No More Bets / Haven for scams.
កម្ពុជា ជា សួគ៌ាល័យ សម្រាប់ឧក្រិដ្ឋជន និង ជា នរកាល័យ សម្រាប់អ្នកទេសចរបរទេស ។
No More Bets: ជនរងគ្រោះជនជាតិថៃ 9 នាក់ ដុតអគារកាស៊ីណូនៅប៉ោយប៉ែតដើម្បីរត់គេចខ្លួនពីការបង្ខំអោយប្រព្រឹត្តិអំពើឆបោកតាមអនឡាញ
ជនរងគ្រោះជាជនជាតិថៃ ចំនួន៩នាក់ បានដុតអគារកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដើម្បីគេចខ្លួនចេញពីមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center) ដែលបង្ខំអោយពួកគាត់ប្រព្រឹត្តអំពើឆបោកតាមអនឡាញ ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា ការអាជ្ញាធរកម្ពុជា គួរតែសហការជាមួយអាជ្ញាធរថៃ ដើម្បីស៊ើបអង្កេតជួយសង្គ្រោះជនរងគ្រោះទាំងនោះ ។
ជនជាតិថៃចំនួន 9 នាក់ ក្នុងនោះមានស្ត្រីម្នាក់ កាលពីថ្ងៃទី 18 ធ្នូ 2023 បានគេចខ្លួនពីអគារកាស៊ីណូឈ្មោះ «ពូលី កាស៊ីណូ» (Puli Casino) ស្ថិតនៅ ភូមិ 2 សង្កាត់ អូរជ្រៅ ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ទៅអោយអាជ្ញាធរថៃនៅច្រកព្រំដែន ភូមិស្ទឹងជ្រៅ (បានខ្លងលឹក/Ban Klong Luek) ស្រុកអរញ្ញៈប៉្រៈថេត (Aranyaprathet) ខេត្តស្រះកែវ (Sa Kaeo) ជួយសង្គ្រោះពីអំពើឆបោកតាមអនឡាញ ។ ជនរងគ្រោះ ដែលបានរត់គេចខ្លួនទាំងនោះលើកឡើងថា ពួកគេមានគ្នា 11 នាក់ បានដុតអោយឆេះបន្ទប់ដេក ដើម្បីរត់ឆោឡោចេញពីអគារកាស៊ីណូ ។ ប៉ុន្តែពួកគេ 2 នាក់ ផ្សេងទៀត ត្រូវបានក្រុមជនល្មើសចាប់ខ្លួនត្រឡប់ទៅវិញ ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន ឌឹ ណេសិន (The Nation)របស់ថៃ ។ ប្រភពដដែលអោយដឹងថា អាជ្ញាធរថៃបានស្នើដល់អាជ្ញាធរក្រុងប៉ោយប៉ែត ដើម្បីចុះពិនិត្យទីតាំងអគារកាស៊ីណូនោះ ។