วันจันทร์ที่ 5 กุมภาพันธ์ พ.ศ. 2561

តើន សុខណៃ ៖ «មួយជីវិតរបស់ខ្ញុំ ឲ្យតែធ្វើដើម្បីជាតិ ខ្ញុំចូលចិត្ត»


«មួយជីវិតរបស់ខ្ញុំ ឲ្យតែធ្វើដើម្បីជាតិ ខ្ញុំចូលចិត្ត» គឺជាសម្ដីដែល តើន សុខណៃ មុនពេលស្លាប់ឧស្សាហ៍និយាយជាមួយមិត្តភក្ដិ និងក្រុមគ្រួសារ។ ជាមន្រ្តីឧទ្យានុរក្សដែលមានឆន្ទៈ និងមនសិការខ្ពស់ក្នុងការស្រឡាញ់ និងការពារព្រៃ សុខណៃ តែងតែស្លៀកពាក់ជាប់ជានិច្ចនូវឯកសណ្ឋានជាឧទ្យានុរក្ស។ មិត្តភក្ដិរបស់ សុខណៃ ឧស្សាហ៍និយាយចំអកនិងលេងសើចទៅកាន់គាត់ថា «ស្រលាញ់ប្រពន្ធ ឬស្រឡាញ់ឯកសណ្ឋាន...?»។ សុខណៃ ដែលមានជំងឺប្រចាំកាយ(ឈាមស ស៊ីឈាមក្រហម និងជំងឺក្រពះ) ហើយមានកូនស្រីតូច២នាក់ដ៏គួរឲ្យអាណិតស្រឡាញ់ តែងតែឱបនែបនិត្យជាមួយនឹងកូនៗ និងយកទូរស័ព្ទថតរូប Selfie។

កើតក្នុងត្រកូលគ្រួសារមានជីវភាពលំបាក និងជាជនជាតិដើមភាគតិចព្នង សុខណៃ បានខិតខំរៀនសូត្របញ្ចប់ថ្នាក់មធ្យមសិក្សានៅក្នុងខេត្តមណ្ឌលគិរី។ ដោយសារការតស៊ូជម្នះការលំបាក និងក្រេបយកចំណេះដឹងបន្ថែម សុខណៃ បានបញ្ចប់ដោយជោគជ័យថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លើជំនាញឯកទេសគ្របគ្រង។ កើតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៨១ សុខណៃ មានបងប្អូនបង្កើតចំនួន៨នាក់ ស្រី៣នាក់ និងប្រុស៥នាក់ ហើយ សុខណៃ ជាកូនទី៥។ តើន ម្យើប ជាឈ្មោះរបស់លោកឪពុកសុខណៃ តែគាត់បានស្លាប់តាំងពីសុខណៃ នៅតូចមកម្ល៉េះ។ រីឯម្ដាយសុខណៃ ឈ្មោះ កៃ ព្លូស បច្ចុប្បន្នមានវ័យជរា និងរស់នៅជុំគ្នាជាមួយនឹងប្រពន្ធកូនរបស់ សុខណៃ។ សុខណៃ បានលែងលះគ្នាជាមួយប្រពន្ធដើម និងបានបន្សល់ទុកកូនស្រីម្នាក់ឈ្មោះ តើន ណាហ្សា អាយុ៦ឆ្នាំ ហើយបច្ចុប្បន្នកំពុងរៀនថ្នាក់ទី១ នៅសាលាបឋមសិក្សា ក្នុងស្រុកអូររាំង។ ក្រោយមក សុខណៃ បានចាប់ចិត្តប្រតិព័ទ្ធជាមួយប្រពន្ធជាជនជាតិខ្មែរម្នាក់ និងបានចំណងដៃកូនស្រីម្នាក់ឈ្មោះ តើន កា អាយុ១ឆ្នាំ២ខែ ជាកូនស្រីទី២របស់សុខណៃ។ 

ក្នុងសម្លៀកបំពាក់ពណ៌សកាន់ទុក្ខ លោកស្រី ទូច ណារ៉ាន់ ជាភរិយារបស់ សុខណៃ មានវ័យ៣២ឆ្នាំ និយាយទាំងរលីងរលោងទឹកភ្នែករៀបរាប់ពីដំណើរជីវិតរបស់សុខណៃ ថាគាត់ជាមនុស្សស្រឡាញ់ធនធានធម្មជាតិ និងចូលចិត្តការពារព្រៃ។ រៀបរាប់ទាំងភាពសោកស្ដាយក្នុងពិធីបុណ្យសព លោកស្រី ទូច ណារ៉ាន់ មានស្រុកកំណើតនៅភូមិទួលរី ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពងចាម។ លោកស្រីបានរម្លឹកពីអនុស្សាវរីយ៍កាល តើន សុខណៃ នៅរស់ថា ប្ដីរបស់គាត់កាលនៅរស់គឺជាមនុស្សដែលត្រូវបងប្អូនសាច់ញាតិ និងមិត្តភក្ដិស្រឡាញ់និងកោតសរសើរចំពោះទង្វើរបស់គាត់ថាជាមនុស្សស្លូតបូត ស្មោះត្រង់ និងក្លាហាន។ សុខណៃ អតីតធ្លាប់ធ្វើជាបុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទចល័តក្នុងខេត្តមណ្ឌលគិរី មុនពេលធ្វើជាមន្រ្តីអភិរក្សបរិស្ថាន។ ក្រោយមក សុខណៃ ក៏បានវិវត្តន៍ខ្លួនតាមរយៈការប្រើប្រាស់ភាសាអង់គ្លេសរបស់ខ្លួនចូលបម្រើការងារជាមួយអង្គការ WCS ក្នុងតួនាទីជាជំនួយការ និងជាអ្នកបកប្រែភាសាអង់គ្លេស ក្នុងក្រុមអភិវឌ្ឍន៍សហគមន៍អណ្ដូងក្រឡឹង ដែនជម្រកសត្វព្រៃកែវសីមា នៅឆ្នាំ២០១៤។ ជាមនុស្សដែលពោរពេញដោយធនធានចំណេះដឹង ជាពិសេស សុខណៃ អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ 

សុខណៃ ត្រូវបានក្រុមល្បាតសហគមន៍អណ្ដូងក្រឡឹង និងភ្ញៀវទេសចរដែលចូលមកកម្សាន្ត ស្រឡាញ់និងចូលចិត្ត សុខណៃ យ៉ាងខ្លាំងជាមួយនឹងប្រជាប្រិយភាព និងភាពប៉ិនប្រសព្វក្រមិចក្រមើមរបស់ សុខណៃ។ នៅឆ្នាំ២០១៧ សុខណៃ បានប្រឡងជាប់ជាមន្រ្តីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន។ ជាមនុស្សដែលស្រឡាញ់ការងារនិងមានសាមគ្គីភាព សុខណៃ បម្រើការងារដោយពុំខ្លាចពីការនឿយហត់ ព្រោះអ្វីដែល សុខណៃ ធ្វើគឺដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។ ជាជនជាតិភាគតិចព្នង សុខណៃ ស្រឡាញ់សត្វព្រៃ និងតែងតែដើរដោះអន្ទាក់របស់ពួកព្រាន។

មនុស្សជាច្រើនដែលធ្លាប់ស្គាល់ សុខណៃ បានដឹងយ៉ាងច្បាស់ថា សុខណៃ ជាឧទ្យានុរក្សដែលគួរឲ្យគោរពនិងស្ញប់ស្ញែងជាទីបំផុតនូវវីរភាពរបស់ សុខណៃ។ ទង្វើរបស់ សុខណៃ គឺមួយជីវិតរបស់គាត់ ឲ្យតែធ្វើដើម្បីជាតិ គឺគាត់ចូលចិត្ត។ វីរភាពដែលមិនអាចកាត់ថ្លៃបានរបស់ សុខណៃ ត្រូវជនអគតិដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនបានផ្តាច់ជីវិតរបស់ សុខណៃ បន្សល់នូវភាពសោកស្ដាយ និងក្ដីសោកសង្វេគបំផុតចំពោះការបាត់បង់ឧទ្យានុរក្ស តើន សុខណៃ ក្នុងបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។

សុខណៃ បានប្តេជ្ញាតស៊ូ លះបង់មិនថាយប់ មិនថាថ្ងៃ មិនថាភ្លៀងក្តៅរងា ធ្វើយ៉ាងណាឱ្យសម្បត្តិធនធានធម្មជាតិនៅគង់វង្ស និងចុះបំពេញការងារយ៉ាងស្វិតស្វាញបំផុតជាមួយមន្ត្រីឧទ្យានុរក្សដទៃទៀតក្នុងដែនជម្រកសត្វព្រៃកែវសីមា ដោយដើរកាត់វាល កាត់ព្រៃព្រឹក្សា ជ្រលងដងអូរដើម្បីល្បាតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ តើន សុខណៃ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា និងមន្រ្តីកងរាជអាវុធហត្ថ រួមទាំងមន្រ្តីអង្គការ WCS ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី៣០ ខែមករា ឆ្នាំ២០១៨ នៅក្បែរព្រំដែន ហើយវីរភាពរបស់ សុខណៃ នឹងស្ថិតក្នុងចិត្តរបស់យើងគ្រប់គ្នាមិនអាចបំភ្លេចបាន៕












((ប្រភពហ្វេសប៊ុក៖ មន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី))
Previous Post
Next Post

post written by:

0 ความคิดเห็น: