អាមេរិកត្រៀមកាត់ក្បាលស៊ីភីភីហើយ៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ អះអាងថាអាមេរិកមានឈ្មោះមន្ត្រីខ្មែរគ្រប់គ្រាន់ក្នុងការដាក់ទណ្ឌកម្មហើយ!
អាមេរិកត្រៀមកាត់ក្បាលស៊ីភីភីហើយ៖ មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ អះអាងថាអាមេរិកមានឈ្មោះមន្ត្រីខ្មែរគ្រប់គ្រាន់ក្នុងការដាក់ទណ្ឌកម្មហើយ!
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ អះអាងថា រហូតមកទល់ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន កំពុងស្វែងរកពេលវេលាសមរម្យក្នុងការដាក់ទណ្ឌកម្មបុគ្គល និងក្រុមមន្ត្រីជាន់ខ្ពស់នៃរបបដឹកនាំរបស់លោក ហ៊ុន សែន។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់បក្សកាន់អំណាចអះអាងថា ប្រសិនបើសហរដ្ឋអាមេរិក ប្រើវិធានការដូច្នេះមែន វាគឺជាអំពើអយុត្តិធម៌ជាទីបំផុត។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មានភស្តុតាង និងឯកសារគ្រប់គ្រាន់ក្នុងការដាក់ទណ្ឌកម្មដល់ក្រុមបុគ្គល និងក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល លោក ហ៊ុន សែន ដោយសារការរំលាយគណបក្សសង្គ្រោះជាតិ និងការរំលោភគោលការណ៍នីតិរដ្ឋ។
អនុប្រធានទទួលបន្ទុកទំនាក់ទំនងកិច្ចការសាធារណៈ និងជាកូនស្រីច្បងរបស់លោក កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានប្រាប់អាស៊ីសេរីថា ស្ថាប័នដែលមានតួនាទីក្នុងការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន នឹងកំណត់ពេលវេលាជាក់លាក់ក្នុងការចាត់វិធានការក្ដៅនៅពេលដ៏ឆាប់ខាងមុខ៖ «ស្ថាប័នដែលពាក់ព័ន្ធ នឹងទទួលខុសត្រូវទៅក្នុងការដាក់បញ្ជីបុគ្គលផ្សេងៗចូលទៅក្នុងអ្វីដែលគេហៅថា បញ្ជីពិសេសរបស់សហរដ្ឋអាមេរិក នោះ ស្ថាប័នទាំងនោះបានទទួលព័ត៌មានគ្រប់គ្រាន់ហើយ ដើម្បីធ្វើការសម្រេចចិត្ត និងចាត់វិធានការផ្សេងៗ។ ខ្ញុំជឿជាក់ថា វិធានការទាំងនេះនឹងមានក្នុងពេលឆាប់ៗខាងមុខនេះ»។
ប្រភពអះអាងថា ឈ្មោះមន្ត្រី និងបុគ្គលដែលបានចងក្រងដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកនេះ រាប់ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំងកូនៗរបស់លោកទាំងអស់។ រដ្ឋមន្ត្រី និងអ្នកនាំពាក្យគ្រប់ក្រសួង អាជ្ញាធរដែនដី អភិបាលខេត្ត រាជធានី អភិបាលក្រុង ស្រុក ខណ្ឌ មន្ត្រីតុលាការ គ្រប់លំដាប់ថ្នាក់ មន្ត្រីយោធាជាន់ខ្ពស់ និងមន្ត្រីនគរបាលជាដើម។
រដ្ឋាភិបាលសហរដ្ឋអាមេរិក កន្លងមកបានដាក់ទណ្ឌកម្មជំហានដំបូងលើរដ្ឋាភិបាលកម្ពុជា ដូចជាការហាមឃាត់មន្ត្រីកម្ពុជា មួយចំនួនមិនឲ្យជាន់ទឹកដីអាមេរិក និងផ្អាកជំនួយការបោះឆ្នោតទាំងស្រុង។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា មន្ត្រីរបស់កម្ពុជា គ្មានលុយដាក់តម្កល់នៅបរទេសនោះទេ ហើយថា ការដាក់ទណ្ឌកម្មមកលើមន្ត្រីកម្ពុជា គឺជាសិទ្ធិរបស់អាមេរិក ប៉ុណ្ណោះ៖ «ខ្ញុំអត់មានអ្វីទៅព្រួយបារម្ភទេ ចង់បង្កកអ្វីក៏បង្កកទៅ។ ខ្ញុំយល់ថា ការរឹបអូស ឬបង្កកលុយនោះ ជាអំពើអយុត្តិធម៌ណាស់»។
ប៉ុន្តែតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho) អះអាងថា ទង្វើរបស់រដ្ឋាភិបាលកម្ពុជា ទៅវិញទេ ដែលចាត់វិធានការអយុត្តិធម៌ បំផ្លាញគោលការណ៍ប្រជាធិបតេយ្យ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ និងរំលោភរដ្ឋធម្មនុញ្ញរបស់ប្រទេស។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កញ្ញា កឹម មនោវិទ្យា អះអាងថា គណបក្សប្រឆាំងជំរុញឲ្យសហគមន៍អន្តរជាតិ ប្រើវិធានការក្តៅៗដាក់បញ្ចូលទៅក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលអឺរ៉ុប ដែលអាចនឹងសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសកម្ពុជា នៅចុងខែកុម្ភៈ ខាងមុខ។
កញ្ញាបន្តថា គណបក្សប្រឆាំងក៏បានជំរុញឲ្យសហគមន៍អឺរ៉ុប ប្រើវិធានការក្តៅដាក់សម្ពាធដល់កម្ពុជា នៅក្នុងប្រជុំដ៏ធំមួយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) នៅខែមីនា ខាងមុខ។
ក្រុមមន្ត្រីបក្សប្រឆាំងក៏បានជំរុញឲ្យសហគមន៍ អន្តរជាតិដាក់បញ្ចូលបញ្ហារបស់កម្ពុជា ទៅក្នុងរបៀបវារៈនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក ថែមទៀត៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: