺម៉ង់ ក៏​ខ្ញុំ​នឹង​មិន​ទៅ​អាល្លឺម៉ង់​ដែរ​»​។

ចំណាត់ការ​របស់​អាល្លឺម៉ង់​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ឆ្លើយតប​ដោយ​ផ្ទាល់ ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាមួយ​គ្នា​នេះ អាល្លឺម៉ង់​បាន​ផ្អាក​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​កម្ពុជា​ដោយ​គ្មាន​ពេល​កំណត់​ស្តីពី​ «​ការ​ប្រឹក្សា​យោបល់​ផ្នែក​នយោបាយ​ជា​ទៀងទាត់​»​។

ការ​ឆ្លើយតប​នេះ​បាន​បង្ហាញ​ថា​ស្ថានទូត​អាល្លឺម៉ង់ និង​ស្ថានទូត​សហភាព​អឺរ៉ុប ក៏​បាន​ស្នើសុំ​ការ​អនុញ្ញាត​ទៅ​សួរ​សុខទុក្ខ​លោក កឹម សុខា ប៉ុន្តែ​កំពុង​​រង់ចាំ​ការ​អនុញ្ញាត​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​ថា​តើ​អនុស្សរណៈ​នេះ​និយាយ​អំពី​អ្វី​ទេ ហើយ​ក៏​មិន​ដឹង​ថា​ការ​ចុះ​អនុស្សរណៈ​នេះ​ត្រូវ​បាន​ពន្យារពេល​ផង​ដែរ​។ «​ខ្ញុំ​អត់​ដឹង​ទេ​»​។ លោក​​ ស៊ីផាន បាន​បង្វែរ​សំណួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ដែល​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ​។

ការ​ឆ្លើយតប​នេះ​បាន​សរសេរ​ថា​វិធានការ​មួយ​ទៀត​ដែល​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ធ្វើ​ឡើង​គឺ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​វិច្ឆិកា​ហើយ​ផ្អាក​មិន​មាន​ពេល​កំណត់​។

លោកស្រី មូរ សុខហួរ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ថា​៖ «​ការ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង កំពុង​ប្រាប់​អំពី​ជំហរ​របស់​អាល្លឺម៉ង់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ និង​តួនាទី​ក្នុង​ចំណោម​សមាជិក​សហភាព​អឺរ៉ុប​ដែល​បាន​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​ និង​និយាយ​ក្នុង​សំឡេង​តែ​មួយ​»​។

ខណៈ​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​នេះ ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​ទទួល​ដំណើរ​ទស្សនកិច្ច​ពី​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ «​ជាច្រើន​ដង​»​។

ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ចំណោម​ដំណើរ​ទស្សនកិច្ច​ទាំង​នោះ​រួម​មាន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មូរ សុខហួរ ដែល​បាន​ថ្លែង​ថា​ លោកស្រី​បាន​ជួប​ជាមួយ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី​របស់​ក្រសួង​ការបរទេស​អាល្លឺម៉ង់​កាលពី​ខែ​តុលា​កន្លង​ទៅ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ទើប​តែ​គេច​ចេញ​ពី​ប្រទេស​»​។ «​យើង​ពិភាក្សា​អំពី​ការ​ដោះលែង​ [​លោក កឹម សុខា​] លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​លើ​ជំនួយ​ និង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​»​។

លោកស្រី សុខហួរ បាន​ថ្លែង​ថា​លោកស្រី​ពេញ​ចិត្ត​ចំពោះ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បាន​បន្ថែម​ថា​កញ្ញា កឹម មនោវិទ្យា ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​កូនស្រី​របស់​លោក​ កឹម សុខា និង​លោក យ៉ែម បុញ្ញាឫទ្ធិ ក៏​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ផង​ដែរ​កាលពី​ខែ​មុន​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​អាល្លឺម៉ង​គឺ​នៅ​ខាង​ប្រជាធិបតេយ្យ​ទាំង​ស្រុង​»​។

ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​បញ្ហា​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​បច្ចុប្បន្ន​កំពុង​ពិនិត្យ​ថវិកា​សម្រាប់​សកម្មភាព​អភិបាល​កិច្ចល្អ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

លោក សុខ ឥសាន ថ្លែង​ថា បើ​ទោះបី​ជា​ជំនួយ​អាស្រ័យ​លើ​អាល្លឺម៉ង់​ផ្តល់​ឲ្យ ការ​មិន​ធ្វើ​ដូច្នេះ​នឹង​បំពាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ទេ​។ «​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អាល្លឺម៉ង់​បាន​ព្រមព្រៀង​ជួយ​អភិវឌ្ឍ និង​កសាង​កម្ពុជា​ឡើង​វិញ​ បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍​...​ប្រសិន​បើ​អាល្លឺម៉ង់​មិន​ផ្តល់​ជំនួយ​វា​នឹង​បង្ហាញ​ពិភពលោក​​ថា អាល្លឺម៉ង់​មិន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​»​។

ខណៈ​ក្រសួង​ការបរទេស​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​កាលពី​ម្សិលមិញ ក្រសួង​ការបរទេស​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​មាន​ចំណង​ជើង​ថា​៖ «​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ចម្បង​នៅ​កម្ពុជា​៖ ​ប្រាប់​ពី​ការពិត​»​។

នៅ​ក្នុង​ឯកសារ​ ១១ ​ទំព័រ​នេះ​ក្រសួង​ការបរទេស​បាន​ធ្វើ​ទឡ្ហីករណ៍​ថា កម្ពុជា​តម្រូវ​នូវ​ពេលវេលា​កំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព ដើម្បី​សម្រេច​បាន​នូវ​ «​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ដែល​មាន​លក្ខណៈ​ល្អ​» ​ដែល​ «​ប្រទេស​លោក​ខាង​លិច​បាន​ចំណាយ​រយៈពេល​ ២-៣ ​សតវត្សរ៍​ដើម្បី​សម្រេច​បាន​»​។

ឯកសារ​នេះ​សរសេរ​ថា​ «​ប្រជាធិបតេយ្យ​ល្អ​ឥតខ្ចោះ​អាច​រង់ចាំ​សិន​!» ប៉ុន្តែ​អំពាវនាវ​ឲ្យ​ប្រទេស​លោក​ខាង​លិច​យល់​អំពី​បញ្ហា​នេះ​ហើយ​មិន​ដាក់​ទណ្ឌកម្ម​។ «​ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​លោក​ខាង​លិច​ជ្រើសរើស​ជម្រើស​ដាក់​ទណ្ឌកម្ម​... នោះ​ទុក​ឲ្យ​ប្រវត្តិសាស្ត្រ​វិនិច្ឆ័យ​សកម្មភាព​របស់​ពួកគេ​»​។

ទន្ទឹម​នេះ​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែង​អំពី​ស្ថានភាព​ក្នុង​ប្រទេស​កម្ពុជា​មួយ​ភ្លែត​នៅ​ក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​សុក្រ នា​ឱកាស​ពិធី​ចូលឆ្នាំ​ចិន​។ ខណៈ​សង្កត់​ធ្ងន់​អំពី​ទំនាក់ទំនង​ល្អ និង​តានតឹង​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍ លោក​កត់សម្គាល់​ថា​កម្ពុជា​ជា​បុព្វហេតុ​នៃ​ក្តីបារម្ភ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​សម្ដែង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ចំពោះ​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការគោរព​ទាំង​ស្រុង​»​។

បើ​តាម​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ ចំពោះ​សំណួរ​របស់​សភា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​ ២៦ កុម្ភៈ​ហើយ​ធ្វើការ​សម្រេច​លើ​ការ​សន្និដ្ឋាន​របស់​ក្រុមប្រឹក្សា​អំពី​កម្ពុជា​៕


ប្រភព៖ ភ្នុំពេញ ប៉ុស្តិ៍

Previous Post
Next Post

post written by:

0 ความคิดเห็น: