วันจันทร์ที่ 26 กุมภาพันธ์ พ.ศ. 2561

ចរន្តក្តៅនៅលើបណ្តាញសង្គម ដុតខ្មោចទីងមោងហ៊ុនសែនៗនឹងតាមវាយដល់ផ្ទះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសឥតខ្លាចសែនគំរាម ​ចាប់​ផ្ដើមនាំគ្នា​ដុត​ខ្មោចទីងមោង​ហ៊ុនសែន!!


ចរន្តក្តៅនៅលើបណ្តាញសង្គម ដុតខ្មោចទីងមោងហ៊ុនសែនៗនឹងតាមវាយដល់ផ្ទះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេសឥតខ្លាចសែនគំរាម ​ចាប់​ផ្ដើមនាំគ្នា​ដុត​ខ្មោចទីងមោង​ហ៊ុនសែន!!

ដូច​តាម​ការ​គ្រោងទុក​និង​ប្រកាន់​ជំហរ​របស់​សហព័ន្ធ​ខ្មែរ​-​អូស្ត្រាលី​សាជីវកម្ម បាន​ចាប់ផ្តើម​ដុត​ទីងមោង​រូប​ ហ៊ុន សែន ហើយ​បើ​ទោះបី​បុរស​ខ្លាំង ហ៊ុន សែន បាន​គំរាម​តាម​វ៉ៃ​ដល់​ផ្ទះ​នោះ​ក៏ដោយ ។

ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន និង ការ​ច្រៀង​ចម្រៀង​ដែល​បង្ហាញ​ពី​ការ​ស្រឡាញ់​ជាតិខ្មែរ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ខាងលើ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ទទួល​ស្វាគមន៍​ភរិយា​និង​កូន​ៗ​របស់​សព​លោក​បណ្ឌិត កែម ឡី ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ ។

មួយ​ថ្ងៃមុន​ដុត​ទីងមោង​រូប​លោក​ប្រមុខ​រាជរដ្ឋាភិបាល ពោល​គែ​កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ចៅហ្វាយ​ក្រុង​ដែន​ឌឺ​ណុ​ង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ជា យូ​ហន បាន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី រួម​គ្នា​ធ្វើ​រូប​ទីងមោង និង ​ផ្ដិត​រូបថត​លោក ហ៊ុន សែន ដើម្បី​ដុត​អោយ​បាន​កាន់តែ​ច្រើន​។

លោក ជា យូ​ហន អះអាង​ថា លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​អូស្ត្រាលី ដើម្បី​ចាត់ការ​លោក ហ៊ុន សែន តាម​ច្បាប់ ពេល​ដែល​លោក​មក​ជាន់​ដី​អូស្ត្រាលី នៅ​ពាក់កណ្ដាល​ខែមីនា ខាង​មុខ​។

កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ លោក ហ៊ុន សែន បាន​ថ្លែង​សារ​គំរាម​យ៉ាង​ហិង្សា​នៅ​ចំពោះ​មុខ​កម្មករ​រោងចក្រ​កាត់ដេរ​រាប់​ពាន់​នាក់ នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដោយ​ខឹងសម្បា​នឹង​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ដែល​គ្រោង​ទៅ​ចូលរួម​ប្រជុំ​ពិសេស​អាស៊ាន​-​អូស្ត្រាលី លោក ហ៊ុន សែន ព្រមាន​មិន​អត់ឱន​ឲ្យ​ជា​ដាច់ខាត​ចំពោះ​នរណា​ហ៊ាន​តវ៉ា រហូត​ហ៊ាន​ធ្វើ​រូប​ទីងមោង​តំណាង​រូប​លោក ហើយ​ហ៊ាន​ដុត​រូប​ទីងមោង​នោះ​ចោល​។ បើ​ហ៊ាន​លោក​នឹង​តាម​ធ្វើបាប​ដល់​ណា​ក៏​ហ៊ាន​ដែរ​៖ «​សុំ​ផ្ដាំ​ទៅ​អា​អ្នក​ត្រៀម​ធ្វើ​បាតុកម្ម បើ​ហ៊ាន​តែ​ធ្វើ​រូប ហើយ​ដុត​រូប ច្បាស់​ជា​មានរឿង​ហើយ ហើយ​ខ្ញុំ​ប្ដូរផ្ដាច់​ពេល​ហ្នឹង បើ​ហ៊ាន​តែ​ធ្វើ​រូប​ទីងមោង រូប​ខ្ញុំ​យក​ទៅ​ដុត អញ​តាម​វ៉ៃ​ដល់​ផ្ទះ​ប្រាប់​ឲ្យ​ហើយ​។ អានេះ​និយាយ​ឲ្យ​ច្បាស់​! សិទ្ធិ​របស់​ឯង​មាន បើ​សិទ្ធិ​អ្នកឯង​មាន​ដុត​គេ គេ​មាន​សិទ្ធិ​វ៉ៃ​អ្នកឯង​វិញ មាន​ទាស់​ខុស​អី​។ អាហ្នឹង​សិទ្ធិ​ទៅ​សិទ្ធិ​មក​។ អ្នកឯង​ប្រើ​ដល់​ហិង្សា​លើ​រូប​កាយ​គេ អ្នកឯង​ចាត់​ទុក​ថា អាហ្នឹង​រូប ហ៊ុន សែន រួច​ហើយ​យក​ទៅ​ដុត​។ តាម​ដល់​ផ្ទះ អត់​ទេ ក្របួច​យក​តែ​ម្ដង​!»​។

នៅក្នុងពិធីសំណេះសំណាលនាពេលនោះដែរ លោកហ៊ុន សែន ក៍ធ្វើការព្រមាន​ជាមុនថា លោកអាចនឹង​ ជំទាស់កុំអោយចេញសេចក្ដីថ្លែងការណ៍ណាមួយរួច រវាងអាស៊ាន និងអូស្ត្រាលី ។

លោក ហ៊ុន សែន បញ្ជាក់ថា«​មិនមែនត្រឹមតែអូស្ត្រាលីមិនអាចគាបសង្កត់កម្ពុជាទេ។ កម្ពុជាសូមដាក់​បញ្ហាទុកជាមុន បើសិនជាអ្នកឯងផ្តេសផ្តាស កម្ពុជាតែម្នាក់អាចនឹងធ្វើអោយគាំងទាំងអស់ នូវការចេញសេចក្ដី​ថ្លែងការណ៍។ របៀបរបបនៃអាស៊ាន វាត្រូវតែមានកុងសង់ស៊ីស រឿងអីដែលត្រូវហោះពីកម្ពុជាទៅអោយគេ​ស្ដីអោយ​នៅអូស្ត្រាលី? រឿងនេះ អូស្ត្រា​លីគួរតែអរគុណកម្ពុជាវិញទេ ដែលមកឡប់ប៊ីកម្ពុជាអោយគាំទ្រ​ការធ្វើការជួបប្រជុំខួបរំលឹកអនុស្សាវរីយ៍ក្នុងទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី … សូមកុំច្រឡំ។»។

ប្រជាពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ឯណោះ​ក៏​ហួសចិត្ត​នឹង​សម្ដី​របស់​លោក ហ៊ុន សែន ខ្លាំង​ណាស់​ដែរ​។ តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លី​ម ហៅ​លោក ហ៊ុន សែន ថា​អាក្រក់​ជាង​សត្វ​តិរច្ឆាន​ទៅ​ទៀត​។ លោក​អះអាង​ថា លោក​និង​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ដទៃ​ទៀត កំពុង​ប្រមូល​ភស្តុ​តាង និង​បកប្រែ​សម្ដី​លោក ហ៊ុន សែន ដែល​មាន​ធាតុ​ផ្សំ​នៃ​បទល្មើស​ទៅ​ជា​ភាសា​អង់គ្លេស ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​ប៉ូលិស​អូស្ត្រាលី និង​ប៉ូលិស​អន្តរជាតិ ដើម្បី​ចាត់ការ​លោក ហ៊ុន សែន ទៅ​តាម​ផ្លូវច្បាប់ ជា​ប្រយោជន៍​ក្នុង​ការ​ការពារ​សិទ្ធិ​សេរីភាព និង​សុវត្ថិភាព​ជូន​ប្រទេស និង​ពលរដ្ឋ​អូស្ត្រាលី​ទាំងមូល ។

ពាក់​ព័​ន្ឋ​នឹង​ការ​គំរាម​របស់​លោក ហ៊ុន សែន ខាងលើ​នេះ​ដែរ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ខ្មែរ លោក ផៃ ស៊ី​ផា​ន បាន​ចោទ​ជា​សំណួរ​ទៅ​វិញ​ថា បើ​ចោទ​ថា សម្ដី​លោក ហ៊ុន សែន ដែល​ថា​នឹង​តាម​វ៉ៃ​អ្នក​តវ៉ា​ដល់​ផ្ទះ ថា​ជា​អំពើ​ហិង្សា ចុះ​ការ​ដុត​រូប​លោក ហ៊ុន សែន មិន​ហិង្សា​ទេ​យ៉ាងម៉េច0x017d7 ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​គំរាម​របស់​លោក ហ៊ុន សែន​នោះ​រួច​មក សមាជិក​សភា​អូស្ត្រាលី ពី​ខាង​គណបក្ស​ពលករ លោក ម៉ាក បាត់​លើ​រ៍ (Mark Butler) បាន​ថ្លែង​សារ​ធ្ងន់​ៗ តាម​រយៈ​វី​ដេ​អូ​ឃ្លិប ដែល​ផ្សាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​ពន្យល់​ប្រាប់​ទៅ​លោក ហ៊ុន សែន ឲ្យ​យល់​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​អូស្ត្រាលី ដោយ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី មាន​សិទ្ធិ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព ដោយ​គ្មាន​ការ​គំរាមកំហែង​ណាមួយ​បាន​ឡើយ​។

លោក ម៉ាក បាត់​លើ​រ៍ ត្រូវ​បាន RFA ធ្វើការ​បកប្រែ​មាន​ខ្លឹមសារ​ថា​៖ «​កាលពី ២៤​ម៉ោង​មុន​នេះ លោក ហ៊ុន សែន បាន​ថ្លែង​គំរាម​វាយដំ​ជនជាតិ​អូស្ត្រាលី​ណា​ដែល​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នៅ​ខែមីនា​។ ការ​គំរាមកំហែង​បែប​នេះ គឺ​មិន​អាច​ទទួលយក​បានជា​ដាច់ខាត​។

ប្រជាពលរដ្ឋ​អូស្ត្រាលី បាន​សម្តែង​ការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង​រួច​ទៅ​ហើយ ចំពោះ​ការ​បំផ្លាញ​លទ្ធិប្រជាធិប​តេយ្យ​​នៅ​​កម្ពុជា ដូច​ជា​ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា ដាក់​ពន្ធនាគារ ដោយ​ផ្អែក​លើ​ការ​ប្រឌិត​បទ​ចោទ​ទៅ​លើ​រូប​លោក ដោយ​គ្រាន់តែ​លោក​ថ្លែង​សារ​ជា​សាធារណៈ​នៅ​ប្រទេស​អូស្ត្រាលី កាលពី​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ និង​ការ​រម្លាយ​គណបក្សប្រឆាំង និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ី​វិល​ជាដើម​។ ប្រជាពលរដ្ឋ​អូស្ត្រាលី ពិតជា​សម្តែង​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​របស់​លោក ហ៊ុន សែន​។ ហេតុ​ដូច្នេះ​ហើយ ទើប​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នឹង​ចូលរួម​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​ខែមីនា​នោះ​។ ខ្ញុំ​សុំ​ផ្ញើ​សារ​នេះ​ដោយ​ផ្ទាល់​ទៅ​លោក ហ៊ុន សែន ឲ្យ​លោក​ជ្រាប​ថា ពលរដ្ឋ​អូស្ត្រាលី ទាំងអស់​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ដោយ​សន្តិវិធី ដោយ​គ្មាន​ការ​គំរាមកំហែង​ណាមួយ​នោះ​ឡើយ​។ នេះ​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​មួយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​អូស្ត្រាលី​។ ដូច្នេះ រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​តែ​បញ្ជាក់​ឲ្យ​ច្បាស់​ទៅ​របប​លោក ហ៊ុន សែន ដើម្បី​កុំ​ឲ្យ​លោក ហ៊ុន សែន នៅ​មន្ទិល​ក្នុង​រឿង​នេះ​។ រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ការ​គំរាមកំហែង​បែប​នេះ មិន​អាច​ទទួលយក​បានជា​ដាច់ខាត ហើយ​ជា​ការ​ចាំបាច់​បំផុត​ដែល​លោក ហ៊ុន សែន ត្រូវ​តែ​ដក​ការ​គំរាម​វាយ​បាតុករ​ទៅ​វិញ​ជា​បន្ទាន់​»៕

ចំណែកប្រជាពលរដ្ឋ​ខ្មែរ​-កាណាដា​ប្រមាណ ១០០​នាក់ មក​ពី​តាម​តំបន់​នានា​ក្នុង​ប្រទេស​កាណាដា រួមមាន រដ្ឋធានី​អូតាវ៉ា (Ottawa) ក្រុង​ម៉ុងរ៉េអាល់ (Montreal) និង​ខេត្ត​កេប៉ិច (Quebec) កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ កុម្ភៈ បាន​មក​ជួបជុំគ្នា​នៅ​វត្ត​ចម្ការរតនារាម ក្នុង​ក្រុង​ឡាវ៉ាល់ (Laval) ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង​ម៉ុងរ៉េអាល់ ដើម្បី​រៀបចំ​ពិធី​ដុត​រូបទីងមោង លោក ហ៊ុន សែន។

ក្រុម​អ្នកចូលរួម​បាន​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​សម្ដែង​ការ​មិន​ពេញចិត្ត និង​ក្ដី​ខឹង​សម្បារ​របស់​ពួកគេ​ទៅ​នឹង​សារ​គំរាម​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ដែល​លោក​បាន​ព្រមាន​ថា នឹង​តាម​វាយ​ពលរដ្ឋ​ខ្មែរ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ធ្វើបាតុកម្ម​ប្រឆាំង​រូបលោក ឬ​ដុត​ទីងមោង​រូបលោក នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី​-​អាស៊ាន នៅ​ប្រទេស​អូស្ត្រាលី នា​ពាក់​កណ្តាល​ខែ​មីនា​ខាងមុខនេះ។

ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ដឹកនាំ​ដោយ​ចលនា​នារី​ខ្មែរ​ម៉ុងរ៉េអាល់​កាណាដា និង​មានការ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ​មកពី​តាម​បណ្ដា​វត្ត​អារាម​នានា ក្នុង​ក្រុង​ម៉ុងរ៉េអាល់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ប្រទេស​កាណាដា អ្នកគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​កាណាដា​ជា​ច្រើន​រូប បើ​ទោះ​ជា​អាកាសធាតុ​នៅ​ទីនោះ​មាន​លក្ខណៈ​ត្រជាក់​ខ្លាំង​យ៉ាងណាក៏ដោយ។ ក្រុម​អ្នកចូលរួម​ថា ពួកគេ​មិន​ខ្លាចរអា​ទៅ​នឹង​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន នេះ​ទេ។ មុន​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ក្រុម​អ្នកចូលរួម​ខ្លះ បាន​នាំគ្នា​ស្រែក​ដាក់​បណ្ដាសា​លោក ហ៊ុន សែន ដោយ​ខ្លះ​ថា​លោក ហ៊ុន សែន ជា​ជន​ក្បត់ជាតិ ជា​ឃាតក​សម្លាប់​ក្រុម​អ្នកប្រឆាំង ក្រុម​អ្នក​ប្រជាធិបតេយ្យ និង​ពលរដ្ឋ​ស្លូតត្រង់​ជាដើម។

ក្រុម​អ្នកចូលរួម​ខ្លះ​ទៀត បាន​នាំគ្នា​យក​ដុំ​ទឹកកកគប់​សំដៅ​ទៅ​រូប​ទីងមោង លោក ហ៊ុន សែន ខណៈ​អ្នក​ខ្លះ​ទៀត​នាំគ្នា​យក​ដំបង​ឈើ​វាយ​សំពង​រូប​ទីងមោង​លោក ហ៊ុន សែន​នោះ ដើម្បី​ជា​ការ​សម្ដែង​នូវ​អារម្មណ៍​មិន​ពេញចិត្ត​របស់​ពួកគេ។

តំណាង​ក្រុម​អ្នកគាំទ្រ​ចលនា​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​កាណាដា​ម្នាក់ គឺ​លោក នួន នរា ថ្លែងប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃអាទិត្យ​ទី​២៥ កុម្ភៈ ថា ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ធ្វើឡើង​ដោយសារ​ពួកគាត់​មាន​ភាព​ឈឺចាប់​នឹង​អំពើ​អយុត្តិធម៌​សង្គម និង​ការដឹកនាំ​តាមរបៀប​បែប​ផ្ដាច់ការ​ឯកបក្ស​របស់​លោក ហ៊ុន សែន ដែល​ចុង​ក្រោយនេះ​បាន​រម្លាយ​ប្រជាធិបតេយ្យ​ជា​ស្ថាពរ​នៅ​កម្ពុជា។ លោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​កាណាដា មិន​ខ្លាច​រអារ​នឹង​សារ​គំរាមកំហែង​របស់​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​នេះ​ឡើយ៖ «គាត់​អត់​ខ្លាច​ទេ ហើយ​ជាពិសេស​បងប្អូន​យើង​ខ្មែរ​កម្ពុជា​ក្រោម​...។ គាត់​ប្រកាស​ដាច់អហង្ការ​ថា គាត់​មិន​ខ្លាច​ជាដាច់ខាត។ មាន​លោក​ដែល​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក សាខា​ម៉ុងរ៉េអាល់​ហ្នឹង គាត់​ឡើង​ប្រកាស​និយាយ​ក្នុង​មេក្រូ គាត់​ថា គាត់​ឲ្យ​អាសយដ្ឋាន​គាត់​ទៀត។ គាត់​ថា គាត់​នឹង​ទៅ​ដុត​ជាមួយ​បងប្អូន​ចលនា​ស្ត្រី​ហ្នឹង ហើយ​គាត់​ពាក់​អាសយដ្ឋាន​គាត់។ គាត់​ថា បើ​ចង់​មក​... មក​សម្លាប់​គាត់ ក៏​មក​សម្លាប់​គាត់​ទៅ នៅផ្ទះ​គាត់។ គាត់​ឲ្យ​អាសយដ្ឋាន។ ដូច្នេះ គឺថា​បងប្អូន​យើង​ពុះពោរ​មែនទែន។ ជាពិសេស​ស្ត្រី​ហ្នឹង​ក៏​គាត់​មិន​ខ្លាច​ដែរ ពីព្រោះ​យើង​អស់​មានអី​ទៀតហើយ គាត់​ថា​អញ្ចឹង។ យើង​មានតែ​ការ​តស៊ូ ដូច្នេះ​បើ​ថា នៅតែ​ខ្លាច​គេ​សម្លុត​ទៀត អាហ្នឹង យើង​អត់​មាន​ធ្វើដំណើរ​ទៅមុខ​បានទេ»។

មុន​ពេល​ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នេះ ក្រុម​អ្នកចូលរួម​ក៏បាន​រៀបចំ​ធ្វើ​វេទិកា​សាធារណៈ​មួយ​អំពី​យុទ្ធនាការ​ចលនា​សង្គ្រោះ​ជាតិ ដែល​មាន​ការចូលរួម​ពី​សំណាក់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក គង់ សភា និង​លោក សោ ចាន់ដេត និង​មន្ត្រី​ជាន់ខ្ពស់​ចលនា​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កាណាដា​ជាច្រើន​រូប។ ពួកគេ​បាន​អំពាវ​ឲ្យ​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា គាំទ្រ​ចលនា​គណបក្ស​សង្គ្រោះជាតិ​ឲ្យ​បាន​មោះមុត និង​ចូលរួម​ឲ្យ​បាន​យ៉ាង​សកម្ម​ក្នុង​ការ​ធ្វើ​ពហិការ​មិន​ទិញ​ទឹកបរិសុទ្ធ​វីតាល់ ទឹក​សុទ្ធ​អារុណា រួម​ទាំង​ផលិតផល​ផ្សេងៗ​ទៀត ដែល​ជា​ភាគហ៊ុន​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក ហ៊ុន សែន។

លោក​ថា ក្រុម​ចលនា​នារី​ខ្មែរ​ម៉ុងរ៉េអាល់​កាណាដា បច្ចុប្បន្ន កំពុង​ធ្វើ​រូប​ទីងមោង​លោក ហ៊ុន សែន ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ដើម្បី​ត្រៀម​រៀបចំ​ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន បន្ថែម​ទៀត​នា​ពេល​អនាគត។ លោក​ផ្តាំ​ផ្ញើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ត្រូវ​ចេះ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​កម្ចាត់​របប​ផ្ដាច់ការ​លោក ហ៊ុន សែន៕





ប្រភព៖ RFA Khmer
Previous Post
Next Post

post written by:

0 ความคิดเห็น: