តំណាងរាស្ត្របក្សសង្គ្រោះជាតិចំនួន១៣រូបបានសរសេរលិខិតរាយការណ៍ករណីធ្វើទុក្ខបុកម្នេញស្ត្រីខ្លឹមអូរចារកញ្ញារ៉ូហ៊្សេត ប្រាប់អ.ស.ប
តំណាងរាស្ត្របក្សសង្គ្រោះជាតិចំនួន១៣រូបបានសរសេរលិខិតរាយការណ៍ករណីធ្វើទុក្ខបុកម្នេញស្ត្រីខ្លឹមអូរចារកញ្ញារ៉ូហ៊្សេត ប្រាប់អ.ស.ប
តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ចំនួន ១៣រូប បានសរសេរលិខិតរាយការណ៍ទៅគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយសម្ដែងពីការបារម្ភយ៉ាងខ្លាំងចំពោះករណីធ្វើទុក្ខបុកម្នេញ និងយាយីផ្នែកនយោបាយជាបន្តបន្ទាប់មកលើចៅសង្កាត់អូរចារ ខេត្តបាត់ដំបង គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត។
ក្នុងលិខិតមួយច្បាប់ដែលមានប្រើក្បាលលិខិតតំណាងរដ្ឋសភាជាតិ ចុះថ្ងៃទី១២ កុម្ភៈ និងចុះហត្ថលេខាដោយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ១៣រូប ផ្ញើទៅកាន់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក យូជី អ៊ីវ៉ាសាវា (Yuji Iwasawa) ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះ បានរៀបរាប់អំពីករណីធ្វើទុក្ខបុកម្នេញ និងតាមរំខានយាយីផ្នែកនយោបាយជាបន្តបន្ទាប់មកលើចៅសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ពីសំណាក់ក្រុមមន្ត្រីគណបក្សកាន់អំណាច។ លិខិតគូសបញ្ជាក់ដោយសរសេរចំៗឈ្មោះថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺលោក ឈាង វុន បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត កំពុងធ្វើសកម្មភាពនយោបាយដោយប្រើប្រាស់ទីតាំងហាងលក់នំបញ្ចុករបស់កញ្ញាជាទីតាំងគាំទ្រចលនាឧទ្ទាម។
តំណាងរាស្ត្រទាំង ១៣រូបនោះស្នើទៅប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឲ្យលើកអំពីក្តីបារម្ភទាំងនេះប្រាប់ទៅលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងស្នើឲ្យប្រធានរដ្ឋសភារូបនេះត្រូវធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ក៏ដូចជាមន្ត្រីគណបក្សសង្គ្រោះជាតិ ឯទៀតៗ ដែលកំពុងតែមានវត្តមានក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ១៣រូបនោះ ក៏ស្នើប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិដដែល ប្រាប់ទៅលោក ហេង សំរិន ឲ្យបង្គាប់ទៅតំណាងរាស្ត្របក្សកាន់អំណាចទាំងអស់ ជៀសវាងនូវការប្រើប្រាស់យុទ្ធវិធីបំភិតបំភ័យមកលើមន្ត្រីគណបក្សប្រឆាំងតទៅទៀត។
នៅចុងបញ្ចប់នៃខ្លឹមសារនៃលិខិតដដែលនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ១៣រូប បានស្នើឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ធានាថា បញ្ហានៃការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទាំងអស់នេះ ត្រូវបានលើកយកមកធ្វើការពិចារណាយ៉ាងដិតដល់នៅក្នុងការធ្វើរបាយការណ៍ណាមួយ និងការត្រួតពិនិត្យមើលអំពីស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅពេលអនាគតពីសំណាក់គណៈកម្មាធិការសិទ្ធិមនុស្សនេះ៕
ប្រភព៖ វិទ្យអាស៊ីសេរី
0 ความคิดเห็น: