วันจันทร์ที่ 5 สิงหาคม พ.ศ. 2567

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ អភិវឌ្ឍ​តំបន់​ត្រីកោណ ​ដោយ​ខ្មែរ​ខ្លួនឯង


តំបន់អភិវឌ្ឍន៍​ត្រីកោណ CLV (Cambodia - Laos - Vietnam) 

 The Cambodia Daily 02nd-8-2024 

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​លោក ហ៊ុន ម៉ាណែត អភិវឌ្ឍ​ខេត្ត​ទាំង ​៤ ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង កុំ​ដាក់​បញ្ចូល​រួម​គ្នា​ជាមួយ​ឡាវ និង​វៀតណាម ព្រោះ​ការ​អភិវឌ្ឍ​រួម​គ្នា​ ចាប់តាំងពី​ឆ្នាំ​១៩៩៩ មក កម្ពុជា​មាន​តែ​ការ​ខាតបង់។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា រយៈពេល ១​ សប្តាហ៍​នេះ មាន​មតិ​ពលរដ្ឋ​ជាច្រើន​ បាន​សម្ដែង​កង្វល់​អំពី​ការ​ដាក់​ខេត្ត​ខ្មែរ​ទាំង​ ៤ រួម​មាន​ខេត្ត​មណ្ឌលគិរី រតនគិរី ក្រចេះ និង​ស្ទឹងត្រែង ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV = Cambodia – Laos – Vietnam) ដោយ​លើកឡើង​ពី​ស្លាកស្នាម​ប្រវត្តិសាស្ត្រ​នៃ​ការ​បាត់​ទឹកដី ​ក្នុង​ការ​សហការ​ជាមួយ​វៀតណាម កន្លង​មក។ 

ប្រភព​ដដែល​លើកឡើង​ថា ករណី​នេះ​ប្រជាពលរដ្ឋ​ ចង់​ឱ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ខេត្ត​ទាំង​ ៤ ក្នុង​តំបន់​ត្រីកោណ​នេះ​ដោយ​ខ្លួនឯង ចំណែក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ក៏​យល់​ឃើញ​ថា ការ​អភិវឌ្ឍ​ដោយ​រដ្ឋាភិបាល​ខ្មែរ​ផ្ទាល់ គឺ​មាន​លក្ខណៈ​ប្រសើរ​ជាង​ការ​អភិវឌ្ឍ​រួម​គ្នា​ ជាមួយ​ប្រទេស​ជិតខាង​ ដែល​ធ្លាប់​មាន​ប្រវត្តិ​លេប​ត្របាក់​ទឹកដី​កម្ពុជា ​កន្លង​មក។ 

 ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បញ្ជាក់​ថា បើ​រដ្ឋាភិបាល​ដក​ខេត្ត​ទាំង ​៤ នេះ​មក​ធ្វើការ​អភិវឌ្ឍ​ដោយ​ខ្លួនឯង នោះ​កម្ពុជា​នឹង​អាច​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ រួម​ទាំង​ទឹកដី​របស់​ខ្លួន​បាន​គង់វង្ស​ សម្រាប់​ជា​កេរដំណែល​កូនចៅ​ជំនាន់​ក្រោយ។ 

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ​បាន​សន្យា​បន្ត​កិច្ច​សហប្រតិបត្តិការ​ ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​វៀតណាម លោក តូ ឡឹម ក្នុង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត ខណៈ​ខេត្ត​ព្រះវិហារ ក៏​ស្ថិត​ក្នុង​គម្រោង​ដាក់​បញ្ចូល​ក្នុង​តំបន់​អភិវឌ្ឍន៍​រួម​គ្នា ​នៅ​ពេល​ខាង​មុខ​នេះ​ដែរ។ អ្នកជំនាញ​នយោបាយ​ការបរទេស លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ កាលពី​ថ្ងៃទី​៣០ កក្កដា នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ត្រូវ​ព្រងើយ​កន្តើយ​ នឹង​ប្រវត្តិ​នៃ​ការ​វាតទី​ទឹកដី​ របស់​បរទេស​ជិតខាង​ឡើយ។ លោក សេង វណ្ណលី លើកឡើង​ថា ដើម្បី​ឱ្យ​ដឹង​ថា​បរទេស​ឈ្លានពាន​មាន​ផែនការ​លេប​ទឹកដី​ខ្មែរ​តាម​វិធី​ណា​នោះ លោក​សូម​លើក​យក​ប្រទេស​ចម្ប៉ា មក​ធ្វើការ​បំភ្លឺ​ជុំវិញ​ករណី​នេះ ដើម្បី​ធ្វើ​ការ​ប្រៀបធៀប​គ្នា​រវាង​កម្ពុជា-វៀតណាម ហើយ​វៀតណាម និង​ចម្ប៉ា។ 

លោក​រៀបរាប់​ថា ចម្ប៉ា គឺជា​អាណាចក្រ​ឥណ្ឌូចិន​បុរាណ​ ដែល​មាន​អាយុកាល​ពី​សតវត្ស​ទី​២ ដល់​សតវត្ស​ទី​១៧ នៃ គ.ស. ដែល​មាន​មូលដ្ឋានគ្រឹះ​ស្ថិត​នៅ​ចំ​កណ្តាល និង​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម បច្ចុប្បន្ន។ 

លោក​ថា ការ​ដាក់​បញ្ចូល​អាណាចក្រ​ចម្ប៉ា ពី​សំណាក់​អាណាចក្រ​វៀតណាម គឺ​ត្រូវ​បាន​ធ្វើឡើង​បន្តិច​ម្តងៗ និង​ជា​បណ្តើរៗ ​ក្នុង​រយៈពេល​ជាច្រើន​សតវត្សរ៍ រហូត​ឈាន​ដល់​សម្រេច​បាន​ទាំងស្រុង។ អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ​រូប​នេះ​ លើកឡើង​ថា នៅ​សតវត្ស​ទី​១០ រាជាណាចក្រ​វៀតណាម ដែល​ត្រួតត្រា​ដោយ​រាជវង្ស ដាយវៀត ( Dai Viet Monarchy) បាន​ចាប់ផ្តើម​ដាក់​សម្ពាធ​លើ​នគរ​ចម្ប៉ា ហើយ​រហូត​ដល់​ចុង​សតវត្សរ៍​ទី​១៥ វៀតណាម ក៏​បាន​ឈ្លានពាន​ចម្ប៉ា ដោយ​កម្លាំង​កងទ័ព និង​បាន​ដាក់​បញ្ចូល​ម្តង​មួយ​ខេត្តៗ​ទៅ​ក្នុង​អាណាចក្រ​របស់​ខ្លួន រហូត​ដល់​ចម្ប៉ា ត្រូវ​បាន​ស្រូប​យក​ទាំងស្រុង​ នៅ​ក្នុង​សតវត្ស​ទី​១៧ តែម្តង។ 

លោក សេង វណ្ណលី បញ្ជាក់​ថា នៅ​ដើម​សតវត្ស​ទី​១៩ ក្រោម​អធិរាជ យ៉ា ឡុង (Gia Long) នៃ​រាជវង្ស ង្វៀន (Nguyen) វៀតណាម បាន​បញ្ចប់​ការ​ដាក់​បញ្ចូល​ទឹកដី​ចម្ប៉ា បាន​សម្រេច​ទាំងស្រុង។ ជុំវិញ​បញ្ហា​នេះ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើក​ឡើង​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ថា នៅ​ពេល​ដែល​ប្រទេស​ទាំង​៣ រួម​គ្នា​បង្កើត​ទៅ​ជា​កូន​ប្រទេស​ឥណ្ឌូចិន បាន​សម្រេច ចលនា​កុម្មុយនីស្ត​ឥណ្ឌូចិន​ របស់​វៀតណាម ក៏​នឹង​លេច​ចេញ​ជា​រូបរាង​ដែរ ​តាមរយៈ​សមាហរណកម្ម​នៃ​ប្រទេស​ទាំង​បី​នេះ។ លោក ស្រ៊ុន ស្រ៊ន បញ្ជាក់​ថា នៅ​ពេល​ដែល​កម្ពុជា វៀតណាម និង​ឡាវ ត្រូវ​ដាក់​បញ្ចូល​គ្នា​ទៅ​ជា​ឥណ្ឌូចិន​រួចរាល់ គឺ​មាន​តែ​រដ្ឋាភិបាល​វៀតណាម​តែ​មួយ​គត់​ ដែល​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ លើ​ប្រទេស​ឥណ្ឌូចិន​នេះ៕











































Previous Post
Next Post

post written by:

0 ความคิดเห็น: