วันพุธที่ 21 กุมภาพันธ์ พ.ศ. 2561

អង្គការគម្រោង​យុត្តិធម៌​ពិភពលោក​ (World Justice Project)​ បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជាអោយ​ឈរ​ក្នុង​លំដាប់​ថ្នាក់​ក្រោម​ជាង​គេ​បង្អស់​ទី២​​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ​ ​និង​ការ​គោរព​ច្បាប់!


អង្គការគម្រោង​យុត្តិធម៌​ពិភពលោក​ (World Justice Project)​ បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជាអោយ​ឈរ​ក្នុង​លំដាប់​ថ្នាក់​ក្រោម​ជាង​គេ​បង្អស់​ទី២​​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​នីតិរដ្ឋ​ ​និង​ការ​គោរព​ច្បាប់!

ការ​ផ្តល់​ចំណាត់​ថ្នាក់​របស់​ ​អង្គការ​​គម្រោង​យុត្តិធម៌​ពិភពលោក​​ត្រូវ​បាន​ធ្វើ​ទៅ​តាម​កត្តា​ចំនួន​៨ ​ដែល​រួមមាន​ ​ការ​ដាក់​កំហិត​លើ​អំណាច​រដ្ឋាភិបាល​ ​អវត្តមាន​នៃ​អំពើ​ពុក​រលួយ​ រដ្ឋាភិបាល​បើក​ទូលាយ​ សិទ្ធិ​មូល​ដ្ឋាន​ផ្សេងៗ​ សណ្តាប់​ធ្នាប់​និង​សន្តិសុខ​ ​ការ​អនុវត្ត​បទ​បញ្ញត្តិ​ យុតិ្តធម៌​ស៊ីវិល​ និង​យុត្តិធម៌​ព្រហ្មទណ្ឌ។​

ភ្នំពេញ៖ អង្គការគម្រោង​យុត្តិធម៌​ពិភពលោក​ (World Justice Project)​ បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ស្ថិត​ក្នុង​ប្រទេស​ដែល​មាន​«នីតិរដ្ឋ»​ តិចតួច​ក្នុង​ចំណោម​ប្រទេស​១១៣​ ​នៅ​ទូទាំងពិភពលោក​ សម្រាប់​ឆ្នាំ​២០១៧-២០១៨។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​ឲ្យ​ដឹង​ពី​សន្ទស្សន៍​នីតិរដ្ឋ​កាលពី​ចុងខែ​មករា​ ​ឆ្នាំ​២០១៨។​

កម្ពុជា​បាន​ទទួល​ចំណាត់ថ្នាក់​១១២​ ​ដែល​ជា​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ និង​ប៉ាស៊ីហ្វិក។បើ​ធៀប​នឹង​ចំណាត់​ថ្នាក់​ដែល​កម្ពុជា​បាន​ទទួល​កាល​ពី​ឆ្នាំ​២០១៦​គឺ​ប្រទេស​កម្ពុជា​បាន​ឈរ​នៅ​លើ​ប្រទេស​ ​វ៉េណេស៊ុយអេឡា​តែមួយ​ប៉ុណ្ណោះ​ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​១១៣។​ ប្រទេស​វ៉េណេស៊ុយអេឡា​ ​នៅ​ឆ្នាំ​២០១៧-២០១៨​ ​នេះនៅ​បន្ត​ទទួល​បាន​ចំណាត់​ថ្នាក់​១១៣​ ​ដដែល​គឺ​បន្ត​ស្ថិត​ក្រោម​ប្រទេស​កម្ពុជា។​

ការ​ផ្តល់​ចំណាត់​ថ្នាក់​របស់​ ​អង្គការគម្រោង​យុត្តិធម៌​ពិភពលោកត្រូវ​បាន​ធ្វើ​ទៅ​តាម​កត្តា​ចំនួន​៨ ​ដែល​រួមមាន​ ​ការ​ដាក់​កំហិត​លើ​អំណាច​រដ្ឋាភិបាល​ ​អវត្តមាន​នៃ​អំពើ​ពុក​រលួយ​ រដ្ឋាភិបាល​បើក​ទូលាយ​ សិទ្ធិ​មូល​ដ្ឋាន​ផ្សេងៗ​ សណ្តាប់​ធ្នាប់​និង​សន្តិសុខ​ ​ការ​អនុវត្ត​បទ​បញ្ញត្តិ​ យុតិ្តធម៌​ស៊ីវិល​ និង​យុត្តិធម៌​ព្រហ្មទណ្ឌ។​

លោក​ ​William Neukom​ ​ស្ថាបនិក​ និងជា​នាយក​ប្រតិបត្តិ​របស់​អង្គការគម្រោង​យុត្តិធម៌​ពិភព​លោក​ ត្រូវបាន​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖«នីតិរដ្ឋ​ដែល​មាន​ប្រសិទ្ធភាព​គឺ​ជា​មូលដ្ឋាន​នៃ​សង្គម​ដែល​មាន​សមធម៌​ ​ឱកាស​ ​និង​សន្តិភាព»។​

លោក​បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ថា​ ពុំ​មាន​ប្រទេស​ណាមួយ​អាច​ធ្វើ​ឲ្យ​មាននីតិរដ្ឋ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ក៏ប៉ុន្តែ​សន្ទស្សន៍​នីតិរដ្ឋ​នេះ​គឺ​ជា​ជំហាន​ដំបូង​ដើម្បី​កំណត់​ខ្នាត​គោល​ និង​បញ្ជាក់​ពី​កំណែ​ទម្រង់​នានា​ ក៏ដូច​ជា​ចែក​លក្ខខណ្ឌ​សម្រាប់​កម្ម​វិធី​ផ្សេងៗ​ ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​សារៈសំខាន់​នៃ​គ្រឹះ​នីតិរដ្ឋ។​

ក្នុង​ការ​ដាក់​ចំណាត់​ថ្នាក់​នីតិរដ្ឋ​ដោយអង្គការគម្រោង​យុត្តិធម៌​ពិភពលោក​នេះ​ ​យុត្តិធម៌​ស៊ីវិលនៅ​ប្រទេស​កម្ពុជា​បាន​ទទួលចំណាត់​ថ្នាក់​ទី​១១៣​ក្នុង​ចំណោម​១១៣​ប្រទេស​ ​ពោល​គឺ​គ្មាន​ការ​ប្រែ​ប្រួល​ទេ បើធៀប​នឹង​សន្ទស្សន៍​នីតិ​រដ្ឋ​កាលពី​ឆ្នាំ​ ​២០១៦-២០១៧។​

របាយ​ការណ៍​ស្តីពី​សន្ទស្សន៍​នីតិរដ្ឋ​របស់​អង្គការគម្រោង​យុត្តិធម៌​ពិភព​លោកក៏​បាន​ឲ្យ​ដឹង​ដែរថា ប្រទេស​ដាណឺម៉ាក​ ប្រទេស​ន័រវែស​ និង​ប្រទេស​ហ្វាំងឡង់​ បាន​ស្ថិត​ក្នុងចំណាត់ថ្នាក់​ទី​១​ ​ទី​២​ និង​ទី​៣​ បន្តបន្ទាប់​គ្នា​ ​ខណៈ​ដែល​ប្រទេស​បី​ផ្សេង​ទៀត​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​ រួមមាន​ប្រទេស​អាហ្វហ្គានីស្ថាន​ ​កម្ពុជា​ និង​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់ទី១១១ ទី១១២​ និង​ទី​១១៣​បន្ត​បន្ទាប់​គ្នា។​

ការ​ឱ្យ​ចំណាត់​ថ្នាក់​របស់​អង្គការ​គម្រោង​យុត្តិធម៌​ពិភព​លោក​មួយ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​បង្ក្រាប​ដ៏​ធ្ងន់ធ្ងរ​ដល់​គណ​បក្ស​ជំទាស់​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​អង្គភាព​ព័ត៌មាន​ដែល​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។​ ​មេ​ដឹកនាំ​គណ​បក្ស​ជំទាស់​ ​សកម្មជន​នយោបាយ​ ​បរិស្ថាន​ ​សិទ្ធិ​មនុស្ស​ រួម​ទាំង​អ្នក​សារព័ត៌មាន​ផង​ដែរ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ ​ក្រោម​រូបភាព​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​និង​ច្បាប់។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​ ជិន​ ម៉ាលីន​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ ទោះ​ជា​យ៉ាង​ណា​ លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ។​

លោក​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ៖​ «យើង​ខ្ញុំ​ ក្នុង​នាម​ជា​ប្រជាជន​កម្ពុជា​នេះ​ មិន​យក​តួលេខ​ មិន​យក​ចំណាត់​ថ្នាក់​ដាក់​លេខ​១០០​ប៉ុន្មាន​ លេខ​២០០​ប៉ុន្មាន​ទេ អត់​មាន​យក​អា​ហ្នឹង​ទេ។ បញ្ហា​សំខាន់ កត្តា​កំណត់​ វា​នៅ​លើ​សភាព​ការណ៍​ពិត​ជាក់​ស្តែង​នៅ​កម្ពុជា។ ​បើ​គាត់​និយាយ​ពី​សិទ្ធិមនុស្ស​ថា​ វា​ធ្លាក់​ដុនដាប​ តាម​ពិត​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ វា​មិន​ធ្លាក់​ដុនដាប​ទេ។ ​លទ្ធិ​ប្រជាធិបតេយ្យ​ គាត់​ថា​ ងាប់​បាត់​ទៅ​ហើយ​ ក៏ប៉ុន្តែ​បើ​លទ្ធិ​ប្រជាធិបតេយ្យ​ងាប់​បាត់​ទៅ​ហើយ​ ប្រជា​ពលរដ្ឋ​យើង​រស់នៅម៉េច​កើត?​ ១៥​លាន​នាក់​ជាង​ ឥឡូវ​ជិត១៦​លាន​នាក់​ គេ​រស់​ឲ្យ​សម្បូរសប្បាយ។ ​តើ​លទ្ធិ​ប្រជាធិបតេយ្យ​ស្លាប់​ទៅ​ម៉េច​កើត?​ អាហ្នឹង​វា​អីចឹង​ហើយ។​ អីចឹង​បាន​យើង​ខ្ញុំ​មិន​យក​តួលេខ​ចំណាត់​ថ្នាក់​ពី​អង្គការ​ណា​មួយ​ទេ»។​

អង្គការគម្រោង​យុត្តិ​ធម៌​ពិភព​លោក​ ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ ធ្វើ​ការ​ដើម្បី​ឲ្យ​មានវឌ្ឍន​ភាព​នៃ​ការ​កសាង​នីតិរដ្ឋ​នៅ​ពាស​ពេញ​ពិភព​លោក​ ​បាន​ពន្យល់​ថា​ នីតិរដ្ឋ​ដែល​មាន​ប្រសិទ្ធ​ភាព​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ជំងឺ​ ​និង​ការ​ពារ​ប្រជា​ពល​រដ្ឋ​ពី​ទម្រង់​តូច​ធំ​នៃ​អំពើ​អយុត្តិធម៌​ទាំងឡាយ។​ ​វា​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ ដែល​នាំ​ឲ្យ​មាន​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ផង​ដែរ៕
រូបថត​ពី​​គេហទំព័រ​ World Justice Project កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បង្ហាញ​ពី​ចំណាត់​ថ្នាក់​ទាប​របស់​កម្ពុជា។ (ថត​ពី​គេហទំព័រ worldjusticeproject.org)
Previous Post
Next Post

post written by:

0 ความคิดเห็น: