មន្ត្រីជំនាញចុះទប់ស្កាត់ការរីករាលដាលនៃជំងឺផ្ដាសាយបក្សីក្នុងភូមិព្រៃផ្ដៅ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ |
អុញនោះ! កលិយុគតេជោរកាន់តែវឹកវរធំហើយ! ខណៈដែលលោកសេរីកំពុងតែជាន់ករបបតេជោរលៀនអណ្ដាតពលរដ្ឋខ្មែរ ក៏កើតផ្ទុះជំងឺផ្ដាសាយបក្សី H5N1 ទៀត!
វិទ្យុអាស៊ីសេរី៖ ក្រសួងបញ្ជូនមន្ត្រីជំនាញទៅពិនិត្យកន្លែងផ្ទុះជំងឺផ្ដាសាយបក្សីនៅស្រុកបាភ្នំខេត្តព្រៃវែង
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងបញ្ជូនមន្ត្រីជំនាញបសុពេទ្យខេត្តព្រៃវែង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម ឲ្យចុះទៅពិនិត្យតំបន់ដែលផ្ទុះជំងឺផ្ដាសាយបក្សីនៅស្រុកបាភ្នំ ខេត្តព្រៃវែង។
វិធានការរបស់ក្រសួងកសិកម្មនេះ ក្រោយទទួលបានដំណឹងថា មានករណីផ្ទុះឡើងនៃជំងឺផ្ដាសាយបក្សីនៅក្នុងភូមិព្រៃផ្ដៅ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាឲ្យបញ្ជូនមន្ត្រីជំនាញបសុពេទ្យខេត្តចំនួន ៨នាក់ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម ចំនួន ៥នាក់ទៀត ចុះទៅពិនិត្យទីតាំងដែលផ្ទុះនូវជំងឺផ្ដាសាយបក្សីក្នុងភូមិសាស្ត្រនេះ។
គេហទំព័រហ្វេសប៊ុក (Facebook) របស់ក្រសួងកសិកម្ម ចេញផ្សាយថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ បង្ហាញថា យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺផ្ដាសាយបក្សីក្នុងទឹកដីខេត្តព្រៃវែង ក្រុមមន្ត្រីជំនាញបានណែនាំពលរដ្ឋរស់នៅក្នុងតំបន់ផ្ទុះជំងឺផ្ដាសាយបក្សីនេះ មិនឲ្យបរិភោគសត្វបក្សីដែលឈឺឡើយ ត្រូវដុតកម្ទេចចោលរាល់បក្សីដែលមានជំងឺ ឬងាប់ និងបក្សីដែលសង្ស័យថា មានផ្ទុកជំងឺផ្ដាសាយបក្សី ត្រូវហាមក្មេងៗមិនឲ្យប៉ះពាល់សត្វបក្សីឈឺទាំងអស់ជាដាច់ខាត។ ក្នុងយុទ្ធនាការដដែលនោះ មន្ត្រីជំនាញបានដុតកម្ទេចចោលសត្វមាន់ និងទា ដែលមានជំងឺផ្ដាសាយបក្សីជាង ៣០០ក្បាល (៣១១)។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសឲ្យទប់ស្កាត់ការចរាចរណ៍សត្វចេញពីភូមិព្រៃផ្ដៅ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោយពីរកឃើញករណីជំងឺផ្ដាសាយបក្សី H5N1 នៅក្នុងតំបន់នោះ។ រោគសញ្ញាជំងឺនេះមានដូចជា គ្រុនក្ដៅលើសពី ៣៨,៥អង្សាសេ និងមានរោគសញ្ញាក្អក ឬឈឺក ឬដកដង្ហើមហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងអំឡុងពេល ៧ថ្ងៃមុនចេញរោគសញ្ញា។
រដ្ឋមន្ត្រីក្រសួងកសិកម្មបញ្ជាក់ថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វត្រូវចាត់វិធានការបសុព្យាបាលជាបន្ទាន់ នៅតំបន់ផ្ទុះជំងឺផ្ដាសាយបក្សី។ ត្រូវបំផ្លាញចោលចំពោះបក្សីគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបច្ចេកទេស។ ផ្អាកបណ្ដោះអាសន្ននូវការទិញ ការលក់ និងការដឹកជញ្ជូនបក្សីគ្រប់ប្រភេទ ចេញ ចូល ឆ្លងកាត់ក្នុងតំបន់ ៣គីឡូម៉ែត្រជុំវិញ។ ឃ្លាំមើលតំបន់ផ្ទុះជំងឺនោះរយៈពេល ៣០ថ្ងៃ និងត្រូវចុះសិក្សាជុំវិញតំបន់នោះក្នុងរយៈចម្ងាយ ១០គីឡូម៉ែត្រ។
មកទល់ពេលនេះ ក្រសួងកសិកម្មនៅមិនទាន់បញ្ជាក់ថា តំបន់ដែលផ្ទុះជំងឺផ្ដាសាយបក្សីនៅខេត្តព្រៃវែង នេះ មានមនុស្សឆ្លងជំងឺផ្ដាសាយបក្សី AI ឬ H5N1 នៅឡើយទេ។
កាលពីចុងឆ្នាំ២០១៧ កន្លងទៅនេះ ក៏មានករណីផ្ទុះជំងឺផ្ដាសាយបក្សីនៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដែរ តែត្រូវបានទប់ស្កាត់ទាន់ពេលវេលា។ ចាប់តាំងពីឆ្នាំ២០០៥ ដល់២០១៤ ប្រទេសកម្ពុជា ធ្លាប់កើតមានជំងឺផ្ដាសាយបក្សីដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន ៥៦ករណី ក្នុងនោះមនុស្ស ៣៧នាក់បានស្លាប់៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: