The Cambodia Daily
02nd-8-2024
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អភិវឌ្ឍខេត្តទាំង ៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ដោយខ្លួនឯង កុំដាក់បញ្ចូលរួមគ្នាជាមួយឡាវ និងវៀតណាម ព្រោះការអភិវឌ្ឍរួមគ្នា ចាប់តាំងពីឆ្នាំ១៩៩៩ មក កម្ពុជាមានតែការខាតបង់។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នេះថា រយៈពេល ១ សប្តាហ៍នេះ មានមតិពលរដ្ឋជាច្រើន បានសម្ដែងកង្វល់អំពីការដាក់ខេត្តខ្មែរទាំង ៤ រួមមានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV = Cambodia – Laos – Vietnam) ដោយលើកឡើងពីស្លាកស្នាមប្រវត្តិសាស្ត្រនៃការបាត់ទឹកដី ក្នុងការសហការជាមួយវៀតណាម កន្លងមក។
ប្រភពដដែលលើកឡើងថា ករណីនេះប្រជាពលរដ្ឋ ចង់ឱ្យរដ្ឋាភិបាលអភិវឌ្ឍខេត្តទាំង ៤ ក្នុងតំបន់ត្រីកោណនេះដោយខ្លួនឯង ចំណែកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏យល់ឃើញថា ការអភិវឌ្ឍដោយរដ្ឋាភិបាលខ្មែរផ្ទាល់ គឺមានលក្ខណៈប្រសើរជាងការអភិវឌ្ឍរួមគ្នា ជាមួយប្រទេសជិតខាង ដែលធ្លាប់មានប្រវត្តិលេបត្របាក់ទឹកដីកម្ពុជា កន្លងមក។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បញ្ជាក់ថា បើរដ្ឋាភិបាលដកខេត្តទាំង ៤ នេះមកធ្វើការអភិវឌ្ឍដោយខ្លួនឯង នោះកម្ពុជានឹងអាចថែរក្សាការពារធនធានធម្មជាតិ រួមទាំងទឹកដីរបស់ខ្លួនបានគង់វង្ស សម្រាប់ជាកេរដំណែលកូនចៅជំនាន់ក្រោយ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានសន្យាបន្តកិច្ចសហប្រតិបត្តិការ ជាមួយប្រធានាធិបតីថ្មីរបស់វៀតណាម លោក តូ ឡឹម ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈខេត្តព្រះវិហារ ក៏ស្ថិតក្នុងគម្រោងដាក់បញ្ចូលក្នុងតំបន់អភិវឌ្ឍន៍រួមគ្នា នៅពេលខាងមុខនេះដែរ។
អ្នកជំនាញនយោបាយការបរទេស លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា នេះថា ពលរដ្ឋខ្មែរគ្រប់រូបមិនត្រូវព្រងើយកន្តើយ នឹងប្រវត្តិនៃការវាតទីទឹកដី របស់បរទេសជិតខាងឡើយ។
លោក សេង វណ្ណលី លើកឡើងថា ដើម្បីឱ្យដឹងថាបរទេសឈ្លានពានមានផែនការលេបទឹកដីខ្មែរតាមវិធីណានោះ លោកសូមលើកយកប្រទេសចម្ប៉ា មកធ្វើការបំភ្លឺជុំវិញករណីនេះ ដើម្បីធ្វើការប្រៀបធៀបគ្នារវាងកម្ពុជា-វៀតណាម ហើយវៀតណាម និងចម្ប៉ា។
លោករៀបរាប់ថា ចម្ប៉ា គឺជាអាណាចក្រឥណ្ឌូចិនបុរាណ ដែលមានអាយុកាលពីសតវត្សទី២ ដល់សតវត្សទី១៧ នៃ គ.ស. ដែលមានមូលដ្ឋានគ្រឹះស្ថិតនៅចំកណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាម បច្ចុប្បន្ន។
លោកថា ការដាក់បញ្ចូលអាណាចក្រចម្ប៉ា ពីសំណាក់អាណាចក្រវៀតណាម គឺត្រូវបានធ្វើឡើងបន្តិចម្តងៗ និងជាបណ្តើរៗ ក្នុងរយៈពេលជាច្រើនសតវត្សរ៍ រហូតឈានដល់សម្រេចបានទាំងស្រុង។
អ្នកជំនាញនយោបាយការទូតអន្តរជាតិរូបនេះ លើកឡើងថា នៅសតវត្សទី១០ រាជាណាចក្រវៀតណាម ដែលត្រួតត្រាដោយរាជវង្ស ដាយវៀត ( Dai Viet Monarchy) បានចាប់ផ្តើមដាក់សម្ពាធលើនគរចម្ប៉ា ហើយរហូតដល់ចុងសតវត្សរ៍ទី១៥ វៀតណាម ក៏បានឈ្លានពានចម្ប៉ា ដោយកម្លាំងកងទ័ព និងបានដាក់បញ្ចូលម្តងមួយខេត្តៗទៅក្នុងអាណាចក្ររបស់ខ្លួន រហូតដល់ចម្ប៉ា ត្រូវបានស្រូបយកទាំងស្រុង នៅក្នុងសតវត្សទី១៧ តែម្តង។
លោក សេង វណ្ណលី បញ្ជាក់ថា នៅដើមសតវត្សទី១៩ ក្រោមអធិរាជ យ៉ា ឡុង (Gia Long) នៃរាជវង្ស ង្វៀន (Nguyen) វៀតណាម បានបញ្ចប់ការដាក់បញ្ចូលទឹកដីចម្ប៉ា បានសម្រេចទាំងស្រុង។
ជុំវិញបញ្ហានេះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងកាលពីថ្ងៃទី២៣ ខែកក្កដា ថា នៅពេលដែលប្រទេសទាំង៣ រួមគ្នាបង្កើតទៅជាកូនប្រទេសឥណ្ឌូចិន បានសម្រេច ចលនាកុម្មុយនីស្តឥណ្ឌូចិន របស់វៀតណាម ក៏នឹងលេចចេញជារូបរាងដែរ តាមរយៈសមាហរណកម្មនៃប្រទេសទាំងបីនេះ។
លោក ស្រ៊ុន ស្រ៊ន បញ្ជាក់ថា នៅពេលដែលកម្ពុជា វៀតណាម និងឡាវ ត្រូវដាក់បញ្ចូលគ្នាទៅជាឥណ្ឌូចិនរួចរាល់ គឺមានតែរដ្ឋាភិបាលវៀតណាមតែមួយគត់ ដែលធ្វើជាអ្នកគ្រប់គ្រង លើប្រទេសឥណ្ឌូចិននេះ៕