วันพุธที่ 7 กุมภาพันธ์ พ.ศ. 2561

ក្ដៅៗ៖ (វីដេអូ) កងទ័ពស៊ីរី ថា​បាន​បាញ់ស្ទាក់​កម្ទេច​មីស៊ីល​របស់​អ៊ីស្រាអែល​ជាច្រើន​គ្រាប់-Video footage of the Syrian Air Defense​ intercepting an Israeli missile


ក្ដៅៗ៖ (វីដេអូ) កងទ័ពស៊ីរី ថា​បាន​បាញ់ស្ទាក់​កម្ទេច​មីស៊ីល​របស់​អ៊ីស្រាអែល​ជាច្រើន​គ្រាប់-Video footage of the Syrian Air Defense​ intercepting an Israeli missile 

នៅព្រឹកថ្ងៃពុធ​ទី​ ៧ កុម្ភៈ ឆ្នាំ ២០១៨ នេះ កងទ័ពស៊ីរី បានអះអាងថា ខ្លួនបានបាញ់ស្ទាក់កម្ទេចមីស៊ីលរបស់អ៊ីស្រាអែលជាច្រើនគ្រាប់ ដែលបានបាញ់សំដៅមកលើទីតាំងយោធា និងកន្លែងឃ្លាំងស្តុកអាវុធរបស់​កងទ័ពស៊ីរី នៅក្បែរទីក្រុងដាម៉ាស្កាស់ (Damascus) ។ ទោះបីយ៉ាងណាក៏ដោយសម្រាប់ពេលនេះ គេនៅមិនទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់ពីសំណាក់ក្រសួងការពារជាតិនៃអ៊ីស្រាអែលទេ។

យោងតាមការលិខិតប្រកាស​របស់ក្រសួងការពារជាតិនៃប្រទេសស៊ីរី ដែលបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SANA បានឲ្យដឹងថា នៅទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ មីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអែល បានបាញ់សំដៅមកលើមកទីក្រុងដាម៉ាស្កាស់ ដោយឆ្លងកាត់ ដែនអាកាសរបស់ប្រទេសលីបង់។ កងទ័ពស៊ីរីបានអះអាងថា មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញ ពីដែនដីអ៊ីស្រាអែល​​ ដែលសំដៅមកកម្ទេច ទីតាំងឈរជើងរបស់កងទ័ពស៊ីរី និងទីតាំងឃ្លាំងស្តុកអាវុធនៅ​ក្បែរ​​ទីក្រុងដាម៉ាស្កាស់។ ប្រភពពីកងទ័ពស៊ីរី ដដែលបានបញ្ជាក់ថា គ្រាប់មីស៊ីលមួយចំនួនធំ ត្រូវ​បាន​កងទ័ព​ស៊ីរីបាញ់ស្ទាក់ និងកម្ទេចបានទាន់ពេលវេលា។

ចំណែកឯអ្នកនាំពាក្យទីភ្នាក់ងារសារព័ត៌មានបារាំង AFP ប្រចាំក្រុងដាម៉ាស្កាស់ បានអះអាង​ថា នៅវេលាម៉ោង៣ និង៣០នាទី ទៀបភ្លឺថ្ងៃទី៧ ខែកុម្ភៈនេះ គេពិតជាបានលឺសំឡេងផ្ទុះផ្ទួនៗគ្នា កក្រើកទីក្រុងដាម៉ាស្កាស់។ បើយោងតាមលោកប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី មានគ្រាប់មីស៊ីល​ខ្លះ ពិតជាត្រូវបានកងទ័ពស៊ីរី ស្ទាក់កម្ទេចបានទាន់ពេលវេលាមែន។ ក៏ប៉ុន្តែនៅមានមីស៊ីលជាច្រើនគ្រាប់ខ្លះទៀត បានធ្លាក់ផ្ទុះនៅឯបន្ទាយឃ្លាំងស្តុកសព្វាវុធយុទ្ធោបករណ៍ ក្បែរតំបន់ Jamraya ចម្ងាយប្រមាណជា១០គីឡូម៉ែត្រ ភាគពាយ័ព្យនៃទីក្រុងដាម៉ាស្កាស់

គឺតំបន់ Jamraya នេះហើយ ដែលជាទីតាំងរបស់មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រស៊ីរី SSRC។ មជ្ឈមណ្ឌល​នេះ ធ្លាប់ត្រូវបានសហគមអន្តរជាតិ សង្ស័យថាជាទីកន្លែង ស្រាវជ្រាវនិងផលិតអាវុធគីមីដ៏សាហាវ ដែលកងទ័ពនៃរដ្ឋាភិបាលស៊ីរី ធ្លាប់បានប្រើយកទៅ​​ទម្លាក់សម្លាប់ប្រជាជនខ្លួនឯង។ យ៉ាងណាមិញ នៅថ្ងៃពុធនេះដែរ លោករដ្ឋមន្ត្រីការបរទេសបារាំង បានអះអាងតាមកញ្ចក់ទូរទស្សន៍បារាំងថា គេមានភ័ស្តុតាង​ជាច្រើនដែលបញ្ជាក់ថា កងទ័ពនៃរដ្ឋាភិបាលស៊ីរី ទើបតែបានទម្លាក់គ្រាប់បែកគីមី ផ្ទុកដោយសារធាតុក្លរ ទៅលើទីក្រុង Idlep កាលពីពេលថ្មីៗកន្លងមកនេះ។


គូសបញ្ជាក់ផងដែរថា​ នេះមិនមែនជាលើកទីមួយទេ ដែលអ៊ីស្រាអែលបានបាញ់មីស៊ីល សំដៅឆ្ពោះទៅកាន់ប្រទេសស៊ីរី។​ អ៊ីស្រាអែល និងរដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោកបាឆា អាល់អាត់សាដ ស្ថិតនៅក្នុង​អំឡុង​សង្រ្គាម ប្រឈមមុខដាក់គ្នានិងគ្នារាប់សិបឆ្នាំមកហើយ។ ស្ថានការណ៍នេះកាន់តែ​ធ្ងន់ធ្ងរឡើង ក្រោយពេលដែលក្រុមហេសបូឡាលីបង់ និងកងទ័ពអ៊ីរ៉ង បានចូលទៅ​ជួយ​កងទ័ពរដ្ឋាភិបាលស៊ីរី។ ដោយការសង្ស័យថាអ៊ីរ៉ង់ បានបញ្ជូនសព្វាវុធទៅឲ្យក្រុម​ហេសបូឡា​ អ៊ីស្រាអែល​ បានបាញ់មីស៊ីលកម្ទេចក្បួនរថយន្តដឹកសព្វាវុធក្នុងទឹកដីស៊ីរីជាច្រើនលើក​មកហើយដែរ៕

Previous Post
Next Post

post written by:

0 ความคิดเห็น: