កាលពីនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចជោបានទៅដល់អូស្រ្តាលី ហើយក្រោយមកក៏បានជួបសំណេះសំណាលជាមួយនឹងអ្នកគាំទ្រមួយក្តាប់តូច នៅក្នុងការជួបជុំនោះ សម្តេចជោក្នុងឋានៈជាមេល្ខោនមិនភ្លេចលេងល្ខោនតាមឆាកចាត់តាំងនោះទេ ដោយសម្តេចជោបានចាប់ផ្តើមពោលឡើងថាលោក ជុន ចាន់បុត្រ ជាចារកម្មរបស់លោក ហើយបានពោលដល់តួអង្គដែលទទួលបទល្ខោនលេងបន្តនៅស្រុកខ្មែរ គឺលោក ម៉ៅ សុផាន់ មិនខុសតាមបទរបស់សម្តេចជោទេ លោក ម៉ៅ សុផាន់ បានចេញសម្តែងល្ខោននៅស្រុកខ្មែរ មានដូចខាងក្រោមនេះ ៖
កិច្ចសម្ភាសន៍ពិសេសជាមួយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ទម្លាយព័ត៌មានលម្អិតជុំវិញករណីលោក ជុន ច័ន្ទបុត្រ ព្រួយខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិក តាមបាញ់សម្លាប់ចោលនៅលើទឹកដីកម្ពុជា
ករណីលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុអាស៊ីសេរីជាខេមរភាសា សម្តែងព្រួយបារម្ភខ្លាចអាមេរិកតាមបាញ់សម្លាប់ និងលួចធ្វើជាចារកម្មឱ្យនាយករដ្ឋមន្រ្តីកម្ពុជា កាន់តែត្រូវបានល្បីសុះសាយទាំងនៅកម្ពុជា និងជុំវិញពិភពលោក ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាសក្តែងៗ ចេញពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្ម បូករួមទាំងទម្លាយនូវសារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ។
ប៉ុន្តែអ្វីៗនៅមិនទាន់អស់នៅឡើយទេ, នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដោយទម្លាយនូវអាថ៌កំបាំងលម្អិតបន្ថែមទៀត ដើម្បីជូនសាធារណជនជ្រាប។
ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក លឹម ជាវុត្ថា ជាមួយលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖
លោក លឹម ជាវុត្ថា៖ កាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងចេញពីទីក្រុងស៊ីដនី បានទម្លាយថា លោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រង វិទ្យុអាស៊ីសេរីជាខេមរភាសា កាលពីឆ្នាំ២០១៧ ខណៈដែលលោក ជុន ច័ន្ទបុត្រ ពេលលេងស្រុកកំណើតនៅប្រទេសកម្ពុជា សុំពឹងលោកឧត្តមសេនីយ៍ឲ្យជួយការពារសុវត្ថិភាពលោក ព្រោះលោកព្រួយបារម្ភខ្លាចភ្នាក់ងារសំងាត់ CIA របស់អាមេរិកលួចបាញ់សម្លាប់ ដូចលោកបណ្ឌិត កែម ឡី។ ចំពោះករណីនេះលោកឧត្តមសេនីយ៍អាចរៀបរាប់ ដើម្បីជំរាបជូនសាធារណជនជ្រាបបានទេ?
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ដំបូងឡើយអតីតបុគ្គលិកវិទ្យុអាស៊ីសេរីម្នាក់គឺលោក សុខ រដ្ឋា ហៅ រដ្ឋា វិសាល បានមកជួបខ្ញុំនៅបន្ទាយម៉ោង៧យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក ជុន ចាន់បុត្រ បានផ្ញើសារតាម Whats App មកខ្ញុំ មុនប្រមាណ១សប្តាហ៍មកហើយ ដោយលោក ជុន ច័ន្ទបុត្រ សុំកម្លាំងរបស់កងពលតូចលេខ៧០ដើម្បីការពារខ្លួន ព្រោះខ្លាច CIA អាមេរិកតាមបាញ់សម្លាប់លោក ជុន ច័ន្ទបុត្រ ដូចសម្លាប់លោក កែម ឡី។ ក្រោយមកនៅម៉ោង១០យប់ថ្ងៃដដែល ខ្ញុំបានចាត់ចែងកម្លាំង៣នាក់ ដើម្បីការពារពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រហូតដល់ម៉ោង១១៖៥៤នាទីយប់ ថ្ងៃទី២២ ខែមីនាដដែលកម្លាំងរបស់ខ្ញុំ បានតាមការពារពីក្រោយ ដោយលោក ជុន ច័ន្ទបុត្រ បានជិះឡាន ឡិចស៊ីស៤៧០ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2S-0789 តាមការពាររហូតដល់សណ្ឋាគារ សាន់វ៉េ ហើយលោកបានប្រាប់ពីខាងក្នុងមកថា សន្យាផ្តល់ព័ត៌មានមកឲ្យយើងវិញ។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ឈ្មោះ រដ្ឋា វិសាល បានរៀបចំឲ្យមានការទទួលទានបាយរវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ដោយមានកម្លាំងរបស់ខ្ញុំតាមការពារផងដែរ។ ក្នុងពេលទទួលទានបាយមានរយៈពេល១៖៤៥នាទី យើងបានជជែករឿងរ៉ាវជាច្រើន។ ខ្ញុំមានខ្សែអាត់សម្លេងទាំងស្រុង នៃការសន្ទនារវាងខ្ញុំ និងលោក ជុន ច័ន្ទបុត្រ ថែមទៀត។
លោក លឹម ជាវុត្ថា៖ តើលោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានអ្វីខ្លះឲ្យលោកឧត្តមសេនីយ៍?
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ កន្លងមកលោក ជុន ច័ន្ទបុត្រ ធ្លាប់បានប្រាប់ពីរឿងរ៉ាវលំបាកមួយចំនួននៅវិទ្យុអាស៊ីសេរី ហើយថានឹងចង់ចាកចេញពីវិទ្យុបរទេសមួយនេះ ប៉ុន្តែមិនដឹងចាកចេញដោយវិធីណានោះទេ។ លោក ជុន ច័ន្ទបុត្រ ធ្លាប់បាននិយាយប្រាប់ខ្ញុំថា ធ្វើការនៅទីនោះត្រូវតែធ្វើការតាមពួកគេ (អាមេរិក) គេឱ្យនិយាយអ្វីត្រូវធ្វើតាមគេ បើមិនធ្វើតាមគេ គេនឹងសម្លាប់ចោល។
សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទម្លាយថា លោក ជុន ចាន់បុត្រ ប្រធានគ្រប់គ្រងការផ្សាយជាខេមរភាសានៃវិទ្យុអាស៊ីសេរីធ្លាប់បានពឹងពាក់ឱ្យលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឱ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕ Fresh News
0 ความคิดเห็น: