តុលាការICC កោះហៅតំណាងរដ្ឋាភិបាលក្រៅប្រទេស ទៅបំភ្លឺពាក់ព័ន្ធនឹងការប្តឹងថៃ ពីឧក្រិដ្ឋកម្មសង្គ្រាម
មន្ត្រីរដ្ឋាភិបាលនិរទេសឲ្យដឹងថា រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិហៅកាត់ថា (ICC) បានកោះហៅតំណាងរដ្ឋាភិបាលឯករាជ្យ២៣តុលាឲ្យទៅបំភ្លឺ ពាក់ព័ន្ធនឹងពាក្យបណ្ដឹង ដែលរដ្ឋាភិបាលឯករាជ្យ២៣តុលា បានប្ដឹងភាគីថៃអំពីបទឧក្រិដ្ឋកម្មសង្គ្រាម។ តំណាងរដ្ឋាភិបាល ឯករាជ្យ២៣តុលា ចាត់ទុកថា នេះជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរដែលរងគ្រោះពីសង្គ្រាមឈ្លានពានកន្លងទៅ។អ្នកឃ្លាំមើលកម្ពុជាថា ពលរដ្ឋខ្មែរគួរសាទរនូវដំណឹងនេះ ហើយត្រូវរួមគ្នាដើម្បីទឹកដីកម្ពុជា មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ។
ក្រោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អស់រយៈពេល៥ខែរួមមក ខាងរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ បានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ឲ្យទៅជួបដើម្បីជជែកពាក់ព័ន្ធនឹងបណ្ដឹង ដែលបានប្ដឹងមេដឹកនាំថៃ និងយោធាថៃ អំពីបទឧក្រិដ្ឋកម្មសង្គ្រាម ដោយសារយោធាថៃបានប្រើប្រាស់អាវុធខុសច្បាប់អន្តរជាតិជាច្រើនទៅលើ សាលារៀន ផ្ទះសម្បែង និងបានធ្វើឲ្យពលរដ្ឋខ្មែរស្លាប់ទាំងចាស់ ទាំងក្មេង ជាច្រើននាក់។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០២ ខែកក្កដាថា រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានកោះហៅតំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលានិងមេធាវីអន្តរជាតិអោយទៅជួបនៅចុងខែសីហាឆ្នាំ២០២៦ នៅទីស្នាក់ការតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ប្រទេសហូឡង់អំពីបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលបានប្តឹងមេដឹកនាំថៃនិងមេដឹកនាំយោធាថៃទៅ ICC កាលពីខែកុម្ភៈ ស្ដីពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលយោធាថៃបានទម្លាក់គ្រាប់បែកលើជនរងគ្រោះខ្មែរ ផ្ទះសម្បែង ប្រាសាទខ្មែរនិងសាលារៀន ជាដើម។ លោកថា នេះជាជំហ៊ានដំបូង និងជាដំណឹងល្អសម្រាប់ពលរដ្ឋខ្មែរ ដែលតុលាការអន្តរជាតិមួយនេះ ចាប់អារម្មណ៍នឹងពាក្យបណ្ដឹងរបស់ពួកលោក ហើយរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងយកភស្តុតាងទៅបង្ហាញបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ កោះហៅមេដឹកនាំថៃ និងមេយោធាថៃ មកសាកសួរ និងឈានដល់ប្រកាសសាលក្រម។
លោក អ៊ុំ សំអាន៖ «ប្រសិនបើយើងបង្ហាញភស្តុតាងឯកសារគ្រប់គ្រាន់ តុលាការអាចនឹងបើកការស៊ើបអង្កេត នឹងចោទប្រកាន់មេដឹកនាំថៃ ហើយបើកសវនាការ កាត់ក្ដីទៅលើរឿងនឹង មេដឹកនាំយោធាថៃ នឹងសងសំណងមកដល់ពលរដ្ឋខ្មែរដែលជាជនរងគ្រោះ នឹងធ្វើឲ្យខូចខាតផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ ប្រាសាទខ្មែរជាដើម យើងសង្ឃឹមថាអាចទទួលបានយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរ ក៏ដូចជាប្រទេសខ្មែរ ហើយក៏ជាការទប់ស្កាត់ថៃមិនឲ្យឈ្លានពានទឹកដីខ្មែរបន្ថែមទៀត»។
លោក អ៊ុំ សំអាន អះអាងទៀតថា រដ្ឋាភិបាលរបស់លោក នឹងទាមទារសំណងជូនពលរដ្ឋខ្មែរដែលបាត់បង់ទ្រព្យសម្បត្តិវិញទាំងអស់ និងទាមទារទឹកដីដែលយោធាថៃកំពុងកាន់កាប់ត្រឡប់មកវិញ។ លោកថា ការដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាដាក់ពាក្យបណ្ដឹងនេះ ដោយសារតែរដ្ឋាភិបាលត្រកូលហ៊ុន ហាក់គ្មានឆន្ទៈប្ដឹងភាគីថៃទៅតុលាការអន្តរជាតិនោះឡើយ។
កាលពីថ្ងៃទី៤ ខែកុម្ភៈកន្លងទៅ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា សម្រេចដាក់បណ្តឹងជាផ្លូវការទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដើម្បីទាមទារឲ្យរដ្ឋាភិបាលថៃ និងរដ្ឋាភិបាល របស់លោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្គ្រាមនាពេលកន្លងមក។ ការដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិកាលនោះ ធ្វើឡើងតាមរយៈមេធាវីអន្តរជាតិ។រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បញ្ជាក់ថា ចំពោះរដ្ឋាភិបាល និងកងទ័ពថៃ ត្រូវទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មសង្គ្រាម ដែលប្រព្រឹត្តដោយកងទ័ពថៃ ដូចជាការវាយប្រហារលើគោលដៅជនស៊ីវិល និងទៅលើគោលដៅយោធាដែលបង្កការខូចខាតដល់ជនស៊ីវិលច្រើនលើសលប់។ បន្ថែមពីនេះ កងទ័ពថៃ ត្រូវទទួលខុសត្រូវលើការប្រើប្រាស់អាវុធធន់ធ្ងន់ គ្រាប់បែកចង្កោម និងអាវុធគីមី ដែលបំពានអនុសញ្ញាអន្តរជាតិ ហើយបានបង្កមហន្តរាយធ្ងន់ធ្ងរដល់ជីវិត និងសុខភាពរបស់កងទ័ពកម្ពុជា និងជនស៊ីវិល រួមទាំងកុមារផង បំផ្លាញផ្ទះសម្បែងពលរដ្ឋ អាគារសាធារណ: សាលារៀន មន្ទីរពេទ្យ និងប្រាសាទបុរាណខ្មែរដូចជាប្រាសាទព្រះវិហារ និងប្រាសាទតាក្របីជាដើម។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ឲ្យដឹងដែរថា ចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត វិញ ពួកគេ ត្រូវទទួលខុសត្រូវលើផ្នែកឧក្រិដ្ឋកម្មលើជនស៊ីវិលដែលត្រូវបានជួញដូរនិងឃុំខ្លួន នៅក្នុងមជ្ឍមណ្ឌលឆបោក ក្រោមការការពារដោយរដ្ឋ ដោយមូលហេតុទុកឲ្យពួកគេប្រឈមនឹងការបំផ្ទុះគ្រាប់បែកខុសច្បាប់។ ទោះបីជាបានដឹងពីការវាយប្រហាររបស់កងទ័ពថៃក្តី ក៏រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានជម្លៀសជនស៊ីវិលទាំងនោះ ចេញពីមជ្ឈមណ្ឌលឆបោកឡើយ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា ប្រជាពលរដ្ឋខ្មែរគួរនាំគ្នាសាទរនូវដំណឹងនេះ ដើម្បីរួមគ្នាការពារទឹកដី មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ ហើយលោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ធ្វើកិច្ចការងារទាំងអស់នេះបន្ថែមទៀត ដើម្បីជំរុញឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC កោះហៅភាគីថៃ មកសារសួរ រហូតដល់ជម្រះក្ដីក្ដាំមួយនេះ។
លោកថា ប្រសិនបើករណីសំណុំរឿងនេះបានបញ្ជូនទៅដល់ដៃប្រធានតុលាការ រួចកោះហៅភាគីថៃ ពីរទៅបីដង ដើម្បីចូលបំភ្លឺ ហើយភាគីថៃមិនព្រមចូល នៅពេលនោះគឺរដ្ឋាភិបាលក្រៅប្រទេសមួយនេះនឹងឈ្នះក្ដី។
លោក ម៉ែន ណាត៖ «សំណុំរឿងនេះវាមានផលវិជ្ជមានសម្រាប់ភាគីកម្ពុជា មិនចំពោះភាគីរដ្ឋាភិបាលក្រៅប្រទេសនោះទេ ឲ្យតែជាបណ្ដឹង ប្ដឹងថៃដែលឈ្លានពានកម្ពុជានឹង ជាវិជ្ជមានសម្រាប់ខ្មែរយើងទាំងអស់ ហើយបងប្អូនខ្មែរយើងចូលរួមត្រេកអរទៅ ហើយលើកទឹកចិត្តទៅដល់ក្រុមការងារដាក់ពាក្យបណ្ដឹងនឹង កុំប្រកាន់និន្នាការនយោបាយ នាំតែសៅម៉ងដល់ជាតិ ខណៈពេលដែលកម្ពុជារងការឈ្លានពានពីភាគីថៃយ៉ាងនេះ»។
បច្ចុប្បន្នទឹកដីខ្មែរជាច្រើនទីតាំង ដែលភាគីថៃបានកាន់កាប់ ដោយខុសច្បាប់ រាប់តាំងពីដែនសមុទ្រ រហូតដល់ដែនគោក អស់រយៈពេល១ឆ្នាំមកនេះ ភាគីថៃបានបម្លែងទីតាំងនោះ ឱ្យក្លាយជាតំបន់ របស់យោធាថៃ និងរបស់ប្រទេសថៃ ជាអចិន្ត្រៃយ៍ ដូចជាការកសាងមូលដ្ឋានកងទ័ព តំបន់ទីគោរពបូជា មានដូចជា ព្រះពុទ្ធបដិមាជាច្រើនកន្លែង និងសាងសង់ផ្លូវបេតុងខ្វាត់ខ្វែង នៅតាមជូរភ្នំដងរែក តំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យ និងតំបន់ថ្មដា ខេត្តពោធិ៍សាត់ ជាដើម ដើម្បីឱ្យងាយស្រួលក្នុងចល័តទ័ព និងបើកបររថពាសដែក។ រីឯ នៅតាមបន្ទាត់ព្រំដែនវិញ តំបន់ខ្លះភាគីថៃបានសាងសង់ របងបេតុង កម្ពស់ជិត៣ម៉ែត្រ ពង្រាយកុងតឺន័រ និង ជីកប្រឡាយ ដែលមានជម្រៅជ្រៅ ដើម្បីការពារកុំឱ្យរថពាសដែកឬ រថក្រោះខ្មែរ អាចឆ្លងកាត់បាន ៕
.jpg)
.jpg)
.jpg)
0 comments: