អមតៈនិទានអារ៉ាប់ កូនខ្មែរគួរអាន៖ មួយពាន់មួយរាត្រី ចមស្រីធ្វើឱ្យព្រះចៅស៊ុលតង់ យល់ដឹងពីតម្លៃជាស្ត្រីភេទ-One Thousand and One Nights
កាលណោះ ព្រះចៅស៊ុលតង់នៃក្រុងពែរ្ស ( Persia ) គឺប្រទេសអុីរ៉ង់ សព្វថ្ងៃ ទ្រង់ត្រាស់បង្គាប់ ដល់លោកមហាត្លិកដែលជាអ្នកបំរើជំនិត ឲ្យរកស្រីក្រមុំដែលមានរូបស្អាត មួយយប់ម្នាក់ មករួមស្នេហាជាមួយព្រះអង្គ បានត្រឹមមួយរាត្រី ត្រូវប្រហារជីវិតនាងចោល ហើយរើសយកស្រីក្រមុំម្នាក់ទៀតសំរាប់យប់បន្ទាប់ រួចហើយសម្លាប់ចោលទៀត រាល់ថ្ងៃជាបន្តបន្ទាប់ ។
លោកមហាត្លិក លោកមានកូនក្រមុំពីររូប មានរូបឆោមលោមពណ៌ ល្អគ្រប់លក្ខិណា ចំណេះបា្រជ្ញា ក៏មានមិនចន្លោះ ព្រមទាំងមានសណ្តានចិត្តល្អ ប្រដូចពុំបាន មានទាំងសេចក្តីក្លាហាន មោះមុត មិនដែលតក់ស្លុត នឹងគ្រោះភ័យអ្វីឡើយ នាងបងមានឈ្មោះថា ស្ហេរ៉ាហ្សាដ ចំណែកឯនាងប្អូន មានឈ្មោះថា ឌីណាហ្សាដ ។
លោកមហាត្លិក បានទូលព្រះចៅស៊ុលតង់ ថានឹងនាំបុត្រីរបស់លោក មកថ្វាយព្រះអង្គទ្រង់ជ្រាបដូច្នេះ ព្រះចៅស៊ុលតង់ មានព្រះទ័យភ្ញាក់ផ្អើល ហើយសួរទៅលោកមហាត្លិក អំពីបុព្វហេតុដែលនាំឲ្យលោកមហាត្លិក សំរេចចិត្តរបៀបនេះ លោកមហាត្លិកទូលព្រះអង្គវិញថា នេះជាឆន្ទៈរបស់បុត្រីរបស់លោកដែលមានបំណងធ្វើជាមហេសីរបស់ព្រះចៅស៊ុលតង់ សូម្បីត្រឹមមួយរាត្រីក្នុងមួយជីវិតរបស់នាង ទោះស្លាប់ទៅវិញក៏អស់ចិត្តដែរ ។
ព្រះចៅស៊ុលតង់ បានដាក់កំហិតដល់ លោកមហាត្លិក ថាបើលោកនៅតែចចេសយកកូនក្រមុំ មកថ្វាយព្រះអង្គ ស្អែកព្រឹក ព្រះរាជានឹងប្រគល់ នាងក្រមុំដល់លោកមហាត្លឹក ដើម្បីឲ្យលោកមហាត្លិកពិឃាតកូនក្រមុំ ដោយផ្ទាល់ដៃលោកតែម្តង បើលោកមិនហ៊ានសម្លាប់កូន ព្រះអង្គផ្ទាល់ ជាអ្នកសម្លាប់លោកមហាត្លិក...។ លោកមហាត្លិក គ្មានជំរើសអ្វីក្រៅពីនៅស្ងៀម ឱនក្បាល ដាក់មុខចុះ ហើយឆ្លើយតបលាយឡំ ដោយក្តីភិតភ័យថា៖ ខ្ញុំព្រះអង្គ សូមថ្វាយភក្តីភាព និង សូមផ្ញើជីវិត វាសនាក្នុងព្រះហស្ឋ ព្រះអង្គហើយ... ។
ខ្ញុំព្រះអង្គ នឹងទទួលយកសេចក្តីសម្រេចព្រះហឫទ័យ របស់ព្រះអង្គជានិច្ច ក្រាបទូល ។ ព្រះចៅស៊ុលតង់ បានសម្រេចព្រះហឫទ័យទទួលយក នាងស្ហេរ៉ាហ្សាដ ដើម្បីកំដររាត្រីជាមួយព្រះអង្គ ក្នុងយប់នោះ ហើយបានចាត់ឲ្យមានរាជរថ ទៅទទួលកូនក្រមុំលោកមហាត្លិក ។
ពេលរាត្រីមកដល់ ព្រះរាជាបានសង្កេតឃើញនាងហ្សេរ៉ាហ្សាដ មានទឹកមុខស្រពាប់ស្រពោនទ្រង់ក៏សួរនាងថា នាងបានសម្រេចចិត្តមកដោយខ្លួនឯង… ហេតុអ្វីក៏មានទុក្ខព្រួយយ៉ាងដូច្នេះ ?នាងហ្សេរ៉ាហ្សាដ ឆ្លើយថា៖ ពរម្ចាស់ ខ្ញុំព្រះអង្គសប្បាយចិត្ត រួមរស់សូម្បីតែមួយរាត្រី ក្ស័យជីវិតបង់ ជាមួយព្រះអង្គ ដែលជាម្ចាស់ផែនដីតែចិត្តនៅស្រណោះប្អូនស្រី ដែលមានតែពីរនាក់បងប្អូន... បើព្រះអង្គ ពុំយល់ទាស់ទេ សូមព្រះអង្គ ប្រណីសណ្តោស ប្រោសប្រទានក្តីអនុញ្ញាតិ ឲ្យបាននាងឌីណាហ្សាដ ជាប្អូនបានមកនៅក្បែរ កំដរជាគ្នា ក្នុងរាត្រីចុងក្រោយនៃជីវិតខ្ញុំម្ចាស់ផង ។ ទ្រង់ព្រះតម្រិះមួយសន្ទុះ
ព្រះចៅស៊ុលតង់ ក៏ឆ្លើយថា៖ មិនអីទេ ឲ្យនាងមកចុះ ។ ព្រះរាជាទ្រង់ចាត់ ឲ្យគេនាំនាងប្អូនឲ្យបានមកស្នាក់នៅ ក្នុងបន្ទប់ជាមួយគ្នានោះផងដែរ ។
លុះពេលទៀបភ្លឺ នាងឌីណាហ្សាដ ជាប្អូនបានបន្លឺសម្លេងទៅកាន់ នាងហ្សេរ៉ាហ្សាដ ជាបងថា : ឱ បងស្រីសំឡាញ់លើសអំពីជីវិតប្អូន អុើយ ! ប្អូនគេងមិនលក់សោះ…តើ បងស្រីអាច និទានរឿងអ្វីមួយឲ្យ ប្អូនបានសណ្តាប់ ជាលើកចុងក្រោយ មុនពេលបែកគ្នា ឬទេ ? ស្ហេរ៉ាហ្សាដ បាន ទូលសូមរាជានុញ្ញាតិ អំពីព្រះចៅស៊ុលតង់ ដោយទ្រង់ឃើញកញ្ញាទាំងពីរមានឫកពារ សុភាព សំដីទន់ភ្លន់ផ្អែមល្ហែម គួរឲ្យស្រឡាញ់អាណិត ទ្រង់ក៏អនុញ្ញាត្តិឲ្យ ស្ហេរ៉ាហ្សាដ និទានរឿង ដើម្បីកំដរពេលវេលា ចុងក្រោយនេះឡើង ។
លុះនាងនិទាន រឿងបានពាក់កណ្តាលព្រះអាទិត្យ ក៏ចាប់រះឡើង ។ ពេលថ្ងៃ ព្រះចៅស៊ុលតង់ មានកាតព្វកិច្ចប្រចាំថ្ងៃជាភារកិច្ច នៃស្តេចគ្រងផែនដី ។ ដោយហេតុថាព្រះចៅស៊ុលតង់ ចង់នៅបន្តសាច់រឿងនិទានរហូតដល់ចប់ ព្រះអង្គទ្រង់ព្រះតម្រិះថា នឹងមិនទាន់ផ្តាច់ជីវិត នាងស្ហេរ៉ាហ្សាដ នៅថ្ងៃនោះឡើយ ។ ព្រះចៅស៊ុលតង់ ទុកជីវិតឲ្យនាងស្ហេរ៉ាហ្សាដ បានរស់នៅ មួយថ្ងៃមួយយប់ទៀត
ចាំស្អែកសឹមប្រហារ ជីវិតនាង ។
ពេលយប់មកដល់ ព្រះចៅស៊ុលតង់ ទ្រង់ត្រាស់បង្គាប់ ដល់នាងស្ហេរ៉ាហ្សាដ បន្តបញ្ចប់រឿងនិទានអំពីយប់មុន ។ លុះពេលទៀបភ្លឺ នាងឌីណាហ្សាដក៏ស្នើសុំដល់ នាងស្ហេរ៉ាហ្សាដ ជាបងស្រីឲ្យនិទានរឿងមួយថ្មីទៀត លុះនិទានបានពាក់កណ្តាលសាច់រឿងក៏ដល់ពេលថ្ងៃរះ ។ ព្រះចៅស៊ុលតង់ ទ្រង់ត្រាស់បង្គាប់ ដល់នាងស្ហេរ៉ាហ្សាដ ផ្អាករឿងនិទានសិន ចាំពេលយប់ សឹមបន្តបញ្ចប់សាច់រឿង ។ ស្ហេរ៉ាហ្សាដ ជានារីដែលមានប្រាជ្ញាឈ្លៀសវៃមានការបុិនប្រសព្វ ក្នុងការនិទានរឿង និងចងចាំរឿងនិទានរាប់មិនអស់ ។
ការនិទានរឿងរបស់នាងស្ហេរ៉ាហ្សាដ បានប្រព្រឹត្តិទៅអស់ជាច្រើនរាត្រី ច្រើនខែ ច្រើនឆ្នាំ ។ បន្តិចម្តងៗ ព្រះចៅស៊ុលតង់ បានប្តូរហឫទ័យ យល់ដឹងអំពីតម្លៃជាស្ត្រីភេទនៃនាងស្ហេរ៉ាហ្សាដ ។ មួយពាន់មួយរាត្រី បានកន្លងផុតទៅ ទីបញ្ចប់ព្រះចៅស៊ុលតង់ បានសម្រេចចិត្ត រៀបអភិសេកយ៉ាងមហោឡារិក ជាមួយនាងស្ហេរ៉ាហ្សាដ ៕ (Saveth Chea)
0 ความคิดเห็น: