วันจันทร์ที่ 12 กุมภาพันธ์ พ.ศ. 2561

ប្រកាសដាច់អហង្ការ៖ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​គាំទ្រ​ការ​រៀបចំ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា-CNRP not recorgnizes upcoming senate election


ប្រកាសដាច់អហង្ការ៖ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​គាំទ្រ​ការ​រៀបចំ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា-CNRP not recorgnizes upcoming senate election

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​យ៉ាង​ដាច់អហង្ការ​មិន​គាំទ្រ​ចំពោះ​ការ​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ខាង​មុខ​នេះ។ គណបក្ស​នេះ​អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បញ្ចប់​វិបត្តិ​នយោបាយ​បច្ចុប្បន្ន ដោយ​ឈរ​លើ​ស្មារតី​រួបរួម និង​ផ្សះផ្សា​ជាតិ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើត​ឲ្យ​មាន​នូវ​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ឡើង​វិញ​ដូច​ក្នុង​អំឡុង​ឆ្នាំ​២០១៥ ឆ្ពោះ​ទៅ​រក​ការ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី យុត្តិធម៌ និង​ស្មើភាព។

​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ លើក​ឡើង​ពី​ហេតុផល​ចម្បងៗ​ចំនួន​៣ ដែល​នាំ​ឲ្យ​គណបក្ស​នេះ​ប្រកាស​មិន​គាំទ្រ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​នេះ។ ហេតុផល​ទាំង​នេះ​រួម​មាន សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ អង្គ​បោះឆ្នោត ដែល​មាន​អ្នក​តំណាងរាស្ត្រ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ពុំ​មែន​ជា​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​ពិតប្រាកដ និង​ចុង​ក្រោយ​គឺ​អវត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ​តែម្ដង ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​កម្ពុជា និង​មាន​អាសនៈ​នៅ​រដ្ឋ​សភា ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ-​សង្កាត់។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល គ.ជ.ប ដែល​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​សុទ្ធតែ​ជា​ក្រុម​មន្ត្រី​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​អំពី​ការ​រៀបចំ​ដំណើរ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ដែល​នឹង​មាន​គណបក្ស​នយោបាយ​តែ ៤ គណបក្ស ចូលរួម​ប្រកួតប្រជែង ក្នុង​នោះ​រួម​មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ សម្រាប់​នីតិកាល​ថ្មី​ទី​៤​នេះ ព្រឹទ្ធ​សភា មាន​សមាជិក​សរុប ៦២​រូប ក្នុង​នោះ ២​រូប ត្រូវ​បាន​ចាត់​តាំង​ដោយ​ព្រះមហាក្សត្រ និង ២​រូប​ទៀត ជ្រើសតាំង​ដោយ​រដ្ឋសភា ខណៈ​ដែល​សមាជិក​ក្រៅ​ពី​នេះ​ត្រូវ​ជ្រើសតាំង​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​អសកល។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​មិន​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ​ឡើយ ក្រោយ​ពី​គណបក្ស​របស់​លោក​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដោយ​ជោគជ័យ។ ការ​បោះឆ្នោត​នេះ ត្រូវ​មតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ធ្វើ​ឡើង​ដើម្បី​ជា​ការ​បង្គ្រប់កិច្ច និង​ជា​ពិធីការ​តែប៉ុណ្ណោះ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធានា​ជ័យជម្នះ​របស់​ខ្លួន​រួច​ជា​ស្រេច​នៅ​មុន​ការ​បោះឆ្នោត ដោយសារ​តែ​គណបក្ស​នេះ​បាន​គាស់​រម្លើង​លទ្ធិប្រជាធិបតេយ្យ​ទាំង​ស្រុង​តាមរយៈ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ការ​បង្កើត​ប្រព័ន្ធ​ច្បាប់​ដើម្បី​ធានា​ជ័យជម្នះ​ជា​និរន្ត​របស់​ខ្លួន និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នក​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕




ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: