លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីផែនការកម្ទេចលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ។ លោក ហ៊ុន សែន អះអាងកាលពីថ្ងៃទី២៧ មីនា ថា លោកមានផែនការកម្ទេចលោក សម រង្ស៊ី មិនខុសពីលោកកម្ទេចប៉ុល ពត ដែលលោកបានទទួលជ័យជំនះនោះឡើយ។
លោក ហ៊ុន សែន ព្រមានលោក សម រង្ស៊ី ទាំងកំហឹងថា លោកនឹងមិនអនុគ្រោះឲ្យលោក សម រង្ស៊ី ឡើយ ហើយក៏គ្មានបរទេសណាអាចមានឥទ្ធិពលលើលោកដែរ៖ «ស៊ីបាយជាមួយគ្នាគេទៅប្រាប់គ្នាគេថា បើមិនចូលជិតមេចោរបាន ធ្វើម៉េចចាប់មេចោរបាន អាប៉ូលិសហើយ ហាហ្ហែងទៅជាចោរអស់ទៅវិញ អ៊ីចឹងខ្ញុំដាក់ចេញគោលដៅចេញដូចគ្នា កម្ចាត់ហ្ហែងដូចកម្ចាត់ ប៉ុល ពត អ៊ីចឹង ប៉ុល ពត ក៏យើងកម្ចាត់បានដែរ អ៊ីចឹងគ្មានបរទេសណាមកត្រួតក្បាលខ្ញុំបានទេ»។
ឆ្លើយតបនិងការលើកឡើងរបស់លោក ហ៊ុន សែន នេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ មានប្រសាសន៍ថា ពេលអ្នកនយោបាយយកឈ្នះគ្នា គ្មានចំណេញអ្វីដល់ប្រទេសជាតិទេ ហើយនឹងនាំឲ្យសង្គមជាតិបែកបាក់។ ទោះជាយ៉ាងនេះក្ដី លោកនៅតែមានជំនឿថា បញ្ហានយោបាយ នឹងមានដំណោះស្រាយឆាប់ៗនេះ៖ «ខ្ញុំនៅតែមានជំនឿ ថាថ្នាក់ដឹកនាំប្រទេសជាតិនីមួយៗចង់ឱ្យមានឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ បើយើងងាកទៅមើលប្រវត្តិសាស្ត្រមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក៏មានការប៉ះទង្គិចគ្នាសិន បើមើលក្នុងទសវត្សឆ្នាំ១៩៨០ ក៏មិនមិនខុសគ្នាទេ បាទ»។
អ្នកវិភាគនយោបាយឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា មេដឹកនាំខ្មែរពីមួយជំនាន់ទៅមួយជំនាន់ តែងតែធ្វើនយោបាយផ្ដួលរំលំគ្នាទៅវិញទៅមក ក្នុងការផ្លាស់ប្ដូរមេដឹកនាំពីមួយជំនាន់ទៅមួយជំនាន់។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា នៅសម័យនេះទៅហើយ លោក ហ៊ុន សែន នៅតែប្រើនយោបាយចាស់គំរឹលប្រកាន់យកវប្បធម៌គុំគួន និងសងសឹកគ្នាបែបនេះទៀត គ្មានចំណេញអ្វីដល់សង្គមជាតិឡើយ។ លោក មានជំនឿថា បើសិនជាកម្ពុជាផ្លាស់ប្ដូរមេដឹកនាំនោះ គឺមេដឹកនាំថ្មីនឹងមិនគិតពីការសងសឹកទេ អ្វីដែលមេដឹកនាំថ្មីត្រូវធ្វើនោះ គឺការប្រកួតប្រជែងអភិវឌ្ឍន៍ និងប្រទេសនៅក្នុងតំបន់។
លោក បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា លោក ហ៊ុន សែន មិនអត់ឱនឲ្យអ្នកណាឡើយ ប្រសិនបើ ហ៊ាននិយាយរិះគន់ប៉ះចំបុគ្គលលោក និងក្រុមគ្រួសារលោកនោះ។ លោកបញ្ជាក់ថា លោក ហ៊ុន សែន បានរៀបចំការកម្ទេចលោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិតាំងពីយូរមកហើយ ដែលផែនការនេះ លោកបានអនុវត្តកម្ចាត់លោក សម រង្ស៊ី និងគណបក្សប្រឆាំងជាបន្តបន្ទាប់ ដូចជាការចាប់ចងលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិជាដើម៕ (RFA Khmer)
*គូសបញ្ជាក់ព័ត៌មានកាលពីម្សិលមិញ៖ លោក សម រង្ស៊ី សោកស្ដាយចំពោះលោក ហ៊ុន សែន ប្រើអារម្មណ៍ផ្ទាល់ខ្លួនបញ្ចប់វប្បធម៌សន្ទនា
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ចង់ឲ្យគណបក្សជាប់ឆ្នោតទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ងាកមករកតុចរចាវិញ ព្រោះថា ជំហររបស់ជប៉ុនដែលគាំទ្រដំណើរការនៃការបោះឆ្នោត អាចនឹងប្រែប្រួលប្រសិនបើស្ថានការណ៍នយោបាយនៅកម្ពុជាមិនវិវត្តទៅរកភាពល្អប្រសើរ ពោលគឺ ជប៉ុនអាចនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ បើសិនជាគ្មានវត្តមានបក្សប្រឆាំង។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ក៏អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកអារម្មណ៍បុគ្គល ឬកំហឹងផ្ទាល់ខ្លួនដាក់មួយឡែកសិន ហើយ ត្រូវមករកការចរចាវិញ ដើម្បីបញ្ចប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន។
លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ សំដែងការសោកស្ដាយចំពោះ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលយកអារម្មណ៍ផ្ទាល់ខ្លួនដាក់ពីមុខ អាចជាលេស ដើម្បីបញ្ឈប់ការសន្ទនារវាងគណបក្សជាប់ឆ្នោតទាំងពីរ ដែលអាចឈានទៅរកការសម្រុះសម្រួលមួយ បើកផ្លូវឲ្យមានការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យនោះ។
លោក សម រង្ស៊ី សរសេរនៅលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៦ មីនា ថា លក្ខណៈសម្បត្តិជាអ្នកដឹកនាំប្រទេស តម្រូវឲ្យអ្នកនយោបាយដាក់អារម្មណ៍ផ្ទាល់ខ្លួន ដូចជាការខឹងសម្បារមួយអន្លើ ហើយផ្ដោតយកចិត្តទុកដាក់ទៅលើផលប្រយោជន៍ជាតិជាធំវិញ។ ទោះបីជាយ៉ាងនេះក្ដី លោក សម រង្ស៊ី នៅតែមានជំនឿលើវប្បធម៌សន្ទនា ដើម្បីបញ្ចប់ជម្លោះនយោបាយនាពេលបច្ចុប្បន្ន បើសិនជាភាគីទាំងពីរ ពោលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានភាពស្មោះត្រង់ ជាពិសេស មិនមានការសម្លុត ឬគំរាមកំហែង ពីខាងណាមួយ។ លោក ស រង្ស៊ី បន្ថែមថា ថ្ងៃណាមួយ ភាគីទាំងអស់នឹងយល់ថា ខ្លួនមិនអាចគេចផុត ពីការសន្ទនាបានទេ ពីព្រោះការសន្ទនានេះ ជាមូលដ្ឋាននៃសន្តិភាពសង្គម និងលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចោទលោក សម រង្ស៊ី ថា ជ្រួលជ្រើមទាំងមានក្ដីសង្ឃឹម ចង់ចរចាឬប្រើវប្បធម៌សន្ទនាជាមួយរបបក្រុងភ្នំពេញ ក្រោយពីឃើញទីប្រឹក្សាជាន់ខ្ពស់ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន បានជួបលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ លោក សុខ ឥសាន បញ្ជាក់ថា ជប៉ុនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ។ លើសពីនេះ លោក សុខ ឥសាន ចោទលោក សម រង្ស៊ី ថា ហ៊ានធ្វើអ្វីៗទាំងអស់ ដើម្បីចង់បានអំណាច ដូចជា ហ៊ានដាក់ខ្លួនធ្វើជាអាយ៉ងបរទេស ប៉ុនប៉ងផ្ដួលរបបលោក ហ៊ុន សែន និងរំលោភប្រជាធិបតេយ្យជាដើម។ «»
ទោះបីជាយ៉ាងនេះក្ដី ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ឲ្យអាស៊ីសេរីដឹងថ្ងៃទី២៦ ខែមីនា ថា កាលពីពេលថ្មីៗនេះ លោកបានជួបមន្ត្រីនយោបាយនៃស្ថានទូតជប៉ុន ប៉ុន្តែលោកសុំមិនបង្ហាញឈ្មោះទេ ដោយមន្ត្រីរូបនេះប្រាប់លោកថា គោលជំហររបស់រដ្ឋាភិបាលជប៉ុន មិនប្រាកដថា នៅតែគាំទ្រដំណើរការនៃការបោះឆ្នោតរហូតទេ គឺអាចនឹងប្រែប្រួលប្រសិនបើស្ថានការណ៍នយោបាយនៅកម្ពុជាមិនវិវត្តទៅរកភាពល្អប្រសើរគិតចាប់ពេលនេះរហូត ដល់ថ្ងៃបោះឆ្នោត។ «»
ក្នុងជំនួបជាមួយលោក ហ៊ុន សែន និងតំណាងលោកនាយករដ្ឋមន្ត្រីជប៉ុន គឺលោក កេនតារ៉ូ សូនូរ៉ា (Kentaro Sonoura) បានលើកយកលទ្ធភាព នៃដំណោះស្រាយរួមមួយតាមវិធីចរចាគ្នា វាងរបបលោក ហ៊ុន សែន ជាមួយនឹងមន្ត្រីគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។ ក៏ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធសំណើរបស់ជប៉ុននេះ ដោយលោកអះអាងថា ការប្រើប្រាស់វប្បធម៌សន្ទនា គឺហួសពេលហើយ។
នេះគឺលើកទីមួយហើយ ដែលប្រទេសជប៉ុន មហាអំណាចដ៏មានឥទ្ធិពលនៅអាស៊ី ឈឺឆ្អាលកាន់តែខ្លាំង និងចេញមុខជួយរកដំណោះស្រាយវិបត្តិនយោបាយខ្មែរ ដែលអូសបន្លាយពេលរាប់ខែ តាំងពីក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ។ រដ្ឋាភិបាលជប៉ុន បានប្រកាន់ជំហរ ចង់ឲ្យមានដំណោះស្រាយ រវាងខ្មែរ និងខ្មែរ ដើម្បីបញ្ចប់វិបត្តិនយោបាយបច្ចុប្បន្ន នៅមុនបោះឆ្នោតជាតិ ព្រោះជប៉ុនចង់ឃើញការបោះឆ្នោតជាតិមួយ ដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ។
ជប៉ុន គឺម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា ក្រៅពីចិន។ ហើយជប៉ុនក៏ជាប្រទេសហត្ថលេខីមួយដែរ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលកន្លងមក បានរក្សាជំហរទន់ភ្លន់ ក្នុងស្ថានភាពដែលសហគមន៍អន្តរជាតិ ថ្កោលទោសជុំទិសទៅលើរបបលោក ហ៊ុន សែន ដោយសារតែការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ រដ្ឋាភិបាលជប៉ុន សុខចិត្តមិនចូលរួមចុះហត្ថលេខាជាមួយប្រទេស ៤៥ផ្សេងទៀត នៃសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលនាំគ្នាចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសរបបលោក ហ៊ុន សែន ដែលកំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ ខែមីនា។
លោក សម រង្ស៊ី នៅតែអះអាងថា សម្រាប់ប្រទេសកម្ពុជា វប្បធម៌សន្ទនាដ៏ពិតប្រាកដមួយ ត្រូវតែមកជំនួសវប្បធម៌ហិង្សា និងនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃ ដែលគ្របដណ្ដប់សង្គមសព្វថ្ងៃ ដែលជាសំណល់ដ៏អាក្រក់បំផុត ពីរបបខ្មែរក្រហម។ លោក សម រង្ស៊ី បញ្ជាក់ថា ដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតបែបនេះ កាន់តែឆាប់នោះ គឺភាគីទាំងអស់ត្រូវតែខិតខំទាំងអស់គ្នា៕ (RFA Khmer ចុចស្ដាប់សំឡេង)
0 ความคิดเห็น: