កម្មករខ្មែរចាប់ផ្ដើមស៊ីក្ដួច ព្រោះថៅកែបិទទ្វាររត់ចោល៖ កម្មករដែលម្ចាស់ផ្ទះជួលបណ្ដេញចេញធ្លាក់ខ្លួនដេកមុខរោងចក្រក្រោយពេលថៅកែរត់ចោល !
កម្មករ-កម្មការិនីរោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាសស្ទ្រៀល (EFA Garment Industrial) ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលគ្មានលុយបង់ថ្លៃបន្ទប់ជួល ធ្លាក់ខ្លួន ដេកមុខរោងចក្រ ក្រោយពេលថៅកែរត់ចោលជិត ២ខែ ដោយមិនព្រមទូរទាត់ប្រាក់ឈ្នួល។
ក្រុមកម្មករ កម្មការិនីទាំងនោះ បានសម្រេចចិត្តយក ម៉ុង ភួយ ចានឆ្នាំង សង់ខ្ទម និងបោះតង់ ដេកនៅពីមុខរោងចក្រអ៊ីហ្វារាល់ថ្ងៃ ដោយសារគ្មានប្រាក់បង់ថ្លៃផ្ទះជួល និងបង្ការខ្លាចក្រែងម្ចាស់រោងចក្រ លួចដឹកសម្ភារៈចេញក្រៅរោងចក្រ ដោយមិនព្រមទូទាត់សំណង។ រយៈពេល ២ខែហើយ ដែលក្រុមកម្មករ កម្មការិនី អ៊ីហ្វា ហ្គាមេន អ៊ិនដាសស្ទ្រៀល (EFA Garment Industrial) អង្គុយ និងដេកចាំ នៅមុខរោងចក្រ ទាំងយប់ ទាំងថ្ងៃ រកដំណោះស្រាយ ពីរបបលោក ហ៊ុន សែន ដែលបណ្ដោយឲ្យថៅកែ រោងចក្រជនជាតិចិនលួចរត់ចោលរោងចក្រ ដោយមិនព្រមបើកប្រាក់ឈ្នួលឲ្យកម្មករ។
បើទោះជារបប លោក ហ៊ុន សែន អះអាងថា មានប្រាក់សម្រាប់បើកប្រាក់ឈ្នួលឲ្យកម្មករ កម្មការិនី ដែលរងគ្រោះដោយសារថៅកែរត់ចោលរោងចក្រ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៩ មីនា ក្រុមកម្មករកម្មការិនី អះអាងថា ពួកគេ មិនទាន់ទទួលបានប្រាក់បុរេប្រទានពីរបបក្រុងភ្នំពេញឡើយ។
កម្មការិនី ឈ្មោះ អ៊ុំ រ៉ាវី ដែលអះអាងថា បានដេកនៅមុខរោងចក្រចំនួន២ខែមកហើយ តាំងពីថៅកែ រត់ចោលប្រាប់ថា មូលហេតុចម្បងគឺម្ចាស់ផ្ទះជួលបានបណ្ដេញចេញដោយសារតែគ្មានប្រាក់បង់ថ្លៃ ផ្ទះជួល៖ «ខ្ញុំអត់មានលុយឲ្យគេ ឥឡូវគេដេញហើយ មើលខ្ញុំរើឥវ៉ាន់មកនៅរបងរោងចក្រហើយ។ ខ្ញុំអត់មានលុយឲ្យផ្ទះជួលគេ។ ខ្ញុំសំណូមពរទៅសម្តេចសូមឲ្យតឿនក្រសួងឲ្យឆាប់ៗមោ ឲ្យលុយ។ ជួយ! សម្តេចជួយ ឲ្យលុយកូនចៅឲ្យរហ័សៗមោ ព្រោះកូនចៅអត់មានលុយទេ អត់មានលុយទៅផ្ទះទៀត ខ្ញុំមានម្ដាយចាស់នៅផ្ទះអាយុ៨៧។ ខ្ញុំត្រូវការលុយកាក់ព្រោះខ្ញុំជាមេគ្រួសារ រកលុយកាក់ឲ្យគាត់ ព្រោះខ្ញុំជាស្ត្រីមេម៉ាយ រកលុយចិញ្ចឹមកូន៣នាក់»។
កម្មការិនី ឈ្មោះ សុខ ឃី រៀបរាប់ប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ការសម្រេចចិត្តវេចមុង ភួយ ដេកមុខរោងចក្រ ដោយសារតែ ជំពាក់លុយថ្លៃផ្ទះ ២ខែហើយ។ អ្នកស្រី រៀបរាប់ទាំងក្ដុកក្ដួល ថា មានទុក្ខលំបាកច្រើនណាស់ ដែលរៀបរាប់មិនចេញ ក្រោយពេលថៅកែរត់ចោលមិនព្រមបើកប្រាក់ឈ្នួល ឲ្យពួកគាត់៖ «ខ្ញុំសុំសំណូមពរបងៗ ខាងក្រសួង(ការងារ)ឲ្យគាត់ ជួយដោះស្រាយពួកខ្ញុំ ឲ្យបានឆាប់បន្លិចទៅ ព្រោះអីពួកខ្ញុំចាំមួយអាទិត្យហើយ មួយអាទិត្យទៀត ណាលោកពូ។ សុំឲ្យគាត់ជួយដោះស្រាយឲ្យបានក្នុងអាទិត្យនេះមក លោកពូ»។
ចំណែកកម្មការិនីម្នាក់ទៀត ប្រាប់ថា អ្នកស្រីគ្មានពេលវេលាដើម្បីរកការងារថ្មី ចិញ្ចឹមជីវិតទេ ដោយសារត្រូវបង្ខំចិត្ត ដេកមុខរោងចក្រ ការពារទ្រព្យសម្បត្តិក្រែងលោ ថៅកែលួចដឹកសម្ភារៈ ស្របពេលដែលពួកគាត់ មិនទាន់បានទទួលសំណង៖ «ដេញចេញពីផ្ទះជួលមកនៅមុខរោងចក្រ ដូចដឹងស្រាប់ហើយ មើលបងប្អូនទាំងអស់គ្នានេះ វេទនាប៉ិនណា ហើយអត់មានអីហូប អត់មានអីទេ ប្រាក់ខែក៏អត់ សូមឲ្យសម្ដេចជួយដោះស្រាយជាបន្ទាន់មុនចូលឆ្នាំនឹងមោ»។
កម្មកររោងចក្រ អ៊ីហ្វា ហ្គាវើមែន កាលពីថ្ងៃទី៧ កុម្ភៈ បានធ្វើបាតុកម្ម ដោយសារតែពួកគេ បានទទួលដំណឹងថា ថៅកែជនជាតិចិន បានរត់ចោលរោងចក្រ ដោយមិនព្រមបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនពួកគេ។ កំឡុងពេលបាតុកម្មនោះ មិនមែនមានតែកម្មកររោងចក្រអ៊ីហ្វា នៅភូមិព្រៃទា ទេ ដែលរងគ្រោះ គឺមានរោងចក្រចំនួន២ផ្សេងទៀត ក៏រងគ្រោះដោយសារជនជាតិចិន ជាថៅកែរោងចក្រតែមួយ បានរត់ចោលដូចគ្នា។ កម្មករអះអាងថា រោងចក្រចំនួន៣ ដែលមានថៅកែជនជាតិចិន តែម្នាក់ បានរត់ចោលស្របពេលតែមួយ មានរោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាស់ស្ទ្រាល (EFA Garment Industrial) មាន កម្មករ ប្រហែល ៨០០នាក់ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រោងចក្រ អេហ្វ.អ.អ៊ី. ហ្គាមេន (FRE Garment) និងរោងចក្រយូដា ហ្គាមេន អ៊ិនដាស់ស្ទ្រាល (UDA Garment Industrial) មានកម្មករសរុបជាង ៧០០នាក់ ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់ចោមចៅ។
លោក ហ៊ុន សែន កាលពីចុងខែកុម្ភៈ បានផ្ដល់ថវិកាបុរេប្រទាន ចំនួន ៤លាន ៦សែនដុល្លារ ដើម្បីទូទាត់ប្រាក់បៀវត្ស ដល់កម្មករទូទាំងប្រទេស ដែលម្ចាស់រោងចក្រ បានរត់ចោល មិនព្រមទូទាត់ប្រាក់ឈ្នួល ឲ្យកម្មករ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសក្នុងពិធីបូកសរុបលទ្ធផលសន្និបាតការងារប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី១២ ទី១៣ ខែមីនា ថា សម្រាប់ករណីរោងចក្របិទទ្វារ ដោយថៅកែរត់ចោល ក្រសួងទុកថា ជាហានិភ័យមួយ ហើយក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ លោក អ៊ិត សំហេង ថា ក្រសួង នឹងរៀបចំនីតិវិធីថ្មីមួយតម្រូវឱ្យថៅកែរោងចក្រ ត្រូវតម្កល់ប្រាក់ទុកនៅបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់ដោះស្រាយករណីថៅកែរត់ចោលកម្មករ។ គម្រោងនេះធ្វើឡើង ក្រោយពីមួយរយៈពេលចុងក្រោយនេះ មានរោងចក្រប្រមាណជិត ១០រោងចក្រ ត្រូវបានបិទទ្វារ និងថៅកែរត់ចោលដោយមិនទាន់ទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនកម្មករបណ្ដាលឱ្យកម្មកររាប់ពាន់នាក់ ផ្ទុះការតវ៉ារ៉ាំរ៉ៃទាមទារដំណោះស្រាយពីក្រសួងការងារ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរបប លោក ហ៊ុន សែន រូបនេះ ក៏បានលើកឡើងថា កំពុងបង្កើតអនុក្រឹត្យ ស្ដីពីរបបនីតិកម្ម ដើម្បីធានាទូទាត់អត្ថប្រយោជន៍កម្មករ ករណីដែលរោងចក្របិទទ្វារ។ ក្រសួងនឹងតម្រូវឱ្យក្រុមហ៊ុន ឬរោងចក្រតម្កល់ប្រាក់នៅបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទូទាត់ហានិភ័យណាមួយដែលកើតឡើង គឺបេឡាជាតិរបបសន្តិសុខសង្គម មានលទ្ធភាពទូទាត់ប្រាក់ទាំងនោះដល់កម្មករ។ ទោះបីជាយ៉ាងនេះក្តី លោក អ៊ិត សំហេង មិនបានបញ្ជាក់ថា តម្រូវឱ្យថៅកែរោងចក្រត្រូវតម្កល់ប្រាក់ប៉ុន្មាននោះនៅឡើយទេ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី១៩ មីនា ដើម្បីសុំការបំភ្លឺករណីកម្មករ កម្មការិនី រោងចក្រ អ៊ីហ្វា ហ្គាមែន ដែលអះអាងថា មិនទាន់ទទួលបាន ប្រាក់បុរេប្រទានពីរបប លោក ហ៊ុន សែន។
អគ្គលេខាធិការសហភាពសហជីពកម្ពុជា លោក ម៉ៃ សុភត្ត្រា មិនយល់ស្របនឹងផ្ដល់ប្រាក់បុរេប្រទាន លោក ហ៊ុន សែន ទេ ដោយសារច្បាប់បានតម្រូវឲ្យក្រុមហ៊ុនតម្កល់ប្រាក់ មុននឹងបើករោងចក្រ ដូច្នេះលោកថា ក្រសួងការងារគួរយកប្រាក់ទាំងនោះ មកសងដល់ក្រុមកម្មករ កម្មការិនី ដែលថៅកែរត់ចោល។ សហជីពរូបនេះ យល់ថា ប្រសិនបើមន្ត្រីជាន់ខ្ពស់ក្នុងរបប លោក ហ៊ុន សែន ធ្វើការយឺតយ៉ាវ ក្នុងការសងលុយដល់ក្រុមកម្មករបែបនេះ នឹងធ្វើឲ្យខូចឈ្មោះ លោក ហ៊ុន សែន ព្រោះកម្មករអាចនឹងសង្ស័យថា ការប្រកាសរបស់លោក ហ៊ុន សែន គ្រាន់តែជាការឃោសនានយោបាយដើម្បីបោកបញ្ឆោតពលរដ្ឋ។
លោក ម៉ៃ សុភក្ត្រា ចង់ឃើញ មន្ត្រីជាន់ខ្ពស់នៅក្រសួងការងារ ក្នុងរបបលោក ហ៊ុន សែន ធ្វើការសងលុយដល់កម្មករឲ្យបានលឿនជាងនេះ ព្រោះកម្មករត្រូវការប្រាក់បន្តិចបន្តួចជាញើសឈាមរបស់ពួកគេ ដើម្បីជួលបន្ទប់ស្នាក់នៅ និងចិញ្ចឹមជីវិតរបស់ពួកគេ៖ «អានេះ បើសិនជាភាសានយោបាយ សម្រាប់យើងខ្ញុំជាថ្នាក់ដឹកនាំសហជីព យើងគិតថា រដ្ឋាភិបាលមានភាពអាម៉ាស់ណាស់ ចំពោះបងប្អូនកម្មករ កម្មការិនី។ ជាពិសេសគាត់ (លោក ហ៊ុន សែន) បានខំប្រឹងចុះជួបកម្មករ កម្មការិនី រៀងរាល់អាទិត្យ មួយអាទិត្យម្ដង មួយអាទិត្យពីរដង យកចិត្តកម្មករ។ តែដល់ពេលគាត់ ជួបហើយ អ្វីដែលគាត់បានមានប្រសាសន៍ ក្រសួង ឬអ្នកពាក់ព័ន្ធទាំងអស់មិនយកចិត្តទុកដាក់។ អ៊ីចឹងធ្វើឲ្យសកម្មភាពរបស់គាត់មិនល្អមើល និយាយរួមទៅគឺល្អតែមើល មិនល្អទេ សម្រាប់បងប្អូនកម្មករ មិនសូវជាទុកចិត្តនូវសកម្មភាពទាំងអស់នោះទេ»។
សហជីព និងក្រុមកម្មកររំពឹងថា នឹងមានដំណោះស្រាយខាងមុខឆាប់ៗ ពីខាងរបបលោក ហ៊ុន សែន ក្នុងការផ្ដល់ប្រាក់ឈ្នួល ដល់កម្មកររោងចក្រ អ៊ីហ្វា ហ្គាមែន ទាំងជាង៨០០នាក់ ដើម្បីបង់ថ្លៃបន្ទប់ជួល និងរកការងារថ្មីធ្វើសម្រាប់ពួកគេ៕
ប្រភព៖ វិទ្យុអាស៊ីសេរី
0 ความคิดเห็น: