អ្នកស្រីមូរ សុខហួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ស្នើឱ្យលោក ហ៊ុន ម៉ានី បកស្រាយរឿងសារឆ្លើយឆ្លងតាមហ្វេសប៊ុកជាមួយនារីក្មេងៗ
វីដេអូបែកធ្លាយមួយចំនួនបានបង្ហាញអំពីការឆ្លើយឆ្លងសារស្នេហានិងមេត្រីភាពរវាងលោក ហ៊ុន ម៉ានី និងតារាស្រីៗ ក្មេងៗមួយចំនួនតាមបណ្តាញសង្គម Facebook ដែលក្នុងនោះ មានការបង្ហាញពីរូបភាពស្នាមខាំ និងស្នាមជាំលើដើមដៃរបស់ស្រ្តីក្មេងៗមួយចំនួន ព្រមទាំងរូបភាពស្រ្តីម្នាក់កំពុងព្យាបាលជំងឺ។
ភ្នំពេញ៖ អ្នកស្រី មូរ សុខហួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាអនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ស្នើឱ្យលោក ហ៊ុន ម៉ានី តំណាងរាស្រ្តគណបក្សកាន់អំណាច និងជាកូនប្រុសពៅរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញមុខបកស្រាយ ពាក់ព័ន្ធនឹងសារដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម រៀបរាប់អំពីទំនាក់ទំនងស្នេហារបស់លោក ហ៊ុន ម៉ានី និងស្រ្តីវ័យក្មេងជាច្រើនរូប។
លិខិតចំហមួយច្បាប់របស់អ្នកស្រី មូរ សុខហួរ នៅថ្ងៃអង្គារនេះ ផ្ញើជូនលោក ហ៊ុន ម៉ានី តំណាងរាស្រ្តគណបក្សកាន់អំណាច មណ្ឌលកំពង់ស្ពឺ បញ្ជាក់ថា អ្នកស្រីមានការព្រួយបារម្ភចំពោះសុវត្ថិភាព សេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដែលមានឈ្មោះ និងរូបក្នុងសារដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម រៀបរាប់ពីទំនាក់ទំនងស្នេហារបស់លោក ហ៊ុន ម៉ានី និងស្រ្តីវ័យក្មេងជាច្រើនរូប ដោយមានទាំងការប្រើហិង្សាលើស្រ្តីទាំងនោះផង។ អ្នកស្រីបន្ថែមក្នុងលិខិតនោះថា ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ និងសុវត្ថិភាពរបស់ស្រ្តីដែលមានឈ្មោះ និងរូបក្នុងសារ និងវីដេអូ ដែលត្រូវបានផ្សព្វផ្សាយ អ្នកស្រីស្នើឲ្យលោក ហ៊ុន ម៉ានី ចេញមុខបកស្រាយឲ្យបានច្បាស់អំពីហេតុការណ៍ទាំងនោះ។
អ្នកស្រី មូរ សុខហួរ ថ្លែងប្រាប់ VOA ពីបរទេស នាល្ងាចថ្ងៃអង្គារនេះថា៖«យើងឃើញនៅក្នុងរូបភាពនេះ ហើយនិងសម្តី ពាក្យត្អូញត្អែរទាំងឡាយ ឃើញថា ជាការធ្ងន់ធ្ងរណាស់ រហូតដល់ទៅចង់សម្លាប់ខ្លួនទៅទៀតនោះ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ អ្វីដែលខ្ញុំបារម្ភបំផុតនោះគឺយើងឃើញជាក់ស្តែង ហើយស្រ្តីដែលរងគ្រោះ ពេលណាដែលអត់មានសុវត្ថិភាព អត់មានការការពារ អាចមានទទួលរងគ្រោះដោយការជះទឹកអាស៊ីត ដោយការសម្លាប់ ហើយយើងឃើញថា ស្រ្តីរងគ្រោះទាំងនោះមិនដែលទទួលបាននូវយុត្តិធម៌ទេ»។
ក្នុងការអំពាវនាវឲ្យលោក ហ៊ុន ម៉ានី ចេញមុខបកស្រាយបំភ្លឺពាក់ព័ន្ធនឹងសារ និងវីដេអូដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម អំពីរឿងអាស្រូវនោះ អ្នកស្រី មូរ សុខហួរ បន្ថែមថា៖
«រឿងនេះគឺខ្ញុំមិនមែនចោទលោក ហ៊ុន ម៉ានីទេ គឺខ្ញុំសុំឲ្យលោក ហ៊ុន ម៉ានីមកបំភ្លឺជាសាធារណៈ ហើយបើសិនជាអត់មានប្រព្រឹត្តទេ រួមកម្លាំង តួនាទីរបស់លោក អំណាចរបស់លោក អាចធ្វើជាយុទ្ធនាការដើម្បីការពារស្រ្តីដទៃទៀតដែលរងគ្រោះដោយសារទារុណកម្មផ្លូវភេទរបៀបនេះ»។
កាលពីសប្តាហ៍មុន វីដេអូជាច្រើនត្រូវបានពួកជនអនាមិក Hackers បង្ហាញជាសាធារណៈ និងចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក និង Youtube ក្រោយការកាន់កាប់គណនីហ្វេសប៊ុកលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វីដេអូមួយចំនួនបានបង្ហាញអំពីការឆ្លើយឆ្លងសារស្នេហា និងមេត្រីភាពរវាងលោក ហ៊ុន ម៉ានី និងតារាស្រីៗ ក្មេងៗមួយចំនួនតាមបណ្តាញសង្គម Facebook ដែលក្នុងនោះ មានការបង្ហាញពីរូបភាពស្នាមខាំ និងស្នាមជាំលើដើមដៃរបស់ស្រ្តីក្មេងៗមួយចំនួន ព្រមទាំងរូបភាពស្រ្តីម្នាក់កំពុងព្យាបាលជំងឺ ដែលក្រុម Hacker ទាំងនោះអះអាងថា ជាស្លាកស្លាមកើតឡើងដោយសារ លោក ហ៊ុន ម៉ានី។
នៅមុនការបែកធ្លាយវីដេអូទាំងនោះ លេខាធិការដ្ឋានរបស់លោក ហ៊ុន ម៉ានី បានប្រកាសថា គណនី និងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ហ៊ុន ម៉ានី ដែលមានឈ្មោះថា Hun Mani និង Hun Many ត្រូវបានក្រុមជនអនាមិកវាយលុកយកទៅកាន់កាប់កាលពីថ្ងៃពុធកន្លងទៅ ក្រោយការព្យាយាមជាច្រើនលើក។
លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងរបស់គណបក្សកាន់អំណាចមកពីមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានយុវជនប្រមាណជាជាងមួយម៉ឺននាក់ជាសមាជិក បានបដិសេធមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទទេ។
លោក ហ៊ុន ម៉ានី បញ្ជាក់ថា៖«បើសិនជាចង់សម្ភាសន៍ ដាក់លិខិតមកតាមនីតិវិធីមក ហើយចាំជួបគ្នា ទល់មុខគ្នា សម្ភាសល្អជាង។ ខ្ញុំអត់ទម្លាប់សម្ភាសតាមទូរស័ព្ទទេ»។
VOA មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី ដើម្បីសុំការអធិប្បាយបានទេ នៅថ្ងៃអង្គារនេះ។
អ្នកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិអង្គការសីលកា ដែលជាអង្គការធ្វើការលើកស្ទួយសិទ្ធិស្ត្រី ប្រាប់ VOA ថា អ្នកស្រីមិនទាន់បានទទួលព័ត៌មានពាក់ព័ន្ធនឹងសារដែលទម្លាយដោយក្រុម Hacker នោះទេ។ ទោះយ៉ាងណា អ្នកស្រីថា លោក ហ៊ុន ម៉ានី គួរចេញមុខបកស្រាយជាសាធារណៈពាក់ព័ន្ធនឹងសារដែលត្រូវបានគេបង្ហោះទាំងនោះ។
អ្នកស្រីមានប្រសាសន៍ថា៖«ខ្ញុំអត់បានឃើញ អីចឹងទៅខ្ញុំឆ្លើយអត់រួច ឆ្លើយអត់កើតដែរ។ ប៉ុន្តែឥឡូវនេះ នៅក្នុងពិភពលោកគេកំពុងផ្អើលពីរឿងដាក់បន្ទោស ឬក៏ដាក់បន្ទុកទៅលើបញ្ហាដែលកើតមានឡើងអំពីអំពើហិង្សា។ ដូច្នេះខ្ញុំអត់បានឃើញ ខ្ញុំឆ្លើយអត់បាន។ ប៉ុន្តែក្នុងនាមគាត់ជាមនុស្សសាធារណៈ ជាបុគ្គលសាធារណៈ ប្រសិនបើមានរឿងអញ្ចឹង គាត់អាចនិយាយដើម្បីការពារខ្លួនគាត់ ឬមួយក៏ពន្យល់ហេតុការណ៍ហ្នឹងទៅតាមការណ៍ពិតដែលគាត់អាច»។
ក្រោយការបែកធ្លាយវីដេអូ និងសារលើបណ្តាញសង្គមដែលចោទថា លោក ហ៊ុន ម៉ានី មានរឿងអាស្រូវជាមួយស្រ្តីក្មេងៗជាច្រើន គេឃើញស្រ្តីវ័យក្មេងមួយចំនួនដែលស្ថិតក្នុងវីដេអូ និងសារទាំងនោះ បានចេញមកបកស្រាយលើគណនី Facebook របស់ពួកគេ ហើយថា ពួកគេគ្រាន់តែរាប់អានគ្នាធម្មតាជាមួយលោក ហ៊ុន ម៉ានី ប៉ុណ្ណោះ៕
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: