សង្គមស៊ីវិលបារម្ភចំពោះយុវជនជំនាន់ថ្មីដែលអាចប្រព្រឹត្តខុសឆ្គងនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់-Valentine's day
សង្គមស៊ីវិលបារម្ភចំពោះយុវជនជំនាន់ថ្មីដែលអាចប្រព្រឹត្តខុសឆ្គងនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់-Valentine's day
យុវវ័យមួយចំនួនបានផ្លាស់ប្ដូរផ្នត់គំនិត ដោយចាត់ទុកថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ថាជាថ្ងៃសម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់តែដៃគូស្នេហាឡើយ។ ប៉ុន្តែសង្គមស៊ីវិលនៅតែព្រួយបារម្ភចំពោះយុវជនជំនាន់ថ្មី ដែលអាចនឹងពុំទាន់ជ្រួតជ្រាបច្បាស់ពីបញ្ហានេះនៅឡើយ នាំឲ្យយុវតីរងគ្រោះដោយការបោកប្រាស់ឲ្យទទួលយកការរួមភេទមុនរៀបការ បោះបង់ចោលការសិក្សា មានវិបត្តិផ្លូវចិត្ត ឬអាចឈានដល់ការសម្លាប់ខ្លួនជាដើម។
មន្ត្រីសង្គមស៊ីវិលធ្វើការផ្នែកស្ត្រីសង្កេតឃើញថា យុវជនភាគច្រើនបានយល់ដឹងពីអត្ថន័យថ្ងៃនៃក្ដីស្រឡាញ់ ១៤ កុម្ភៈ ប៉ុន្តែពួកគេនិយមយកថ្ងៃនេះគឺជាថ្ងៃដែលត្រូវបង្ហាញក្ដីស្រឡាញ់ដល់ដៃគូស្នេហាដោយការជូនផ្កា ឬកាដូ ជួបជុំគ្នាទទួលទានអាហារ និងគ្រឿងស្រវឹង ហើយបបួលគ្នាដើរលេងជាដើម។
លេខាធិការនៃបណ្ដាញយេនឌ័រ និងអភិវឌ្ឍន៍ និងជានាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា ហ្គេតស៊ី (GAD/C) អ្នកស្រី រស់ សុភាព មានប្រសាសន៍ថា ឥរិយាបថនេះធ្វើឲ្យអ្នកស្រីព្រួយបារម្ភពីយុវជនយុវតីដែលមានវ័យក្មេងខ្ចីនៅឡើយភ្លើតភ្លើន និងអាចពុំទាន់ជ្រួតជ្រាបពីការអប់រំផ្សព្វផ្សាយចំពោះឥរិយាបថខុសឆ្គងដែលនាំឲ្យពួកគាត់ខូចអនាគត និងប្រព្រឹត្តប្រាសចាកប្រពៃណី។
អ្នកស្រីអំពាវនាវឲ្យយុវជនយុវតីត្រូវចេះវិភាគ និងគិតពិចារណាដោយខ្លួនឯងឲ្យបានច្បាស់លាស់ដោយការទទួលខុសត្រូវមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ពីព្រោះសេចក្ដីសម្រេចចិត្តមួយពេលមានសារសំខាន់ណាស់សម្រាប់ជីវិតទៅថ្ងៃអនាគត៖ «មុននឹងយើងដាក់សេចក្ដីស្រលាញ់ទៅបុរសណាដែលយើងស្រលាញ់ត្រូវគិតថា បុរសនោះមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើដែលគាត់បានប្រព្រឹត្តកុំឲ្យឆាប់ជឿទៅលើការលួងលោមរបស់បុរស ឬមនុស្សប្រុសដែលប្រើពាក្យលួងលោមដោយយកឱកាសនេះមកដាក់សម្ពាធទៅលើការសម្រេចចិត្តរបស់ខ្លួន បើសិនថាខ្លួនយល់ថា មិនទាន់មានសមត្ថភាពក្នុងការទទួលខុសត្រូវនូវការសម្រេចចិត្តដែលព្រមស្រលាញ់ ឬក៏ព្រមរួមភេទនៅពេលនេះទេ យើងអាចមិនទទួលយកអ្វីដែលបុរសសំណូមពរមកយើង ឬដាក់សម្ពាធមកយើង»។
ថ្ងៃទី១៤ ខែ កុម្ភៈ ជាបុណ្យនៃក្ដីស្រឡាញ់ ដែលសង្គមខ្មែរធ្លាប់យល់ច្រឡំថា ជាថ្ងៃបុណ្យសង្សារ។ ជាច្រើនឆ្នាំកន្លងមកនេះភាគីពាក់ព័ន្ធចាត់ទុកវេលានេះថា មានហានិភ័យខ្ពស់សម្រាប់យុវជន ជាពិសេសយុវតី ប្រសិនបើពួកគេមិនបានពិចារណាអោយបានគ្រប់ជ្រុងជ្រោយជាមុន ឬមិនបានយល់អត្ថន័យពិតនៃពិធីបុណ្យនេះ។
បើទោះជាយ៉ាងណាគិតមកដល់ពេលនេះ ទស្សនរបស់យុវជនចំពោះថ្ងៃទី១៤ ខែកុម្ភៈ បានផ្លាស់ប្ដូរច្រើន។ ប៉ុន្តែបញ្ហាប្រឈមនៅតែមានបើការអប់រំ ផ្សព្វផ្សាយអោយយល់ដឹងពីបញ្ហានេះមិនបានពេញលេញដល់យុវជនជំនាន់ថ្មី។
អ្នកសម្របសម្រួលផ្នែកតស៊ូមតិ និងយុទ្ធនាការបណ្ដាញការងារស្ត្រីរួបរួមគ្នា អ្នកស្រី ចាន់ សោភណ្ឌ័ មានទស្សនៈថា ការបង្ហាញសេចក្ដីស្រលាញ់ដល់នរណាម្នាក់ គឺជាសិទ្ធិសេរីភាពរបស់មនុស្សរៀងៗ ខ្លួន។ អ្នកស្រីវាយតម្លៃថា យុវវ័យប្រមាណជា ៥០% ទៅ ៧០% បានយល់ដឹងពីការប្រារព្ធថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ ប៉ុន្តែយុវវ័យមួយចំនួននៅតែគិតថា ថ្ងៃនេះជាថ្ងៃពិសេសដែលគេអបអរថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដែលធ្វើឲ្យការសម្រេចចិត្តមួយចំនួនបានខុសដោយសារការលួងលោម និងការបោកប្រាស់របស់ភាគីបុរសៗ។
តែទោះជាយ៉ាងណា មិនថាថ្ងៃពិសេសនេះ ឬរៀងរាល់ថ្ងៃទេ អ្នកស្រីចង់ឲ្យយុវតី ឬយុវជន បង្ហាញសេចក្ដីស្រលាញ់ឲ្យគ្នាដោយភាពថ្លៃថ្នូរ ប្រកបដោយការត្រិះរិះពិចារណា គោរពគ្នា និងការទទួលខុសត្រូវ៖ «មើលអំពីភាពខុសគ្នាកាលពីជំនាន់ខ្ញុំនៅវ័យជំទង់នោះគឺមានភាពខុសគ្នាច្រើនដោយសារឥឡូវគាត់មានការយល់ដឹងច្រើន។ បើនិយាយអំពីរឿងផ្ទះសំណាក់អីហ្នឹង ឥឡូវហ្នឹងវាកាត់បន្ថយច្រើនហើយ ព្រោះគាត់យល់ថា សេចក្ដីស្រលាញ់មិនមែនបង្ហាញតែមួយថ្ងៃហ្នឹងទេ ដែលត្រូវពលីដែលត្រូវផ្ដល់ឲ្យគ្នាតែមួយថ្ងៃនេះទេ។ គ្រាន់តែជាពេលវេលាប្រារព្ធអាចមានកាដូជូនគ្នា មានការទទួលទានអាហារជុំគ្នា ជាការបង្ហាញ ប៉ុន្តែអ្វីៗគឺនៅក្នុងចិត្ត។ និយាយទៅតាំងពី ១០ឆ្នាំមុនមកដល់ឥឡូវរំលឹកគេជជែកបញ្ហានេះច្រើនហើយ ជាពិសេសបំផុតគឺការរីករាលដាលនៃជំងឺអេដស៍ គេបានផ្សព្វផ្សាយជាច្រើន។ យើងនៅតែបន្តអប់រំពួកគាត់អ្នកជំនាន់ក្រោយចេះតែកើតមក ហើយការទទួលបានព័ត៌មាន ១០០% ទេ ពេលខ្លះក៏ឆកល្វេងដែរ»។
អ្នកស្រី រស់ សុភាព បានផ្ដល់ដំបូន្មានដល់យុវតីថា ប្រសិនជាយុវតីជ្រុលជ្រួសទៅដល់ការឆ្លងកាត់ការរួមភេទមុនរៀបការ ឬមានផ្ទៃពោះ យុវតីមិនត្រូវសម្រេចចិត្តដោយធ្វើទារុណកម្មដាក់សម្ពាធលើខ្លួនឯង ឬឈានដល់ការធ្វើអត្តឃាតខ្លួនឯងឡើយ។
អ្នកស្រីបានផ្ដល់ឱវាទដូច្នេះ៖ «ត្រូវរកវិធីដោះស្រាយដោយស្មារតីមួយទទួលខុសត្រូវវាជាទង្វើដែលយើងបានធ្វើ ហើយត្រូវតែទទួលខុសត្រូវសម្រាប់ជីវិតរបស់យើង ពីព្រោះជីវិតយើងទម្រាំឆ្លងផុតបានធំធាត់មកប៉ុណ្ណេះ គ្រួសារបានចំណាយធនធានមកលើខ្លួនរបស់យើងច្រើនណាស់ ពិសេសម្ដាយបានពរពោះ បានបង្កើតយើងមករហូតដល់ជីវិតរបស់គាត់ក៏មិនខ្លាចផង។ ជាធនធានមួយរបស់សង្គម»។
ថ្ងៃបុណ្យនៃក្ដីស្រឡាញ់ ១៤ ខែកុម្ភៈ ជាការកំណត់របស់មនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិក។ នៅក្នុងប្រតិទិននៃពិធីបុណ្យក្នុងសាសនាគ្រិស្តថ្ងៃទី១៤ ខែកុម្ភៈ គឺជាទិវា វ៉ាឡង់ទីន ឬវ៉ាឡិនថាញ ដេយ៍ (Valentine’s Day) ដែលឧទ្ទិសបូជាសេចក្ដីស្រឡាញ់ដល់បព្វជិត សេន វ៉ាឡិនថាញ (Saint Valentines)។ បព្វជិត សេន វ៉ាឡិនថាញ ជាបព្វជិតដ៏ល្បីឈ្មោះម្នាក់ ជាជនជាតិរ៉ូម៉ាំង ដែលបានបម្រើព្រះចៅអធិរាជរ៉ូម៉ាំងទី២ ឈ្មោះ ខ្លូតឌៀស (Claudius) នៅក្នុងសតវត្សទី៣។ ព្រះចៅអធិរាជ ខ្លូតឌៀស បានឈ្វេងយល់ឃើញថា ទាហានដែលពូកែច្បាំងគឺជាទាហានដែលនៅលីវមិនទាន់រៀបការ ដោយលោកបានចេញច្បាប់ហាមប្រាមមិនអោយយុវវ័យរៀបការដោយតម្រូវអោយពួកគេចូលបម្រើកងទ័ពសិន នៅពេលប្រទេសជាតិត្រូវការ។ បព្វជិត វ៉ាឡិនថាញ យល់ថា ច្បាប់នេះមានភាពអយុត្តិធម៌ចំពោះមនុស្ស ហើយក៏មិនគោរពតាម ដោយបានបន្តរៀបចំពិធីផ្សំផ្គុំប្រោះព្រំរៀបការអោយបុរសនារីក្មេងៗ។ អធិរាជ ខ្លូតឌៀស ជ្រាបអំពីទង្វើបព្វជិត វ៉ាឡិនថាញ ក៏បានចាប់បព្វជិត វ៉ាឡិនថាញ ទៅដាក់គុកអស់មួយជីវិត។
ឯកសារផ្សេងទៀតសរសេរថា លោក វ៉ាឡិនថាញ អាចត្រូវបានសម្លាប់ នៅថ្ងៃទី១៤ កុម្ភៈ ដោយសារតែការប៉ុនប៉ងជួយគ្រិស្តសាសនិក រត់គេចចេញពីពន្ធនាគារក្នុងយុគសម័យរ៉ូម ដ៏សាហាវ ជាទីដែលត្រូវវាយធ្វើទារុណកម្ម។ បន្ទាប់មក មនុស្សម្នាជាច្រើនបានកោតសរសើរដល់សេចក្ដីក្លាហានរបស់លោក វ៉ាឡិនថាញ នេះ ដែលហ៊ានប្រឆាំងនឹងរាជបញ្ជារបស់ព្រះចៅអធិរាជ ខ្លូតឌៀស ដើម្បីជួយអោយគូស្នេហ៍វ័យក្មេងបានស្រឡាញ់គ្នា។ តាំងពីពេលនោះមក ថ្ងៃ១៤ កុម្ភៈ ត្រូវបានគេឧទ្ទិសបូជាសម្រាប់សេចក្ដីស្រឡាញ់។ មិនយូរប៉ុន្មានថ្ងៃនោះត្រូវបានមនុស្សទូទៅនាំគ្នាផ្ញើសារនៃសេចក្ដីស្រឡាញ់ឲ្យគ្នាទៅវិញទៅមក ហើយលោក វ៉ាឡិនថាញ បានក្លាយជានិមិត្តរូបនៃសេចក្ដីស្រឡាញ់សម្រាប់គូស្នេហ៍បង្ហាញសេចក្ដីស្រឡាញ់ទៅកាន់អ្នកជាទីស្រឡាញ់ មិត្តភ័ក្ដិ ដោយផ្ញើពាក្យកាព្យ ជូនកាដូ ផ្កា និងវត្ថុផ្សេងៗឲ្យគ្នាជាដើម។
ពាក់ព័ន្ធនឹងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ របាយការណ៍មួយចំនួនទាក់ទងនឹងឥរិយាបថយុវជនក្នុងថ្ងៃនៃក្ដីស្រឡាញ់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះបង្ហាញថា យុវជនភាគច្រើនមានទំនោររួមស្នេហា ឬឈានដល់រួមភេទ ពេលខ្លះទៀតរៀបចំឲ្យបានរួមភេទ ដោយចាប់បង្ខំយុវតីជាដៃគូក៏មាន។ ភាគច្រើននៃយុវជនទាំងនោះហើយមិនចង់ប្រើស្រោមអនាម័យ ដែលក្នុងនោះក្មេងស្រី ប្រឈមនឹងមានផ្ទៃពោះទាំងវ័យក្មេង និងឆ្លងជំងឺផ្សេងៗទៀត។
នាយិកាប្រតិបត្តិអង្គការហ្គេតស៊ី (GAD/C) អ្នកស្រី រស់ សុភាព ថ្លែងថា ក្នុងឱកាសនេះ អ្នកស្រីក៏ស្នើឲ្យមាតាបិតា ឬអាណាព្យាបាល ត្រូវចូលរួមអប់រំ និងតាមដានកូនចៅ។ ប៉ុន្តែប្រសិនបើពួកគេបានជ្រុលជ្រួស និងសម្រេចចិត្តខុសហើយ មាតាបិតា ឬអាណាព្យាបាលគួរកុំស្ដីបន្ទោស ឬដាក់បន្ទុកចំពោះស្ត្រី និងក្មេងស្រី ពីព្រោះកូនប្រុសក៏ជាចំណែកធំដែលនាំឲ្យមានបញ្ហានេះឡើង។
អ្នកស្រីបញ្ជាក់ថា គួរប្រើវិធីលួងលោម និងណែនាំគាត់ឲ្យមានភាពរឹងមាំក្នុងជីវិត មានការងារ មានមុខរបរ ដើម្បីនឹងឲ្យនាងអាចកែខៃជីវិតឲ្យមានភាពប្រសើរឡើងវិញ៖ «ខ្ញុំសូមអំពាវនាវដល់សង្គមទាំងមូល ក៏ដូចជាមាតាបិតា បងបង្អូនញាតិមិត្តសន្ដានទាំងអស់កុំឲ្យយកសម្ពាធនំមិនធំជាងនាឡិ ឬក៏ថាមានកូនស្រីដូចមានក្រឡប្រហុកនៅមុខផ្ទះអីហ្នឹង កុំឲ្យយកមកអនុវត្តទៀត ពីព្រោះទង្វើដែលកើតឡើងជាទង្វើរួមរបស់បុរសនិងស្ត្រី។ យើងយើងគួរមានវិធានការលើកទឹកចិត្តជួយដោះស្រាយស្ត្រី និងក្មេងស្រីដែលគាត់កំពុងជួបប្រទះកុំឲ្យគាត់បាក់ទឹកចិត្ត និងធ្លាក់ទឹកចិត្ត។ គាត់ជាធនធានមួយដ៏ល្អ ហើយការខុសឆ្គងក្នុងឆាកគឺជាមេរៀន ជាបទពិសោធន៍ដើម្បីយើងបន្តកសាងជីវិតនិងសង្គមយើងទៅមុខទៀត»។
មន្ត្រីអង្គការសង្គមស៊ីវិលជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងអប់រំយុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើម កុំបង្អង់ដៃក្នុងការអប់រំផ្សព្វផ្សាយពីបញ្ហានេះដល់យុវជនជំនាន់ថ្មី។ ទន្ទឹមនឹងគ្នានេះ ពលរដ្ឋក្នុងសង្គមគួរឲ្យប្រើប្រាស់ថ្ងៃនេះ ធ្វើអ្វីដែលពិសេស គឺការផ្ដល់នូវសេចក្ដីស្រលាញ់ដល់មាតាបិតា អ្នកមានគុណ ផ្ដល់ការបរិច្ចាគឈាម ធ្វើមូលនិធិសប្បុរសធម៌ ឬការចែករំលែកចំណីអាហារដល់អ្នកខ្វះខាតជីវភាពវិញ៕
ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
0 ความคิดเห็น: