ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល អះអាងថា ស្ថាប័នទាំងបីសំខាន់ៗរបស់អាមេរិក រួមមាន សភា ព្រឹទ្ធសភា និងក្រសួងការបរទេស បានសន្យាថា គេទទួលយកសំណើរបស់លោក ដែលស្នើដាក់ទណ្ឌកម្មកាន់តែខ្លាំងថែមទៀត ទៅលើរបបរបស់លោក ហ៊ុន សែន កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបញ្ជាក់ថា អាមេរិកនឹងផ្អាកការអនុគ្រោះពន្ធលើទំនិញកម្ពុជា នាំចូលទឹកដីអាមេរិក ដើម្បីដាក់លក្ខខណ្ឌឲ្យរបបក្រុងភ្នំពេញ ស្តាដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទ្បើងវិញ៖ «អាមេរិកអនុវត្តច្បាប់ទៅលើភាពជាក់ស្ដែងក្នុងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលកម្ពុជា ដូចជាកន្លងមកអាមេរិកបានបិទទិដ្ឋាការ ឬវីហ្សា (VISA) ការទូតខ្មែរជាដើម ប៉ុន្តែឥលូវនេះ អាមេរិកនឹងពិនិត្យមើលការដកការអនុគ្រោះពន្ធនេះបន្ថែមទៀតជាដើម»។
វិស័យកាត់ដេរ គឺជាប្រភពចំណូលលើកស្ទួយសេដ្ឋកិច្ចជាតិដ៏សំខាន់មួយ ក្នុងចំណោមវិស័យដទៃទៀត។ រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨ នៅថ្ងៃទី១២ មីនាថា រោងចក្រកាត់ដេរ និងផលិតស្បែកជើងមានចំនួន ១,១៥៤ ក្រុមហ៊ុន និងមានកម្មករនិយោជក យោជិតជាង ៧៧ម៉ឺននាក់ ហើយតម្លៃសរុបនៃការនាំចេញផលិតផល ផ្នែកកាត់ដេរសំលៀកបំពាក់ និងផលិតស្បែកជើង ឆ្នាំ២០១៧ មានប្រមាណជាង ៧ពាន់ ៦រយលានដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្ដី ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកាត់ដេរកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ចំណូលពីឧស្សាហកម្មកាត់ដេរ នៅឆ្នាំ២០១៧ មិនបានកើនឡើងដូចការរំពឹងទុកទេ។ ការព្យាករអំពីកំណើននៃការនាំចេញសំលៀកបំពាក់គឺអាចដល់ ដល់៧ពាន់ ៨រយលានដុល្លារអាមេរិក។ លោកបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរនឹងប៉ះពាល់ខ្លាំងនៅចុងឆ្នាំ២០១៨ ដោយសារតែអ្នកបញ្ជាទិញអាចឈប់បញ្ជាទិញ ដោយសារតែស្ថានភាពនយោបាយអាក្រក់នៅកម្ពុជា។
នៅខណៈអាមេរិក និងសហគមន៍អឺរ៉ុបព្រមានបិទការអនុគ្រោះពន្ធទំនិញកម្ពុជានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់លោកកាលពីថ្ងៃទី១៧ មីនា នៅទីក្រុងស៊ីដនី អំពាវនាវឲ្យពលរដ្ឋខ្មែរនៅទីនោះ ជួយទិញផលិតផលកម្ពុជាប្រើប្រាស់។ លោក ហ៊ុន សែន សំដែងមោទនភាពថា វិស័យកសិឧស្សាហកម្មនៅកម្ពុជាកំពុងតែរីកចម្រើន៖ «កសិកម្មរបស់យើងសព្វថ្ងៃនេះមិនមែនកសិកម្មគ្រាន់តែចិញ្ចឹមក្រពះដូចកាលពីមុនទេ គឺកសិកម្មឧស្សាហកម្ម កសិពាណិជ្ជកម្ម សូមទិញផលិតរបស់កម្ពុជាផង ឥលូវនេះគ្រាន់តែម្រេច មានម្រេចកំពត មណ្ឌលគិរី រតនគីរី...»។
ក្រៅពីការស្នើឲ្យផ្ដាច់ការអនុគ្រោះពន្ធទៅក្នុងច្បាប់២៤១២ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកកាំង ក៏ដាក់សំណើឲ្យភាគីជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យធ្វើសកម្មភាពថ្កោលទោសរបបក្រុងភ្នំពេញដែរ ព្រោះថា ទង្វើរបស់លោក ហ៊ុន សែន កំពុងតែអនុវត្តផ្ទុយពីកិច្ចព្រមសន្តិភាពទីក្រុងប៉ារីស ដែលខ្លឹមសារកិច្ចព្រមព្រៀងនេះ ត្រូវបានដាក់បញ្ចូលទៅជាច្បាប់កំពូលរបស់រដ្ឋ គឺរដ្ឋធម្មនុញ្ញហើយនោះ៖ «របបលោក ហ៊ុន សែន ត្រូវតែដូរចេញ បើមិនដូច្នោះទេ ដូចជំងឺបូសឬមហារីកអ៊ីចឹង បើមិនវះចេញទេ នឹងរាករាលដាលកាន់តែខ្លាំង ហើយអាមេរិកនឹងពន្យារទៀត នៅដើមខែមេសានេះ គេនឹងចាប់ផ្ដើមអនុវត្តដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន»។
លោក ទូច វិបុល បញ្ជាក់ថា ខាងរដ្ឋាភិបាលអាមេរិកបានប្រាប់ថា អាមេរិកបានសម្រេចរួចហើយ គឺការកំណត់បញ្ជីឈ្មោះមន្ត្រីរដ្ឋាភិបាល ក្រុមឈ្មួញ បានអភិវឌ្ឍន៍ជិះជាន់ពលរដ្ឋក្រីក្រ និងបានចូលរួមបំផ្លាញប្រជាធិបតេយ្យជាមួយលោក ហ៊ុន សែន នោះ គឺនឹងបង្កទ្រព្យសម្បត្តិមន្ត្រីទាំងនោះ និងមិនឲ្យចូលទឹកដីអាមេរិកឡើយ៕
ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
0 ความคิดเห็น: