រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា គណបក្សសិទ្ធិមនុស្ស ត្រូវធ្វើសមាជបក្សប៉ុន្តែប្រធានគណបក្សសិទ្ធិមនុស្ស ថា លោកបានធ្វើសមាជសម្រេចកាលពី៥ឆ្នាំកន្លងទៅរួចហើយ។
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានជូនដំណឹងទៅប្រធានគណបក្សសិទ្ធិមនុស្សថា គណបក្សនេះអាចរំលាយដោយខ្លួនឯងបានដោយត្រឹមត្រូវ លុះត្រូវតែអនុវត្តតាមការរំលាយគណបក្សដោយសមាជដែលមានសមាជិក២ភាគ៣នៃគណបក្សទាំងមូល។
សេចក្តីជូនដំណឹងមួយច្បាប់ចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផ្ញើជូនប្រធានគណបក្សសិទ្ធិមនុស្សបញ្ជាក់ថា ក្រោយពីបានទទួលលិខិតរបស់លោក សឺន ស៊ូប៊ែរ ប្រធានគណបក្សសិទ្ធិមនុស្ស ស្តីពីការរំលាយគណបក្សសិទ្ធិមនុស្សដោយខ្លួនឯង ក្រសួងមហាផ្ទៃពិនិត្យឃើញថា គណបក្សនេះបានប្រើនីតិវិធីមិនត្រឹមត្រូវក្នុងការរំលាយ។ ក្រសួងបានស្នើឲ្យប្រធានគណបក្សសិទ្ធិមនុស្ស អនុវត្តនីតិវិធីពាក់ព័ន្ធនឹងការរំលាយគណបក្សឲ្យបានត្រឹមត្រូវ។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖ «ផ្អែកតាមបទប្បញ្ញត្តិមាត្រា៣៣ នៃច្បាប់ស្តីពីគណបក្សនយោបាយ និងលក្ខន្តិកៈរបស់គណបក្សសិទ្ធិមនុស្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ សូមស្នើឲ្យគណបក្សសិទ្ធិមនុស្សអនុវត្តនីតិវិធីពាក់ព័ន្ធនឹងការរំលាយគណបក្សសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវតាមប្រការ៥០(ថ្មី) កថាខណ្ឌទី២ នៃលក្ខន្តិកៈគណបក្សសិទ្ធិមនុស្ស ដែលបានចែងថា៖ «រួចដាក់ជូនសមាជ ដើម្បីសុំការអនុម័តតាមសំឡេងគាំទ្រភាគច្រើន ២/៣ នៃសមាជិកដែលមានសិទ្ធិសម្រេចរបស់អង្គសមាជទាំងមូល»។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃធ្វើឡើងបន្ទាប់ពីលោក សឺន ស៊ូប៊ែរ ប្រធានគណបក្សសិទ្ធិមនុស្ស កាលពីថ្ងៃអាទិត្យ បានផ្ញើលិខិតមួយច្បាប់ទៅរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អំពីការរំលាយចោលគណបក្សសិទ្ធិមនុស្ស ដោយបញ្ជាក់ថា គណបក្សសិទ្ធិមនុស្សបានសម្រេចជាឯកច្ឆន្ទរំលាយខ្លួនឯង ចាប់ពីថ្ងៃចេញលិខិតនេះតទៅ ទៅតាមសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ក្រសួងមហាផ្ទៃរកឃើញថា ការប្រកាសរំលាយគណបក្សសិទ្ធិមនុស្សដោយខ្លួនឯង ធ្វើឡើងដោយមិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន។ លោកបន្ថែមថា គណបក្សសិទ្ធិមនុស្សអាចត្រូវបានរំលាយ លុះត្រាតែពួកគេរំលាយដោយសមាជដែលមានចែងក្នុងលក្ខន្តិកៈគណបក្សរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖«យើងមើលទៅវាមិនទាន់ឃើញមានថាបានដាក់ឆ្លងសមាជជាអីផង មានតែប្រជុំគណៈនាយក គណៈនាយកម៉េចនឹងធំជាងសមាជ? ត្រូវឆ្លងកាត់សមាជ មាន២ភាគ៣នៃសមាជ សមាជវាទូទាំងប្រទេស គណៈនាយកប៉ុន្មានរយនាក់ហ្នឹង ឧទាហរណ៍អញ្ចឹង។ បក្សហ្នឹងនៅតែរស់រានមានជីវិតដដែល មិនទាន់ត្រូវបានរំលាយជាផ្លូវការនៅឡើយទេ»។
គណបក្សសិទ្ធិមនុស្សជាគណបក្សដែលបង្កើតឡើងដោយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ដោយរងការចោទថា លោកបានប្រព្រឹត្តអំពើក្បត់ជាតិ។ គណបក្សសិទ្ធិមនុស្សត្រូវបានគេដឹងថា អាចជាគណបក្សមួយដែលនឹងចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ ប្រសិនគណបក្សសង្គ្រោះជាតិដែលទើបត្រូវបានតុលាការកំពូលរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ មិនអាចមានលទ្ធភាពត្រឡប់មកចូលរួមការបោះឆ្នោតវិញបាន។
លោក សឺន ស៊ូប៊ែរ ប្រធានគណបក្សសិទ្ធិមនុស្សមានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សបានធ្វើសមាជកាលពី៥ឆ្នាំមុនដោយកំណត់ថា គណបក្សសិទ្ធិមនុស្សនឹងត្រូវរំលាយនៅពេលដែលសមាជិកគណបក្សសិទ្ធិមនុស្សទាំងអស់ត្រូវបានបញ្ចូលជាសមាជិកគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០១៧។
លោក សឺន ស៊ូប៊ែរ បញ្ជាក់ថា៖«កាលហ្នឹងប្រជុំធំមែនទែន។ កាលហ្នឹងផ្ទេរពីឯកឧត្តម កឹម សុខា មកខ្ញុំ ហើយកំណត់តួនាទីតែទាំងអស់ហ្នឹង ថាល្គឹកណាដែលយើងមិនទាន់បានបញ្ចូលសកម្មជន ជាពិសេសឃុំសង្កាត់ហ្នឹងទៅសង្គ្រោះជាតិ ពួកហ្នឹងនៅជួរសិទ្ធិមនុស្សនៅឡើយ យើងបញ្ចូលសង្គ្រោះជាតិ ដល់ពេលយើងបញ្ចូលហើយយើងអស់តួនាទីហើយ»។
លោក សឺន ស៊ូប៊ែរ បន្ថែមថា លោកនឹងមិនធ្វើសមាជណាមួយតាមការស្នើរបស់ក្រសួងមហាផ្ទៃនោះទេ។
លោកមានប្រសាសន៍ថា៖«បើចង់ថាឲ្យយើងធ្វើសមាជមួយទៀតមានតែបង្កើតគណបក្សសង្គ្រោះជាតិឡើងវិញ ឲ្យយើងស្រង់សមាជិកគណបក្សសិទ្ធិមនុស្សមកធ្វើសមាជសិន។ យ៉ាងម៉េចក៏ដោយ បើក្រសួងមហាផ្ទៃនៅចង់ទុកតទៅទៀត ពួកយើងខ្ញុំក៏អត់ធ្វើសកម្មភាពអីដែរ បើចង់រក្សាទុកក៏បាន ប៉ុន្តែយើងអស់តួនាទីអីទៀតហើយ»។
ការសម្រេចរំលាយគណបក្សសិទ្ធិមនុស្សនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិមួយរូបដែលកំពុងនិរទេសខ្លួនឯបរទេស ប្រកាសបង្កើត «ចលនាសង្គ្រោះជាតិ» ជាផ្លូវការ និងស្របពេលដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិមួយរូបទៀតកំពុងជាប់ឃុំក្នុងពន្ធនាគារដោយរងការចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ក្នុងពិធីប្រកាសដំណើរការ «ចលនាសង្រ្គោះជាតិ» ជាផ្លូវការពីទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថា លោកបង្កើតចលនានយោបាយថ្មីមួយនេះ គឺដើម្បីទាមទារឲ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា និងទាមទារឲ្យមានការដោះលែងលោក កឹម សុខា។
បើតាមមន្រ្តី និងអតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលមកពីគណបក្សសិទ្ធិមនុស្សមួយចំនួនលើកឡើងថា គណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សសិទ្ធិមនុស្ស បានសម្រេចរំលាយគណបក្សនេះ ដើម្បីបញ្ជាក់ពីជំហរនៃការរួបរួមក្រោមស្លាកគណបក្សសង្រ្គោះជាតិតែមួយ មិនមានការបែកបាក់របស់អ្នកប្រជាធិបតេយ្យ និងគោរពឆន្ទ:របស់ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោតជាង៣លាននាក់ដែលនៅជាមួយគណបក្សសង្រ្គោះជាតិ។
គណបក្សសិទ្ធិមនុស្សត្រូវបានបង្កើតឡើងដោយលោក កឹម សុខា កាលពីឆ្នាំ២០០៧។ កាលពីឆ្នាំ២០១២ លោក សម រង្ស៊ី អតីតប្រធានគណបក្សសម រង្ស៊ី ដែលពេលនេះប្តូរឈ្មោះមកជាគណបក្សភ្លើងទៀន និងលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស សម្រេចចាប់ដៃគ្នាបង្កើតបានជាគណបក្សសង្រ្គោះជាតិ ដើម្បីអាចប្រកួតប្រជែងជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំ៕ ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: