วันอาทิตย์ที่ 4 กุมภาพันธ์ พ.ศ. 2561

អាល្លឺម៉ង់បានរកឃើញ​​ថាស្ថានទូត​​កូរ៉េ​​ខាងជើង​​ប្រចាំ​​ក្រុង​​ប៊ែកឡាំង ​ជា​​កន្លែង​​ឆ្លងកាត់​​សម្ភារៈ​ផលិត​​អាវុធ!-North Korea’s Berlin embassy used to acquire nuclear tech, says spy chief


អាល្លឺម៉ង់បានរកឃើញ​​ថាស្ថានទូត​​កូរ៉េ​​ខាងជើង​​ប្រចាំ​​ក្រុង​​ប៊ែកឡាំង ​ជា​​កន្លែង​​ឆ្លងកាត់​​សម្ភារៈ​ផលិត​​អាវុធ!-North Korea’s Berlin embassy used to acquire nuclear tech, says spy chief

លោកនាយកការិយាល័យស៊ើបការណ៍សំងាត់ របស់អាល្លឺម៉ង់ បានប្រកាសនៅក្នុងបទសម្ភាសន៍​តាម​ទូរទស្សន៍មួយថា ​ក្រុមការងារលោក បានរកឃើញថា កូរ៉េខាងជើង បានប្រើប្រាស់​ អាគារស្ថានទូតខ្លួន ប្រចាំទីក្រុងប៊ែរឡាំង ជាទីកន្លែងឆ្លងកាត់ បញ្ជូនសម្ភារៈ និងបច្ចេកទេស​នានា ដើម្បី​ប្រើប្រាស់ ក្នុង​ការ​​​ផលិត​​អាវុធ​​មី​ស៊ីល និងនុយក្លេអ៊ែរ។

ក្រុមការងារយើង បានតាមដានដឹងថា សកម្មភាពចរចា ទិញ និងដោះដូរសម្ភារៈ ក៏ដូចជាបច្ចេកវិទ្យាយោធាចាំបាច់​​ យកទៅប្រើប្រាស់ ក្នុងការផលិតអាវុធមីស៊ីល រួមទាំងនុយក្លេអ៊ែរផងនោះ គឺបានប្រព្រឹត្តិធ្វើទៅ នៅក្នុងអាគារស្ថានទូត របស់កូរ៉េខាងជើង ប្រចាំទីក្រុងប៊ែរឡាំង”។ នេះគឺជាសម្តីអះអាង របស់លោក Hans-Georg Maassen នាយកការិយាល័យស៊ើបការណ៍សំងាត់ និងសន្តិសុខផ្ទៃក្នុង របស់​អាល្លឺម៉ង់ នៅក្នុង​សម្រង់​បទ​យកការណ៍ ដែល​បាន​ផ្សាយ​តាមទូរទស្សន៍​​អាល្លឺម៉ង់ ARD កាល​ពី​យប់ថ្ងៃ​សៅរ៍​ទី ​៣កុម្ភៈ។

ដោយមិនបង្ហើបឲ្យដឹង អំពីប្រភេទបច្ចេកវិទ្យា ណាឲ្យច្បាស់លាស់ មន្ត្រី​អាល្លឺម៉ង់​ខាងលើ គ្រាន់តែនបាននិយាយថា ជាបច្ចេកវិទ្យា ប្រើក្នុងវិស័យ​ស៊ីវីល​ផង និងវិស័យយោធាផង ដែលកូរ៉េខាងជើង បានលួចលាក់សន្សំទុក។ លោកបន្តថា បន្ទាប់ពីកំណត់មុខសញ្ញានេះ អាជ្ញាធរ​អាល្លឺម៉ង់ បានបញ្ជារឲ្យស្ថានទូតកូរ៉េខាងជើង ត្រូវបញ្ឈប់សកម្មភាពទាំងអស់នេះ ជាបន្ទាន់។ ក៏ប៉ុន្តែលោកបានទទួលស្គាល់ថា ក្រុមស៊ើបការណ៍​សំងាត់ មិនអាចធានាថា អាចតាមដានបានជាប់រហូត ហើយអាចដឹងនូវសកម្មភាពប៉ុនប៉ងថ្មីណាមួយផ្សេងទៀត បានជានិច្ចនោះទេ។

បើ​តាម​ខ្លឹមសារនៃបទយកការណ៍ ដែលនឹងត្រូវចាក់ផ្សាយទាំងស្រុង នៅថ្ងៃចន្ទស្អែកនេះ បានបង្ហាញថា ក្រុមស៊ើបការណ៍សំងាត់អាល្លឺម៉ង់ បានឈានទៅតាមដានដឹង អំពីសកម្មភាពរកស៊ីទាំងនេះ នៅរវាងឆ្នាំ​២០១៦-២០១៧។ ហើយនៅឆ្នាំ២០១៤ ស្ថានទូតកូរ៉េខាងជើង បានទាំង​ព្យាយាម​ស្វែងរកទិញសម្ភារៈ និងធាតុផ្សំ យកទៅផលិតអាវុធគីមីទៀតផង។

គួរបញ្ជាក់ថា ការចោទប្រកាន់របស់អាជ្ញាធរអាល្លឺម៉ង់ នាពេលនេះ គឺធ្វើឡើងស្របពេល ជាមួយ​នឹង​របាយការណ៍​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ស្រាវជ្រាវ​ដឹង​ថា ក្នុង​រវាង​ឆ្នាំ​២០១៧ ​កូរ៉េ​ខាងជើង​បាន​លួច​លាក់​ រកស៊ី​ខុសច្បាប់ ជាមួយឈ្មួញ ដោយគេចចេញពីទណ្ឌកម្មអន្តរជាតិ ដែលគិតជាទឹកប្រាក់សរុប មិនតិចជាង២០០លានដុល្លារនោះ​ទេ។ របាយការណ៍នេះ ក៏បានលើកឡើង ផងដែរអំពីគំរោង​ឃុប​ឃិត​​រកស៊ី បញ្ជូន​កាំជ្រួច​មីស៊ីល​បាលីស្ទីក រវាងកូរ៉េខាងជើង ជាមួយ​ប្រទេស​​មួយ​ចំនួន នៅអាហ្វ្រិក នៅដើមបូព៌ា ដូចជាប្រទេសស៊ីរី នៅ​តំបន់​​អាស៊ី​អាគ្នេយ៍ ដូចជាភូមាជាដើម។

អ្នក​ជំនាញបានលើកឡើងថា រាប់សិបឆ្នាំមកហើយ មន្ត្រីស្ថានទូត ក៏ដូចជាឯករដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅតាមប្រទេសក្រៅនានា គឺជាគេញសម្ងាត់បំរើរបបផ្តាច់ការនេះ ហើយដែលមានតួនាទី ចរចា ទិញលក់សម្ភារៈយោធា បច្ចេកវិទ្យានានា និងប្រមូលប្រាក់បានមកពីជំនួញអាវុធខុសច្បាប់ យកទៅចិញ្ចឹម របប​ផ្តាច់​ការ​កូរ៉េខាងជើង៕ ((ប្រភព៖ វិទ្យុបារាំង))



Previous Post
Next Post

post written by:

0 ความคิดเห็น: