ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលើកឡើងថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីករណីលោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសារព័ត៌មានមួយរូបរបស់វិទ្យុអាស៊ីសេរីនៅសហរដ្ឋអាមេរិក ថាភ័យខ្លាចមានការសម្លាប់នៅសហរដ្ឋអាមេរិក គឺជាការថ្លែង «ប្រមាថបែបឆ្កួតឡប់» ដែលមិនគួរលើកយកមកពិភាក្សា។
ថ្លែងពីខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យនេះ លោក Willaim Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រាប់អ្នកសារព័ត៌មានថា លោកហួសចិត្តចំពោះការនិយាយភ្ជាប់ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ទៅនឹងលោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ផ្សាយជាភាសាខ្មែរ ដែលថាបារម្ភពីសុវត្ថិភាពរបស់ខ្លួននៅសហរដ្ឋអាមេរិក គឺគ្រាន់តែជារឿងឆ្កួតៗ ដែលមិនគួរលើកយកមកនិយាយ ដោយលោកថាមានអ្នកសារព័ត៌មានជាច្រើនដែលសរសេររិះគន់រដ្ឋាភិបាលអាមេរិកដោយមិនខ្លាចរអារ។
លោកបានបន្ថែមថា អាមេរិកតែងឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស និងតែងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យលើករណីឃាតកម្មលោកបណ្ឌិត កែម ឡី និងថាការថ្លែងរបស់លោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលី គឺជាការប្រមាថសហរដ្ឋអាមេរិក ដែលមិនអាចទទួលយកបាន។
លោក Willaim Heidt បន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនគួរថ្លែងពាក់ព័ន្ធនឹងករណីទាំងនេះនៅប្រទេសអូស្រ្តាលីដែលជាប្រទេសប្រជាធិបតេយ្យ និងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនោះទេ។
លោកមានប្រសាសន៍ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖ «ចំពោះមុខ ពិតណាស់ អាមេរិកគឺជាប្រទេសដែលមានបើកសេរីភាពផ្នែកសារព័ត៌មានខ្លាំងជាងគេលើពិភពលោក។ ខ្ញុំអាចនិយាយបានថា មិនមែនសុទ្ធតែអ្នកកាសែតទាំងអស់នោះសុទ្ធតែភ័យខ្លាចនោះទេ ដូច្នេះការលើកឡើងដែលថាលោក ជុន ច័ន្ទបុត្រ មានការភ័យខ្លាចនោះ គឺគ្រាន់តែជារឿងឆ្កួតៗ ហើយក៏ជារឿងដែលមិនចាំបាច់លើកឡើងសម្រាប់ការពិភាក្សានោះដែរ»។
ការលើកឡើងរបស់លោក Willaim Heidt ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសុក្រថ្លែងថា លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដែលកំពុងធ្វើការនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក គឺជាចារកម្មរបស់លោក។ លោកបន្ថែមថា លោក ជុន ច័ន្ទបុត្រ បានជួបជាមួយលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច៧០ ដោយសុំឲ្យលោក ម៉ៅ សុផាន់ ជួយការពារ ព្រោះខ្លាចអាមេរិក សម្លាប់ដូចលោកបណ្ឌិត កែម ឡី។
លោក ហ៊ុន សែន ថ្លែងទៅកាន់ពលរដ្ឋកម្ពុជាដែលចូលរួមទទួលលោកក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីកាលពីថ្ងៃសុក្រថា៖
«ជុន ច័ន្ទបុត្រ បានទៅជួបឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច៧០ មុន ជុន ច័ន្ទបុត្រ ជួប ហ៊ុន ម៉ាណែត កូនប្រុសរបស់ខ្ញុំ។ តើ ជុន ច័ន្ទបុត្រ គាត់និយាយថាម៉េចទេ គាត់សុំឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួយការពារផង ប្រយ័ត្នពួកអាមេរិកសម្លាប់ដូច កែម ឡី»។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ក្នុងហាងលក់កាហ្វេមួយកន្លែង កណ្តាលរាជធានីភ្នំពេញ កាលពីពាក់កណ្តាលឆ្នាំ២០១៦ ដែលការបាញ់ប្រហារនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការអត្ថាធិប្បាយរបស់លោក លើរបាយការណ៍របស់អង្គការ Global Witness ស្តីពីជំនួញរបស់ក្រុមគ្រួសារលោក ហ៊ុន សែន។ ប៉ុន្មានម៉ោងក្រោយការបាញ់សម្លាប់លោក កែម ឡី បុរសម្នាក់ដែលអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់ ត្រូវបានឃាត់ខ្លួន និងអះអាងថាជាឃាតករសម្លាប់លោក កែម ឡី ដោយថា លោក កែម ឡី ជំពាក់លុយខ្លួនជាង៣ពាន់ដុល្លាមិនព្រមសង។
ក្រោយមកជនឈ្មោះ ជួប សម្លាប់ ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន បើទោះជាមានមន្ទិលពីក្រុមគ្រួសារ និងសាធារណជនថា ជួប សម្លាប់ ជាឃាតករសិប្បនិម្មិតក៏ដោយ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បដិសេធមិនធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Willaim Heidt។ ទោះយ៉ាងណាលោកថា ការដែលលោកនាយករដ្ឋមន្រ្តីលើកឡើងថាលោក ជុន ច័ន្ទបុត្រ មានការភ័យខ្លាច អាមេរិកសម្លាប់ដូចលោក កែម ឡី គឺសុទ្ធតែជាការពិត ព្រមទាំងមានភស្តុតាង និងសាក្សីត្រឹមត្រូវ។
លោក សុខ ឥសាន មានប្រសាសន៍បន្ថែមថា៖ «ការដែលលោក ជុន ច័ន្ទបុត្រ និយាយយ៉ាងម៉េច អាហ្នឹងគឺសម្តេចក្តាប់បាន សម្តេចលាតត្រដាងជូនដល់បងប្អូនខ្មែរនៅអូស្រ្តាលីដើម្បីជ្រាប។ អញ្ចឹងទេខ្ញុំអាចវាយតម្លៃថា ជាការពិតហើយ ព្រោះមានសាក្សីដូចជាឯកឧត្តមឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏ដូចជាឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាដើម។ អាហ្នឹងគឺថាសម្តេចមានភស្តុតាង មានសាក្សី»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ និងកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មនៃក្រសួងការពារជាតិកម្ពុជា និងជាមេបញ្ជាការកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទេ រហូតដល់ល្ងាចថ្ងៃអាទិត្យនេះ។
លោក ជុន ច័ន្ទបុត្រ ត្រូវបានគេស្គាល់ថា ជាអ្នកសារព័ត៌មាន និងជាអ្នកធ្វើអត្ថាធិប្បាយព័ត៌មានមួយរូបដែលតែងនិយាយរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ធ្ងន់ៗមិនសំចៃមាត់។ កាលពីចុងខែមេសា ឆ្នាំ២០១៧ កន្លងទៅ លោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការកោះហៅចូលទៅសាកសួរ ក្រោយអាជ្ញាធរចោទលោកថា លោកបាន «ផ្ដល់សេចក្ដីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារ»។ ការណ៍នេះធ្វើឲ្យមានដីកានាំខ្លួនលោក ជុន ច័ន្ទបុត្រ ក្រោយបន្តិចដែលលោកបានចាកចេញពីប្រទេសកម្ពុជាត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។
ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចោទលោកថាជាគិញសម្ងាត់ឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ និងខ្លាចត្រូវគេសម្លាប់ដូចលោក កែម ឡី លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ បានថ្លែងក្នុងកម្មវិធីផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនាល្ងាចថ្ងៃសុក្រដដែលនោះថា ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី គឺជារឿងដែលគួរឲ្យអស់សំណើច។ លោកបន្ថែមថា លោកសុំមិនមានយោបល់លើការថ្លែងរបស់លោក ហ៊ុន សែន ដោយលោកគ្រាន់តែស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមក្នុងវេទិកាវិទ្យុអាស៊ីសេរីតទល់ជាមួយលោក ដើម្បីបញ្ជាក់លើករណីនេះ។
លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ បញ្ជាក់ថា៖
«គឺឆ្លៀតឱកាសសូមអញ្ជើញលោកនាយករដ្ឋមន្រ្តី មកធ្វើជាវាគ្មិនក្នុងនាទីវេទិកាអ្នកស្តាប់របស់វិទ្យុអាស៊ីសេរីយើងម្តង ហើយពេលនោះលោកអាចនាំយកភស្តុតាងទាំងឡាយណាដែលថាខ្ញុំបានស្នើកិច្ចការពារពីលោកដើម្បីកុំឲ្យអាមេរិកសម្លាប់ខ្ញុំ ដូចដែលសម្លាប់លោក កែម ឡី ឬក៏លោកអាចបង្ហាញភស្តុតាងទាំងអស់ណាដែលទាក់ទងនឹងរឿងខ្ញុំ យកមកលាតត្រដាងដោយសេរីទាំងអស់ចុះ។ ហើយពេលនោះយើងខ្ញុំនឹងមានឱកាសសាកសួរគ្នាតទល់ជាមួយលោកផ្ទាល់»។
ទោះជាយ៉ាងណា គេឃើញវីដេអូដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះដោយផ្សាយផ្ទាល់លើទំព័រ Facebook របស់លោកកាលពីល្ងាចថ្ងៃសុក្រ ត្រូវបានបង្ហោះឡើងវិញនៅយប់ថ្ងៃសៅរ៍ ដោយមិនមានចំណុចនិយាយអំពីលោក ជុន ច័ន្ទបុត្រ ដូចវីដេអូដែលបានផ្សាយផ្ទាល់កាលពីល្ងាចថ្ងៃសុក្រនោះទេ។
ចំណែកគេហទំព័រអង្គភាពព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាល លោក ហ៊ុន សែន នៅព្រឹកថ្ងៃអាទិត្យនេះ ក៏បានលុបចោលអត្ថបទមួយចំនួនដែលបានផ្សាយពីការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មលោក និងអត្ថបទមួយចំនួនទៀតដែលផ្សាយថា លោក ជុន ច័ន្ទបុត្រ ស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ជួយ ដោយបារម្ភខ្លាចអាមេរិកសម្លាប់ដូចលោកបណ្ឌិត កែម ឡី ក៏ត្រូវបានអង្គភាពព័ត៌មានមួយនេះលុបចោលផងដែរ។
ចាប់តាំងពីពេលដែលកម្ពុជាបានងាកទៅស្និទ្ធស្នាលជាមួយរដ្ឋាភិបាលចិនកុម្មុយនីស្ត គេឃើញថា ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកដែលជាបិតាប្រជាធិបតេយ្យ តែងមានភាពរកាំរកូសជាញឹកញាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប និងជានាយករដ្ឋមន្រ្តីដែលកាន់អំណាចអស់រយៈពេលជាង៣ទសវត្សរ៍មកហើយនោះ តែងពង្រីកវោហាសាស្រ្តរបស់លោកប្រឆាំងនឹងសហរដ្ឋអាមេរិក ថាជាអ្នកស្ថិតនៅពីក្រោយគណបក្សប្រឆាំង ក្នុងការរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ទាំងលោក ហ៊ុន សែន ផ្ទាល់ និងមន្រ្តីរដ្ឋាភិបាលក្រោមឱវាទរបស់លោក តែងវាយប្រហារឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt ជាច្រើនលើកថា លោកព្យាយាមជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាព្រមទាំងបានស្នើលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ឲ្យស្តីបន្ទោសលោក William Heidt ទៀតផង។
លោក William Heidt បន្ថែមថា បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហាក់កំពុងព្យាយាមវាយប្រហារសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែលោកថា សហរដ្ឋអាមេរិកបាននិងកំពុងតែប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិកតាមរយៈការចែករំលែក និងផ្លាស់ប្តូរសិល្បៈ វប្បធម៌ទៅវិញទៅមក៕
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯខេត្តកំពង់ធំកាលពីថ្ងៃទី១៨ មីនា ២០១៨។ (ទុំ ម្លិះ/VOA) |
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: