วันอาทิตย์ที่ 25 กุมภาพันธ์ พ.ศ. 2561

គណបក្ស​សង្គ្រោះជាតិបាន​ហៅ​ការ​បោះឆ្នោត​ថា​​មិន​ស្រប​ច្បាប់​និង​គ្មាន​ប្រជាធិបតេយ្យ!-Elections undemocratic and unlawful says CNRP


មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​អាទិត្យ​នេះ គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ បាន​ហៅ​ការ​បោះឆ្នោត​នេះ​ ថា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ​មិនមាន​លក្ខណៈ​ប្រជាធិតេយ្យ​នោះ​ទេ។ ប៉ុន្តែ គណបក្ស​ប្រជាជន​វិញ​ ​យល់​ឃើញ​ផ្ទុយ​ពី​នេះ។

វ៉ាស៊ីនតោន៖ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ចុង​ឆ្នាំ​មុន បានអំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ប្រកាស​បដិសេធ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នេះ ដោយ​ចាត់ទុក​ថា​ ការ​បោះឆ្នោត​នេះ មិន​ស្រប​ច្បាប់។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​គណបក្ស​ប្រឆាំង​នេះ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ គឺ​តែ​មួយ​ថ្ងៃ​មុខ​ការ​បោះឆ្នោត​ព្រឹទ្ធសភាដែលកំពុង​ចាប់ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ការ​ជំរុញ​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស​ កាល​ពី​ថ្ងៃ​សុក្រ ក៏​បាន​ហៅ​ការ​បោះឆ្នោត​ព្រឺទ្ទសភា​នេះ ថា​មិន​ត្រឹមត្រូវ​តាម​ច្បាប់​និង​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ដែរ។

សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ បាន​លើកឡើង​ថា​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ មិន​ស្របច្បាប់ គឺ​ដោយសារ​តែ​អ្នក​បោះឆ្នោត​៤៣​ភាគរយ ត្រូវ​បាន​គេ​ដក​សិទ្ធិ​បោះឆ្នោត​របស់​ពួកគេ។

គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​របស់​កម្ពុជា ប្រកាសរំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​ទៅ​តាម​ពាក្យ​បណ្តឹង​របស់រដ្ឋាភិបាល​នោះ បាន​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ប្រកាស​ថា​ ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ មិន​មាន​ភាព​ស្របច្បាប់​នោះ​ទេ។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដែល​ជា​ការ​ឆ្នោត​អសកល​រៀងរាល់​៦​ឆ្នាំ​ម្តង កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដើម្បី​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ថ្មី​ចំនួន​៥៨​នាក់ ហើយ​ពីរ​នាក់ ត្រូវ​តែង​តាំង​ដោយ​ព្រះមហាក្សត្រ ​និង​ពីរ​នាក់​ទៀត តែងតាំង​ដោយ​រដ្ឋ​សភា ដើម្បី​បង្កើត​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​សរុប​៦២ សម្រាប់​នីតីកាល​ទី​៤។

គណបក្ស​នយោបាយ​ចំនួន​៤ ​រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​អាណត្តិ​ថ្មី​នេះ ដោយ​មិនមាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​គូប្រកួតប្រជែង​ដ៏​សំខាន់​ជាមួយ​គណបក្ស​កាន់អំណាច​នោះ​ទេ។

អង្គ​បោះឆ្នោត​ដែល​ជា​អ្នក​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៨​រូប​ក្នុង​ចំណោម​សមាជិក​ព្រឹទ្ទ​សភា​ទាំង​អស់​៦២​រូបនោះ គឺ​សុទ្ធសឹង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​ទាំង​១១៥៧២​នាក់​ទូទាំង​ប្រទេស និង​តំណាងរាស្ត្រ​ក្នុង​តំណែង​ទាំង​១២៣​នាក់។

ប៉ុន្តែ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ​មុន​មក អាសនៈ​សមាជិក​រដ្ឋ​សភា​ចំនួន​៥៥​និង​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧របស់​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​បែងចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ដទៃទៀត ដែល​មិន​បាន​ជាប់​ឆ្នោត។

គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា «ប្រសិន​បើ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ ដែល​មាន​សមាជិក​សភា​៥៥​រូប​និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧​រូប​ ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​ទេ​ នោះ​នឹង​មិន​មាន​ការ​ប្រកួតប្រជែង​ដោយ​សេរី​និង​ត្រឹមត្រូវ​ពិតប្រាកដ​ឡើយ‍»។

តែទោះ​ជា​យ៉ាង​នេះ​ក្តី លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់​វីអូអេ​ថា ការ​បោះឆ្នោត​នេះ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ។

«‍ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីលាន​ប្រជាធិបតេយ្យ គឺ​ថា​គ្មាន​ដៃគូ​ណាមួយ​ចង់​ឲ្យ​ដៃគូ​របស់​ខ្លួន ខ្លាំង​ទេ ចង់​ឲ្យ​តែ​ខ្សោយ។ អាហ្នឹង​ជា​រឿង​ធម្មតា​ទេ កុំ​ឲ្យ​តែ​ប្រើ​ឧបាយកល ដែល​ហៅ​ថា​ឧបាយកល​ទុច្ចរិត​ដែល​រំលោភ​ច្បាប់»។

VOA ​មិន​ទាន់​អាច​ស្នើ​សុំការ​អត្ថាធិប្បាយ​ឆ្លើយតប​ណាមួយ​ពី​មន្ត្រី​នាំ​ពាក្យ​និង​មន្ត្រី​កិច្ចការ​សាធារណៈ​របស់​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​នៅឡើយ​ទេ គិត​មក​ដល់​ល្ងាច​ថ្ងៃ​សៅរ៍។

ប៉ុន្តែ នៅ​ក្នុង​បទសម្ភាសន៍​កន្លង​មក​ជាមួយ ​VOA អ្នក​នាំពាក្យ​គ.ជ.ប គឺ​លោក ឌឹម សុវណ្ណារុំ បាន​អះអាង​ថា គ.ជ.ប ធ្វើ​ការងារ​របស់​ខ្លួន​តែ​តាម​ច្បាប់​ប៉ុណ្ណោះ ត្រង់​ថាគណបក្ស​នយោបាយ​ណា​មួយចូលរួមឬ​មិន​ចូល​រួម​ការ​បោះឆ្នោត​នេះ​ មិន​មែន​ជា​រឿង​របស់​គ.ជ.ប​ទេ៕

Previous Post
Next Post

post written by:

0 ความคิดเห็น: