วันเสาร์ที่ 3 กุมภาพันธ์ พ.ศ. 2561

ប្រវត្តិ​​​ត្រួសៗរបស់មន្រ្ដី​ខ្មែរទាំង៣រូប​ ដែល​ត្រូវ​បានមន្ត្រីខ្មែរក្បត់ជាតិបាញ់សម្លាប់​ដោយ​បុព្វហេតុ​​ការពារ​ព្រៃឈើ !!


ដូចដែល​ប្រិយមិត្ត​បាន​ដឹង​ហើយថា អ្នក​អភិរក្សព្រៃឈើ ៣រូប ដែល​រួម​មាន លោកតឺន សុខណៃ មន្ត្រីឧទ្យានុរក្សរបស់​ក្រសួងបរិស្ថាន លោកសេក វឌ្ឍនា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកថុល ខ្នា មន្ត្រីផ្នែកព័ត៌មានភូមិសាស្ត្រអង្គការ WCS ត្រូវ​បាន​ជនប្រដាប់អាវុធ លួចបាញ់សម្លាប់នៅពេល​កំពុង​ចុះបំពេញការងារដើរល្បាតព្រៃ ក្បែរព្រំប្រទល់កម្ពុជា និងវៀតណាម កាលពី​ថ្ងៃ​ទី៣០ មករាកន្លងទៅ។

របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គីរី បាន​បង្ហាញ​ថា ករណី​ផ្ទុះ​អាវុធ​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ ផល ពេញ។ ជនសង្ស័យ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅថ្ងៃ​ទី២ ខែកុម្ភៈនេះ។

ខ្លីៗ សូម​បង្ហាញ​ពី​បុព្ធហេតុ​ការពារ​ព្រៃឈើ​ នៃ​ជន​រងគ្រោះ​ទាំង ៣រូប ដោយ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដូចខាងក្រោម៖


លោក តឺន សុខណៃ មន្ត្រីឧទ្យានុរក្សរបស់​ក្រសួងបរិស្ថាន គឺជាជនជាតិដើមភាគតិចព្នង រស់នៅក្នុងភូមិពូចាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ លោក​ធំដឹងក្តីជាមួយធម្មជាតិ និងសត្វព្រៃ ហើយតាំងពីកុមារភាព លោក​បានយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ និងសត្វព្រៃ ជាពិសេសការងារអភិរក្ស។ បន្ទាប់ពីទទួលបានបរិញ្ញាប័ត្រ ផ្នែកគ្រប់គ្រងធនធានមនុស្សពី​សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ លោកសុខណៃ បានចាប់ផ្តើមការងារជាមួយ​អង្គការ WCS ជាជំនួយការគម្រោងទេសចរណ៍ធម្មជាតិនៅក្នុងដែន ជម្រកសត្វព្រៃកែវសីមា អស់រយៈពេល ៤ឆ្នាំ។

ក្នុងតួនាទីនេះ លោក​បានរៀបចំបង្កើតគម្រោងទេសចរណ៍ជំរុំសត្វទោច ដែលមានទីតាំងស្ថិតនៅក្បែរភូមិ អណ្តូងក្រឡឹង ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលភ្ញៀវទេសចរអាច​ទៅ​កម្សាន្ត និងស្នាក់នៅ ហើយអាចឲ្យសហគមន៍ អាចរកប្រាក់ចំណូលបានទៀតផង។ សម្រាប់ជនជាតិដើមភាគតិច ពាក្យ “ចាហូ” មានន័យថាសត្វទោចថ្ពាល់លឿងញី ហើយត្រូវបានគេយកមកដាក់​ជាឈ្មោះឲ្យគម្រោងទេសចរណ៍នៅភូមិអណ្តូងក្រឡឹងនេះ។ សត្វទោចថ្ពាល់លឿង គឺជាប្រភេទសត្វមួយដែលលោកសុខណៃ ចង់ការពារ និងស្គាល់ច្បាស់អំពីពួកវា ពិសេសពេលមានភ្ញៀវ មកកម្សាន្ត​ម្តងៗ លោក​តែងនិយាយរឿងព្រេងអំពីប្រវត្តិសត្វទោចនេះ។ ក្រោយមក លោក​សុខណៃ បានចូលបម្រើការងារជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួង​បរិស្ថាន និងក្លាយជាមន្ត្រីសមភាគីអង្គការ WCS នៅពាក់កណ្តាល ឆ្នាំ២០១៧ ដោយសារ​តែ​លោក​បាន​ឃើញ និង​ដឹងនូវអ្វីដែលបានកើតឡើង ចំពោះធនធានព្រៃឈើដែលលោក​ស្រលាញ់ និងចង់ការពារទាំងអស់នោះ។

លោកសុខណៃ ទទួលបានការគោរពស្រឡាញ់​ពីសហគមន៍ជនជាតិ​ដើមភាគតិចព្នង មិត្តភក្តិរួមការងារ និងភ្ញៀវទេសចរដែលធ្លាប់បានទៅ​កម្សាន្ត​ទៅជំរុំសត្វទោច ពីព្រោះអ្នកគ្រប់គ្នាសុទ្ធតែបានដឹង និងទទួលស្គាល់ឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់លោកកន្លងមក ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ។ លោក​បានបន្សល់ទុកនូវ​ភរិយា និងកូនស្រីតូចចំនួន ២នាក់ ដែលមានអាយុ ១ឆ្នាំ និង ៤ឆ្នាំ។

លោកសេក វឌ្ឍនា ជា​មន្ត្រីកងរាជអាវុធហត្ថ ដែល​មានស្រុកកំណើតនៅរាជធានីភ្នំពេញ។ លោក​បាន​បន្សល់ទុកនូវភរិយា និងកូនស្រីតូចៗចំនួន ២នាក់មាន អាយុ២ឆ្នាំ និង ៥ឆ្នាំ។ បន្ទាប់ពីបញ្ចប់បរិញ្ញាបត្រ ​លោក​បានចូលបម្រើការងារជាមន្រ្ដី​កងរាជ​អាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងឆ្នាំ២០១៦ លោក​វឌ្ឍនា បានផ្លាស់មកកាន់​កែវសីមា និងបានចូលបម្រើការងារជាមន្ត្រីសមភាគីកងរាជអាវុធហត្ថ និងជាសមាជិកក្រុមល្បាត។ លោក វឌ្ឍនាបានធ្វើការជាមួយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងក្រុមល្បាតសហគមន៍ដើម្បីការពារ​ដែនជម្រកសត្វព្រៃកែវសីមានេះ។ លោក​គឺជាមន្ត្រីឧស្សាហ៍ព្យាយាម និងទទួលបានការគោរពស្រឡាញ់​ពី​សមាជិកក្រុម ហើយ​ស្ថិតនៅក្នុង​ចិត្តមិត្តរួមការងាររបស់​លោក​ទាំងអស់។

លោកថុល ខ្នា បាន​ធំដឹងក្តីនៅក្នុងភូមិប៉ែនមាស ដែលជាភូមិដាច់ស្រយាលមួយ នៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ​លោក​គឺជាកូនតែម្នាក់គត់នៅ​ក្នុងក្រុមគ្រួសារដែលបានចូលរៀននៅសាកលវិទ្យាល័យ ហើយបញ្ចប់​បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រព្រៃឈើ ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម “ចំការដូង” នៅឆ្នាំ២០១៦។

លោក​បានបន្តការសិក្សាអាហាររូបករណ៍ រយៈពេល១០ខែ នៅក្នុងប្រទេសអ៊ីស្រាអែល ផ្នែកប្រព័ន្ធពត៌មាន ភូមិសាស្ត្រ។ លោក ខ្នា បានចូលរួមជាមួយអង្គការ WCS នៅក្នុងឆ្នាំ២០១៧ ជាមួយក្រុមការងារ Geographic Information System (GIS) និង Spatial Monitoring And Report Tool (SMART)។ លោក​ពេញចិត្តនឹង​ធ្វើការងារជាក្រុម ដើម្បីស្វែងរកវិធីសាស្ត្រថ្មី ដោយប្រើប្រាស់ទិន្នន័យពីលើអាកាស សម្រាប់ការងារអភិរក្ស។ ផ្នែកមួយនៃការងាររបស់លោក​ គឺជួយពង្រឹងគុណភាពនៃការត្រួតពិនិត្យ និងការប្រមូលទិន្នន័យនៅ​ទីវាលដែលតម្រូវឲ្យ​លោក​ត្រូវចុះទៅក្នុងព្រៃ។ ទោះបីជាគាត់បានចូលរួម ជាមួយអង្គការ WCS បានតិចជាង១ឆ្នាំក្តី តែ​លោក​គឺជាសមាជិកដ៏មាន​ប្រជាប្រិយភាពម្នាក់នៅក្នុងក្រុម និងមិនអាចបំភ្លេចបានជារៀងរហូត។ ​លោក​បាន​បន្សល់ទុកភរិយា និងកូនស្រីដ៏តូចម្នាក់ដែលមាន អាយុទើបតែ ២ខែកន្លះប៉ុណ្ណោះ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ WCS ដដែល បាន​បញ្ចប់​ទៅដោយសារ​ដូចខាងក្រោម៖

“អង្គការ WCS ពិតជាមានការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងចំពោះការ​បាត់បង់វីរៈជនអភិរក្សទាំង ៣រូបខាងលើនេះ។ ជាការគោរព និងឆ្លើយ​តបចំពោះឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគាត់ និងមន្ត្រីអភិរក្សផ្សេងទៀត ដែលបានចំណាយពេលវេលាការការពារព្រៃឈើ និងសត្វព្រៃនៅក្នុង ប្រទេសកម្ពុជា អង្គការ WCS នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ដៃគូដើម្បីរួមគ្នាបញ្ឈប់ការកាប់ឆ្កាដីព្រៃ ការកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ ព្រមទាំងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ។”

“ជារៀងរាល់ថ្ងៃ មន្ត្រីឧទ្យានុរក្ស និងក្រុមអនុវត្តច្បាប់ បានប្រថុយជីវិតរបស់​ខ្លួនដើម្បីការពារសត្វព្រៃ និងព្រៃឈើ។ យើងមិនត្រូវអនុញ្ញាតឲ្យឧក្រិដ្ឋជន​ កាប់បំផ្លាញព្រៃនៅកម្ពុជា គំរាមកំហែង និងបាញ់សម្លាប់អ្នក ការពារសម្បត្តិ ធម្មជាតិកើតឡើងជាថ្មីម្តងទៀតឡើយ។ យើងទាំងអស់គ្នា នឹងចងចាំ លោក សុខណៃ លោក វឌ្ឍនា និងលោក ខ្នា ជាវីរៈជនអភិរក្សព្រៃឈើ ជារៀងរហូត”៕

អត្ថបទ៖ សុខ សុវត្ថិ
Previous Post
Next Post

post written by:

0 ความคิดเห็น: