ជា សុផារ៉ា ប្រតិកម្មនឹងការចុះផ្សាយអំពីកូនប្រុសរបស់លោកដាក់លក់អចលនទ្រព្យតម្លៃរាប់សិបលានដុល្លារនៅអូស្ត្រាលី!!
រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នៅថ្ងៃអង្គារនេះ បានប្រតិកម្មទៅនឹងការចុះផ្សាយអត្ថបទព័ត៌មានទាក់ទងនឹងការដាក់លក់ភូមិគ្រឹះរបស់កូនប្រុសរបស់លោកក្នុងប្រទេសអូស្ត្រាលីក្នុងតម្លៃប្រមាណ ៣៨ លានដុល្លារ ។ លោករដ្ឋមន្ត្រីអះអាងថា លោកមិនបានដឹងអំពីរឿងនេះទេ ហើយប្រតិកម្មទៅនឹងការចុះផ្សាយនេះ។
សារព័ត៌មានដែលមានឈ្មោះថា The Australian បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ថា កូនប្រុសរបស់លោក ជា សុផារ៉ា គឺ លោក ផារ៉ា មង្គល ដែលជានាយខុទ្ទកាល័យនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់លក់ផ្ទះក្នុងប្រទេសអូស្ត្រាលី ដែលលោកបានទិញកាលពីឆ្នាំ ២០១៦ ។
នៅពេលវីអូអេទាក់ទងតាមទូរស័ព្ទ លោក ជា សុផារ៉ា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាលោកមិនបានដឹងព័ត៌មានពាក់ព័ន្ធនឹងការលក់អចលនទ្រព្យនេះនោះទេ ។
លោក ជា សុផារ៉ា បានថ្លែងថា៖ «អាគេផ្សាយហ្នឹង គេលក់ អ្នកណាចង់ទិញក៏ទិញទៅ ផ្ទះរបស់គេណោះ សួរខ្ញុំម៉េចដឹង។ ខ្ញុំអត់ដឹងផងអូន។ មិនមែនគេ Underage (មិនទាន់គ្រប់អាយុ) ណា»។
នៅពេលសួរពាក់ព័ន្ធនឹងប្រភពចំណូលដែលបានប្រើប្រាស់ក្នុងការទិញអចលទ្រព្យនេះ លោក ជា សុផារ៉ា មិនបានបញ្ជាក់លម្អិតឡើយ។
លោកថ្លែងយ៉ាងដូច្នេះ មុននឹងទម្លាក់ទូរស័ព្ទចុះ៖ «បាទ កូនខ្ញុំ ថ្ងៃក្រោយគេធ្វើមហាសេដ្ឋីអ៊ីចឹង សួរថាបានលុយមកពីណា ហើយថ្ងៃក្រោយគេធាក់ស៊ីក្លូសួរថា ម៉េចគេអស់លុយ។ ឆោតអីឆោត ចេះតែនិយាយ។ ការងារម៉ាគនរមិនធ្វើទេ ចេះតែប្រមាញ់រឿងតែផ្តេសតែផ្តាស។ មិនមែនជាការស្ថាបនាទេ។ ឃើញគេក្រ អរណាស់ ឃើញគេមានរុកគួនណាស់។ អាអគតិអ៊ីចឹង ចង្រៃអ៊ីចឹងហ្អេ»។
វីអូអេមិនទាន់អាចទាក់ទងលោក ផារ៉ា មង្គល កូនប្រុសរបស់លោក ជា សុផារ៉ា ដើម្បីសុំការបំភ្លឺបន្ថែមបាននៅឡើយទេ នាថ្ងៃអង្គារនេះ។
អត្ថបទព័ត៌មានមួយចុះផ្សាយដោយសារព័ត៌មាន The Australian កាលពីថ្ងៃទី២៥ ខែកក្កដា រៀបរាប់ថា ការលក់ភូមិគ្រឹះមួយតម្លៃ៣៨លានដុល្លារ ក្នុងក្រុង Sydney (ស៊ីដនី) ប្រទេសអូស្ត្រាលី នាំឱ្យមានការលើកឡើងអំពីការស៊ើបអង្កេតពាក់ព័ន្ធនឹងការអះអាងថា អូស្ត្រាលីត្រូវបានប្រើប្រាស់ជាកន្លែង ដើម្បីលាក់ទ្រព្យសម្បត្តិរបស់មន្ត្រីមួយចំនួននៅកម្ពុជា។
អត្ថបទព័ត៌មានបញ្ជាក់ថា ភូមិគ្រឹះខាងលើនេះ ដែលស្ថិតលើផ្ទៃដីទំហំជាង៣.០០០មែត្រការ៉េ ជាប់មាត់ឆ្នេរ ជាមួយនឹងរោងភាពយន្ត តារាងបាល់បោះតូច និងតារាងបាល់ទាត់ គឺជាកម្មសិទ្ធិរបស់មន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់មួយរូប ដែលមានប្រាក់ចំណូលតិចជាង១.០០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។
អត្ថបទព័ត៌មានដដែលបន្តថាលោក ផារ៉ា មង្គល អាយុ ៣៩ឆ្នាំ និងភរិយាឈ្មោះ តាវ ម៉ាឌីណា អាយុ ៣៦ឆ្នាំ ដែលជាកូនស្រីរបស់អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក តាវ សេងហួ បានទិញភូមិគ្រឹះនេះកាលពីខែកក្កដា ឆ្នាំ២០១៦ ក្នុងតម្លៃដើមប្រមាណ ១១លានដុល្លារ ដែលជាតម្លៃខ្ពស់បំផុតមួយសម្រាប់អចលនទ្រព្យនៅតំបន់ជាយក្រុងកាលពីគ្រានោះ។
នៅក្នុងអត្ថបទព័ត៌មាននេះ លោក Bill Browder ដែលជាអ្នកធ្វើយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយមួយរូប បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរតែជាគោលដៅចម្បងចំពោះការដាក់ទណ្ឌកម្មក្រោមច្បាប់ Magnitsky ថ្មីរបស់អូស្ត្រាលី។
លោកថ្លែងក្នុងសម្តីដើម និងត្រូវបានប្រែសម្រួលថា៖ «នេះជាអ្វីដែលច្បាប់ Magnitsky របស់អូស្ត្រាលី ត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយនឹងបញ្ហាដូចនេះ។ មានរបបមួយដែលពាក់ព័ន្ធជាមួយនឹងការរំលោភបំពានសិទ្ធិ និងការលួចប្លន់ ហើយមន្ត្រីនៃរបបនេះ និងគ្រួសាររបស់ពួកគេ បានរក្សាទុកទ្រព្យសម្បត្តិនៅអូស្ត្រាលី»។
តាមគោលការណ៍ ច្បាប់ Magnitsky មានគោលដៅបញ្ឈប់មន្ត្រីបរទេសដែលពុករលួយ និងជនរំលោភបំពានសិទ្ធិមនុស្សពីការផ្ទេរទ្រព្យសម្បត្តិ ដែលពួកគេប្រមូលបានពីការលួច និងកេងបន្លំពីប្រទេសកំណើតរបស់ខ្លួន ដើម្បីមកវិនិយោគនៅប្រទេសបស្ចិមលោក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលការអំពាវនាវរបស់លោក Bill Browder ដោយថាការស៊ើបអង្កេតពាក់ព័ន្ធនឹងអំពើពុករលួយ និងការបំពានផ្សេងៗគួរតែមានលើបុគ្គលអភិជននៅបណ្តាប្រទេសបស្ចិមលោកផងដែរ។
លោកថ្លែងថា៖ «ខ្ញុំគិតថាបើសិនជាគាត់មានគំនិតប្រឆាំងអំពើពុករលួយអ៊ីចឹង គួរតែគាត់សើរើសេដ្ឋីទាំងឡាយនៅអង់គ្លេស ឬមួយសេដ្ឋីទាំងឡាយនៅអាមេរិក ឬមួយនៅកាណាដា មិនមែនធ្វើតែខ្មែរនៅអូស្ត្រាលីទេ»។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០១៨ ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី ABC បានរៀបរាប់ពីទ្រព្យសម្បត្តិជាអចលនទ្រព្យក្នុងតម្លៃរាប់លានដុល្លារនៅអូស្ត្រាលី ដែលជាកម្មសិទ្ធិរបស់ក្រុមបុគ្គលមានចំណងសាច់ញាតិជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល ផងដែរ។ លោក គង់ វិបុល ធ្លាប់បានបដិសេធថាលោកមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនោះទេ៕ (វីអូអេខ្មែរ)