ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលីជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា!
ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាបន្ទាន់។ លោក សម រង្ស៊ី បានអំពាវនាវនេះ ធ្វើឡើងនៅក្នុងផ្ដល់សម្ភាសន៍ជាមួយក្លឹបសារព័ត៌មានជាតិ នៃប្រទេសអូស្ត្រាលី (National Press Club of Australia) ក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃទី១៦ ខែកុម្ភៈ។
លោក សម រង្ស៊ី កត់សម្គាល់ថា ភាពស្ងៀមស្ងាត់របស់អូស្ត្រាលី ក្នុងការជួយអន្តរាគមន៍ទៅលើរបបលោក ហ៊ុន សែន ឲ្យវិលមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យវិញនោះ ទំនងជាដោយសារតែការជាប់ឃុំឃាំងរបស់ពលរដ្ឋខ្លួននៅក្នុងប្រទេសកម្ពុជា និងដោយសារតែកិច្ចព្រមព្រៀងជនភៀសខ្លួនដ៏ចម្រូងចម្រាសរវាងអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា។ លោកអះអាងថា ភាពស្ងៀមស្ងាត់នេះ ក៏ដូចជាកំពុងតែជួយបង្កើនអំណាចនិយមរបស់លោក ហ៊ុន សែន ដូច្នោះដែរ។
កាលពីឆ្នាំ២០០៤ រដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីកោះ Nauru ចំនួនទឹកប្រាក់ ៤០លានដុល្លារអូស្ត្រាលី ដែលកិច្ចព្រមព្រៀងនេះ មានការិះគន់ពីសង្គមស៊ីវិលជាច្រើនថា កម្ពុជាមិនទាន់មានលទ្ធភាពភាពគ្រប់គ្រាន់ក្នុងការទទួលយកជនភៀសខ្លួននៅឡើយទេ។
ក្រៅពីនេះទៀត លោក សម រង្ស៊ី បានឆ្លើយតបទៅលោក ហ៊ុន សែន ដែលចោទលោកថា ជាភេរវករ និងឧទ្ទាមនោះថា រូបលោកមិនដូចលោក ហ៊ុន សែន ចោទប្រកាន់ឡើយ។ លោក សម រង្ស៊ី បានឆ្លើយតបបញ្ច្រាសវិញថា លោក ហ៊ុន សែន ទៅវិញទេដែលជាភេរវករ និងជាឧទ្ទាមនោះ ព្រោះថា លោក ហ៊ុន សែន បានសម្លាប់មនុស្សជាច្រើនក្នុងប្រព័ន្ធរដ្ឋ ដែលប្រព្រឹត្តអំពើភេរវកម្មជាញឹកញាប់ ដូចជាការវាយប្រហារដោយគ្រាប់បែកនៅទីក្រុងភ្នំពេញ កាលពីថ្ងៃ៣០ មីនា ១៩៩៧ និងការលួចបាញ់សម្លាប់អ្នកស្នេហាជាតិជាច្រើន មានលោក ជា វិជ្ជា លោក ឈុត វុទ្ធី និងលោក កែម ឡី ជាដើម។ លើសពីនេះទៀត លោក សម រង្ស៊ី អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកប្រជារាស្ត្រខ្មែរជាសត្រូវ ដោយការជិះជាន់ និងធ្វើបាបអ្នកក្រ អ្នកទន់ខ្សោយ និងអ្នកស្លូតត្រង់តាមគ្រប់រូបភាព។
លោក សម រង្ស៊ី បន្ថែមថា ប្រជាពលរដ្ឋកម្ពុជា មិនអាចរំដោះប្រជាធិបតេយ្យពីរបបគ្រប់គ្រងផ្ដាច់ការរបស់លោក ហ៊ុន សែន តែឯងបានទេ គឺកម្ពុជា ត្រូវការប្រទេសអូស្ត្រាលី និងបណ្តាប្រទេសលោកខាងលិចដទៃទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យវិលមកគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យវិញ។
ការអំពាវនាវរបស់លោក សម រង្ស៊ី នេះ នៅស្របពេលអូស្ត្រាលី នឹងរៀបចំកិច្ចប្រជុំកំពូលអូស្ត្រាលី-អាស៊ាន នៅខែមីនា ខាងមុខ។ ប្រធានគណបក្សបៃតងក្នុងប្រទេសអូស្ត្រាលី កាលពីសប្ដាហ៍មុន បានទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី បដិសេធមិនឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំនេះទេ ស្របពេលដែលគណបក្សពលករអូស្ត្រាលី ក៏ថ្កោលទោសលោក ហ៊ុន សែន ក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែរនោះ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: