วันพุธที่ 7 กุมภาพันธ์ พ.ศ. 2561

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​បារម្ភ​ពី​ច្បាប់​លើកតម្កើងស្ដាច់ច្របាច់ករាស្ត្រ!-UN concern on amend Lese Majeste law.


អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​បារម្ភ​ពី​ច្បាប់​លើកតម្កើងស្ដាច់ច្របាច់ករាស្ត្រ!-UN concern on amend Lese Majeste law.

ការ​ប៉ុនប៉ង​ធ្វើ​ច្បាប់​ស្ដីពី​ការ​ប្រមាថ​មហាក្សត្រ (Lèse Majesté Law) ដោយ​ដាក់​បញ្ចូល​ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ កំពុង​ធ្វើ​ឲ្យ​ក្លាយ​ជា​ក្ដី​បារម្ភ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ ក្ដី​បារម្ភ​នេះ ធ្វើ​ឡើង​ស្រប​ពេល​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ត្រូវ​បាន​បញ្ជូន​ពី​គណៈរដ្ឋមន្ត្រី​ទៅ​ដល់​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ។

ក្ដី​បារម្ភ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ បាន​សរសេរ​ថា ច្បាប់​មិន​គួរ​ចែង​អំពី​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ។

នេះ​គឺ​ជា​ប្រតិកម្ម​ពី​អង្គការ​ពិភព​លោក ក្រោយ​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា បាន​រាយការណ៍​ជា​បន្តបន្ទាប់ អំពី​ការ​រិះគន់​លើ​ការ​ប៉ុនប៉ង​លើ​វិសោធនកម្ម ដើម្បី​បញ្ចូល​ការ​ប្រមាថ​ព្រះ​មហាក្សត្រ (Lèse Majesté Law) ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ។

នៅ​ថ្ងៃ​ទី​៥ កុម្ភៈ សមាជិក​សភា​អាស៊ាន ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​អំពាវនាវ​ដល់​សមាជិក​រដ្ឋសភា​កម្ពុជា កុំ​នាំ​គ្នា​លើក​ដៃ​អនុម័ត​សេចក្ដី​ស្នើ​សុំ​វិសោធនកម្ម​នេះ ព្រោះ​វា​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ១៩៩១។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​សរសេរ​ថា ខ្លួន​តែងតែ​មាន​កង្វល់​ខ្លាំង​លើច្បាប់​ស្តីពី​ការ​ប្រមាថ​មហាក្សត្រនេះ ហើយ​ក៏​ធ្លាប់​បាន​ផ្តល់អនុសាសន៍​លើ​ច្បាប់ ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ដូច​គ្នា។ អនុសាសន៍​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ផ្ដល់​កាល​ពី​​ពេល​ថ្មីៗ បំផុត​នោះ គឺ​ច្បាប់​នៅក្នុង​ប្រទេស​ថៃ កាល​ពី​ក្នុង​ខែ​​​មេសា ឆ្នាំ​២០១៧។

នៅ​ក្នុង​សេចក្ដី​ពន្យល់​ទូទៅ​លេខ ៣៤ របស់​ខ្លួន គណៈកម្មាធិការ​សិទ្ធិមនុស្ស​បាន​ថ្លែង​ថា ការ​រំខាន ការ​បំភិតបំភ័យ ឬ​ការ​ស្អប់ខ្ពើម​មនុស្ស​ម្នាក់ រាប់​ទាំង​ការ​ចាប់ខ្លួន ការ​ឃុំខ្លួន ការ​ជំនុំជម្រះ ឬ​ចាប់​ដាក់​ពន្ធនាគារ ដោយ​មូលហេតុ​នៃ​គំនិត​ដែល​ពួកគេ​អាច​ប្រកាន់​យក គឺ​ជា​ការ​រំលោភ​លើ​មាត្រា ១៩ នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR)។ ប្រទេស​កម្ពុជា​បាន​ស្ម័គ្រចិត្ត​ទទួល​យក កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។

មាត្រា ១៩ នៃ​កតិកាសញ្ញាអន្ដរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ ចែងថា “ជន​គ្រប់រូប មាន​សិទ្ធិ​ប្រកាន់​យក​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ហើយ​ក៏​ចែង​ថា ជន​គ្រប់រូប​មាន​សិទិ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ”។


អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៥ កុម្ភៈ​ថា គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃរដ្ឋសភា បញ្ជូន​សំណើ​សេចក្ដីព្រាង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​នេះ ទៅ​គណៈកម្មការ​ជំនាញ​នៃរដ្ឋសភា​ពិនិត្យ​ហើយ៕
 





ប្រភព៖ វិទ្យុអាស៊ីសេរី
Previous Post
Next Post

post written by:

0 ความคิดเห็น: