วันจันทร์ที่ 5 มีนาคม พ.ศ. 2561

វគ្គត្រកូលហ៊ុនច្បាមអំណាចអាងវ៉ាងកាងទី៖ លោកហ៊ុន សែន តែងតាំងលោកឌី វិជ្ជា ប្តីហ៊ុនម៉ាណា ឡើងជាអគ្គស្នងការរងនគរបាលជាតិអែបលោកនេត សាវឿន


អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ត្រូវ​បាន​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ប្រគល់​ភារកិច្ច​ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ការងារ​បច្ចេកទេស​សន្តិសុខ និង​ការងារ​រួម​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ។

នេះ​បើ​យោង​តាម​សេចក្តីសម្រេច​ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​លោក​ផ្កាយ​មាស​៤ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ក្រៅពីលោកផ្កាយ៣ ឌី វិជ្ជា សេចក្តីសម្រេចខាងលើ ក៍បានប្រគល់ភារកិច្ចផ្សេងៗគ្នាជូនអគ្គស្នងការរង​ចំនួន​១៦រូបទៀតផងដែរ ។

លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​សព​លោក ហុ​ក ឡង​ឌី អតីត​មេ​ប៉ូលិស​ស្រុក​ខ្មែរ និង​ត្រូវជា​ស្វាមី​លោកស្រី ហ៊ុន ម៉ា​ណា កូនលោក ហ៊ុន សែន​នោះ​ត្រូវ​បាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ តាម​អនុក្រឹត្យ​លេខ​២៨ អន​ក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៨ និង​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០២​កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៨ ។


មុន​ចូល​កាន់​តំណែង​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជា​កូនប្រុស​ច្បង​របស់​លោក ហុ​ក ឡង់​ឌី ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ជំនួស​លោក ថោ​ង លី​ម ដែល​ត្រូវ​តែងតាំង​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៤ ។

ក្រៅពី​មាន​តួនាទី​កំពូល​ខាងលើ លោក ឌី វិជ្ជា ក៍​ជា​ម្ចាស់​ក្លិប​បាល់ទាត់​ខេត្តស្វាយរៀង​ផង​ដែរ ។

ទាក់ទងទៅនឹងការដំឡើងតួនាទីនិងប្រគល់ភារកិច្ចជូនលោក ឌី វិជ្ជាខាងលើនេះ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ការ​ឡើង​តំណែង​ដល់​លោក ឌី វិជ្ជា បាន​មក​ដោយ​សមត្ថភាព​របស់​គាត់​។

លោក​បាន​បញ្ជាក់​ថា​៖ «​ធម្មតា គាត់​ធ្វើ​ការងារ​ល្អ គាត់​ត្រូវ​ឡើង​កាន់​តំណែង​ហើយ ព្រោះ​ការ​ឡើង​តំណែង​ជា​រឿង​ធម្មតា​របស់​កងកម្លាំង​»​។


នៅ​ពេល​សាកសួរ​ទាក់ទង​នឹង​រឿង​​ការ​ដំឡើង​សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី​អ្នក​នាំពាក្យ​រូប​នេះ​បាន​ឆ្លើយតប​ថា​៖ «​ចុះ​មើល​ ដូណាល់ ត្រាំ (​ប្រធានាធិបតី​អាមេរិក​) ​មើល​គេ​យក​កូន​គេ​ធ្វើ​ប្រធាន​ទីប្រឹក្សា​ផង​មាន​ពាក់ព័ន្ធ​អី​។ អត់​មាន​ច្បាប់​អី​ហាម​អត់​ឲ្យ​តែងតាំង​គាត់ ច្បាប់​ខ្មែរ​ណា​ដែល​ហាម អត់​មាន​ហាម​ទេ​»​។

លោក​បាន​ប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែម​ថា​៖ «​យ៉ាង​ណា​មិញ​​ដូចជា​នៅ​អាមេរិក​អ៊ីចឹង​ឃើញ​អ្ហេ​ពេល​គេ​ឡើង គេ​យក​កូនចៅ​គេ​ឡើង​កាន់​តំណែង​មាន​នរណា​ថា​អី ហើយ​អត់​មាន​ច្បាប់​ផង ម៉េច​គេ​ធ្វើ​បាន​»​។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ លោក សន ជ័យ បាន​លើក​ឡើង​ថា ​ធម្មតា​សាធារណជន​តែងតែ​ចាប់​អារម្មណ៍​ ខណៈ​គេ​សម្លឹង​ឃើញ​សាច់ញាតិ​ថ្នាក់​ដឹកនាំ​ប្រទេស​ឡើង​តំណែង​។

លោក​បាន​កត់សម្គាល់​និងត្រូវបានភ្នំពេញប៉ុស្តិ៍ស្រង់ថា​៖ «​នៅ​ក្នុង​បរិបទ​នេះ​នៅ​ពេល​ដែល​ពួកគាត់​ជា​សាច់​ញាតិ​របស់​អ្នកដឹកនាំ​ប្រទេស សាធារណជន​នឹង​ផ្តោត​អារម្មណ៍​ទៅ​លើ​គាត់ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​ព្រួយបារម្ភ​ទៅ​លើ​ជម្លោះ​ផលប្រយោជន៍ ឬ​​ក៏​ការ​ប្រើប្រាស់​អំណាច​របស់​គាត់​។ ​ខ្ញុំ​គិត​ថា​យើង​គួរ​តែ​ក្រឡេក​មើល​ទៅ​លើ​ច្បាប់​ដើម្បី​ចៀសវាង​ជម្លោះ​ផលប្រយោជន៍​»​។


ដី​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ដែល​សាច់ញាតិ​របស់​លោក​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​ដំឡើង​ឋានៈ ប៉ុន្ដែ​កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​ក្មួយប្រុស​របស់​លោក​ម្នាក់​គឺ​លោក​ ហ៊ុន ជា​ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ដំឡើង​ឋានន្តរស័កិ្ដ​ជា​ឧត្តម​សេនីយ៍ឯក​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ​ផង​ដែរ ខណៈ​ដែល​អ្នក​ផ្សេង​មាន​ឱកាស​តិចតួច​។

កាលពី​ដើម​ខែ​នេះ​មន្ត្រី​នគរបាល​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា ​ការ​គ្មាន​ប្រាក់ និង​គ្មាន​ទំនាក់​ទំនង​ជាមួយ​ប្រធាន​ស្ថាប័ន​គឺ​ពិបាក​នឹង​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្ដិ​ណាស់ បើ​ទោះ​មាន​គុណសម្បត្តិ​ និង​បម្រើការ​យូរ​យ៉ាង​ណា​ក្ដី​។


លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ធ្វើការ​តាំង​ពី​ឆ្នាំ​ ១៩៨៥ មក ប៉ុន្តែ​ខ្ញុំ​នៅ​ត្រឹម​ថ្នាក់​វរសេនីយ៍ទោ​ប៉ុណ្ណោះ​ទាំង​នេះ​គឺ​ដោយសារ​តែ​ខ្ញុំ​មិន​មាន​ទំនាក់​ទំនង​គ្រួសារ​ ឬ​ជា​អ្នក​មាន ដូច្នេះ​ហើយ​មេ​របស់​ខ្ញុំ​ពិបាក​ដំឡើង​ឲ្យ​ខ្ញុំ​ណាស់​…​ប៉ូលិស​ស្ទើរ​គ្រប់​រូប​ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​ដំឡើង​ឋានន្តរស័ក្តិ​ណាស់ លុះត្រា​តែ​ពួកគេ​មាន​ទំនាក់​ទំនង​ ឬ​ក៏​មាន​លុយ​កាក់​ឲ្យ​មេ​»​។

លោក​បាន​បន្ថែម​ថា​៖ «​យើង​មិន​មាន​ជម្រើស​ទេ​ហើយ​យើង​ក៏​មិន​អាច​តវ៉ា​អំពី​បញ្ហា​នេះ​បាន​ដែរ យើង​គ្រាន់​តែ​ធ្វើ​តាម​បញ្ជា​របស់​ពួកគេ​ប៉ុណ្ណោះ​ហើយ​នេះ​គឺជា​បក្ខពួកនិយម​ដែល​មាន​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​របស់​យើង​…​ពេល​ខ្លះ​យើង​ត្រូវ​បាន​គេ​ស្នើសុំ​ឱ្យ​ចូល​រួម​វិភាគទាន​ដល់​គណបក្ស​ថែម​ទៀត​ផង​»​៕ ((ប្រភព៖ អង្រុត))




Previous Post
Next Post

post written by:

0 ความคิดเห็น: