លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ប្រសិនបើមានប្រទេសណាមួយ បិទមិនឲ្យកម្ពុជានាំចូលទំនិញ កម្ពុជាក៏នឹងបិទទំនិញមិនឲ្យប្រទេសនោះ នាំទំនិញចូលកម្ពុជាដូចគ្នាដែរ។
ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្រោយដែលមន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានប្រាប់អាស៊ីសេរីថា ប្រទេសចំនួន ២៨ក្នុងសហភាពអឺរ៉ុបនឹងចេញសេចក្ដីសម្រេចមួយនៅចុងខែកុម្ភៈខាងមុខនៅប្រទេសប៊ែលហ្សិក (Belgium) ដើម្បីប្រើវិធានការក្ដៅក្នុងការដាក់ទណ្ឌកម្មខាងវិស័យកាត់ដេរ ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន។
លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក សេដ្ឋកិច្ចបើកចំហរ ការនាំទំនិញចេញចូលត្រូវបង់ពន្ធដូចគ្នា និងដើម្បីបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ លោក បន្តថា កម្ពុជានាំចេញទំនិញទៅក្រៅប្រទេស រួមមានទៅថៃ និងចិន មានបរិមាណតិចជាងការនាំចូល៖ «យើងសព្វថ្ងៃនេះ យើងនាំចូលទៅគេ យើងបង់ពន្ធ គេក៏ទទួលផលប្រយោជន៍ពីការនាំចេញរបស់យើងដែរ ហើយយើងក៏ទទួលផលប្រយោជន៍ពីការនាំចូលវិញដែរ។ យើងក៏ជាប្រជាជាតិមួយដែលមានកម្លាំងទិញ មិនតូចទេ ខ្ញុំឧទាហរណ៍ប្រទេសថៃ ទំហំពាណិជ្ជកម្មនាំចូលពីថៃមកកម្ពុជា ជាង៤ពាន់លាន ហើយយើងនាំចេញទៅថៃ ទើបតែបានជិត ១ពាន់លាន ប៉ុណ្ណោះ។ ប៉ុន្តែសួរថា យើងទិញពីថៃច្រើនម៉េះ ម៉េចមិនធ្វើឲ្យមានតុល្យភាព ការធ្វើដូចនេះ វាមិនទាន់ទៅរួចទេ»។
ក៏ប៉ុន្តែ លោក ហ៊ុន សែន មិនបានបញ្ជាក់ច្បាស់លាស់អំពីការនាំទំនិញសំលៀកបំពាក់ ក្នុងវិស័យកាត់ដេរ ចេញទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលត្រូវបានរួចពន្ធរាប់រយលានដុល្លារក្នុងមួយឆ្នាំៗនោះឡើយ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបើតសិន (Phil Robertson) អះអាងថា ក្រៅពីសហគមន៍អឺរ៉ុប ក្រុមសមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិកវិញ ក៏នឹងបញ្ចេញច្បាប់មួយដែរ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យស្តារស្ថានការណ៍នយោបាយឲ្យមានសភាពធម្មតា ឡើងវិញ រួមមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ការរំលាយគណបក្សសង្គ្រោះជាតិ ជាដើម៖ «អ្វីដែលខ្ញុំបានដឹងនៅពេលនេះគឺក្រុមសមាជិកព្រឹទ្ធសភាអាមេរិកាំង ទាំងពីរគណបក្សរួមមានលោក ចន ម៉ាកឃែន (John MacCain) លោក ប៊ែន ខាដិន (Ben Cardin) និងលោក ឌីក ឌឺប៊ិន (Dick Durbin) នឹងធ្វើច្បាប់ពិសេសមួយដើម្បីដាក់ទណ្ឌកម្មដល់លោក ហ៊ុន សែន។ ច្បាស់ណាស់ទៅហើយ លោក ហ៊ុន សែន គ្មានប្រជាប្រិយភាព ហើយក៏គ្មានសម្ពន្ធមិត្តណាមួយក្នុងរដ្ឋសភានោះទេ ដោយបុរសម្នាក់ នេះគាត់ជាជនផ្ដាច់ការ ជាជើងកាង ជាមេរំលោភសិទ្ធិមនុស្ស ហើយបុរសម្នាក់សមនឹងទទួលនូវទណ្ឌកម្ម។ ចំណែកសហគមន៍អឺរ៉ុប វិញក៏កំពុងរៀបចំវិធានការជាក់លាក់ទៅរដ្ឋាភិបាលកម្ពុជាដែរ។ ក្រុមប្រឹក្សាអចិន្ត្រៃយ៍របស់សហគមន៍អឺរ៉ុបនឹងចេញសេចក្ដីសម្រេចរបស់ខ្លួនមួយ នៅចុងខែកុម្ភៈខាងមុខ ដែលជាវិធានក្ដៅទៅលើរដ្ឋាភិបាល លោក ហ៊ុន សែន តែម្ដង»។
លោក ហ៊ុន សែន ក៏បានទទួលស្គាល់ថា កម្ពុជាមិនទាន់មានលទ្ធភាពផលិតទំនិញនាំចេញរបស់កម្ពុជា ជាមួយប្រទេសមួយចំនួន ឲ្យមានតុល្យភាពបានទេ ដោយសារទំនិញកម្ពុជានាំចេញ ភាគច្រើន គឺជាផលិតផលកសិកម្ម៕ (ប្រភព៖ អាស៊ីសេរី)
0 ความคิดเห็น: