วันเสาร์ที่ 3 กุมภาพันธ์ พ.ศ. 2561

បទ​វិភាគ៖ ហេតុអ្វី​បាន​ជា​គណបក្ស​កាន់​អំណាច​បង្កើន​ចំនួន​គណៈ​មជ្ឈិម​បក្ស?-Why-CPP-increases-their-central-committee-members


គណបក្ស​ប្រជាជន​កម្ពុជា ទើប​បាន​បង្កើន​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្ដាល ឬ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​របស់​ខ្លួន​ឡើង​ដល់​ជិត ៩០០​នាក់។ ក្នុង​សន្និបាត​វិសាមញ្ញ​របស់​បក្ស​ដើម​ឆ្នាំ​២០១៨ នេះ បក្ស​កាន់​អំណាច​បាន​បញ្ជាក់​ថា ការ​ដំឡើង​ឋានៈ​មន្ត្រី​បក្ស​ជាង ៣០០​នាក់​បន្ថែម​ទៀត​ក្នុង​ជួរ​បក្ស គឺ​ជា​ការ​ចាំបាច់​សមស្រប​តាម​កាលៈទេសៈ​នយោបាយ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

តើ​ការ​ចាំបាច់​អ្វី​ទៅ​ដែល​គណបក្ស​កាន់​អំណាច​ត្រូវ​បំប៉ោង​ចំនួន​សមាជិក​គណៈមជ្ឈិម​បក្ស​របស់​ខ្លួន​អោយ​ធំ​ហួស​មាឌ​បែប​នេះ?

គណបក្ស​ប្រជាជន​កម្ពុជា ក្ដាប់​អំណាច​ស្រុក​ខ្មែរ​ជិត ៤០​ឆ្នាំ​មក​ហើយ។ បក្ស​នេះ​រីក​ធំធាត់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​ការ​ប្រមូល​យក​ធនធាន​ក្នុង​ប្រទេស ដូចជា​តាម​រយៈ​បណ្ដាញ​ពង្រឹង​អំណាច​ទាំង​នយោបាយ យោធា និង​សេដ្ឋកិច្ច។ តាំង​ពី​បាន​ឡើង​ធ្វើ​ជា​មេ​បក្ស​ថ្មី​បន្ទាប់​ពី​លោក ជា ស៊ីម លោក ហ៊ុន សែន បញ្ចូល​កម្លាំង​ថ្មី​រាប់​រយ​នាក់​ក្នុង​សមាជិក​មជ្ឈិម​បក្ស ដែល​ធ្វើ​ឲ្យ​ចំនួន​សមាជិក​មជ្ឈិម​បក្ស​កើន​ឡើង​រហូត​ដល់ ៨៦៥​នាក់ បន្ទាប់​ពី​មហា​សន្និបាត​វិសាមញ្ញ​បក្ស​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា កន្លង​ទៅ។ ចំនួន​នេះ គឺ​ច្រើន​ជាង​សមាជិក​រាជរដ្ឋាភិបាល​ទៅ​ទៀត។ ការ​បង្កើន​ចំនួន​គណៈ​មជ្ឈិម​បក្ស​នេះ អាច​បណ្ដាល​មក​ពី​មូលហេតុ​សំខាន់​ធំៗ​ចំនួន​២ រួម​មាន  ការ​ពង្រឹង​អំណាច​ក្នុង​បក្ស​របស់​មេៗ​គ្រាក់ៗ​ដុះ​ស្នឹម និង​ការ​ត្រៀម​ទប់​ទល់​នឹង​ស្ថានការណ៍​ខាង​ក្រៅ។

​ទោះបីជា​គេ​ខំ​បង្ហាញ​ពី​ខាង​ក្រៅ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សាមគ្គីភាព​ផ្ទៃក្នុង​រឹងមាំ​ក៏ដោយ តាំង​ពី​ឆ្នាំ​១៩៩៣ មក គណបក្ស​ប្រជាជន​មាន​សែ​ពីរ​ធំៗ​គឺ ម្ខាង​ក្រុម​របស់​លោក ហ៊ុន សែន ដែល​ជា​អនុ​ប្រធាន​បក្ស  និង​ម្ខាង​ទៀត​ជា​ក្រុម​របស់​លោក ជា ស៊ីម ដែល​ជា​ប្រធាន​បក្ស។ ក្រុម​ទាំង​ពីរ​ប្រជែង​គ្នា​ក្នុង​បក្ស​មិន​ជា​ចាញ់​ឈ្នះ​គ្នា​នោះ​ទេ រហូត​ដល់​ពេល​លោក ជា ស៊ីម ចូល​វ័យ​ជរា​ព្យាធិ ទើប​អំណាច​ក្នុង​ជួរ​បក្ស​បាន​ផ្អៀង​បន្តិច​ម្តងៗ​ទៅ​ខាង លោក ហ៊ុន សែន។ មនុស្ស​ជំនិត​របស់​លោក ជា ស៊ីម រួម​មាន​ទីប្រឹក្សា ប្រធាន​ក្រុម​អង្គរក្ស និង​ប្រធាន​ក្រុម​ពិធីការ​ត្រូវ​បាន​គេ​បោសសំអាត​ចេញ​ដោយ​ត្រូវ​គេ​ចាប់​ខ្លួន​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់។

ចាប់​តាំង​ពី​អតីត​ប្រធាន​គណបក្ស​លោក ជា ស៊ីម អនិច្ចកម្ម​ទៅ  អំណាច​ក្នុង​បក្ស​បាន​ចាប់​ផ្ដើម​ផ្លាស់ប្ដូរ ដោយ​មាន​ក្រុម​ថ្មី​លេច​មុខ​ឡើង​ពីរ​ផ្សេង​ទៀត គឺ​អនុ​ប្រធាន​បក្ស និង​ជា​អគ្គលេខាបក្ស លោក សាយ ឈុំ និង​ក្រុម​អនុ​ប្រធាន​បក្ស​លោក ស ខេង។  លោក​មេ​បក្ស ហ៊ុន សែន មិន​តែងតាំង​អោយ​មាន​តំណែង​អនុ​ប្រធាន​ទី​១ និង​ទី​២ នោះ​ទេ។ ការណ៍​នេះ ទំនង​ជា​លោក ហ៊ុន សែន ចង់​ឲ្យ​មាន​តុល្យភាព​ក្នុង​បក្ស ឬ​ម្យ៉ាង​ងាយស្រួល​ក្នុង​ការ​ផ្ទេរ​អំណាច​គ្រប់គ្រង​បក្ស ពេល​លោក​មាន​ភារកិច្ច​ទៅ​ក្រៅ​ប្រទេស ឬ​ជាប់​រវល់​ដោយ​ប្រការ​ណា​មួយ។

ឧទាហរណ៍៖ ប្រសិនបើ​លោក ហ៊ុន សែន មិន​ទុក​ចិត្ត​លោក សាយ ឈុំ គាត់​នឹង​ផ្ទេរ​អំណាច​បក្ស​ឲ្យ​លោក ស ខេង។ បើ​មិន​ទុក​ចិត្ត​លោក ស ខេង គាត់​នឹង​ផ្ទេរ​អំណាច​បក្ស​ឲ្យ​លោក សាយ ឈុំ។ ទំនង​ជា​ដឹង​យុទ្ធសាស្ត្រ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ហើយ ទើប​ទាំង​សែ​លោក ស ខេង និង​លោក សាយ ឈុំ  លោក ហ៊ុន សែន និង​មន្ត្រី​ឯ​ទៀត ខិតខំ​ប្រមូល​សាច់ញាតិ​កូន​បង្កើត  ជីដូនមួយ សាច់ថ្លៃ ដាក់​បញ្ចូល​គ្នា​ក្នុង​សមាសភាព​គណៈ​មជ្ឈិម​បក្ស។

ចប់​មហាសន្និបាត​វិសាមញ្ញ​លើក​នេះ កូន​ប្រុស​ទាំង​បី​របស់​លោក ហ៊ុន សែន រួម​មាន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី ហ៊ុន ម៉ានិត បាន​ដាក់​បញ្ចូល​កូនជឹង និង​ក្រុម​យុវជន​ដែល​ជា​ឧបករណ៍​ដៃ​ឆៅ​របស់​មួយ​ចំនួន​ធំ​ទៅ​ក្នុង​សមាជិក​មជ្ឈិម​បក្ស។ កូនប្រុស​លោក សាយ ឈុំ គឺ​លោក សាយ សំអាល់  កូន​ប្រុស​លោក ស ខេង គឺ​លោក ស សុខា កូន​ប្រុស​លោក ទៀ បាញ់ គឺ​លោក ទៀ សីហា កូន​ប្រុស​លោក សៅ សុខា គឺ​លោក សុខា រ៉ានាថ សុទ្ធតែ​បាន​ក្លាយ​ជា​សមាជិក​មជ្ឈិម​បក្ស។ ក្រោម​ការ​ក្ដោបក្ដាប់​បក្ស​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​បី​ឆ្នាំ​នេះ លោក​បញ្ចូល​សមាជិក​មជ្ឈិម​បក្ស​ថ្មី​យ៉ាង​តិច​ក៏​បី​លើក​ដែរ។

ថ្វីត្បិតតែ​កូនៗ​របស់​មន្ត្រី​ចាស់ៗ​ក្នុង​បក្ស បាន​ចូល​សមាជិក​មជ្ឈិម​មែន ពួកគេ​មិន​អាច​នាំ​កូនជឹង​ទៅ​ជា​មួយ​ច្រើន​គ្នា​ដូច​កូនៗ​របស់​លោក ហ៊ុន សែន ឡើយ។ ប្រាកដ​ណាស់ បើសិនជា​មាន​ការ​បោះ​ឆ្នោត​ក្នុង​បក្ស​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ណា​មួយ រាប់​តាំង​ពី​គោលនយោបាយ​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត និង​ការ​ជ្រើសតាំង​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ដើម​នោះ សឹងតែ​មិន​មាន​អ្នក​ណា​ឈ្នះ​លោក ហ៊ុន សែន បាន​ឡើយ ព្រោះ​ថា មនុស្ស​របស់​លោក និង​របស់​កូនលោក​ក្នុង​ជួរ​គណៈ​មជ្ឈិម​បក្ស​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដទៃ​បូក​បញ្ចូល​គ្នា រាប់​ទាំង​មនុស្ស​របស់​លោក ស ខេង និង​មនុស្ស​របស់​លោក សាយ ឈុំ ផង។

មួយ​វិញ​ទៀត ការ​បង្កើន​ចំនួន​សមាជិក​គណៈ​មជ្ឈិម​នេះ ក៏​ទំនង​ធ្វើ​ឡើង​ដើម្បី​ទប់ទល់​ពី​ចលនា​នយោបាយ​ជំទាស់​ដែរ។ ការ​បង្កើន​ចំនួន​នេះ គឺ​ជា​យុទ្ធសាស្ត្រ​ឯង​ជួយ​អញ អញ​ជួយ​ឯង​ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​រួច​ទៅ​ហើយ​ក្នុង​ពេល​តែងតាំង​គណៈរដ្ឋមន្ត្រី​ដែល​មាន​ក្បាល​ធំ មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ស្រុក​ខ្មែរ។ បើ​មាន​មន្ត្រី​មជ្ឈិម​បក្ស​កាន់​តែ​ច្រើន ពួកគេ​នឹង​ក៏​កាន់តែ​ខំ​ប្រឹងប្រែង​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ដើម្បី​រក្សា​បក្ស ព្រោះ​ថា បើ​បក្ស​នោះ​ខ្សោយ ពួកគេ​ក៏​នឹង​អស់​អំណាច​តាម​នោះ​ដែរ។ បើ​បក្ស​បោះ​ឆ្នោត​ចាញ់ សមាជិក​មជ្ឈិម​ទាំង​នោះ​នឹង​ក្លាយ​ជា​អ្នក​រួម​ចំណែក​ទទួល​ខុស​ត្រូវ​ដែរ។

គណបក្ស​កាន់​អំណាច​ចាប់​ផ្ដើម​លើកទឹកចិត្ត​មេៗ​ក្រុម​ការងារ​ថ្នាក់​ក្រោម​ជាតិ ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង​រួច ដោយ​បញ្ចូល​ពួកគេ​ជា​សមាជិក​មជ្ឈិម ដើម្បី​ជំរុញ​ពួកគេ​ឲ្យ​ចុះ​មូលដ្ឋាន​ក្តោប​ចិត្ត​រាស្ត្រ​ឲ្យ​បាន។ នៅ​ពេល​ដែល​បាន​ត្រូវ​តែងតាំង​ជា​សមាជិក​ជាន់​ខ្ពស់​បក្ស​ភ្លាម អ្នក​ដែល​យីអ៊ុន​ឡើង​តាម​សែស្រឡាយ ឬ​តាម​ការ​លុតក្រាប​ដាក់​ត្រកូល "ហ៊ុន" ស្ទើរ​សឹក​ក្បាល​ជង្គង់​ទាំង​នោះ ខ្លះ​ជប់លៀង​អបអរ ខ្លះ​ប្រញាប់ប្រញាល់​បង្អួត​ប្រាប់​គេ​ឯង​តាម​ហ្វេសប៊ុក (Facebook) បញ្ចេញ​ខ្នាយ​ប្រហោង​របស់​ខ្លួន ដោយ​គ្មាន​ការ​ខ្មាសអៀន​បន្តិចបន្តួច​ណា​សោះ។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ចុះ បាន​តួនាទី​ក្នុង​បក្ស​ប៉ុណ្ណេះ​ហើយ ចង់ ឬ​មិន​ចង់ ក៏​ត្រូវតែ​បង្កើន​សកម្មភាព​ចុះ​ឃោសនា​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ​តាម​មូលដ្ឋាន ដែល​គេ​ហៅ​អោយ​ពីរោះ​ត្រចៀក​បន្តិច​ថា ចុះ​ពង្រឹង​មូលដ្ឋាន ហើយ​ផ្សាយ​អួត​គ្នា​ពី​សកម្មភាព​ទាំង​នោះ​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ព្រោងព្រាត មិន​ខ្វល់​ថា​ពលរដ្ឋ​ណា​មើល​មិន​មើល​ឡើយ។ ពួកគេ​ធ្វើ​ណា​បង្ហាញ​ឲ្យ​មេ​បក្ស​ឃើញ​ថា គេ​បាន​ធ្វើ​ការ​ក្រុម​ការងារ​ចុះ​ជួយ​ឃុំ ឬ​ស្រុក ជា​សមាជិក​មជ្ឈិម​នេះ ជា​អ្នក​ប្រមូល​ចិត្ត​រាស្ត្រ ប្រមូល​ម្ចាស់​ឆ្នោត ប្រមូល​មន្ត្រី​បក្ស​ប្រឆាំង សន្យា​ផ្ដល់​តំណែង លួងលោម ទិញ​ទឹក​ចិត្ត ឬ​ព្រមាន​ផង​ក៏​មាន។ អ្នក​ណា​មាន​ស្នាដៃ​អូស​ទាញ​បក្ស​ប្រឆាំង ឬ​កម្ទេច​បក្ស​ប្រឆាំង ឬ​ជន​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​និយាយ​រិះគន់​បក្ស​ប្រជាជន​កម្ពុជា ឬ​ក៏​ត្រកូល "ហ៊ុន" សុទ្ធតែ​ឡើង​បុណ្យស័ក្ដិ​ទៅ​តាម​ទំហំ​បាបកម្ម​ដែល​គេ​បាន​សាង​ទៅ​លើ​ក្រុម​ប្រឆាំង និង​ជន​ស្លូត​ត្រង់​តែ​រៀងៗ​ខ្លួន។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ដែល​មាន​ស្នាដៃ​កាន់​សំណុំរឿង​រំលាយ​បក្ស​ប្រឆាំង លោក​ចៅក្រម ជីវ កេង ក៏​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​មជ្ឈិម​បក្ស​ដែរ​ក្នុង​សមាជ​លើក​ចុង​ក្រោយ​នេះ។ សូម្បី​តែ​អ្នកនយោបាយ​លក់​ខ្លួន​មួយ​ចំនួន​ដែល​កន្លង​មក​គេ​អោយ​តួនាទី​មិន​លើស​ពី​សត្វ​សេក ក៏​ពេល​នេះ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មជ្ឈិម​បក្ស ចំពោះ​ថ្វីមាត់​ពូកែ​បំភ្លៃ​ការពិត និង​ការ​និយាយ​លើក​ជើង​មេ​របស់​ខ្លួន​ដែរ។

អ្នក​ដែល​ត្រូវ​ឡើងបុណ្យ​តាម​ក្បាលជង្គង់ និង​តាម​កណ្ដាប់ដៃ​ឆៅ​ទាំង​នេះ អាច​បាន​ទទួល​ផល​ចំណេញ​ពី​អំណាច​ជា​សមាជិក​មជ្ឈិម​បក្ស​ថ្មី​របស់​គេ ដែល​នឹង​អាច​ផ្ដល់​លទ្ធភាព​អោយ​ពួកគេ​បាន​ច្រើន​ជាង​មុន ក្នុង​ការ​កេង​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​តាម​គ្រប់​រូបភាព។

ទោះជា​យ៉ាង​ណា​ក៏ដោយ ពួកគាត់​ទំនងជា​មិន​សូវ​ចំណេញ​ប្រជាប្រិយភាព​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ប៉ុន្មាន​ទេ។ ភាព​ក្រីក្រ ភាព​អត់​ការងារ​ធ្វើ ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ បូករួម​នឹង​ការ​ជិះជាន់​សង្កត់សង្កិន​ពី​សំណាក់​អ្នក​មាន​អំណាច​ដែល​កំពុង​កើត​មាន​គ្រប់​ទិស​ទី អាច​ជា​​កត្តា​កំណត់​ប្រជាប្រិយភាព​របស់​ក្រុម​អ្នក​កាន់​អំណាច មិន​មែន​បាន​ដោយសារ​ដោយសារ​ការ​ចុះ​ទិញ ទាក់ទាញ​ពង្រឹង​បក្ស​ក្នុង​រដូវ​បោះឆ្នោត​នោះ​ឡើយ។

សរុប​សេចក្ដី​ទៅ ការ​ដំឡើង​មនុស្ស​បក្ស​ឲ្យ​ចូល​ជា​សមាជិក​គណៈ​មជ្ឈិម​បក្ស​នេះ អាច​ជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច​ត្រកូល "ហ៊ុន" នៅ​ក្នុង​បក្ស ជា​ជាង​ដើម្បី​ពង្រឹង​គណបក្ស។ ចំពោះ​ប្រយោជន៍​ជាតិ​វិញ ក៏​ប្រហែលជា​កាន់តែ​យ៉ាប់​ថែម​ទៀត ព្រោះ​ថា មន្ត្រីៗ​ដែល​ធ្លាប់​រក​លុយ​ក្រៅ​បាន​កាន់​តែ​ចំណាយ​ច្រើន​ជួយ​បក្ស​ចុះ​មូលដ្ឋាន ដូច្នេះ​ពួកគេ​ក៏​ខំ​បូម​រក​ក្រៅ​បន្ថែម​ដើម្បី​បង្គ្រប់​ការ​ចំណាយ​ក្នុង​ការ​ចុះ​ពង្រឹង​បក្ស​របស់​គេ​ដែរ... ហើយ​អ្នក​ដែល​រងគ្រោះ និង​ខាតបង់​នោះ គឺ​ប្រជាជាតិ និង​ប្រជាជន​ខ្មែរ៕

((ប្រភព៖ អាស៊ីសេរី ចុចស្ដាប់សំឡេង))
Previous Post
Next Post

post written by:

0 ความคิดเห็น: