วันพุธที่ 28 กุมภาพันธ์ พ.ศ. 2561

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងថា មិន​​ភ្ញាក់​ផ្អើល​នឹង​ដីកា​រឹប​អូស​ទ្រព្យសម្បត្តិ​របស់​តុលាកាឡ៍អាយ៉ងហ៊ុនសែនឡើយ!-Sam​​ Rainsy responds to pp court seizes CNRP properties.


អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា លោក​មិន​មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​របប​ក្រុង​ភ្នំពេញ រឹប​អូស​ទ្រព្យសម្បត្តិ​របស់​លោក​នោះ។ លោក​ចាត់​ទុក​ការ​សម្រេច​បែប​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សំណុំរឿង​នយោបាយ​ដែល​របប​លោក ហ៊ុន សែន បាន​សាង​ឡើង​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​រូប​លោក ដែល​លោក​បាន​ចេញ​មុខ​ខ្លាំង​ជាង​គេ​ប្រឆាំង​នឹង​អំណាច​ផ្ដាច់ការ និង​ពុករលួយ​ដូច​សព្វថ្ងៃ​នេះ។

លោក សម រង្ស៊ី នៅ​តែ​រក្សា​ជំហរ​ដដែល​ថា លោក​មិន​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ដីកា​រក្សា​ការពារ​រឹប​អូស​ទ្រព្យសម្បត្តិ​រួប​លោក​នោះ ដោយ​លោក​អះអាង​ថា លោក​មិន​មែន​ជា​មនុស្ស​សម្ភារៈ​និយម​ទេ ដូចជា​ទ្រព្យសម្បត្តិ លុយកាក់ និង​បុណ្យ​សក្ដិ​នោះ មិន​មែន​ជា​អ្វី​ដែល​លោក​ស្វែង​រក​ក្នុង​ការ​តស៊ូ​របស់​លោក​អស់​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ​ទេ។

​នៅ​ក្នុង​សារ​ដែល​លោក សម រង្ស៊ី ផ្ញើ​ជូន​មក​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ លោក​បាន​បញ្ជាក់​ថា លោក​បាន​សម្រេច​វិល​ត្រឡប់​ពី​ប្រទេស​បារាំង មក​រស់​នៅ​ប្រទេស​កម្ពុជា​វិញ នៅ​ឆ្នាំ​១៩៩២ លោក​បាន​សម្រេចចិត្ត​រួច​ទៅ​ហើយ​តាំង​ពី​ពេលនោះ​មក​ថា លោក​មក​តស៊ូ​ដើម្បី​ស្រោចស្រង់​មាតុភូមិ​របស់​លោក​ដោយ​គ្មាន​បំណង​ចង់​បាន​អ្វី​ពី​ប្រទេស​កម្ពុជា សម្រាប់​ខ្លួន​លោក និង​ក្រុម​គ្រួសារ​លោក​ឡើយ។ តែ​អ្វីៗ​ដែល​លោក​មាន​ទាំង​អស់ តាំង​ពី​យូរយារ​មក​ហើយ  គឺ​លោក​រីករាយ​យក​មក​ផ្ដល់​ជូន​មាតុភូមិ​របស់​លោក។

​លោក សម រង្ស៊ី បាន​ប្រកាស​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក និង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ជា​បណ្ដោះអាសន្ន​សិន​ក្នុង​សំណុំរឿង​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន និង​លោក ហេង សំរិន កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ដែល​លោក ហ៊ុន សែន ខឹង​គោ​បែរ​វាយ​រទេះ​បែប​នេះ​ទៅ​វិញ។

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​រក្សា​ការពារ​ដោយ​សំអាង​លើ​លោក សម រង្ស៊ី ចាញ់​ក្ដី​លោក ហ៊ុន សែន និង​លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​២៣ កុម្ភៈ ដែល​មាន​លោក គី តិច ជា​មេធាវី​ដើម​បណ្ដឹង បាន​ប្ដឹង​មក​តុលាការ​ទាមទារ​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី។

​បន្ថែម​ពី​នេះ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ធ្លាប់​បាន​ឲ្យ​អាស៊ីសេរី​ដឹង​ថា តុលាការ​សម្រេច​ឲ្យ​លោក​ចាញ់​ក្តី​លោក ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ថា  លោក​មិន​ខ្វល់​នឹង​សាលក្រម​របស់​តុលាការ​ដែល​ផ្ដន្ទាទោស​លោក​ឲ្យ​បង់​ប្រាក់​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រហូត​ដល់​រាប់​លាន​ដុល្លារ ក្នុង​បណ្ដឹង​បរិហារកេរ្តិ៍​ដែល​លោក ហ៊ុន សែន ប្ដឹង​លោក​នោះ​ទេ ព្រោះ​លោក​ចាត់​ទុក​ថា មន្ត្រី​តុលាការ​កម្ពុជា គ្មាន​ឯករាជ្យ និង​មិន​សូវ​ដឹង​អ្វី​នោះ​ទេ ដោយ​ធ្វើ​អ្វីៗ​តាម​តែ​បញ្ជា​របស់​លោក ហ៊ុន សែន និង​ថ្នាក់​លើ៖ «»។

នៅ​ក្នុង​សារ​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឲ្យ​ដឹង​ទៀត​ថា កាល​ពី​លោក​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចន្លោះ​ឆ្នាំ​១៩៩៣-​១៩៩៤ លោក​មិន​បាន​ទាមទារ​ចង់​បាន​អ្វី​សម្រាប់​លោក ឬ​គ្រួសារ​ឡើយ សូម្បី​តែ​ផ្ទះសម្បែង ដែល​ឪពុក​ម្ដាយ​របស់​លោក​បាន​កសាង​នៅ​ប្រទេស​កម្ពុជា មុន​ឆ្នាំ​១៩៧៥ ក៏​លោក​មិន​ដែល​អើពើ​ដែរ។ ផ្ទះសម្បែង​របស់​លោក​សព្វថ្ងៃ​នៅ​ទីក្រុង​ភ្នំពេញ និង​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​បាន​មក​ពី​ញើស​ឈាម​របស់​លោក និង​ញើស​ឈាម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ  និង​គណបក្ស សម រង្ស៊ី កាល​ពី​មុន។ លោក​អះអាង​ថា លោក​មិន​ដែល​ពាក់ព័ន្ធ​ក្នុង​អំពើ​ពុករលួយ គឺ​ទង្វើ​លួច​ជាតិ ប្លន់​ជាតិ និង​បំផ្លាញ​ជាតិ ឬ​ក៏​ទង្វើ​ធ្វើ​បាប ជំរិត ឬ​កេងប្រវ័ញ្ច​ប្រជារាស្ត្រ​ម្ដង​ណា​ឡើយ។

​លោក សម រង្ស៊ី សង្កត់​ទៀត​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​តុលាការ​អាយ៉ង​របស់​លោក ហ៊ុន សែន និង​គណបក្ស​របស់​លោក រឹប​អូស​ទ្រព្យសម្បត្តិ​នេះ​ទេ ពីព្រោះ​ទង្វើ​បែប​នេះ​វា​មិន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ និង​កម្លាំងចិត្ត​តស៊ូ​របស់​លោក​ឡើយ។ តែ​អ្វី​ដែល​លោក​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​ក្រៃលែង គឺ​ទង្វើ​របស់​អ្នក​មាន​អំណាច និង​អ្នកមាន​លុយ​ពុករលួយ​យ៉ាង​សន្ធឹកសន្ធាប់ ដែល​ឃុបឃិត​ជាមួយ​តុលាការ​អាយ៉ង​របស់​លោក ហ៊ុន សែន ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ដីធ្លី និង​ផ្ទះសម្បែង​របស់​ប្រជារាស្ត្រ​តូចតាច ប្រជារាស្ត្រ​ក្រីក្រ ប្រជារាស្ត្រ​ស្លូតត្រង់ ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​ពី​សំណាក់​រដ្ឋអំណាច​សព្វថ្ងៃ។ ប្រទេស​កម្ពុជា សព្វថ្ងៃ ពោរពេញ​ដោយ​អំពើ​អយុត្តិធម៌​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​រាប់​លាន​នាក់​ជួប​ការ​លំបាក​វេទនា​ក្រៃលែង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។

ដីកា​រក្សា​ការពារ​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ដែល​ត្រូវ​ផ្សព្វផ្សាយ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ នេះ  សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី ជា​ដី និង​អគារ​នៃ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ត្រូវ​លោក គី តិច លើក​ឡើង​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ថា ដើម្បី​ជំរុញ​ឲ្យ​លោក សម រង្ស៊ី សងបំណុល​ជាង ៤.២០០​លាន​រៀល ឬ​ជាង ១​លាន​ដុល្លារ ឲ្យ​កូនក្ដី​របស់​លោក គឺ​លោក ហ៊ុន សែន និង​លោក ហេង សំរិន ក្រោយ​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​សម្រេច។

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត យល់​ថា នេះ​គ្រាន់តែ​ជា​ការ​បង្ហាញ​ឲ្យ​មហាជន​ឃើញ​ថា លោក ហ៊ុន សែន ខ្លាំង​កាច​សាហាវ និង​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ ប្រធាន​ចលនា​យុវជន​គណបក្ស​ប្រឆាំង​រូប​នេះ​យល់​ថា អ្វី​ដែល​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង គឺ​មិន​បាន​ផល​ទេ៖ «»។

លោក ហ៊ុន សែន ដែល​មិន​ធ្លាប់​ចាញ់​ក្តី​លោក សម រង្ស៊ី នៅ​ក្នុង​តុលាការ​នៃ​របប​របស់​លោក​បាន​និយាយ​ជា​សាធារណៈ​ថា បើ​លោក សម រង្ស៊ី គ្មាន​លុយ​សង​ជំងឺ​ចិត្ត​លោក​ទេ លោក​ទាមទារ​រឹប​អូស​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​ដឹង​ថា ទីស្នាក់ការ​នោះ​ជា​កម្មសិទ្ធិ​របស់​លោក សម រង្ស៊ី។

​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា វិធានការ​របស់​តុលាការ​នៅ​ពេល​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា តុលាការ​កម្ពុជា មិន​មាន​ឯករាជ្យ។ លោក​បន្ត​ថា រូបភាព​នេះ​គឺ​រុញច្រាន​ឲ្យ​វិបត្តិ​នយោបាយ​កាន់តែ​បន្ត​ក្ដៅ​គគុក​ទៅ​មុខ​ទៀត ដែល​ហាក់​បី​ដូច​ជា​មាន​សង្គ្រាម​ដោយ​មិន​ប្រើ​អាវុធ​ដូច្នោះ​ដែរ៖ «»។

មក​ទល់​ពេល​នេះ លោក សម រង្ស៊ី បាន​ហ៊ុមព័ទ្ធ​បណ្ដឹង និង​ចាញ់​ក្ដី​លោក ហ៊ុន សែន និង​បក្ខពួក​របស់​លោក​ជិត ១០​បណ្ដឹង ដែល​ភាគ​ច្រើន​ជា​បណ្ដឹង​បរិហារកេរ្តិ៍ ដូចជា​កាល​ពី​ចុង​ឆ្នាំ​២០១៧ តុលាការ​ក្រុង​ភ្នំពេញ ក៏​សម្រេច​ឲ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​លោក ហ៊ុន សែន ១​លាន​ដុល្លារ ក្នុង​សំណុំរឿង​មួយ​ផ្សេង​ទៀត គឺ​សំណុំរឿង​ដែល​ចោទ​លោក សម រង្ស៊ី និយាយ​ថា លោក ហ៊ុន សែន បាន​សូកប៉ាន់​កញ្ញា ធី សុវណ្ណថា ចំនួន ១​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​វាយ​ប្រហារ​បក្ស​ប្រឆាំង បន្ទាប់​ពី​នាង​ឈប់​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ងាក​មក​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន។ ចំណែក​សំណុំរឿង​មួយ​ទៀត តុលាការ​បាន​កាត់​ក្ដី​អោយ​លោក ហេង សំរិន ឈ្នះ​ក្ដី​លោក សម រង្ស៊ី ពាក់ព័ន្ធ​ករណី​បទ​បរិហារកេរ្តិ៍​លោក ហេង សំរិន តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាល​ពី​​ចុង​ឆ្នាំ​២០១៥ ដោយ​ចោទ​លោក ហេង សំ រិន ថា​ជា​អ្នក​កាត់​ទោស​សម្ដេច សីហនុ ជា​ជន​ក្បត់​ជាតិ​ជាដើម។

សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា របប​របស់​ក្រុងភ្នំពេញ បាន​រឹបអូស​ផ្ទះសម្បែង ដីធ្លី​ប្រជាពលរដ្ឋ ទោះបីជា​ទ្រព្យសម្បត្តិ​អតីត​មេ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​សាមញ្ញ​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ប្រជាពលរដ្ឋ​រង​នូវ​ទឹក​ភ្នែក​ស្ទើរ​តែ​គ្រប់​ខែត្រ​ក្រុង ដោយ​ករណី​ខ្លះ​តុលាការ​បាន​ចេញ​ដីកា​រក្សា​ការពារ រឹប​អូស​ទ្រព្យសម្បត្តិ​ពលរដ្ឋ និង​ករណី​ខ្លះ ក្រុមហ៊ុន​ដែល​មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង បាន​ឈូ​ឆាយ​ផ្ទះសម្បែង​របស់​ពលរដ្ឋ ដោយ​គ្មាន​ការ​ឆ្លង​កាត់​ពី​តុលាការ​ក៏​មាន ដូចជា​នៅ​តំបន់​បុរីកីឡា និង​នៅ​បឹងកក់ ជាដើម។ លោក សម រង្ស៊ី ប្ដេជ្ញា​ថា លោក​នឹង​ខិតខំ​តស៊ូ​កាន់​តែ​ខ្លាំងក្លា​ឡើង​ថែម​ទៀត ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ​ដ៏​ព្រៃផ្សៃ​សព្វថ្ងៃ ក្នុង​គោលបំណង​ផ្ដល់​សេរីភាព និង​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល៕

ប្រភព៖ វិទ្យុអាស៊ីសេរី ចុចស្ដាប់សំឡេង

Previous Post
Next Post

post written by:

0 ความคิดเห็น: