วันศุกร์ที่ 23 มีนาคม พ.ศ. 2561

ហេហេ រាប់ទសវត្សរ៍ រដ្ឋាភិបាល​សម្ដេចសែនជោរ ប្រកាសថា​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លីរ៉ាំរ៉ៃ​មួយ..ជោគជ័យ​ឬក៏អាជ័យធ្លាក់ទឹកហៃអើៗ!?


រដ្ឋាភិបាល​​ឲ្យដឹង​ថា​​ ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​ ​និង​ប្រជា​ពលរដ្ឋ​ចំនួន​​៣៧៥​គ្រួសារ​ បាន​យល់​ព្រម​បញ្ចប់​វិវាទ​ដីធ្លីរ៉ាំរ៉ៃមួយស្ថិត​ក្នុង​ខេត្ត​កោះកុង។ ​យ៉ាង​ណា​ក្តី​ មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​ថា​ ​នៅមាន​​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​៣០០​គ្រួសារ​ទៀត​ មិន​ទាន់​មាន​ដំណោះស្រាយ។

ភ្នំពេញ៖ ប្រជាពល​រដ្ឋ​ខ្មែរ​ចំនួន​១៧៥​គ្រួសារ​នៅ​ខេត្ត​កោះកុង​ ​បាន​យល់​ព្រម​ទទួល​សំណងដើម្បី​បញ្ចប់​វិវាទ​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​ ​ដែល​គេ​សង្ស័យ​ថា ​នៅ​មាន​ចំណែក​ភាគហ៊ុន​របស់​លោក​ ​លី យ៉ុង​ផាត់​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នីយកម្ម​ និង​សំណង់​ ដែល​ VOA ​បាន​ទទួល​នៅថ្ងៃ​ព្រហស្បតិ៍។

វិវាទ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​១៧៥​គ្រួសារ​ ​និង​ក្រុមហ៊ុន​ស្ករអំពៅ​ទាំងពីរ​នេះបាន​អូស​បន្លាយ​ពេល​ជាង១០​ឆ្នាំ​មកហើយ ​ហើយប្រជា​ពលរដ្ឋ​ ដែល​ជាប់​គាំង​ក្នុង​ជម្លោះ​នេះ​ តែងតែ​ធ្វើ​ការ​តវ៉ា​ ទាមទារ​រក​ដំណោះស្រាយ​ ទាំង​នៅ​ក្នុងខេត្ត​ ​និង​ក្រុង​ភ្នំពេញ​ ជា​ទី​ដែល​ពួក​គេ​បាន​ប្រឈម​នឹង​អាជ្ញាធរ​ក្រុង​ជា​ញឹក​ញាប់ផង​ដែរ។​


សេចក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែន​ដី​ ចុះថ្ងៃ​ ទី​២២ ​ខែ​មីនា​ ​ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​យល់ព្រម​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ​នោះ​ កើត​មាន​ឡើង​ ក្រោយ​ការ​ជួប​ជជែក​គ្នា​នៅ​ទីស្តីការ​ក្រសួង​រៀប​ចំ​ដែន​ដី​ នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ជំនួប​នោះ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ចំនួន​២០០​គ្រួសារ​ផ្សេង​ទៀត​ ​និង​តំណាង​ក្រុមហ៊ុន​ ​Koh Kong Plantation Co.,Ltd ​ ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,Ltd ​ ព្រមទាំង​លោក​ ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​លោក​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និងនេសាទ​ លោក​ ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​អ្នកស្រី​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង។​ ​

​លោក​ ​George Edgar​ ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅកម្ពុជា​ និង​ អ្នក​ឧកញ៉ា​ ​លី យ៉ុងផាត់​ ​ក៏​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ដែរ។​


សេចក្តី​ប្រកាស​របស់​ក្រសួង​ដែនដី​បាន​ថ្លែង​បញ្ជាក់​ពី​លទ្ធផល​នៃ​ជំនួប​នោះ​តាម​ន័យ​ដើម​ថា៖​«ជា​លទ្ធផល​ ក្រុមហ៊ុន​ និង​ប្រជា​ពលរដ្ឋ​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជាស្ថាពរ​ ដោយ​ក្រុម​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ជាដី​ទំហំ​៣​ហិកតា​ និងថវិកា​ចំនួន​២៥០០​ដុល្លារ​ ក្នុង​មួយ​គ្រួសារ​ ប៉ុន្តែ​មិន​ដោះស្រាយ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​ដោះស្រាយ​រួច​ហើយ​នោះ​ទេ​ ហើយ​ក្រុម​ប្រជា​ពលរដ្ឋ​២០០​គ្រួសារ​ផ្សេងទៀត​ យល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ជា​ដី​ទំហំ​១,៥​ហិកតា​ក្នុង​មួយ​គ្រួសារ»។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ដែនដី​បាន​សរសេរ​បន្ត​ថា​ ភាគី​ក្រុមហ៊ុន​យល់​ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ​ «៨២៥​ហិកតា»​ ស្ថិត​ក្នុង​ឃុំ​ ជីខលើ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ចេញពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពីរាជ​រដ្ឋាភិបាល​ ដើម្បី​រដ្ឋ​ធ្វើ​ប្រទាន​កម្ម​ជា​កម្ម​សិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ខាង​លើ​ និង​ផ្តល់​ថវិកា​តាម​ចំនួន​ខាង​លើ​ ជូន​ក្រុម​ប្រជា​ពលរដ្ឋ​១៧៥គ្រួសារ​ តាម​សំណូមពរ។​

ក្រសួង​ដែនដី​ក៏បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ផង​ដែរ​ថា​ ​ស្ថានទូត​សហភាព​អឺរ៉ុប​ ​«អប​អរ​សាទរ​ចំពោះ​រាជ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​ ប្រឹង​ប្រែង​ និង​រៀប​ចំប្រជុំ​ដោះស្រាយ​ វិវាទ​ដ៏រ៉ាំរ៉ៃ​ជាយូរ​មក​ហើយ​នោះ»។​


អ្នកស្រី​ ផាវ ញើង តំណាង​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ ថ្លែង​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​មិន​ទាន់​ដឹង​ប្រាកដ​ថា​ នឹង​បាន​ទទួល​សំណង​ជាប្រាក់​ និង​ដី ​ដូច​ដែល​ក្រសួង​ដែនដី​បាន​ប្រកាស​នោះ​ទេ​ ព្រោះ​ក្រសួង​កំពុង​ធ្វើការ​លើ​ដំណោះ​ស្រាយ​សម្រាប់​ក្រុម​ប្រជា​ពលរដ្ឋ​២០០​គ្រួសារ​ផ្សេង​ទៀត។​ អ្នកស្រី​យល់​ថា​ ប្រជា​ពលរដ្ឋ​អាច​នឹង​ទទួល​បាន​ប្រាក់​សំណង​ឆាប់​ តែ​អាច​នឹង​មាន​ភាព​យឺតយ៉ាវ​ ​ចំពោះ​ដី​ដែល​ក្រុមហ៊ុន​ព្រម​ផ្តល់​ឲ្យ​នោះ។​

«ពេល​ដែល​គាត់​ធ្វើ​បញ្ចប់​វិវាទ​ជាមួយ​២០០​គ្រួសារ​រួច​ គាត់​នឹង​អញ្ជើញ​ពួក​យើង​ចូល​ទៅ​ ​ដើម្បី​ដោះស្រាយ​រឿង​ថវិកា​ ហើយ​ដី​ប្រហែល​ជា​នីតិវិធី​រាង​យឺត​បន្តិច។ ​គាត់​ប្រាប់​អីចឹង»។​

លោក​ ​ញៀប សំអឿន​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​សម្តែងក្តី​សាទរ​ចំពោះ​យន្តការ​ដោះស្រាយ​ទំនាស់​នេះ។​ ​ក៏ប៉ុន្តែ​លោក​ថា​ យន្តការ​ដោះ​ស្រាយ​ដែល​ធ្វើឡើង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មិន​បាន​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ស្ករ​អំពៅ​ និង​ប្រជា​ពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ​ ព្រោះ​នៅ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ​ផ្សេង​ទៀត​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​លើក​យក​មកពិភាក្សា​នោះ​ទេ។​

លោក​អះអាង​ថា​ ដំណោះ​ស្រាយ​សម្រាប់​ក្រុម​ប្រជា​ពល​រដ្ឋ​១៧៥​គ្រួសារ​ ​និង​២០០​គ្រួសារ​នេះ​ ​បាន​ធ្វើឡើង​ ​ក្រោយ​ការ​តវ៉ា​មិន​ឈប់​ឈរ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ ដែល​បាន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ ដោយ​សារ​ជម្លោះដី​ធ្លី​រ៉ាំរ៉ៃ​នេះ​ផង​ដែរ។​

លោក​រៀបរាប់​យ៉ាង​ដូច្នេះ៖​ «យើង​តាម​ដាន​កន្លង​មក​ ​គឺ​ប្រជា​ពលរដ្ឋ​ ទម្រាំ​នឹង​បាន​យន្តការ​ ដោះស្រាយ​បែប​នេះ​ គឺ​គាត់​ប្រឈម​ខ្លាំង​ណាស់​ ប្រឈម​ទីមួយ​ គឺ​នៅ​ពេល​ដែល​គាត់​ធ្វើ​ការ​ទាមទារ​ ចេញ​មុខ​តវ៉ា​ គាត់​ទទួល​បាន​នូវ​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ គំរាម​កំហែង​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ ​ដែល​ដោះ​ស្រាយ​នូវ​រឿង​ហ្នឹង​ ទៅ​តាម​បណ្តា​គ្រួសារ​ អីចឹង។ អា​ហ្នឹងទីមួយ»។

លោក​បាន​ថ្លែង​បន្ត​ថា៖​ «ទីពីរ​ រយៈ​កាល​នៃ​ការ​ដោះស្រាយ​ហ្នឹង​វា​យូរ​ឆ្នាំ​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ ពួក​គាត់​ទទួល​រង​ទុក្ខ​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ ខ្វះខាត​សព្វ​គ្រប់​បែប​យ៉ាង​ ជាពិសេស​គឺ​ការ​ជំពាក់​បំណុល​ធនាគារ​ហ្នឹង​តែ​ម្តង។ ​រហូត​មក​ដល់​ពេល​នេះ​ ពួកគាត់​មួយ​ចំនួន​ធំ​ហ្នឹង​គឺ​ជាប់​បំណុល​ធនាគារ»។

លោក​បាន​លើក​ឡើង​បន្ថែម​ថា​ ក្រុម​អ្នក​ត៉វា​ក៏​ធ្លាប់​ត្រូវ​បានអាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ​បង្រ្កាប ជា​ញឹក​ញាប់​ បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ទៀត​ផង។​

ទាក់​ទិន​នឹង​សំណង​ដីធ្លីជាក់​ស្តែង​ដែល​ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​នោះ​ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា​ ​អាច​នឹង​ប្រើ​ពេល​យូរ​ ​ព្រោះដី​ជា​របស់​ក្រុមហ៊ុន​ ផ្តល់​ដោយ​រដ្ឋ​ ដែល​នឹង​ត្រូវ​ចាត់​ចែង​ក្រុម​ការងារ​ជំនាញ​ ក្នុង​ការ​កំណត់​ទីតាំង​ដី​ ដែល​នឹង​ត្រូវផ្តល់​ជូន​ទៅ​ប្រជា​ពលរដ្ឋ។​

លោក​ ​ញៀប សំអឿន​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សហភាព​អឺរ៉ុប​ទំនង​ជា​មាន​ចំណែក​ក្នុង​ជួយ​រក​ដំណោះ​ស្រាយ​ បញ្ចប់​វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ពេល​ជាង​១០ឆ្នាំមក​នេះ​ ព្រោះ​កន្លង​មក​សហភាព​អឺរ៉ុប​តែង​តែ​អំពាវនាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​បញ្ចប់​ទំនាស់។​ ​លោក​ថា​ សហភាព​អឺរ៉ុប​ ក៏​ធ្លាប់​បាន​បិទ​ការ​នាំ​ស្ករ​ចេញពីកម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ផង​ដែរ​ ដោយ​សារ​តែ​ជម្លោះ​ដីធ្លី​នេះ។​

លោក​ George Edgar ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំនៅ​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ ​Email​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សហភាព​អឺរ៉ុប​សាទរចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​ដែល​បាន​រៀបចំ​ការ​ជួបជុំ​ពិភាក្សា​ជាមួយ​ប្រជា​ពលរដ្ឋ ​និង​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ។ ​តែ​លោក​មិន​ផ្តល់​ការ​អធិប្បាយ​លើ​បញ្ហា​សំណង​ ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

យ៉ាងណាមិញ លោក​ George Edgar ​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ស្ករ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុបបាន​ឡើង​ដល់​កម្រិត​កំពូល​គិតជា​ទឹកប្រាក់​៣៨,២​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​២០១៣​ ប៉ុន្តែ​បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​២,១​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​ ២០១៦។ ​លោក​ឯក​អគ្គរដ្ឋទូត​មិន​បាន​ផ្តល់​សេចក្តី​ពន្យល់​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នាំ​ស្ករ​ចេញ​ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​នោះ​ទេ។​ លោក​ក៏មិន​បាន​ផ្តល់​តួលេខ​សម្រាប់​ការ​នាំចេញ​ក្នុង​ឆ្នាំ​២០១៧​ដែរ តែអះអាង​ថា​ ទឹក​ប្រាក់​នៃ​ការ​នាំ​ស្ករស​ចេញអាចកើន​ឡើង​គួរឲ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​២០១៧​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន។

VOA មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ សេង ឡូត​ អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែន​ដី​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​ពីរ​ដែល​មាន​វិវាទ​ជាមួយ​ប្រជា​ពល​រដ្ឋ​ និង​ដែល​ត្រូវបាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដីខាង​លើ​នេះ ​ត្រូវ​ក្រុម​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​សិទ្ធិ​មនុស្សសង្ស័យថា​ នៅតែ​ជា​របស់​លោក​ ​លី យ៉ុងផាត់​នៅឡើយ​ ​ព្រោះ​លោក​ ​លី យ៉ុងផាត់​ បាន​បង្ហាញខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​រៀបចំ​ដែនដី​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​ក្រុម​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ធ្លាប់បាន​ទទួល​ដំណឹង​ថា ​វិនិ​យោគ​គិនថៃមាន​ចំណែក​ភាគហ៊ុន​មួយ​ភាគ​ធំ​នៅ​ក្នុង​ក្រុម​ហ៊ុន​ទាំង​ពីរ៕

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)





ប្រភព៖ វីអូអេខ្មែរ
Previous Post
Next Post

post written by:

0 ความคิดเห็น: