วันเสาร์ที่ 4 กรกฎาคม พ.ศ. 2569

តុលាការ ICC កោះហៅ​តំណាង​រដ្ឋាភិបាល​ក្រៅប្រទេស ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ថៃ ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម

តុលាការICC កោះហៅ​តំណាង​រដ្ឋាភិបាល​ក្រៅប្រទេស ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ថៃ ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម

មន្ត្រី​រដ្ឋាភិបាល​និរទេស​ឲ្យ​ដឹង​ថា រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហៅ​កាត់​ថា (ICC) បាន​កោះហៅ​តំណាង​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលា​ឲ្យ​ទៅ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ពាក្យបណ្ដឹង ដែល​រដ្ឋាភិបាល​ឯករាជ្យ​២៣​តុលា បាន​ប្ដឹង​ភាគី​ថៃ​អំ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ តំណាង​រដ្ឋាភិបាល ឯករាជ្យ​២៣​តុលា ចាត់ទុកថា នេះ​ជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះ​ពី​សង្គ្រាម​ឈ្លានពាន​កន្លង​ទៅ។អ្នកឃ្លាំមើល​កម្ពុជា​ថា ពលរដ្ឋ​ខ្មែរ​គួរ​សាទរ​នូវ​ដំណឹង​នេះ ហើយ​ត្រូវ​រួមគ្នា​ដើម្បី​ទឹកដី​កម្ពុជា មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ។

ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អស់​រយៈពេល​៥​ខែ​រួម​មក ខាង​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​កោះហៅ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ឲ្យ​ទៅ​ជួប​ដើម្បី​ជជែក​ពាក់ព័ន្ធ​នឹង​បណ្ដឹង ដែល​បាន​ប្ដឹង​មេដឹកនាំ​ថៃ និង​យោធា​ថៃ អំពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយសារ​យោធា​ថៃ​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់​អន្តរជាតិ​ជាច្រើន​ទៅលើ សាលារៀន ផ្ទះសម្បែង និង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ស្លាប់​ទាំង​ចាស់ ទាំង​ក្មេង ជាច្រើន​នាក់។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០២ ខែ​កក្កដា​ថា រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​កោះហៅ​តំណាង​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​និង​មេធាវី​អន្តរជាតិ​អោយ​ទៅ​ជួប​នៅ​ចុងខែ​សីហា​ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ទី​ក្រុង​ឡាអេ ប្រទេស​ហូឡង់​អំពី​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ដែល​បាន​ប្តឹង​មេដឹកនាំ​ថៃ​និង​មេដឹកនាំ​យោធា​ថៃ​ទៅ ICC កាលពី​ខែកុម្ភៈ ស្ដីពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​យោធា​ថៃ​បាន​ទម្លាក់​គ្រាប់បែក​លើ​ជនរងគ្រោះ​ខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរ​និង​សាលារៀន ជាដើម​។ លោក​ថា នេះ​ជា​ជំ​ហ៊ាន​ដំបូង និង​ជា​ដំណឹង​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​តុលាការអន្តរជាតិ​មួយ​នេះ ចាប់អារម្មណ៍​នឹង​ពាក្យបណ្ដឹង​របស់​ពួក​លោក ហើយ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា នឹង​យក​ភស្តុតាង​ទៅ​បង្ហាញ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កោះហៅ​មេដឹកនាំ​ថៃ និង​មេ​យោធា​ថៃ មក​សាកសួរ និង​ឈាន​ដល់​ប្រកាស​សាលក្រម។

លោក អ៊ុំ សំអាន៖ «ប្រសិនបើ​យើង​បង្ហាញ​ភស្តុតាង​ឯកសារ​គ្រប់គ្រាន់ តុលាការ​អាច​នឹង​បើក​ការស៊ើបអង្កេត នឹង​ចោទប្រកាន់​មេដឹកនាំ​ថៃ ហើយ​បើកសវនាការ កាត់ក្ដី​ទៅលើ​រឿង​នឹង មេដឹកនាំ​យោធា​ថៃ នឹង​សង​សំណង​មកដល់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ជនរងគ្រោះ នឹង​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ប្រាសាទខ្មែរ​ជាដើម យើង​សង្ឃឹមថា​អាច​ទទួល​បាន​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ប្រទេស​ខ្មែរ ហើយក៏​ជា​ការ​ទប់ស្កាត់​ថៃ​មិន​ឲ្យ​ឈ្លានពាន​ទឹកដី​ខ្មែរ​បន្ថែម​ទៀត»។

លោក អ៊ុំ សំអាន អះអាង​ទៀត​ថា រដ្ឋាភិបាល​របស់​លោក នឹង​ទាមទារ​សំណង​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​បាត់បង់​ទ្រព្យសម្បត្តិ​វិញ​ទាំងអស់ និង​ទាមទារ​ទឹកដី​ដែល​យោធា​ថៃ​កំពុង​កាន់កាប់​ត្រឡប់មកវិញ​។ លោក​ថា ការដែល​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ដាក់​ពាក្យបណ្ដឹង​នេះ ដោយសារតែ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ហាក់​គ្មាន​ឆន្ទៈ​ប្ដឹង​ភាគី​ថៃ​ទៅ​តុលាការអន្តរជាតិ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​៤ ខែ​កុម្ភៈ​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា សម្រេច​ដាក់​បណ្តឹង​ជា​ផ្លូវការ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល របស់​លោក ហ៊ុន ម៉ាណែត ទទួល​ខុសត្រូវ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នា​ពេល​កន្លងមក​។ ការ​ដាក់​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាលនោះ ធ្វើឡើង​តាមរយៈ​មេធាវី​អន្តរជាតិ​។​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា បញ្ជាក់​ថា ចំពោះ​រដ្ឋាភិបាល និង​កងទ័ព​ថៃ ត្រូវ​ទទួល​ខុសត្រូវ​លើ​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​ថៃ ដូចជា​ការវាយប្រហារ​លើ​គោលដៅ​ជន​ស៊ីវិល និង​ទៅលើ​គោលដៅ​យោធា​ដែល​បង្ក​ការខូចខាត​ដល់​ជន​ស៊ីវិល​ច្រើន​លើសលប់។ បន្ថែម​ពី​នេះ កងទ័ព​ថៃ ត្រូវ​ទទួលខុសត្រូវ​លើ​ការប្រើប្រាស់​អាវុធ​ធន់​ធ្ងន់ គ្រាប់បែក​ចង្កោម និង​អាវុធ​គីមី ដែល​បំពាន​អនុសញ្ញា​អន្តរជាតិ ហើយ​បាន​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​ជីវិត និង​សុខភាព​របស់​កងទ័ព​កម្ពុជា និង​ជន​ស៊ីវិល រួម​ទាំង​កុមារ​ផង បំផ្លាញ​ផ្ទះសម្បែង​ពលរដ្ឋ អាគារ​សាធារណ​: សាលារៀន មន្ទីរពេទ្យ និង​ប្រាសាទបុរាណ​ខ្មែរ​ដូចជា​ប្រាសាទព្រះវិហារ និង​ប្រាសាទ​តា​ក្របី​ជាដើម។

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត វិញ ពួកគេ ត្រូវ​ទទួលខុសត្រូវ​លើ​ផ្នែក​ឧក្រិដ្ឋកម្ម​លើ​ជន​ស៊ីវិល​ដែល​ត្រូវ​បាន​ជួញដូរ​និង​ឃុំខ្លួន នៅក្នុង​មជ្ឍ​មណ្ឌល​ឆបោក ក្រោម​ការ​ការពារ​ដោយ​រដ្ឋ ដោយ​មូលហេតុ​ទុក​ឲ្យ​ពួកគេ​ប្រឈម​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​ខុសច្បាប់​។ ទោះបីជា​បានដឹង​ពី​ការវាយប្រហារ​របស់​ក​ង​ទ័ព​ថៃ​ក្តី ក៏​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិនបាន​ជម្លៀស​ជន​ស៊ីវិល​ទាំងនោះ ចេញពី​មជ្ឈមណ្ឌល​ឆបោក​ឡើយ។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គួរ​នាំគ្នា​សាទរ​នូវ​ដំណឹង​នេះ ដើម្បី​រួមគ្នា​ការពារ​ទឹកដី មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ ហើយ​លោក​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា ធ្វើ​កិច្ច​ការងារ​ទាំងអស់​នេះ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កោះហៅ​ភាគី​ថៃ មក​សារ​សួរ រហូតដល់​ជម្រះក្ដី​ក្ដាំ​មួយ​នេះ។

លោក​ថា ប្រសិនបើ​ករណី​សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ដល់ដៃ​ប្រធាន​តុលាការ រួច​កោះហៅ​ភាគី​ថៃ ពីរ​ទៅ​បី​ដង ដើម្បី​ចូល​បំភ្លឺ ហើយ​ភាគី​ថៃ​មិន​ព្រម​ចូល នៅ​ពេល​នោះ​គឺ​រដ្ឋាភិបាល​ក្រៅប្រទេស​មួយ​នេះ​នឹង​ឈ្នះក្ដី។

លោក ម៉ែន ណាត«សំណុំរឿង​នេះ​វា​មាន​ផល​វិជ្ជមាន​សម្រាប់​ភាគី​កម្ពុជា មិន​ចំពោះ​ភាគី​រដ្ឋាភិបាល​ក្រៅប្រទេស​នោះ​ទេ ឲ្យ​តែ​ជា​បណ្ដឹង ប្ដឹង​ថៃ​ដែល​ឈ្លានពាន​កម្ពុជា​នឹង ជា​វិជ្ជមាន​សម្រាប់​ខ្មែរ​យើង​ទាំងអស់ ហើយ​បងប្អូន​ខ្មែរ​យើង​ចូលរួម​ត្រេកអរ​ទៅ ហើយ​លើកទឹកចិត្ត​ទៅដល់​ក្រុមការងារ​ដាក់ពាក្យ​បណ្ដឹង​នឹង កុំ​ប្រកាន់​និន្នាការ​នយោបាយ នាំ​តែ​សៅម៉ង​ដល់​ជាតិ ខណៈ​ពេល​ដែល​កម្ពុជា​រង​ការឈ្លានពាន​ពី​ភាគី​ថៃ​យ៉ាងនេះ»។

បច្ចុប្បន្ន​ទឹកដី​ខ្មែរ​ជាច្រើន​ទីតាំង ដែល​ភាគី​ថៃ​បាន​កាន់កាប់ ដោយ​ខុសច្បាប់ រាប់​តាំងពី​ដែនសមុទ្រ រហូតដល់​ដែន​គោក អស់​រយៈពេល​១​ឆ្នាំ​មកនេះ ភាគី​ថៃ​បាន​បម្លែង​ទីតាំង​នោះ ឱ្យ​ក្លាយជា​តំបន់ របស់​យោធា​ថៃ និង​របស់​ប្រទេស​ថៃ ជា​អចិន្ត្រៃយ៍ ដូចជា​ការ​កសាង​មូលដ្ឋាន​កងទ័ព តំបន់​ទី​គោរព​បូជា មាន​ដូចជា ព្រះពុទ្ធ​បដិមា​ជាច្រើន​កន្លែង និង​សាងសង់​ផ្លូវ​បេតុង​ខ្វាត់ខ្វែង នៅ​តាម​ជូរ​ភ្នំ​ដងរែក តំបន់​បឹង​ត្រកួន​ខេត្តបន្ទាយមានជ័យ និង​តំបន់​ថ្មដា ខេត្តពោធិ៍សាត់ ជាដើម ដើម្បី​ឱ្យ​ងាយស្រួល​ក្នុង​ចល័ត​ទ័ព និង​បើកបរ​រថពាសដែក​។ រីឯ នៅ​តាម​បន្ទាត់​ព្រំដែន​វិញ តំបន់​ខ្លះ​ភាគី​ថៃ​បាន​សាងសង់ របង​បេតុង កម្ពស់​ជិត​៣​ម៉ែត្រ ពង្រាយ​កុងតឺន័រ និង ជីក​ប្រឡាយ ដែល​មាន​ជម្រៅ​ជ្រៅ ដើម្បី​ការពារ​កុំឱ្យ​រថពាសដែក​ឬ រថក្រោះ​ខ្មែរ អាច​ឆ្លងកាត់​បាន ៕

👉ចុចស្ដាប់សំឡេង