អង្គការ UNHCR និង Human Rights Watch ថ្កោលទោសអាជ្ញាធរថៃ ដែលចាប់បញ្ជូនជនភៀសខ្លួន
អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន យូអិនអេចស៊ីអរ (UNHCR) និងអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថ្កោលទោសទង្វើរបស់អាជ្ញាធរថៃ ដែលបានចាប់បញ្ជូនជនភៀសខ្លួនខ្មែរ ២នាក់ ប្រគល់ទៅឲ្យអាជ្ញាធរកម្ពុជាវិញ។
នាយកអង្គការ UNHCR ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក អ៊ិន ដ្រីកា រ៉ាវ៉ាទី (Indrika Ratwatte) ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែវិច្ឆិកាថា មន្ត្រី UNHCR ព្យាយាមធ្វើអន្តរាគមន៍ទៅអាជ្ញាធរថៃ ឲ្យដោះលែងអ្នកទាំងពីរ ព្រោះពួកគេជាជនភៀសខ្លួន និងព្រួយបារម្ភពីការធ្វើបាប ប្រសិនបើបញ្ជូនត្រឡប់ទៅប្រទេសកម្ពុជាវិញ។
លោក អ៊ិន ដ្រីកា រ៉ាវ៉ាទី សោកស្ដាយចំពោះទង្វើរបស់រដ្ឋាភិបាលថៃ ដែលមិនបានគោរពតាមគោលការណ៍ច្បាប់អន្តរជាតិស្តីពីជនភៀសខ្លួន និងកំពុងរង់ចាំការបញ្ជាក់ពីអាជ្ញាធរថៃ អំពីមូលហេតុ ដែលចាប់បញ្ជូនជនភៀសខ្លួនខ្មែរទាំងពីររូបនេះ ប្រគល់ឲ្យអាជ្ញាធរកម្ពុជាវិញ។
អង្គការ UNHCR សុំឲ្យសមត្ថកិច្ចថៃស៊ើបអង្កេតករណីនេះជាបន្ទាន់ និងអំពាវនាវសុំឲ្យរដ្ឋាភិបាលថៃ អនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ ព្រមទាំងបញ្ឈប់ជាបន្ទាន់ នូវទង្វើបែបនេះ ទៅថ្ងៃអនាគត។ អង្គការ UNHCR មានការព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរបស់ពួកគេ និងជំរុញរដ្ឋាភិបាលកម្ពុជាឱ្យគោរពសិទ្ធិមនុស្ស និងអនុញ្ញាតឲ្យអង្គការសិទ្ធិមនុស្សនានា តាមដានស្ថានការណ៍នេះ នៅប្រទេសកម្ពុជា។
ជនភៀសខ្លួនខ្មែរទាំងពីរនាក់នេះ មានឈ្មោះ លោក វឿន វាសនា និង វឿង សំណាង ជាសកម្មជនគណបក្សសង្គ្រោះជាតិ។ ពួកគេត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន នៅទីក្រុងបាងកក កាលពីថ្ងៃទី៨ ខែវិច្ឆិកា និងបញ្ជូនមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។ បច្ចុប្បន្នពួកគេកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស។
ចំណែកអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch វិញ ក៏បានទាមទារឲ្យសមត្ថិកិច្ចកម្ពុជា ទម្លាក់បទចោទ និងដោះលែងពួកគេ ដោយឥតលក្ខខណ្ឌផងដែរ។
នាយកអង្គការ Human Rights Watch ទទួលបន្ទុកជនភៀសខ្លួន និងជនចំណាកស្រុក លោក ប៊ីល ហ្វ្រីលីក (Bill Frelick) បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រនេះថា ទង្វើរបស់រដ្ឋាភិបាលថៃ ដែលបានចាប់បញ្ជូនជនភៀសខ្លួនខ្មែរទាំងពីរនាក់នេះមកកម្ពុជាវិញ គឺជាទង្វើអសីលធម៌ និងជាការប្រឆាំងនឹងគោលការណ៍ច្បាប់ការពារជនភៀសខ្លួន។ លោកគូសបញ្ជាក់ថា តាមច្បាប់ជនភៀសខ្លួន អាជ្ញាធរនៃប្រទេស ដែលអនុញ្ញាតឲ្យមានជនភៀសខ្លួនស្នាក់នៅ មិនអាចចាប់បញ្ជូនពួកគេ ត្រឡប់ទៅប្រទេសកំណើត ដែលនឹងរងការធ្វើបាប ទារុណកម្ម និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពួកគេ ៕ (RFA Khmer)
ចុចស្ដាប់សំឡេង ៖ អង្គការ UNHCR និងអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ថ្កោលទោសអាជ្ញាធរថៃ ដែលចាប់បញ្ជូនជនភៀសខ្លួន
លោក វឿន វាសនា និង វឿង សំណាង ជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅទីក្រុងបាងកក បញ្ជូនទៅឱ្យអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ។
0 ความคิดเห็น: