លោក ឆាំ ឆានី៖ រកឃើញក្រុមឃាតករសម្លាប់បណ្ឌិត កែម ឡី ហើយ
ព្រឹកថ្ងៃទី១០ កក្កដា ២០១៦ លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅស្ដារម៉ាត Star Mart ក្នុងស្ថានីយ៍លក់ប្រេងឥន្ធនៈកាល់តិច Caltex ។
ក្រោយការបាញ់ប្រហារតែប៉ុន្មាននាទីប៉ុណ្ណោះ អាជ្ញាធរបានចាប់ខ្លួនបុរសអ្នកខេត្តសៀបរាបម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅជិតវត្តស្វាយពពែ រាជធានីភ្នំពេញ ដោយអះអាងថាជាឃាតករ ។
នៅថ្ងៃទី២៣ មីនា ២០១៧ តុលាការកម្ពុជា បានប្រកាសសាលក្រម កាត់ទោស ជួប សម្លាប់ ឲ្យជាប់ពន្ធគាអស់មួយជីវិត ។
ទោះជារបបលោក ហ៊ុន សែន និងតុលាការខ្មែរបានចាប់ខ្លួន ជួប សម្លាប់ ចោទប្រកាន់ និងកាត់ទោសហើយក្តី ក៏ក្រុមគ្រួសារ និងមហាជននៅតែមិនជឿថា ជួប សម្លាប់ ជាឃាតករសម្លាប់លោក កែម ឡី ដែរ ហើយជានិច្ចកាលគ្រួសារសព និងពលរដ្ឋ តែងសង្ស័យថារបប ហ៊ុន សែន គឺជាឃាតករ ។
ជាងពីឆ្នាំកន្លងទៅ ទីបំផុតការសង្ស័យរបស់ក្រុមគ្រួសារសព និងមហាជន ដែលថា ជួប សម្លាប់ មិនមែនជាឃាតករ បានបញ្ជាក់ច្បាស់ហើយ គឺតាមរយះនៃការអះអាងរបស់សម្តេច ហ៊ុន សែន កាលពីថ្ងៃ១៦ មីនា ២០១៨ នេះ នៅប្រទេសអូស្ត្រាលី ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា “ ភ្នាក់ងារ CIA អាមេរិកជាអ្នកបាញ់សម្លាប់លោក កែម ឡី “
តាមរយះនៃការអះអាងច្បាស់ៗនេះ ខ្ញុំ ឆាំ ឆានី សូមលើកទឹកចិត្តដល់សម្តេច ហ៊ុន សែន សូមឲ្យសម្តេច ក្នុងនាមរដ្ឋាភិបាល ចាត់វិធានការកាទូតជាបន្ទាន់ និងដាច់ខាតទាមទារឲ្យរដ្ឋាភិបាលអាមេរិកចាប់ខ្លួនឃាតករ CIA មកផ្តន្ទាទោសតាមច្បាប់ ដើម្បីផ្តល់ភាពស្អាតស្អំជូនសម្តេច និងរដ្ឋាភិបាល ដែលពលរដ្ឋតែងតែសង្ស័យថា ជាក្រុមឃាតករសម្លាប់លោក កែម ឡី និងដើម្បីផ្តល់យុត្តិធ៌មជូនលោក កែម ឡី ព្រមទាំងក្រុមគ្រួសារសព ។
ខ្ញុំ ឆាំ ឆានី ក៏សូមឲ្យសម្តេចមេត្តាស្នើរសុំទៅមហាក្សត្រប្រទានទោសឃាតករសិប្បនិម្មិត អឿត អាង ហៅ ជួប សម្លាប់ ឲ្យមានសេរីភាពវិញ ផងដែរ ។
ទន្ទឹមនឹងការតវ៉ាផ្នែកកាទូត ឆាំ ឆានី ក៏សូមអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមយុវជនគាំទ្រសម្តេច ហ៊ុន សែន ដូចជាក្រុមយុវជនស្រឡាញ់សន្តិភាព ជាដើម សូមរួមគ្នាធ្វើបាតុកម្មអហិង្សារនៅមុខស្ថានទូតអាមេរិកនៅកម្ពុជា ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលអាមេរិកចាប់ឃាតករមកផ្តន្ទាទោស ។
ផ្ទុយទៅវិញ បើការអះអាងរបស់សម្តេច ហ៊ុន សែន ដែលថា CIA អាមេរិកជាអ្នកបាញ់សម្លាប់លោក កែម ឡី ហើយបែជាមិនមានវិធានការទាមទារឲ្យរដ្ឋាភិបាល និងស្ថានទូតអាមេរិកចាប់ និងនាំខ្លួនឃាតករមកផ្តន្ទារទោសទេនោះ គឺបានន័យថា ការអះអាងរបស់សម្តេចនេះ គឺជាការកុហកបោកប្រាសគ្រួសារសព និងពលរដ្ឋខ្មែរ ជាទង្វើរដ៏ថោកទាបរបស់មេដឹកនាំ ដែលពលរដ្ឋមិនអាចទទួលយកបានដាច់ខាត ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: