วันศุกร์ที่ 2 กุมภาพันธ์ พ.ศ. 2561

កម្ពុជា​ធ្លាក់​ចូល​ក្នុងចំណាត់ថ្នាក់​ជា​ប្រទេស​កាន់​របប​ផ្ដាច់ការកុម្មុយនីស្ត(បែបគ្រួសារនិយម)


ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​មាន​សភាព​តានតឹង និង​ធ្លាក់​ចុះ​កិត្យានុភាព​ជា​លំដាប់​នៅ​លើ​ឆាក​អន្តរជាតិ។ ការ​ធ្លាក់​ចុះ​នេះ រហូតដល់​ស្ថាប័ន​អន្តរជាតិ​មួយ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​ថា ចំណាត់ថ្នាក់​នេះ​មិន​ត្រឹមត្រូវ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់អំណាច គឺ​លោក សុខ ឥសាន្ត ច្រានចោល​ការ​វាយតម្លៃ​របស់​ស្ថាប័ន​អន្តរជាតិ​មួយ ដែល​ចាត់​ថ្នាក់​កម្ពុជា ជា​ប្រទេស​ផ្ដាច់ការ​នោះ មិន​មាន​ហេតុផល​ប្រាសចាក​ការពិត៖ «គ្មាន​ហេតុផល​ណា ដែល​ត្រូវ​វាយ​តម្លៃ​ថា រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​ដឹកនាំ​បែប​ផ្ដាច់ការ​ទេ។ តាមពិត មាន​ប្រជាធិបតេយ្យ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ លើកលែងតែ​អ្នក​ខុសច្បាប់ ល្មើសច្បាប់ អាហ្នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់»។

លោក​ផ្ដល់​ហេតុផល​ថា អ្វី​ដែល​បាន​កើត​ឡើង​ទាក់ទង​នឹង​គណបក្ស​នយោបាយ​ប្រឆាំង នៅ​ប្រទេស​កម្ពុជា​រហូតមកដល់​ពេលនេះ គឺជា​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ហៅថា សន្និដ្ឋិភាព។

រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់​ឃុំខ្លួន​លោក កឹម សុខា មេ​បក្ស​ប្រឆាំង ដោយ​ចោទប្រកាន់​ពី​បទ​សន្និដ្ឋិភាព ជា​អំពើ​ក្បត់ជាតិ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ១៥ ទៅ ៣០​ឆ្នាំ។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ជាច្រើន​វាយ​តម្លៃ​ថា វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​លើ​គណបក្សប្រឆាំង​នេះ ជា​ការ​ធ្វើ​ឲ្យ​របប​ប្រជាធិបតេយ្យ សេរី ពហុបក្ស​កម្ពុជា​ធ្លាក់​ចុះ។

ការ​ធ្លាក់​ចុះ​នេះ គឺ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើទុក្ខបុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស អ្នកកាសែត​ឯករាជ្យ អ្នកនយោបាយ​ប្រឆាំង ដោយ​ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ និង​មេ​បក្ស​ប្រឆាំង​ដាក់គុក រហូតដល់​រំលាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ​នេះ​តែម្ដង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

ការ​លើក​ហេតុផល​របស់​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ថា វិធានការ​ទាំង​លើ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​ឯករាជ ជា​ការ​អនុវត្ត​ច្បាប់ ត្រូវ​បាន​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបើតសុន (Phil Robertson) ថ្លែង​ថា វា​ច្បាស់​ណាស់​ដែល​ថា កម្ពុជា​ជា​ប្រទេស​ផ្ដាច់ការ៖ «ការ​រក​ឃើញ​របស់​អង្គការ Economist Intelligent Unit គឺ​ពិតជា​ត្រឹមត្រូវ។ អ្វី​ដែល​យើង​កំពុង​មើល​ឃើញ គឺ​កម្ពុជា​កំពុង​រអិល​យ៉ាង​លឿន​ចូល​ទៅ​​​​​​ក្នុង​របប​ផ្ដាច់ការ ដោយ​មានការ​កម្ទេច​ចោល​នូវ​គណបក្ស​ប្រឆាំង​តាមរយៈ​ការ​ឃុបឃិត​គ្នា​ជាមួយ​តុលាការ​មិន​ឯករាជ និង​ការ​បង្ក្រាប​អង្គការ​សង្គម​ស៊ីវិល​។ ស្ទើរ​គ្រប់​ជំហាន​ទាំងអស់​ដែល​កម្ពុជា​កំពុង​ឈាន​ទៅ​មុខ គឺ​ឆ្ពោះ​ទៅ​រក​ផ្លូវ​ខុស»។

របប​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ត្រូវ​បាន​ស្ថាប័ន​ស្រាវជ្រាវ​របស់​អ្នកសេដ្ឋកិច្ច The Economist Intelligence Unit's Index of Democracy ហៅ​កាត់​ថា អ៊ី​.​អៃ​.​យូ (EIU) ចាត់​ចូល​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៧ របស់​ខ្លួន​ថា ជា​ប្រទេស​កាន់​របប​ផ្ដាច់ការ និង​ឈាន​ទៅរក​ការដឹកនាំ​ប្រទេស​ដោយ​គណបក្ស​តែមួយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការវាយតម្លៃ​របស់ អ៊ី​.​អៃ​.​យូ មិនមែន​ជា​ការពិត​ទេ ពីព្រោះ​ក្រោយពេល​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​មួយ​ចំនួន​ហើយ ក៏​នៅ​មាន​គណបក្ស​នយោបាយ​ចំនួន ៣៥​ទៀត​នៅឡើយ។ លោក​ក៏​ចាត់ទុកថា ជា​ការ​វិភាគ​លម្អៀង​ផ្នែក​នយោបាយ ដែល​លើកឡើង​ថា គណបក្ស​ទាំងនោះ​ជា​បក្ស​បិទមុខ​ភាព​ឯកបក្ស ឬ​រណប​អោយ​គណបក្ស​កាន់អំណាច​នោះ៖ «រឿង​ផ្ដាច់ការ រឿង​ប្រជាធិបតេយ្យ​មិនមែន​នៅ​​​លើ​គាត់​ថា​ទេ វា​លើ​ចំពោះ​ប្រព្រឹត្ត​ជាក់ស្ដែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ បញ្ហា​មួយទៀត​សូម​ជម្រាប​ជូន​ថា បើ​គណបក្ស​ប្រជាជន​ដឹកនាំ​បែប​ផ្ដាច់ការ​ខ្ញុំ​យល់ថា មិន​ឋិតថេរ​ក្នុង​រយៈពេល​ជិត ៤០​ឆ្នាំ​ទេ។ យើង​ឃើញ​ហើយ​ថា ដឹកនាំ​យូរអង្វែង បាន​សេចក្ដី​ថា មាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ​បាន​យើង​ឋិតថេរ​បាន ពីព្រោះ​គណបក្ស​ប្រជាជន​កើត​ដោយ​ប្រជាជន ធ្វើការ​ដើម្បី​ប្រជាជន ហើយ​មានការ​រីកចម្រើន។ សំខាន់​លើ​ប្រជាជន ការ​ឋិតថេរ​របស់​គណបក្ស​ប្រជាជន​អាស្រ័យ​ដោយ​ការ​គាំទ្រ​ពី​ប្រជាជន»។

ចំពោះ​ការ​លើកឡើង​របស់​លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា ដែល​ច្រានចោល​របាយការណ៍​របស់​អង្គការ Economist Intelligent Unit នោះ លោក ហ្វីល រ៉ូប៊ើតសុន បកស្រាយ​ថា មន្ត្រី​គណបក្ស​កាន់អំណាច​មិនដែល​ឆ្លុះកញ្ចក់​មើលខ្លួន​ឯង​ទេ ពោល​តែងតែ​ទាត់ចោល ការ​រក​ឃើញ​របស់​អង្គការ​នានា ដោយ​មិន​ទាំង​បាន​អាន​របាយការណ៍​បែប​វិទ្យាសាស្ត្រ​របស់​គេ​ផង។ លោក មាន​ប្រសាសន៍​បន្ថែម​ថា អ្វី​ដែល​លោក សុខ ឥសាន ថ្លែង​នោះ គ្រាន់តែ​ជា​ពាក្យសម្ដី​ឃោសនា​ប៉ុណ្ណោះ៖ «អ្វី​ដែល​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​តែង​ព្យាយាម​និយាយ​ថា កម្ពុជា​កំពុង អនុវត្តន៍​នីតិរដ្ឋ​នោះ គឺ​គ្រាន់តែ​ជា​ការ​ប្រឹង​សម្ដែង​ការឃោសនា​របស់​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​។ វា​ច្បាស់​ណាស់​ថា អ្វី​ដែល​អ្នកនាំពាក្យ​រូប​នេះ​លើកឡើង​វា​គ្មាន​ការពិត​សោះ។ អ្នកដឹង​ទេ នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ ឮ​សម្ដី​ទាំងនេះ​ចេញពី​មាត់​គាត់ ពួកគេ​តែងតែ​សើចចំអក​អោយ»។

ស្ថាប័ន​ស្រាវជ្រាវ​របស់​អ្នកសេដ្ឋកិច្ច The Economist Intelligence Unit's Index of Democracy ហៅ​កាត់​ថា អ៊ី​.​អៃ​.​យូ (EIU) បាន​វាយតម្លៃ​លទ្ធិប្រជាធិបតេយ្យ​លើ​ប្រទេស​ចំនួន ១៦៧ លើ​ពិភពលោក ដោយ​ដាក់​ពិន្ទុ​ប្រទេស​នីមួយៗ តាម​លក្ខខណ្ឌ ៥​យ៉ាង គឺ​ទី​១ ថា​តើ​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​ឬទេ ទាំង​ដំណើរការ​បោះឆ្នោត និង​ពហុភាព ឬ​ពហុបក្ស? ទី​២ ដំណើរការ​របស់​រដ្ឋាភិបាល ថា​តើ​ប្រព្រឹត្តទៅ​ក្រោម​ការ​ត្រួតពិនិត្យ និង​មាន​តុល្យភាព​អំណាច​ឬទេ (checks and balances)? ទី​៣ ថា​តើ​ពលរដ្ឋ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូលរួម​នយោបាយ​ឬទេ​? ទី​៤ តើ​ពលរដ្ឋ​គាំទ្រ​រដ្ឋាភិបាល​របស់​គេ​ទេ​? និង​ទី​៥ ថា​តើ​ពលរដ្ឋ​ពេញចិត្ត​នឹង​សេរីភាព​បញ្ចេញមតិ ដែល​កំពុង​មាន​នេះ​ទេ​? ហើយ​ប្រទេស​កម្ពុជា ឋិត​នៅ​លេខ​រៀង​ទី​១២៤។ ចំណាត់ថ្នាក់​កម្ពុជា​ធ្លាក់​ចុះ ១២​ថ្នាក់ ពី​តារាង​ឆ្នាំ ២០១៦។

ស្ថាប័ន EIU ក៏​ដាក់​ពិន្ទុសរុប​ពី​លេខ ០ (​សូន្យ​) ថា​គ្មាន​ប្រជាធិបតេយ្យ ឬ​ផ្ដាច់ការ ទៅ​លេខ ១០ ដែល​មាន​ប្រជាធិបតេយ្យ​ពេញលេញ​។​

តាម​ការពិនិត្យ​លក្ខខណ្ឌ​ទាំង ៥ មានតែ​ប្រទេស​ដែល​ទទួល​បាន​ចាប់ពី ៨ ឡើង​ទៅ​ទេ ទើប​ត្រូវ​បាន​គេ​ចាត់​ថា ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ។ ដោយឡែក​ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ត្រឹម ៣.៦៣​ប៉ុណ្ណោះ។

ការ​ដាក់​ពិន្ទុ​ធ្វើ​ចំណាត់ថ្នាក់​ប្រទេស​ទាំងនេះ គឺ​ស្ថាប័ន EIU ពិនិត្យ​ជា​សំខាន់​លើ​ដំណើរការនយោបាយ​របស់​ប្រទេស​ទាំងនេះ ថា​តើ​អនុវត្ត​ទៅ​ដោយ​របៀប​ណា។ របាយការណ៍​ស្ថាប័ន EIU ក៏បាន​បង្ហាញ​ដែរ​ថា មាន​ពលរដ្ឋ​តិច​ជាង ៥% ដែល​កំពុង​រស់​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​ពេញលេញ៕ (ប្រភព៖ វិទ្យុអាស៊ីសេរី)





Previous Post
Next Post

post written by:

0 ความคิดเห็น: