วันเสาร์ที่ 24 กุมภาพันธ์ พ.ศ. 2561

របាយការណ៍​ទីភ្នាក់ងារ​កិច្ចការ​សម្ងាត់​​អាមេរិក​​ថា​​​លោក​ ​ហ៊ុន សែន​​បង្រ្កាប​ស្ថាប័ន​ប្រជាធិបតេយ្យ​ដើម្បី​បន្ត​អំណាច-DNI report claims hun sen crackdown on democracy to hold on power.

របាយការណ៍​​របស់​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​សហ​រដ្ឋ​អាមេរិក​​​​ស្តីពី​ការ​គំរាម​កំហែង​នៅ​ទូទាំង​ពិភព​លោក​ ​ចេញ​កាលពី​ថ្ងៃ​ទី​១៣ ​​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​។ (ថត​ពី​គេហទំព័រ dni.gov)
របាយការណ៍​ទីភ្នាក់ងារ​កិច្ចការ​សម្ងាត់​​អាមេរិក​​ថា​​​លោក​ ​ហ៊ុន សែន​​បង្រ្កាប​ស្ថាប័ន​ប្រជាធិបតេយ្យ​ដើម្បី​បន្ត​អំណាច-DNI report claims hun sen crackdown on democracy to hold on power.

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​ប្រាប់ ​VOA ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ​របាយការណ៍​របស់​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​សហរដ្ឋ​អាមេរិក​ ​មិន​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​បច្ចុប្បន្ន​របស់​កម្ពុជា​នោះ​ទេ។

ភ្នំពេញ៖ ភ្នាក់ងារ​ផ្នែក​កិច្ច​ការ​សម្ងាត់​របស់​សហ​រដ្ឋ​អាមេរិកបាន​បញ្ចេញ​របាយ​ការណ៍​មួយ​ ​ដែល​បង្ហាញ​ថា​ ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​នឹង​បង្ក្រាប​ស្ថាប័ន​ប្រជា​ធិបតេយ្យ​ ​សង្គម​ស៊ីវិលដើម្បី​ធានា​ថា​ លោក​អាចបន្តកាន់​អំណាច​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។​

របាយការណ៍​របស់​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​សហ​រដ្ឋ​អាមេរិកស្តីពី​ការ​គំរាម​កំហែង​នៅ​ទូទាំង​ពិភព​លោក​ ​ចេញ​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ឆ្នាំ​២០១៨​ ​បាន​លើកឡើង​អំពី​បញ្ហា​ផ្សេងៗលើ​ពិភព​លោក​ ​ដែល​កំពុង​គំរាម​កំហែង​សហ​រដ្ឋ​អាមេរិក។​ ​របាយ​ការណ៍ដែល​មាន​កម្រាស់​២៨​ទំព័រ​នោះបាន​រៀប​រាប់​អំពី​ប្រទេស​ជាច្រើន​ ​ដែលក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ។​
លោក​ Daniel Coats​ នាយក​ផ្នែកកិច្ចការ​សម្ងាត់ជាតិ​អាមេរិក​ ​បានលើក​ឡើងក្នុងរបាយ​ការណ៍​នោះ​ថា​ ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​សិទិ្ធ​មនុស្ស​ ​ក្នុង​ប្រទេស​នៅ​តំបន់អាស៊ីអាគ្នេយ៍​ជាច្រើននៅតែ​មាន​ភាព​ផុយ​ស្រួយ​ក្នុង​ឆ្នាំ​២០១៨​ ​ដោយសារ​តែ​ការ​រីករាល​ដាល​នៃ​និន្នាការ​ស្វ័យភាព​ ​ការ​រីក​រាល​ដាល​អំពើ​ពុករលួយ​ ​និង​បក្ខពួក​និយម។​ ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​តស៊ូ​ក្នុង​ការ​រក្សា​ស្វ័យភាព​នយោបាយ​ការ​បរទេស​ ​នៅ​ចំពោះ​មុខ​ការ​បង្ខិត​បង្ខំ​ផ្នែក​សេដ្ឋកិច្ច​ ​និង​ការទូត​ពី​សំណាក់​ប្រទេស​ចិន»។​

សម្រាប់​កម្ពុជា​ ​លោក​ Daniel Coats​ លើកឡើង​ថា​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បង្ក្រាប​ស្ថាប័ន​ប្រជាធិបតេយ្យ​ ​និង​សង្គម​ស៊ីវិល ​និង​ប្រើប្រាស់​ស្ថាប័ន​រដ្ឋាភិបាល​ ​ប្រព័ន្ធ​តុលាការ​ ​ប្រើ​ប្រាស់ភាព​ជា​ចៅហ្វាយ​ ​ព្រមទាំង​អំពើហិង្សា​ផ្នែក​នយោបាយ​ ​ដើម្បី​ធានា​ថា​ ​លោក​អាច​បន្ត​ដឹកនាំ​កម្ពុជា​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​
របាយ​ការណ៍ជា​ភាសា​អង់គ្លេស​ ​និង​ប្រែ​សម្រួល​ក្រៅ​ផ្លូវការ​ជា​ភាសា​ខ្មែរ​ដោយ​ ​VOA​ ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​«ដោយ​បាន​ឃ្លាត​ឆ្ងាយ​ពី​ដៃគូ​លោក​ខាងលិច​ ​លោក​ ​ហ៊ុន សែន​នឹង​ពឹង​ផ្អែក​លើ​ការ​គាំទ្រ​ផ្នែក​នយោបាយ​ ​និង​ហិរញ្ញ​វត្ថុ​របស់​ក្រុង​ប៉េកាំង ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​ខិត​ទៅ​ជិត​ប្រទេស​ចិន»។​

លោក សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​បាន​ប្រាប់ ​VOA ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ​របាយការណ៍​របស់​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​សហរដ្ឋ​អាមេរិក​ ​មិន​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​បច្ចុប្បន្ន​របស់​កម្ពុជា​នោះ​ទេ។ ​លោក​បន្ថែម​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​យន្តការ​ច្បាប់​ក្នុង​ការ​បង្រ្កាប​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ ​ហើយថា ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ឡើង​កាន់​អំណាច​ដោយមាន​ការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ត្រឹម​ត្រូវ។​
លោក​មាន​ប្រសាសន៍​ថា៖​ «មិន​ផ្សារ​ភ្ជាប់​នឹង​តថភាព​សង្គម​កម្ពុជា​ដែល​កំពុង​កើត​ឡើងបច្ចុប្បន្ន​ទេ។ ​គាត់​កាន់​ជើង​អា​ខេមបូឌា​ ដេលី​កាន់​ជើង​អាស៊ីសេរី។​ អាហ្នឹង​សុទ្ធ​តែ​គ្នា​គាត់​ទេតើ!​ ​បើ​ពួក​ហ្នឹង​ធ្វើ​ខុស​ច្បាប់​ គាត់​ថា​ ធ្វើ​ត្រូវ​ច្បាប់។​ វា​យ៉ាង​ម៉េច​ទៅ? ​មិន​លម្អៀង? ​មិន​កាន់​ជើង? ​វា​មិន​ខុស​អី​ដូច​ពាក្យ​សម្តី​របស់​កឹម សុខា​និយាយ​ទេ​ថា​ អាហ្នឹង ​CIA ​ហ្នឹង​តាម​រយៈ ​NDI ​តាម​រយៈ ​IRI ​ដែល​មក​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា ធ្វើម៉េច​លើក​តម្កើង​ពួក​បក្ស​ប្រឆាំង ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា»។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​កន្លង​ទៅ​ ​កម្ពុជា​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​រិះគន់​ថា​ ​កំពុង​ដឹកនាំតាម​បែប​ឯកបក្ស​ ​និង​កំពុង​ងាក​ទៅ​ចាប់​យក​ប្រទេស​ចិន​កុម្មុយនីស្តជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិតស្និទ្ធ​ ​ដោយ​ច្រាន​ប្រទេស​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​ឲ្យកាន់​តែ​ឆ្ងាយ​ពី​ខ្លួន។​
លោក​ មាស នី​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ ​លើក​ឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​កំពុងមាន​ការ​ព្រួយបារម្ភអំពី​ការ​បាត់បង់អំ​ណាច​ ​ក្រោយលទ្ធផល​នៃ​ការ​បោះឆ្នោតកាលពី​ឆ្នាំ២០១៣​ ​និង​ឆ្នាំ​២០១៧​ ​ដែល​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកថយ​ចុះ​ការ​គាំទ្រ​ខ្លាំង។​ ​លោក​បន្ថែម​ថា​ ​ការ​បារម្ភ​នេះ​បាន​ធ្វើឲ្យរដ្ឋាភិបាល​ចាប់​ផ្តើម​រឹតត្បិត​សង្គម​ស៊ីវិល ​និង​គណបក្ស​នយោបាយ តាម​រយៈ​ការ​បង្កើត​ និង​កែ​ច្បាប់​មួយ​ចំនួន​ជា​ដើម។

លោក​ ​មាស នី​ ​បន្ថែម​ថា​ របាយ​ការណ៍​របស់​អាមេរិក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​កម្ពុជា​ត្រូវ​បណ្តា​ប្រទេសប្រជា​ធិបតេយ្យ​ធំៗក្នុង​ពិភព​លោកមើល​មក​ក្នុង​ផ្លូវ​អវិជ្ជមាន។​

លោក​បញ្ជាក់​ថា៖​ «កាលណា​អាមេរិក​មួយ​គេ​មើល​មកយើង​ក្នុង​ផ្លូវ​មិន​ល្អ​ហើយ​គឺ​ពួក​បស្ចឹម​ប្រទេស​ហ្នឹង​គេ​ក៏​នឹងចាប់​ផ្តើម​មើល​មក​ដូច​គ្នា​ដែរ។​ អាហ្នឹង​វា​ជា​រឿង​ធម្មតា​របស់​ពួក​បស្ចឹមប្រទេស​ហ្នឹង​ ​គឺ​គេ​តែង​នាំ​គ្នា​សម្លឹង​មើល​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ។ ​ហើយកាលណា​តែ​យើង​មាន​បញ្ហាគឺ​ខាង​ហ្នឹង​គេ​នឹង​រួបរួម​គ្នា​ដើម្បី​ធ្វើ​កិច្ចការ​អីមួយ​នា​ថ្ងៃ​ខាង​មុខ។ ​ហើយ​ពិសេស​ការ​ដាក់​សម្ពាធ​ ​ដាក់​អី​ហ្នឹង​ ​យើង​ក៏​កំពុង​ចាំមើល​ដែរ​ ​ថា​តើ​គេ​នឹង​ដាក់​ធ្ងន់​ប៉ុណ្ណា​តទៅ​ទៀត។ ​យើង​អត់​ទាន់​ដឹង យើង​គ្រាន់​តែ​ចាំមើល»។​
រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ពាក្យ«ក្បត់ជាតិ»​ក្នុង​ការរំលាយ​គណបក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​ការ​ចាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ ​និង​ព្យូរ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ​៥​ឆ្នាំ។​ ​ចំណែក​ស្ថាប័ន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​ព្រម​ទាំង​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន​ទៀត​ដែល​តែង​ផ្សាយ​ពី​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ ​ត្រូវ​បិទ​ការផ្សាយ​ ​និង​បង្ខំ​ចិត្ត​បិទ​ទ្វារ។​

រដ្ឋាភិបាល​ក៏​បាន​ផ្សព្វផ្សាយ​ជា​បន្ត​បន្ទាប់​នូវ​ឯកសារ​ ​និង​វីដេអូ​មួយ​ចំនួន​ ដែលនិយាយ​អំពីបដិវត្តន៍​ពណ៌ ​ដោយចោទថា​ ​ស្ថាប័ន​សង្គម​ស៊ីវិល​ជាច្រើន​ដែល​ធ្វើការ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ ​និង​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា ​ព្រមទាំង​ស្ថាប័ន​ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​អំពី​ភាព​អវិជ្ជ​មាន​របស់​រដ្ឋាភិបាល​ជា​ច្រើន​ គឺ​ជាអ្នកគាំទ្រ​សកម្ម​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រដ្ឋា​ភិបាល​ចោទ​ថា​ ​«ជា​សកម្ម​ភាពក្បត់​ជាតិ»។​
ក្រោយ​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង​ ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​និង​អន្តរ​ជាតិ​ជា​ច្រើន​ ​បានរិះគន់​រដ្ឋាភិបាលជា​បន្ត​បន្ទាប់។​ ​ពួក​គេ​បាន​បង្ហាញ​ការ​បារម្ភ​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​ចំណែក​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាត់​ទុក​ថា​ ​សកម្មភាព​ទាំង​នេះ​ជា​ការ​បង្ហាញ​ថា​ ​គណ​បក្ស​កាន់​អំណាច​កំពុង​បារម្ភ​អំពី​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នាខែ​កក្កដា​ខាង​មុខ៕

ប្រភព៖ វីអូអេខ្មែរ
Previous Post
Next Post

post written by:

0 ความคิดเห็น: